អានតួអត្ថបទ

កូរ៉េខាងជើង​បាញ់​មីស៊ីល​សំដៅ​សមុទ្រ​ជប៉ុន

កូរ៉េខាងជើង​បាន​បាញ់​មីស៊ីល​២ដើម​ទៅ​ក្នុង​សមុទ្រ​ជប៉ុន នៅព្រឹកថ្ងៃ​សៅរ៍នេះ។ តាម​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង មីស៊ីល ទាំង២​ដើម ដែល​កូរ៉េខាងជើង​បាញ់ចេញ​នៅថ្ងៃនេះ ទំនង​ជា​មីស៊ីល​បាលីស្ទិក ចម្ងាយមធ្យម។ កងទ័ព​កូរ៉េខាងត្បូង​បាន​ថ្កោលទោស សកម្មភាព​បាញ់​មីស៊ីល​របស់​កូរ៉េខាងជើង ថា ធ្វើឡើង​ដោយ​មិនសមស្រប​នឹង​កាលៈទេសៈ​ដែល​ពិភពលោកកំពុង​ជួប​វិបត្តិ​ជំងឺរាតត្បាត​កូវីដ ១៩ បង្ក​ឡើង​ដោយ​មេរោគកូរ៉ូណាថ្មី។ 

នៅថ្ងៃសៅរ៍ទី ២១ មីនា កូរ៉េខាងជើង​បាញ៉​មីស៊ីល ២ដើមដែល​អាច​ជាប្រភេទ​មីស៊ីល​បាលីស្ទិកចម្ងាយមធ្យម
នៅថ្ងៃសៅរ៍ទី ២១ មីនា កូរ៉េខាងជើង​បាញ៉​មីស៊ីល ២ដើមដែល​អាច​ជាប្រភេទ​មីស៊ីល​បាលីស្ទិកចម្ងាយមធ្យម REUTERS - HEO RAN
ផ្សាយពាណិជ្ជកម្ម

ក្រសួងការពារជាតិ​កូរ៉េខាងត្បូង នៅថ្ងៃ​សៅរ៍នេះ បាន​អះអាង​ថា មីស៊ីល​ទាំង២ ដើម ដែល​ត្រូវ​បាន​បាញ់ចេញ​ពី​ភាគខាងលិច​កូរ៉េខាងជើង​បាន​ហោះ​កាត់​ទឹកដី​កូរ៉េខាងជើង ពី​លិច ទៅ​កើត មុននឹង​ទៅ​ធ្លាក់​ក្នុង​សមុទ្រ​ជប៉ុន។ តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ក្រសួង​ការពារ​ជាតិ​ជប៉ុន​បាន​បញ្ជាក់ដែរថា គេ​ចាប់បាន​សញ្ញា ដែល​អាច​ជា​ប្រភេទ​មីស៊ីល​បាលីស្ទិក។

ចាប់តាំង​ពី​ដើម​ខែ​មីនា នេះ​ជា​លើកទី​៣ ដែល​កូរ៉េខាងជើង​បាញ់សាកល្បង​គ្រាប់មីស៊ីល​ប្រភេទ​នេះ នៅក្នុង​បរិបទ​ដែល​ការចរចា​ជាមួយ​អាមេរិក ស្តីពី​កម្មវិធី​នុយក្លេអ៊ែរ និង​មីស៊ីល​បាលីស្ទិក របស់​កូរ៉េខាងជើង កំពុង​ជាប់គាំង គ្មាន​ច្រកចេញ។ សម្រាប់​អ្នកវិភាគ តាមរយៈ​ការបាញ់​សាកល្បង ជា​បន្តបន្ទាប់ កូរ៉េខាងជើង​កំពុង​សម្រិតសម្រាំង​សមត្ថភាព​មីស៊ីល និង​អាវុធ​នុយក្លេអ៊ែរ​របស់ខ្លួន នោះបើទោះបី​ជា​កំពុង​រងការដាក់​ទណ្ឌកម្ម សេដ្ឋកិច្ច និង​ការថ្កោលទោស​ពី​សហគមន៍​អន្តរជាតិក្តី។ មួយវិញទៀត កូរ៉េខាងជើង អាចចង់​បង្ហាញថា ការបាញ់​សាកល្បង​មីស៊ីល​គឺ​ជារឿងសាមញ្ញ និង​ធម្មតា គ្មាន​គ្រោះថ្នាក់​នោះទេ។

នៅ​ប៉ុន្មាន​ទសវត្សរ៍ចុងក្រោយនេះ កូរ៉េខាងជើង​បាន​រងការរិះគន់​ពី​សហគមន៍​អន្តរជាតិ ថា ផ្តោត​អាទិភាព ការចំណាយ​ថវិកា​ច្រើន​ទៅលើ​វិស័យកងទ័ព និង​កម្មវិធី​ផលិត​អាវុធ​នុយក្លេអ៊ែរ ទោះបី​ជា ក្នុង​កាលៈទេសៈ ដែល​ប្រជាជន​កំពុង ជួបគ្រោះអត់ឃ្លាន និង​បញ្ហា​សុខាភិបាលក្តី។

មួយវិញទៀត ដំណឹង​បាញ់​មីស៊ីល​របស់កូរ៉េខាងជើង កើតឡើង នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ ដែល​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA បាន​ប្រកាស​ពី​ការកោះប្រជុំ​សភា​ជាន់ខ្ពស់​កូរ៉េខាងជើង នៅ​ថ្ងៃ​ទី​១០​មេសា​ខាងមុខ។ តាម​អ្នកជំនាញ​កូរ៉េខាងត្បូង ប្រចាំ​វិបសៃតិ៍​ជំនាញ​បញ្ហា​កូរ៉េខាងជើង លោក Rachel Minyoung Lee កូរ៉េខាងជើង​មិន​ប្រថុយ រៀបចំ​កិច្ចប្រជុំ​សភា ដែល​មាន​មនុស្ស​ចូលរួម ដល់ទៅ ជាង ៧០០នាក់ទេ បើសិន កូរ៉េខាងជើង​មិនជឿជាក់ច្បាស់​ខ្លួន​អាច​ចាត់វិធានការ​ទប់ស្កាត់​ការឆ្លងមេរោគ​កូរ៉ូណាថ្មីនោះ។

រហូតមកដល់​ពេលនេះ ប្រទេស​កុម្មុយនិស្ត​កូរ៉េខាងជើង មិន​បាន​រាយការណ៍​ពី​ករណី​ឆ្លងណាមួយ ក្នុង​ទឹកដី​របស់ខ្លួននោះទេ។ ប៉ុន្តែ វិធានការ​រឹតបន្តឹង ក្នុង​ការធ្វើដំណើរ យុទ្ធនាការ​បំផុសបំផុល​ឲ្យ​មនុស្ស​ពាក់ម៉ាស ការដាក់ពិន័យ​ជាសាធារណៈ មន្រ្តី ដែល​ល្មើស​នឹងវិធានការ ដាក់​ឲ្យ​នៅដាច់ដោយឡែក ហើយ​និង ការបង្កើត​មណ្ឌល​ត្រួតពិនិត្យសុខភាព ធ្វើ​ឲ្យ​គេ​ជឿថា ជំងឺ​កូវីដ ១៩​កំពុង​មាន​វត្តមាន​ក្នុង​ទឹកដី​កូរ៉េខាងជើង។ រងទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ដោយសារ​តែ​កម្មវិធី​ផលិតអាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង​ដែល មាន​វិស័យសុខាភិបាល​ទន់ខ្សោយ បាន​ចាត់វិធានការ​បង្ការ ទប់ស្កាត់​កុំ​ឲ្យ​មេរោគកូរ៉ូណា​អាច​រីករាលដាល​ខ្លាំង នៅ​ទឹកដី​របស់ខ្លួន។

នៅដើម​ខែ​មីនា​នេះ អ្នករាយការណ៍ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួលបន្ទុករឿង​កូរ៉េខាងជើង បាន​អំពាវនាវ​ឲ្យ​ទីក្រុង​ព្យុងយ៉ាង​បើកព្រំដែន​អនុញ្ញាត​ឲ្យ​អ្នកជំនាញ​សុខភាព និង​ជំនួយមនុស្សធម៌​របស់​អង្គការ​សហប្រជាជាតិ។ ក្រុមប្រឹក្សា​សន្តិសុខ​របស់​អង្គការ​សហប្រជាជាតិ​ធ្លាប់បាន​និយាយ​ហើយថា នឹង​អាច​ធ្វើការ​លើកលែង ផ្អាក​ទណ្ឌកម្ម​សេដ្ឋកិច្ច មួយរយៈ ដើម្បី ជួយ​កូរ៉េខាងជើង​ប្រយុទ្ធប្រឆាំង​នឹង​មេរោគកូវីដ ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ