អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

វិបត្តិប្រេង ៖ប្រេងធ្លាក់ថ្លៃខ្លាំងនៅអាស៊ីអូសទីផ្សារភាគហ៊ុនឱ្យដាំក្បាលចុះដែរ

ចុះផ្សាយ​នៅ​ថ្ងៃ៖

តម្លៃ​ប្រេង​ឆៅ​នៅ​អាស៊ី បាន​ធ្លាក់​ថ្លៃ​៣០% នៅ​ថ្ងៃ ចន្ទ​ទី ៩ មីនា ២០២០​។ ជា​ការ​ធ្លាក់​ថ្លៃ​ដ៏​គំហុក និង​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ គិត​ចាប់​តាំង​ពី​សង្គ្រាម​នៅ​ឈូង​សមុទ្ទ​ពែក្ស​ឆ្នាំ​១៩៩១​មក។ ដើម​ហេតុ​ គឺ​បណ្តាល​មក​ពី​ការ​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ-១៩​នៅ​ប្រទេស​ចិន​ផង និង​បណ្តាល​មក​ពី​អារ៉ាប៊ីសាអូឌីត សម្រេច​ជា​ឯកតោ​ភាគី​ បញ្ចុះ​តម្លៃ​ប្រេងនាំ​ចេញ​​ទៅអាស៊ីផង។ ប្រេង​ធ្លាក់​ថ្លៃ បាន​អូស​​ទីផ្សារ​ភាគ​ហ៊ុនឱ្យ​​​ដាំ​ក្បាល​ចុះ​តាម​តម្លៃ​ប្រេង​ដែរ។ ហេតុ​អ្វី​បាន​ជា​អារ៉ាប៊ីសាអូឌីត​ធ្វើ​បែប​នេះ ?

ទីផ្សារ​ភាគហ៊ុន​អាស៊ី​និង​តំបន់​ពែក្ស ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយ​អារ៉ាប៊ី​សាអូឌីត​សម្រេចជា​ឯកតោភាគី​​បញ្ចុះ​តម្លៃ​ប្រេង​
ទីផ្សារ​ភាគហ៊ុន​អាស៊ី​និង​តំបន់​ពែក្ស ធ្លាក់​ថ្លៃ​ខ្លាំង ក្រោយ​អារ៉ាប៊ី​សាអូឌីត​សម្រេចជា​ឯកតោភាគី​​បញ្ចុះ​តម្លៃ​ប្រេង​ AFP/File
ផ្សាយពាណិជ្ជកម្ម

តម្លៃ​ប្រេងឆៅ​នៅ​លើ​ទីផ្សារ​អាស៊ី​បាន​ដាំក្បាល​ចុះ យ៉ាង​ខ្លាំង ប្រមាណ​៣០% នៅ​ថ្ងៃ​ចន្ទនេះ ពោល​គឺ​ប្រេង​មួយ​ធុង​បារីល​ របស់​ក្រុមហ៊ុន  Brent មាន​តម្លៃ​តែ​​ ៣៣ដុល្លារ ឯក្រុមហ៊ុន​WTI (West Tewas Intermediate) ថ្លៃ​តែ​២៩​ដុល្លារ​ប៉ុណ្ណោះ​ក្នុងមួយធុង​បារីល។ ហើយ​តម្លៃ​ប្រេង​ឆៅ ទំនង​ជា​បន្ត​ធ្លាក់​ចុះ​ទៀត។

​នេះ​ជា​ផលវិបាក​​មួយ​បង្ក​ឡើង​ដោយ​​​វិបត្តិ​កូរ៉ូណាវីរុស។ ជំងឺ​កូវីដ-១៩ ដែល​​ផ្ទុះ​ឡើង​នៅក្រុង​វូហាន បាន​ធ្វើ​ឱ្យដំណើរ​ការ​សេដ្ឋកិច្ច​​នៅក្នុង​​ប្រទេស​​​ចិនបន្ថយ​ល្បឿន​។ ចិន​ជា​ក្បាល​ម៉ាស៊ីន​សេដ្ឋកិច្ចពិភពលោកដែល​ស៊ី​​​​ប្រេង​ខ្លាំងណាស់។ ចិន​ត្រូវ​ការ​ប្រេង​ ១៤លាន​ធុង​បារីល​ក្នុង​មួយ​ថ្ងៃៗ ពោល​គឺ​ស្មើ​នឹង​១៤%​នៃ​សេចក្តីត្រូវ​ការ​របស់​ពិភពលោក​។ ជាពិសេស​ទៅ​ទៀត សេដ្ឋកិច្ច​ចិន​កាន់​តែ​ត្រូ​វការ​ឡើងៗ​ប្រេង ៖ ចិន​ជា​ប្រទេស​នាំចូល​ប្រេង​លំដាប់​លេខ​មួយ​ពិភពលោក ហើយចិន​តែម្នាក់ឯង​គត់​នេះ មាន​​កំណើន​សេចក្តី​ត្រូវ​ការ​ផ្នែក​ប្រេង​ដល់​៨០%​នៅ​ឆ្នាំ​២០១៩​កន្លង​ទៅ។

ដូច្នេះ​បើ​សេដ្ឋកិច្ច​ចិន​បន្ថយ​ល្បឿន​ បូក​ផ្សំ​នឹង​ការដាក់​​កំហិតមិន​ឱ្យ​​ធ្វើ​ដំណើរ​មិន​ចាំបាច់​ទៀត ប្រេង​ត្រូវតែ​​ធ្លាក់​ថ្លៃ។ នៅ​ដើមខែ​មករា​ ប្រេង​មួយ​ធុង​ថ្លៃ​៧០ដុល្លារ ធ្លាក់​មក​នៅ​ត្រឹម​តែ​៥០​ដុល្លារ​នៅ​ដើម​ខែ​មីនា។ ប៉ុន្តែ​មាន​កត្តា​មួយ​ទៀត ដែល​មក​ធាក់​រុញ​តម្លៃ​ប្រេងឱ្យ​ដាំ​ក្បាល​ចុះ​ថ្លៃ​ជា​គំហុក គឺ​ល្បែង​សេដ្ឋកិច្ច​និង​ភូមិសាស្ត្រ​នយោបាយ​របស់​ក្រុមប្រទេស​ជា​អ្នក​ផលិតប្រេង​ធំជាង​គេ​នៅ​លើ​ពិភពលោក​ទាំង​បី គឺ​សហរដ្ឋ​អាមេរិក រុស្ស៊ី និង​អារ៉ាប៊ី​សាអូឌីត។

​សង្គ្រាម​បញ្ចុះ​តម្លៃ​ប្រេង​របស់​អារ៉ាប៊ីសាអូឌីត

អារ៉ាប៊ីសាអូឌីត មាន​ប្រវត្តិ​ជា​ប្រទេស​ផលិត​ប្រេង​លំដាប់​លេខ​មួយ​ពិភពលោក ដែល​អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​លើ​តម្លៃ​ប្រេង​បាន​ស្រេច​នឹង​ចិត្ត។ ប៉ុន្តែ​អ្វីៗ​បាន​ប្តូរ​ផ្លាស់ នៅ​ឆ្នាំ​២០១៥។ សហរដ្ឋ​អាមេរិក​បានអភិវឌ្ឍ​ការ​បូមប្រេង​ ​ប្រភេទ​ឧស្ម័ន​Schistes។ ​ដើម្បី​​ផ្តួល​អាមេរិក​កុំ​ឱ្យ​មក​ប្រកួត​ប្រជែង​លើ​ទីផ្សារ​ប្រេង​បាន អារ៉ាប៊ីសាអូឌីត ក៏​បញ្ចុះ​តម្លៃ​ប្រេង​ នៅ​ឆ្នាំ​២០១៦។ តែ​អាមេរិក​មិន​ដួល និង​ផលិត​ប្រេង​កាន់​តែ​ច្រើន​ឡើងៗ​ជា​លំដាប់។

សង្គ្រាម​បញ្ចុះ​តម្លៃ​ប្រេង​បានធ្វើ​ឱ្យ​សេដ្ឋកិច្ច​អារ៉ាប៊ីសាអូឌីតខ្លួន​ឯង ​ខ្សោះ​ខ្សោយ ក្រុងរីយ៉ាដ​ ក៏​សម្រេច​ងាក​ទៅ​ចង​សម្ព័ន្ធភាព​ជាមួយ​នឹង​រុស្ស៊ី ដែល​គ្មាន​ប្រវត្តិ​ជា​មិត្ត​នឹង​គ្នាពី​មុន​មក​ទេ (ព្រោះ​រុស្ស៊ី​គាំទ្រ​ស៊ីរី និង​អ៊ីរ៉ង់​ជាសត្រូវ​សួរ​ពូជ​របស់​រីយ៉ាដ)។ ប៉ុន្តែ​គួរ​ឱ្យភ្ញាក់​ផ្អើល​សម្ព័ន្ធភាព​រុស្ស៊ី​-អារ៉ាប៊ីសាអូឌីត បាន​លូត​លាស់​ល្អ​ និង​មាន​ទំនុក​លើ​គ្នា​កាន់​ខ្លាំងៗ​ឡើង។ បន្ទាប់​ពី​បាន​ចុះ​ហត្ថលេខាធ្វើ​​ដៃគូអារ៉ាប៊ីសាអូឌីត​ នៅ​ឆ្នាំ​២០១៧ រុស្ស៊ី​ក៏​បានភ្ជាប់​​ខ្លួនជាមួយ​ក្រុម​ប្រទេស​​​អ្នក​ផលិត​ប្រេង​OPEPដែល​មាន​ជាង​១០ប្រទេស​ទៀត​​ ឬ​ហៅ​​​ថា ក្រុម​ OPEP+។ OPEP+ មាន​កម្មវត្ថុ​ទប់​ឥទ្ធិពល​ប្រេង​អាមេរិក ដោយ​កំណត់​កូតា​នៃ​ការបូម​ប្រេង។

ប៉ុន្តែ​បញ្ហា​នៅ​ត្រង់ថា​ រុស្ស៊ី​ក៏​ដូច​ អារ៉ាប៊ីសាអូឌីត សុទ្ធ​តែ​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការបញ្ជា​ឱ្យ​ដៃគូ​ផ្សេង​ទៀតៗ​គោរព​ច្បាប់​រួម។ នៅ​ក្នុង​ជំនួប​ប្រជុំ​OPEP+ កាលពីថ្ងៃ​សុក្រ​ទី ៦​មីនា ​ដើម្បីស្វែង​រក​កិច្ចព្រមព្រៀង​ កាត់​បន្ថយ​ការ​ផលិត​ប្រេង​មួយ​រយៈ​ដើម្បី​ទ្រងទ្រង់​​តម្លៃប្រេង​លើ​ទីផ្សារ​ពិភពលោក​ដែល​កំពុងរង​ផល​ប៉ះពាល់​ពី​​វិបត្តិ​កូរ៉ូណាវីរុស ​រីយ៉ាដ​និង​ម៉ូស្គូ​និយាយ​មិន​ត្រូវ​គ្នា។ រុស្ស៊ី​ប្រឆាំង​នឹង​គំនិត​ចង់​បញ្ចុះ​កូតា​បូម​ប្រេង​។

ខឹង​រុស្ស៊ី​​ និង​ដោយ​ចង់​ដាក់​ទណ្ឌកម្ម​រុស្ស៊ី អារ៉ាប៊ីសាអូឌីត ក៏​សម្រេច​ជា​ឯកតោ​ភាគី បញ្ចុះ​តម្លៃ​ប្រេង​នាំ​ចេញ​ទៅអាស៊ី យ៉ាង​ខ្លាំង​បំផុត មិន​ធ្លាប់​មា​ន​ទេ​គិត​ក្នុង​រយៈ​ពេល​២០​ឆ្នាំកន្លង​មក​នេះ។ បើ​តាម​Bloomberg News អារ៉ាប៊ីសាអូឌីត​បញ្ចុះ​ថ្លៃ​ប្រេង​​ ៤ទៅ៦​ដុល្លារ​ក្នុង​មួយ​ធុង​បារីល។ ឃើញ​ដូច្នេះ អាមេរិក ដែល​បាន​ក្លាយ​ជាប្រទេស​ផលិត​ប្រេង​លំដាប់​ទី១​ពិភពលោក នៅ​ឆ្នាំ​២០១៨ ​ ​ក៏​បញ្ចុះ​តម្លៃ​ដែរ (៧ដុល្លារ​ក្នុង​ធុង)។

​​ទីផ្សារ​ភាគហ៊ុនដួល​តាម​តម្លៃ​ប្រេង

បើ​​អ្នក​ប្រើប្រាស់​ប្រេង​មិន​សូវ​បាន​ប្រយោជន៍​ពី​ការ​ចុះ​ថ្លៃ​នេះ​ តែ​ផលវិបាក​ទូទៅ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ណាស់ ​! ភាព​ធ្ងន់ធ្ងរ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈទីផ្សារ​​ហិរញ្ញវត្ថុ​តែ​ម្តង។ ទីផ្សារ​ដែល​ប៉ះពាល់​ខ្លាំង​ជាង​គេ គឺទីផ្សារ​ភាគហ៊ុន​អាស៊ី​និង​តំបន់​ឈូង​សមុទ្ទ​ពែក្ស ៖ កូវ៉ែត​ព្យួរ​​ទីផ្សារ​ហិរញ្ញវត្ថុរបស់​ខ្លួន បន្ទាប់​ពី​មានការ​ធ្លាក់​ចុះខ្លាំង​អស់ ៩,៥% នៅ​ពេល​បើក​ទ្វារ​នា​ព្រឹក​ថ្ងៃ​ចន្ទ​ទី ៩​មីនា​នេះ ចំណែក​ភាគ​ហ៊ុន​នៅ​ឌូបៃ​​ដាំក្បាល​ចុះ​អស់៩% និង​៧,១%​ នៅ​អាប៊ូដាប៊ី។ ភាគហ៊ុន​ប្រេង​នៅ​ហុងកុង ធ្លាក់​អស់​១៦% ចិន​១០%។

ទីផ្សារ​ប្រេង​នឹង​បន្ត​ធ្លាក់​ថ្លៃ​ទៀត ពេញ​មួយ​ខែ​ខាង​មុខ​ ព្រោះ​ទង្វើ​បញ្ចុះ​តម្លៃ​​បែ​ប​លក់​ឡៃឡុង​របស់​អារ៉ាប៊ីសាអូឌិត ចំ​ពេល​ដែល​ពិភពលោក​កំពុងជួប​​វិបត្តិ​កំណើន​សេដ្ឋកិច្ច។ ការ​រាតត្បាត​នៃ​កូរ៉ូណាវីរុស បាន​ធ្វើ​ឱ្យ​តម្រូវការ​ប្រេង​ថយ​ចុះ​ខ្លាំងណាស់។ បើតាម​អ្នក​វិភាគ វិបត្តិ​ប្រេង​បែប​នេះ ផ្តល់​ផល​ប៉ះពាល់​ខ្លាំង​ជាង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​ទៅ​ទៀត ព្រោះ​ប្រេង​មាន​ពាក់​ព័ន្ធលើ​​វិស័យ​ច្រើន​ដែល​ជា​ទម្រ​នៃ​សេដ្ឋកិច្ច​ពិភពលោក។ សង្ឃឹម​ថា​ការ​ធ្លាក់​ថ្លៃ​ប្រេង​នេះ នឹង​ជំរុញ​រុស្ស៊ី ​ឱ្យវិល​មក​ចូល​តុ​ចរចា​ជាមួយ​ក្រុម​ប្រទេស​អ្នក​ផលិត​ប្រេង OPEP វិញ ដើម្បី​ស្វែង​រក​កិច្ចព្រមព្រៀង​កំណត់​កូតា​ផលិត​ និង​លើក​ស្ទួយ​តម្លៃ​ប្រេង​ឡើង​វិញ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ