អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ធនាគារពិភពលោក ថា អត្រាកំណើនសេដ្ឋកិច្ចចិន ​អាចនឹងត្រូវធ្លាក់ចុះ ជិតដល់សូន្យ

ចុះផ្សាយ​នៅ​ថ្ងៃ៖

វិស័យ​ឧស្សាហកម្ម​ចិន​នៅ​ខែមីនា​ កើនឡើង​ហួស​ពី​ការ​រំពឹង​ទុក ក៏ប៉ុន្តែ ធនាគារ​ពិភពលោក​ថា សេដ្ឋកិច្ច​ចិន​នឹង​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដោយ​កូវីដ១៩ ហើយ​​អត្រា​កំណើន​សេដ្ឋកិច្ច​របស់​ចិន​អាច​នឹង​ត្រូវ​ធ្លាក់​ចុះ​ជិត​ដល់​សូន្យ (០,១%)។ ក្នុងពេល​ជាមួយគ្នា សេដ្ឋកិច្ច​ក្នុង​តំបន់​អាស៊ី​ទាំងមូល ក៏​នឹង​ត្រូវ​រងផលប៉ះពាល់​ធ្ងន់ធ្ងរ​ផងដែរ ហើយ​វា​នឹង​បង្ក​នូវ​ផលវិបាក​ខ្លាំង​ដល់​កិច្ចខិតខំប្រឹងប្រែង ក្នុងការ​លុបបំបាត់​ភាពក្រីក្រ។

កំណើនសេដ្ឋកិច្ច​ចិន អាចចុះ​ដល់​០.១ភាគរយ នៅឆ្នាំនេះ។
កំណើនសេដ្ឋកិច្ច​ចិន អាចចុះ​ដល់​០.១ភាគរយ នៅឆ្នាំនេះ។ STR / AFP
ផ្សាយពាណិជ្ជកម្ម

ខែ​មីនា​នេះ ​ វិស័យឧស្សាហកម្ម ចិន​​បាន​វារងើប​ក្បាល​ឡើងបន្តិច​វិញ ហើយក៏​ស្រាប់តែ​ស្ទុះ​ឡើង​ខ្លាំងតែម្តង ស្ទើរហួស​ពី​​ការរំពឹង​ទុក​របស់​អ្នកជំនាញ​​សេដ្ឋកិច្ច​​។  តើ​មកពីហេតុអ្វី?

សេដ្ឋកិច្ចចិនប៉ះពាល់ខ្លាំង នៅខែ​កុម្ភៈដោយសារតែប្រទេសទាំងមូលត្រូវបិទខ្ទប់ ព្រោះតែមេរោគកូវីដ១៩។  ក្នុង​ខែមីនានេះ ពិសេស​នៅពេល​ជិត​ចុងខែ​តែម្តង​ វិស័យឧស្សាហកម្មនិង​សិប្បកម្ម​ចិន មាន​កំណើនឡើងមកវិញ ក៏ព្រោះថា រដ្ឋអំណាច​បាន​ចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ក្នុង​ការ​ធ្វើ​ដំណើរ ដកបម្រាម​ហាម​ឃាត់​ពលរដ្ឋ​ឱ្យ​នៅ​តែក្នុង​ផ្ទះ​ បាន​ដកចេញវិញ​ជាបណ្តើរៗ ហើយ​អ្នកដែលអាច​ត្រូវ​ធ្វើ​ការ​បាន ក៏​បាន​ចាប់​ផ្តើម​ការងារ​មួយ​ចំនួន​ឡើងវិញ ដូច្នេះហើយ​​ គឺបាន​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​​កម្រើករលាស់​​ខ្លួន នៅ​​ខែ​មីនានេះ​ ​ខុស​ពី​ខែកុម្ភៈ ដែល​ស្ទើរតែ​គ្រប់​ផ្នែកត្រូវ​បិទខ្ទ​ប់​ទាំងអស់។

​តាំងពីអំលុងពេលពាក់កណ្តាល​ខែ​មីនាមកម្ល៉េះ ដែល​ចិនបាន​ចាប់ផ្តើមជឿជាក់លើខ្លួនឯង ថា​អាចទប់ទល់ស្ថានការណ៍មេរោគកូវីដ១៩​បាន ហើយក៏ផ្តើមកំណត់កម្មវត្ថុកែប្រែស្ថានភាពអាក្រក់  និងកាត់បន្ថយផលវិបាកនៃការឆ្លងវីរុសនេះ។ រដ្ឋបាល​ទី​ក្រុងប៉េកាំង បានប្រកាសយុទ្ធសាស្ត្រ​ស្តារស្រោចស្រង់សេដ្ឋកិច្ចជាតិ​ឡើងវិញ ដូចជា​ដាក់​ចេញ​វិធានការ​កាត់បន្ថយពន្ធ ដើម្បីជំរុញការវិនិយោគ ព្រមទាំង​បានលើកទឹកចិត្តចំពោះ​គម្រោងសាងសង់នានា​ ដើម្បីស្តារស្ថានភាពខូចខាត ដែល​​ប៉ះពាល់ដោយមេរោគកូរ៉ូណាថ្មី។  ​ម៉ាស៊ីនរោគចក្រឧស្សាហកម្មធំៗរបស់ចិន នៅទូទាំងប្រទេស បានផ្តើមសកម្មភាពឡើងវិញដែរ ។

​ការ​ព្យាករ​​របស់​​ធនាគារពិភពលោក​  ​​អះអាងថា ​សេដ្ឋកិច្ច​ចិន​អាច​នឹងគ្មាន​កំណើន​នោះទេ។ ព្រោះហេតុអ្វី?​

​តាម​ការ​​បញ្ជាក់ផ្លូវការ  រោងចក្រ​ឧស្សាហកម្ម​ធំៗ​របស់ចិន ​ផ្តើម​សកម្មភាព​ឡើងវិញ។​ ​ទោះយ៉ាងនេះ​ក្តី នៅថ្ងៃចន្ទ​ទី​៣០មីនា ប្រធានក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ចរបស់​ធនាគារពិភព​​ លោក​ Aaditya Mattoo យល់ថា «ការកើនឡើងសកម្មភាពផលិតកម្មបន្តិច​មកវិញនេះ​ គឺ​មិនមែនមានន័យថាជា​វិលត្រឡប់ទៅរកស្ថានភាពសេដ្ឋកិច្ចធម្មតាវិញ​​នោះ​​ទេ»។  មួយវិញទៀត «ស្ថានភាព​​មេរោគកូ​រ៉ូណាថ្មីនេះ អស្ថិរភាពនៅឡើយ គឺនៅមិន​ទាន់​ស្ងប់ស្ងាត់​ទាំងស្រុងដែរ នៅស្រុក​ចិន​​នោះ​​»។​ មិនតែប៉ុណ្ណោះ បើទោះបី​រោគចក្រ​ធំៗ​របស់​ចិន​​ផ្តើម​ដំណើរការមែន  ក៏ប៉ុន្តែ ផ្នែក​រោងចក្រតូចៗ  ក្រុម​ហ៊ុន​សហគ្រាស​ធុន​​តូច​និងមធ្យម គឺកំពុង​ស្ថិត​នៅក្នុង​ស្ថានភាព​លំបាក រើខ្លួន​មិនទាន់​រួច​​​នៅឡើយទេ​​។

កំណើន​សេដ្ឋកិច្ចចិន ​វា​មិន​អាស្រ័យ​តែម្យ៉ាង​ក្នុងការ​ចាប់ផ្តើមសកម្មភាព​ផលិត​កម្ម​នៅស្រុក​ចិននោះទេ តែវា​ក៏​​អាស្រ័យ​ខ្លាំងណាស់​ដែរ ទៅលើ​ស្ថានភាពសេដ្ឋកិច្ចពិភពលោក ពិសេស​នៅសហរដ្ឋ​អាមរិក​និងនៅ​អឺរ៉ុប ដែល​ជាដៃគូ​​ពាណិជ្ជកម្ម​ដ៏​សំខាន់​របស់​ចិន​ ហើយ​កំណើត​វិស័យឧស្សាហកម្ម​ចិន​ក៏​​អាស្រ័យ​លើ​ការ​រីករាល​ដាល​នៃវិបត្តិ​មេរោគកូវីដ១៩​​ នៅ​បស្ចិម​លោក​​​នេះ ដែរ។

សម្រាប់​ឆ្នាំ​២០២០នេះ ចិន​រំពឹង​ថា​មាន​កំណើន​សេដ្ឋកិច្ច​ ប្រមាណ​៦ភាគរយ តែ​ចិន មិនទាន់កំណត់ការព្យាករថ្មីទេ​​។ ជាធម្មតា​និង​តាម​ទម្លាប់ អាជ្ញាធរ​ទទួល​ខុសត្រូវ​ខាង​សេដ្ឋកិច្ច​ចិន​ តែងតែ​ប្រកាស​កំណត់​ការ​ព្យាករ​ពី​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​​របស់​ខ្លួន​ នៅ​រៀងរាល់​​ខែ​មីនា។​  ​ខែ​មីនា​ឆ្នាំ​នេះ ថ្ងៃ​ទី​៣១មីនា​​ ចិន​នៅ​មិន​ទាន់​ចេញ​មុខ ប្រកាស​​ផ្តល់​ទិន្នន័យ​ស្តីពី​កំណើត​សេដ្ឋកិច្ច​​អ្វីនៅឡើយទេ។ បើ​តាម​អ្នក​ជំនាញ​នៅ​ធនាគារពិភពលោក, ចិន​អាចទំនង​ជា​មិន​ព្យាករ​អ្វី​ច្រើនទេ ឬក៏​ស្ងាត់ៗ​ ធ្វើ​មិន​ដឹងមិន​ឮតែម្តង ។ ចំពោះ​ធនាគារពិភពលោក គឺ​បាន​​ព្យាករថា កំណើន​សេដ្ឋ​កិច្ច​ចិន​ស្ទើរតែគ្មាន ឬប៊ិះ​សូន្យ ពោល​គឺ​អាច​ទំនង​មាន​តែ​០,១ភាគរយ​តែប៉ុណ្ណោះ។

ចិន​ជួប​បញ្ហាកំណើន​​សេដ្ឋកិច្ច នោះ​ការប៉ះពាល់ដល់សេដ្ឋកិច្ចនិងខូចខាតដល់ទីផ្សារពាណិជ្ជកម្មក្នុងតំបន់ ​«ជារឿងដែលជៀសមិនផុត»។ ចំពោះ​ធនាគារ​ពិភពលោក ការ​ធ្លាក់​ចុះកំណើន​​សេដ្ឋកិច្ច​មិនមែនតែនៅ​​ស្រុក​ចិន​ទេ គឺ​នៅ​តំបន់​អាស៊ី​ខាងកើត​​និង​ប៉ាស៊ីហ្វិកទាំងមូល​ផង។ តាម​ស្ថាប័ន​ជំនាញដដែល ឆ្នាំ​២០១៩ កំណើន​សេដ្ឋកិច្ច​ក្នុង​តំបន់​ មាន​ជាង​៥,៨ភាគរយឯណោះ ​ផ្ទុយ​ទៅវិញ​​ នៅឆ្នាំ​២០២០នេះ​ ​​ សេដ្ឋកិច្ច​ក្នុង​តំបន់អាស៊ី​ទាំងមូល ទំនង​អាច​នឹងឡើង​ត្រឹមតែ​២,១ភាគរយប៉ុណ្ណោះ ហើយ​ផ្ទុយមកវិញ បើ​មាន​សេណារីយ៉ូ​អាក្រក់ថែមទៀត គឺ​អាចថយចុះ «០,៥%»។ មានន័យថា ផលិតផលក្នុងស្រុក នៅ​ក្នុងតំបន់អាស៊ីទាំងមូល​​ មិនមែនត្រឹមតែមិនកើនទេ តែវាថែមទាំងថយចុះ  «០,៥%» ។​

វិបត្តិកូរ៉ូណាថ្មី ប៉ះពាល់ដល់ការខំប្រឹងប្រែងទប់ស្កាត់ភាពក្រីក្រ។ មនុស្សច្រើនជាង២០លាននាក់ នៅតំបន់អាស៊ី ទំនង​ជា​លំបាកងើបមុខ​ចេញពីភាពក្រីក្រ។

កាលពីដំបូងដៃ​ឡើយ ពោល​គឺ​កាលពីមុន​ពេល​ផ្ទុះ​មេរោគ​កូរ៉ូណាថ្មីនេះ ធនាគារ​ពិភពលោក​បាន​រំពឹង​ថា គេ​អាច​នឹង​អាចកាត់​បន្ថយ​​អត្រាភាព​ក្រីក្រ​ ទៅលើមនុស្ស​ ចំនួន​៣៥លាន​នាក់​ នៅតំបន់​អាស៊ី​ខាងកើត​និង​ប៉ាស៊ីហ្វិក ក្នុងនោះ​២៥​លាននាក់ នៅស្រុក​ចិន។ ក៏ប៉ុន្តែនៅពេល​នេះ សេណារីយ៉ូ​ទំនងជាត្រូវ​ក្រ​ឡាប់ចាក់ទៅវិញ គឺ​អត្រាភាព​ក្រីក្រ អាច​ទំនងជា​ត្រូវ​កើនឡើងវិញ​។ បាន​សេចក្តីថា នៅតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិក អា​ច​នឹង​មាន​មនុស្ស​ប្រមាណ​ជា​២៤លាន​នាក់ លំបាក​នឹង​ចាកចេញពី​ភាពក្រីក្រ ហើយ​អាច​នឹង​ត្រដរ​​​រស់នៅ​ជាមួយ​ប្រាក់​ចំណូល​ ៥ដុល្លារ​កន្លះ ក្នុង​មួយថ្ងៃ​តែប៉ុណ្ណោះ​។

នៅតំបន់អាស៊ី ការងារ​ផ្នែក​សេវាកម្ម គឺជាប្រភពចំណូល​សំខាន់​សម្រាប់​សេដ្ឋកិច្ច, សេវាកម្ម​បម្រើ​តាម​ផ្ទះ​ ជាផ្នែក​កាត់​បន្ថយ​ភាព​ក្រីក្រ​សំខាន់​ខ្លាំង ត្រូវបាន​ប៉ះទង្គិច​យ៉ាងពេញ​ទំហឹង​​​​និងដោយ​ផ្ទាល់​​ ព្រោះ​តែ​វិបត្តិ​កូវីដ​១៩​។ វិស័យ​ទេសចរណ៍ និង​ការ​លក់​រាយ ​នៅប្រទេស​ថៃ ប្រឈម​មុខ​លំបាក​ខ្លាំង ហើយ​ផ្នែក​​សិល្បកម្ម​និង​វាយនភណ្ឌកាត់ដេរ នៅវៀតណាម ក៏​រង​គ្រោះ​សម្បើម​ណាស់ដែរ។

ដើម្បី​ជួយ​បន្ធូរបន្ថយ​ការប៉ះពាល់រឹតតែខ្លាំងនោះ​ ធនាគារពិភពលោក បាន​ជូន​​អនុសាសន៍​មួយ​ចំនួន​ដល់​​​រដ្ឋាភិបាលនៅក្នុងតំបន់អាស៊ី​ ថា​ត្រូវតែប្រឹងប្រែង​វិនិយោគឱ្យ​អស់ពី​​សមត្ថភាព ក្នុង​ការ​ថែទាំ​សុខភាពប្រជាជន និង​ព្យា​បាល​អ្ន​ក​ជំងឺឱ្យ​បាន​គត់មត់បំផុត​​ ហើយ​យក​ចិត្តទុកដោះស្រាយ​បញ្ហាដែល​កើតឡើងនិង​ប៉ះពាល់​ភ្លាមៗ​។ អាជ្ញាធរ​ក៏​គួរ​ជួយ​សម្រួល​ផ្នែក​សេវាសង្គមកិច្ច ដូចជា ករណី​ឈប់​សម្រាក​ពីការងារ​ដោយនៅតែ​​ទទួល​បាន​ប្រាក់កម្រៃ​​ដដែល។​ មិន​តែប៉ុណ្ណោះ ​រដ្ឋត្រូវ​ជួយ​សម្រប​សម្រួល​ដល់​វិធានការពន្ធដារ និងពន្ធគយ​ ជាដើម​​៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ