អានតួអត្ថបទ

ការ​នាំចេញ​របស់​ចិន​ធ្លាក់ចុះ​ ដោយសារ​ការឆ្លងរាលដាល​នៃ​មេរោគ​កូរ៉ូណា​

ការនាំចេញរបស់ប្រទេសចិន បានធ្លាក់ចុះក្នុងរយៈពេលពីរខែដំបូង នៃឆ្នាំ២០២០នេះ ដោយសារតែវិបត្តិ ដែលកើតចេញមកពីមេរោគឆ្លងកូរ៉ូណា។ ការរីករាលដាលនៃជំងឺផ្លូវដង្ហើមប្រភេទថ្មីនេះ បានបង្ខំឱ្យក្រុមហ៊ុន-សហគ្រាសរបស់ចិន បញ្ឈប់សង្វាក់ផលិកម្មរបស់ខ្លួន និងបានបង្កជាប៉ះពាល់ខ្លាំងផងដែរ ដល់បណ្តាញផ្គត់ផ្គង់ក្នុងពិភពលោក។

មន្ត្រីគយចិន ត្រួតពិនិត្យទំនិញនៅឯកំពង់ផែមួយក្នុងខេត្តជាំងស៊ូនាថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២០។
មន្ត្រីគយចិន ត្រួតពិនិត្យទំនិញនៅឯកំពង់ផែមួយក្នុងខេត្តជាំងស៊ូនាថ្ងៃទី ១១ កុម្ភៈ ឆ្នាំ២០២០។ REUTERS - CHINA DAILY
ផ្សាយពាណិជ្ជកម្ម

ចាប់តាំងពីមានការផ្ទុះឡើងនៃមេរោគកូរ៉ូណាក្នុងខែធ្នូ ឆ្នាំ២០១៩ មក នេះជាលើកទីមួយហើយ ដែលអាជ្ញាធរចិនប្រកាសប្រាប់អំពីទិន្នន័យពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មរបស់ខ្លួន។

បើយោងតាមទិន្នន័យដែលទើបចេញផ្សាយ ការនាំចេញរបស់ចិនបានធ្លាក់ចុះចំនួន ១៧,២ ភាគរយ ក្នុងចន្លោះខែមករា និងខែកុម្ភៈ នាឆ្នាំ ២០២០នេះ បើប្រៀបធៀបទៅនឹងតួលេខឆ្នាំ ២០១៩។ នេះ គឺជាការអត្រាធ្លាក់ចុះដ៏ច្រើនបំផុតមួយ រាប់ចាប់ពីប្រទេសចិនមានសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហរដ្ឋអាមេរិកមក។

ទាក់ទងរឿងនេះ សេដ្ឋវិទូម្នាក់គឺ លោកហ្ស៊ូ ហ្ស៊ែវជុន (Xu Xiaochun) បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃសៅរ៍ ទី៧ មីនានេះថា ការនាំចេញរបស់ចិនទំនងជានៅតែបន្តធ្លាក់ចុះទៅមុខទៀត។

លោកហ្ស៊ូ យល់ឃើញបែបនេះពីព្រោះលោកបានមើលឃើញថាសង្វាក់ប្រតិបត្តិការនៅក្នុងប្រទេសចិន នៅតែមិនទាន់អាចត្រលប់មកដំណើរដូចធម្មតាវិញនៅឡើយរហូតមកទល់នឹងពេលនេះ។

ជាក់ស្តែង សកម្មភាពផ្សេងៗដូចជាការប្រើប្រាស់ធ្យូងថ្ម និងការប្រើប្រាស់ថាមពល ក៏ដូចជាការប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ នៅតែមានសកម្មភាពតិចជាមុន ខណៈកម្មករ បុគ្គលិកក្រុមហ៊ុន នៅតែមិនទាន់អាចត្រលប់ទៅធ្វើការវិញបានគ្រប់គ្នានៅឡើយ។

មួយវិញទៀត អ្នកជំនាញខាងផ្នែកសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ទៀតថា ការនាំចេញមុខទំនិញរបស់ចិន អាចនៅតែបន្តធ្លាក់ចុះ ពីព្រោះតែការឆ្លងរាលដាលឥតឈប់ឈរនៃមេរោគកូរ៉ូណា នៅក្រៅប្រទេសចិន ដូចជានៅកូរ៉េខាងត្បូង និងអឺរ៉ុបជាដើម។ ក្រោមហេតុផលនេះ តម្រូវការក្រៅស្រុកនឹងនៅតែមានចំនួនទាបជាងមុន។

គួររំឭកជូនថា នៅគ្រាកន្លងមក រដ្ឋអំណាចចិនធ្លាក់បានទទួលស្គាល់ដែរថា សេដ្ឋកិច្ចរបស់ខ្លួន ពិតជាបានរងផលប៉ះពាល់ដោយសារមេរោគកូរ៉ូណាពិតប្រាកដមែន។ តែទោះជាបែបនេះក្តី រដ្ឋអំណាចចិន បានអះអាងថាផលប៉ះពាល់នៃជំងឺរាតត្បាតនេះ នឹងមានរយៈពេលខ្លីតែប៉ុណ្ណោះ ហើយថាខ្លួនបានដាក់ចេញនូវវិធានការណ៍ជាច្រើនដើម្បីទ្រទ្រង់ការរីកចម្រើនសេដ្ឋកិច្ចជាតិ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ