អានតួអត្ថបទ
Covid-១៩

រដ្ឋាភិបាលបារាំងព្រមានប្រឆាំងនឹងអ្នកដែលកេងចំណេញសេដ្ឋកិច្ចពីមេរោគកូរ៉ូណាថ្មី

នៅ​ក្នុង​ប្រទេស​បារាំង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​អូលីវីយេ វេរ៉ង់​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃអង្គារ ទី៣ មីនា​ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​មេរោគកូរ៉ូណាថ្មី​មាន ៤នាក់ និង​អ្នក​ឆ្លង​ជាង ២០០នាក់។ ចំណែក​ប្រធានាធិបតី​លោក​អេម៉ានុយអែល ម៉ាក្រុង​បាន​លុបចោល​កម្មវិធី​គ្រោង​ទុក​មួយ​ចំនួន​ក្នុង​សប្តាហ៍​នេះ​ដើម្បី​ផ្តោត​លើ​ការ​គ្រប់គ្រង​វិបត្តិ​មេរោគកូរ៉ូណាថ្មី។ លោក​ម៉ាក្រុង​បាន​សរសេរ​នៅ​ក្នុង​ទំព័របណ្តាញ​សង្គម Tweeter របស់​លោក​ក្នុង​ថ្ងៃ​អង្គារ ទី៣ មីនា​ថា រដ្ឋ​នឹង​ប្រមូល​បរិមាណ​ស្តុក និង​គ្រប់គ្រង​លើ​ការ​ផលិត​ម៉ាសការពារ។ លោក​ម៉ាក្រុង​បាន​បញ្ជាក់​ថា វិធានការ​មួយ​នេះ​មាន​គោលដៅ​ធានា និង​ឆ្លើយតប​នឹង​តម្រូវការ​របស់​ពលរដ្ឋ​ប្រឈម​នឹង​កំណើន​ឥទ្ធិពល​របស់​មេរោគកូរ៉ូណាថ្មី​ដែល​មិន​អាច​ព្យាករ​បាន។ បច្ចុប្បន្ន បារាំង​មាន​ស្តុក​ម៉ាសការពារ​ប្រមាណ​ជា ១៦០លានម៉ាស ក្នុង​នោះ រដ្ឋាភិបាល​ទើប​បាន​បញ្ចេញ​ចំនួន ១០%។ តាម​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក​វេរ៉ង់ មាន ១០លានម៉ាសការពារ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ និង​ទៅ​កាន់​គ្រប់​ឧសថស្ថាន​នៅ​ទូទាំង​ប្រទេស​បារាំង ហើយ​នឹង​ត្រូវ​បញ្ជូន​ពី ១៥លាន​ទៅ ២០លាន​ថែម​ទៀត​នា​ពេល​ខាង​មុខ។ ដោយឡែក រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច​លោក​ប៊្រុយណូ ឡឺម៊ែរ​បាន​ព្រមាន​ប្រឆាំង​នឹង​ឈ្មួញ​ដែល​ឆ្លៀត​កេងចំណេញ​ពី​មេរោគកូរ៉ូណាថ្មី​ដោយ​ដំឡើង​ថ្លៃ​ម៉ាសការពារ និង​ទឹកអាល់កុលលាងដៃ។

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំង លោកប៊្រុយណូ ឡឺម៊ែរ
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចបារាំង លោកប៊្រុយណូ ឡឺម៊ែរ ÉRIC PIERMONT / AFP
ផ្សាយពាណិជ្ជកម្ម

« តម្លៃ​ទឹកអាល់កុល​លាងដៃ​អាច​ឡើង​ថ្លៃ​មួយ​ជា​ពីរ ឬ​មួយ​ជា​បី​នៅ​តាម​ហាង​លក់ទំនិញ​មួយ​ចំនួន ឬ​ការ​លក់ទំនិញ​តាម​អនឡាញ។ វា​ពិត​ជា​រឿង​មិន​អាច​ទទួល​បាន​ជា​ដាច់​ខាត​ដែល​ត្រូវ​មាន​ការ​ឆ្លៀត​កេងចំណេញ​សេដ្ឋកិច្ច​ពី​មេរោគកូរ៉ូណាថ្មី។

អីចឹង​ហើយ​បាន​ជា​ខ្ញុំ​ស្នើ​ឲ្យ​ស្ថាប័ន​ប្រយុទ្ធប្រឆាំង​នឹង​ការ​កេងបន្លំ​ផ្តើម​ការ​ស៊ើបអង្កេត​លើ​តម្លៃ​ទឹកអាល់កុល​លាងដៃ ឬ​តម្លៃ​ម៉ាសការពារ​ដែល​លក់​នៅ​តាម​អនឡាញ និង​នៅ​តាម​ហាងទំនិញ។ ប្រសិន​បើ​រក​ឃើញ​ថា មាន​ហាងទំនិញ ឬ​ការ​លក់​អនឡាញ​ក្នុង​ទឹកដី​បារាំង​បាន​ដំឡើង​ថ្លៃ​ទឹកអាល់កុល​លាងដៃ ឬ​តម្លៃ​ម៉ាសការពារ​មិន​សមហេតុផល​ដែល​មិន​អាច​ទទួល​យក​បាន ខ្ញុំ​ត្រៀម​រួច​ហើយ​ក្នុង​ការ​ដាក់​ចេញ​នូវ​សេចក្តីព្រាងក្រឹត្យ​មួយ​ដើម្បី​កំណត់​តម្លៃ​ទឹកអាល់កុល​លាងដៃ និង​តម្លៃ​ម៉ាសការពារ។

ទន្ទឹម​គ្នា​នេះ ខ្ញុំ​ក៏​មិន​ញញើត​នឹង​ចាត់​វិធានការ​ផ្សេង​ទៀត ប្រសិន​បើ​រក​ឃើញ​ថា ទង្វើ​បំពាន​របៀប​នេះ​មាន​ច្រើន​នៅ​ក្នុង​ប្រទេស​បារាំង​នោះ។ ខ្ញុំ​ចង់​និយាយ​ម្តង​ទៀត​ថា យើង​នឹង​យល់​ព្រម​ឲ្យ​មាន​ជា​ដាច់​ខាត ការ​កេងចំណេញ​ពី​ជំងឺ​ឆ្លង​រាតត្បាត​នៃ​មេរោគកូរ៉ូណាថ្មី »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ