អានតួអត្ថបទ
ថៃ

នៅក្រោយការបាញ់រះសម្លាប់មនុស្សនៅខូរ៉ាត ចាប់មាន​សំណួរ​ពី​បុគ្គលិក​លក្ខណៈ​របស់​ខ្មាន់កាំភ្លើង

នៅ​ប្រទេស​ថៃ នៅថ្ងៃចន្ទនេះ គ្រួសារ​ជនរងគ្រោះ​កំពុង រង់ចាំ​ទទួល​យក​សាកសព​សាច់ញាតិ របស់ពួកគេ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់សម្លាប់ កាលពី​ថ្ងៃអាទិត្យ។ ទន្ទឹមគ្នានេះ មាន​ការចោទសួរ​ផងដែរ ពី​អត្តចរិត និង​មូលហេតុ​ពិតប្រាកដ ដែលធ្វើឲ្យ​នាយទាហាន ចក្រាផាន់ ធ័មម៉ា ចូលទៅ​បាញ់រះ​សម្លាប់មនុស្ស នៅ​បន្ទាយទាហាន និង នៅ​ផ្សារទំនើប ក្នុង​ខេត្ត​នគររាជសីមា ឬ​ទីក្រុង​ខូរ៉ាត។ 

ប្រជាជន​ថៃ​នាំគ្នា​ទៅដាក់​ផ្កា គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើងបាញ់​សម្លាប់​នៅ​ផ្សារទំនើប​Terminal 21 កាលពីថ្ងៃអាទិត្យ ទី ៩​កុម្ភៈ​២០២០
ប្រជាជន​ថៃ​នាំគ្នា​ទៅដាក់​ផ្កា គោរព​ដល់​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ដែល​ត្រូវ​ខ្មាន់កាំភ្លើងបាញ់​សម្លាប់​នៅ​ផ្សារទំនើប​Terminal 21 កាលពីថ្ងៃអាទិត្យ ទី ៩​កុម្ភៈ​២០២០ ©REUTERS/Soe Zeya Tun
ផ្សាយពាណិជ្ជកម្ម

ខ្មាន់កាំភ្លើង ចក្រាផាន់ ធ័មម៉ា អាយុ ៣២​ឆ្នាំ បាន​បាញ់​សម្លាប់​មនុស្ស ២៩នាក់ និង​ធ្វើ​ឲ្យ​រងរបួស ជាង ៤០ នាក់ នៅព្រឹត្តិការណ៍​បាញ់​រះ​សម្លាប់មនុស្ស នៅ​បន្ទាយទាហាន និង​ផ្សារទំនើប​Terminal 21 ក្នុង​ទីក្រុង​ខូរ៉ាត ដែល​ស្ថិតនៅ​ចម្ងាយ ជាង ២៥០គីឡូម៉ែត្រ​ពីទីក្រុង​បាងកក។ បន្ទាប់ពី​ហេតុការណ៍​បាញ់រះ​សម្លាប់​មនុស្ស អូសបន្លាយ ពេល អស់​១៧ម៉ោង ខ្មាន់កាំភ្លើង នៅទីបំផុត ត្រូវ​កងកម្លាំងប៉ូលិស​ថៃ បាញ់សម្លាប់ នៅព្រឹកថ្ងៃអាទិត្យ។

បន្ទាប់ពី​ពិធី​សូត្រមន្ត របស់​ព្រះសង្ឃ នៅ​មុខ​ផ្សារទំនើប ជាទី​ដែល​ខ្មាន់កាំភ្លើង បាញ់សម្លាប់ ដោយ​មិនរើសមុខ ក្រុមគ្រួសារ​ជនរងគ្រោះ កំពុង​តម្រង់ជួរ ចាំ​ទទួល​យក​សាកសព​សាច់ញាតិ របស់​ពួកគេ ពី បន្ទប់​តម្កល់​សព នៅ​ព្រឹកថ្ងៃ​ចន្ទ នៅ​ខេត្ត​នគររាជសីមា។ គ្រប់គ្នាទួញយំសោក សង្រេង មិននឹកស្មាន​ថា កូនចៅ របស់ខ្លួន​ធ្លាក់ខ្លួន​ស្លាប់​ក្នុង​ថ្លុកឈាម ដោយសារ​សា្នដៃ​របស់​ខ្មាន់កាំភ្លើង។

កាលពី​ថ្ងៃ​អាទិត្យ លោកនាយករដ្ឋមន្រ្តី​ថៃ បាននិយាយ​ថា គំនុំ​សងសឹក ដោយសារ​ជម្លោះប្រាក់បំណុល ជា​មូលហេតុ ជំរុញ ខ្មាន់កាំភ្លើង បាញ់សម្លាប់​មេបញ្ជាការ របស់ខ្លួន និង​ស្ត្រីចំណាស់ អាយុ ៦៣ឆ្នាំ ម្នាក់ទៀត នៅ​បន្ទាយទាហាន។ ប៉ុន្តែ គេ​នៅតែ​មិនទាន់​ពីមូលហេតុ​ពិតប្រាកដ ដែល​ធ្វើ​ឲ្យ​ខ្មាន់កាំភ្លើង ចក្រាផាន់ លើកដៃ បាញ់​រះ សម្លាប់​មនុស្ស​ស្លូតត្រង់ នៅតាមផ្លូវ និង​នៅ​ផ្សារទំនើប កណ្តាល​ក្រុង​ខូរ៉ាត។ គេ​បាន​ចោទសួរ​ផងដែរ ពី​បុគ្គលិក​លក្ខណៈ របស់​ខ្មាន់​កាំភ្លើង ដែល​សាក្សីខ្លះ​អះអាង​ថា បាន​បាញ់​សម្លាប់​មនុសុ្ស​ដោយ​មិន​រើសមុខ ហើយ​បាញ់​ចំៗ តម្រង់ សំដៅ​តែ​ក្បាល​របស់​ជនរងគ្រោះ។

ខ្មាន់កាំភ្លើង ចក្រាផាន់ អាយុ ៣២​ឆ្នាំ ជា​ពលបាល​ឯក ជំនាញ​ខាង​បាញ់កាំភ្លើង​ចម្ងាយឆ្ងាយ នៅ​បន្ទាយទាហាន​ដ៏ធំមួយ នៅខេត្ត​នគររាជសីមា។ អ្នកនាំពាក្យ​ម្នាក់​របស់​ក្រសួង​ការពារ​ជាតិ​ថៃ គឺ លោក វីនថៃ សូវ៉ារី បាន​និយាយ​ប្រាប់​ទីភ្នាក់ងារព័ត៌មាន​បារាំង AFPថា ចក្រាផាន់ មិនធ្លាប់មាន​ប្រវត្តិ​អាក្រក់​នោះ​ទេ នៅ​ក្នុង​ឯកសារ​របស់​ក្រសួង។ ប៉ុន្តែ អ្វី​ដែល​គេ​បាន​ដឹង​ច្រើន​ពី​នាយទាហាន​ ចក្រាផាន់ រហូតមកដល់​ពេលនេះ គឺ ចក្រាផាន់ ចូលចិត្ត ប្រើ​បណ្តាញ​សង្គម។ ជាក់ស្តែង ខ្មាន់កាំភ្លើង​រូបនេះ​ចេះ​ប្រើ​បណ្តាញ​សង្គម​ហ្វេសប៊ុក ដើម្បី បង្ហាញ ពី​សកម្មភាព​បាញ់សម្លាប់​របស់ខ្លួន នៅតាមផ្លូវ រហូត​ដល់ ផ្សារទំនើប។ សារ​ជាច្រើន​របស់​ខ្មាន់កាំភ្លើង ដូចជា​ថា តើ​ខ្ញុំ​ត្រូវសុំចុះចាញ់ដែរឬទេ ឬ​ថា គ្មានអ្នកណា​ម្នាក់ ដែល​អាច​គេចផុត​ពី​សេចក្តីស្លាប់ ត្រូវ​បាន​បង្ហោះផ្សាយ មុន​នឹង​ត្រូវ​ក្រុមហ៊ុន​ហ្វេសប៊ុក បិទ លុបចោល​ទៅវិញ កាលពី​ថ្ងៃ​សៅរ៍។

នាយករដ្ឋមន្រ្តី​ថៃ លោក​ប្រាយុទ្ធ​ចាន់អូចា បាន​ចាត់ទុក ហេតុការណ៍​បាញ់​រះ សម្លាប់​មនុស្ស កាលពី​ថ្ងៃ​អាទិត្យ​ថា ជារឿង​ដែលមិនធ្លាប់មាន នៅប្រទេស​ថៃ។ ប៉ុន្តែ ប្រទេស​ថៃ ត្រូវ​គេ​ចាត់ទុក​ជា​ប្រទេស​សំខាន់ មួយ ក្នុង​ចំណោម​ក្រុម​ប្រទេស ដែល​មាន​អាវុធ​ច្រើនជាងគេក្នុង​លោក។ គេវាយតម្លៃថា មាន​អាវុធ ពី ៦ ទៅ ១០លាន​ដើម កំពុង​ចរាចរ​ក្នុង​ប្រទេស ចំណែក ឧក្រិដ្ឋកម្ម​សម្លាប់មនុស្ស​ដោយ​កាំភ្លើង ក៏ឧស្សាហ៍កើតច្រើនណាស់ដែរ​នៅ​ប្រទេស​ថៃ។ យ៉ាងណាក៏ដោយ វា​ជា​រឿង​កម្រ ដែល​ទាហានថៃ លើកដៃ​បាញ់សម្លាប់​ប្រជាជន​ស៊ីវិល ប្រជាជន​ស្លូតត្រង់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ