អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូវីដ​១៩​៖ ជនជាតិ​អាហ្រ្វិក​ស្បែក​ខ្មៅ​ រង​ការ​រើស​អើង​នៅ​ក្នុង​ប្រទេស​ចិន​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ជនជាតិ​អាហ្វ្រិក​ ដែល​កំពុង​រស់​នៅ​ក្នុង​ខេត្ត​ក្វាងចូវ​ ភាគ​ខាងត្បូង​ប្រទេស​ចិន​បាន​ក្លាយជា​មុខ​សញ្ញា​សង្ស័យ​នាំ​ជំងឺ​កូវីដ​១៩​ ចូល​ក្នុង​ប្រទេស​ចិន​។ ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​ចំនួន​រាប់រយ​នាក់​ ត្រូវ​រដ្ឋ​អំណាច​ចិន​បង្ខំ​ឲ្យ​ចាកចេញ​ពី​ផ្ទះ​ ឬ​ក៏​អគារ​ស្នាក់នៅ​របស់​ពួកគេ​ ខណៈ​ពេល​ដែល​មន្ត្រី​សុខាភិបាល​ចិន​ក្នុង​ខេត្ត​ក្វាងចូវ​បាន​ចាប់​ផ្តើម​​ធ្វើ​តេស្ត​ទ្រង់ទ្រាយ​ធំក្រោម​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំងនឹង​ករណី​ឆ្លង​ថ្មី​នៃ​វីរុស​កូវីដ​១៩​ ដែល​នាំ​ចូល​មក​ពី​ខាង​ក្រៅ​។ ចំណាត់ការ​របស់​អាជ្ញាធរ​ចិន​ ទៅលើ​សហគមន៍​អាហ្វ្រិក​បែប​នេះ​ បង្កឲ្យ​មាន​ការ​រិះគន់​ថា​ ចិន​ មាន​ការ​រើសអើង​លើ​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​។

រូបភាពបង្ហាញពីការជួបជុំរបស់ប្រជាជននៅតាមដងផ្លូវមួយក្នុងស្រុកតូច នៅក្វាងចូវ នាថ្ងៃទី ២ ខែមីនាឆ្នាំ ២០១៨។
រូបភាពបង្ហាញពីការជួបជុំរបស់ប្រជាជននៅតាមដងផ្លូវមួយក្នុងស្រុកតូច នៅក្វាងចូវ នាថ្ងៃទី ២ ខែមីនាឆ្នាំ ២០១៨។ AFP - FRED DUFOUR
ផ្សាយពាណិជ្ជកម្ម

ដើមចម​ដែល​បណ្តាល​ឲ្យមាន​ការ​រើសអើង​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​នៅ​ចិន​

ក្រុម​ជនជាតិ​ស្បែកខ្មៅ​ដែល​រង​ការ​រើសអើង​ គឺ​ជា​សហគមន៍​អាហ្វ្រិក​ដែល​រស់​នៅ​ក្នុង​ខេត្ត​ក្វាងចូវ​ ភាគ​ខាង​ត្បូង​ប្រទេស​ចិន​។ ខេត្ត​ក្វាងចូវ​ គឺជា​មជ្ឈមណ្ឌល​ឧស្សាហកម្ម​ដ៏ធំ​មួយ​ និង​មាន​ប្រជាជន​ចំនួន​ប្រមាណ​ ១៥​ លាន​នាក់​ និងក៏​ជាទី​ដែលមាន​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​រស់នៅ​ច្រើនជាង​គេ​បំផុត​មួយ​នៅក្នុង​ប្រទេស​ចិន​។

ជនជាតិ​អាហ្វ្រិក​ភាគច្រើន​នៅ​ក្វាងចូវ​ មាន​ទិដ្ឋាការ​អាជីវកម្ម​រយៈពេលខ្លី ​ដូច្នោះហើយ​ ពួកគេ​ធ្វើ​ដំណើរ​ទៅ​ប្រទេសចិន​ជាច្រើន​ដង​ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ ដែល​ជា​ហេតុ​ធ្វើឱ្យ​មាន​ការ​លំបាក​ក្នុងការ​គណនា​ពី​ទំហំ​ប្រជាជន​អាហ្វ្រិក​នៅ​ទីនោះ​។

បើ​យោង​តាម​ទី​ភ្នាក់ងារ​សារព័ត៌មាន​ចិន​ស៊ីនហួ​ នៅ​ឆ្នាំ​ ២០១៧​ មាន​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​ប្រមាណ​ ៣២​ ម៉ឺន​នាក់​ បាន​ធ្វើ​ដំណើរ​ចូល​ ឬក៏​ចាកចេញ​ពី​ប្រទេស​ចិន​ ដោយ​ឆ្លង​កាត់​តាម​ខេត្ត​ក្វាងចូវ​នេះ​។

តាមពិតទៅពី​ដើម​ឡើយ​ រឿងរ៉ាវ​រើសអើង​លើ​ជនជាតិ​ស្បែក​ខ្មៅ​នៅ​ចិន​ ជាពិសេស​នៅ​ខេត្តក្វាង​ចូវ​មិនដែល​កើត​មាននោះ​ទេ​។ ក៏ប៉ុន្តែ​ នៅ​ពេល​ដែល​មាន​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩​ ក្នុង​សហគមន៍​អាហ្វ្រិក​នៅ​ទីនោះ​ក្នុងខែ​មេសា​នេះ​ ភាព​តាន​តឹង​ក៏​បានផ្តើម​មាន​តែ​ម្តង​។​

គិតត្រឹម​ថ្ងៃ​ព្រហស្បតិ៍​ ទី​៩ មេសា​ ករណី​ឆ្លងថ្មី​នៃ​ជំងឺ​កូវីដ​១៩​ នៅ​ក្នុង​ខេត្ត​ក្វាងចូវ​របស់​ចិន​ មាន​ ១១៤ ករណី​ ដែល​ក្នុងនោះ​មាន​ ១៦ ​ករណី​កើត​លើ​ជនជាតិ​អាហ្វ្រិក​។ ចំណែក​ករណី​ថ្មី​ផ្សេង​ទៀត​ គឺ​កើត​លើ​ជនជាតិ​ចិន​ដែល​ទើប​ត្រលប់​មកពី​បរទេស​។

ដំណឹងនេះ​ បាននាំ​ឱ្យ​ជនជាតិ​អាហ្វ្រិក​ក្លាយជា​គោលដៅ​នៃ​ការ​សង្ស័យ​នាំ​ចូល​ករណី​ឆ្លង​ថ្មី​នៃ​កូវីដ​១៩​ ក្នុង​ប្រទេស​ចិន​។ បន្ទាប់មក​ មាន​ព័ត៌មាន​ស្តី​អំពី​ការ​រើសអើង​ជាតិ​សាសន៍​អាហ្វ្រិក​ ក៏​ចាប់​ផ្ទុះ​ឡើង​នៅ​ចិន​តែម្តង​។

ការ​រើសអើង​របស់​ចិន​លើ​ជនជាតិ​អាហ្វ្រិក​ស្បែកខ្មៅ​​មាន​លក្ខណៈ​យ៉ាងម៉េច​ខ្លះ?

គេ​ដឹង​ថា​ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ អាច​ទប់ស្កាត់ការ​ឆ្លងរាលដាល​នៃ​វីរុស​កូវីដ​១៩​ ប្រកប​ដោយ​ប្រសិទ្ធភាព​ តាមរយៈ​វិធានការ​បិទ​ខ្ទប់​ទី​ក្រុង​ និង​បង្ខាំង​ឲ្យ​ប្រជាជន​នៅ​តែ​ក្នុង​ផ្ទះ​។

ករណី​ឆ្លងថ្មី​ក្នុង​ស្រុក​ ត្រូវ​បាន​អាជ្ញាធរ​សុខាភិបាល​ចិន​ រាយការណ៍​ជា​ញឹកញយ​ថា​ គ្មាន​កើតឡើង​នៅក្នុង​ប្រទេស​ទៀត​នោះទេ​។ ក៏ប៉ុន្តែ​ ករណី​ឆ្លង​ថ្មី​នៃ​កូវីដ​១៩​ ដែល​ជា​ករណី​នាំចូល​មក​ពី​ក្រៅ​ នៅតែ​មាន​ដដែល​។ អាជ្ញាធរ​ចិន​ បារម្ភ​ខ្លាច​ថា​ ករណី​ឆ្លង​នាំ​ចូល​មក​ពី​ខាង​ក្រៅ​ អាច​បង្ក​ជា​ហានិភ័យ​ និង​អាច​បណ្តាល​ឲ្យ​ផ្ទុះ​ការ​ឆ្លង​រាលដាល​ខ្លាំង​ជា​លើកទី២​ ម្តង​ទៀត​។

កាលពី​ដើម​សប្តាហ៍​នេះ​ គេ​ឃើញ​ លោក​ប្រធានាធិបតី​ចិន​ស៊ី​ ជីនពីង​ ចេញមុខ​ជំរុញ​ឱ្យ​អាជ្ញាធរ​ចិន​ ឃ្លាំមើល​ដោយ​ប្រុង​ប្រយ័ត្ន​នូវ​ករណី​ឆ្លង​ដែល​នាំ​ចូល​ពី​ប្រទេស​ផ្សេងៗ​។ ហេតុ​ដូចនេះ​ហើយ​ ទើប​អាជ្ញាធរ​មូលដ្ឋាន​ចិន​ ចាប់​ផ្តើម​យុទ្ធនាការ​ធ្វើ​តេស្ត​រក​មេរោគ​ ក្នុង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៅក្នុង​ខេត្ត​ក្វាងចូវ​ ដែល​មាន​ជនជាតិ​អាហ្វ្រិក​ ធ្វើ​ដំណើរ​ចេញ​ចូល​ច្រើនដង​ក្នុង​មួយ​ឆ្នាំៗ​។

ខណៈ​ពេល​ដែល​ មន្ត្រី​សុខា​ភិបាលចិន​ក្នុង​ខេត្ត​ក្វាងចូវ​ ចាប់ផ្តើម​យុទ្ធនាការ​ធ្វើតេស្ត​រក​មេរោគ​កូវីដ​១៩ ជនជាតិ​និង​អ្នក​ជំនួញ​អាហ្វ្រិក​ចំនួន​រាប់​រយ​នាក់​ នៅ​ក្វាងចូវ​ ត្រូវ​បាន​បណ្តេញ​ចេញពី​បន្ទប់​សណ្ឋាគារ​ និង​កន្លែង​ស្នាក់នៅ​របស់​ពួកគេ​។

មួយវិញទៀត ដោយសារ​តែ​គ្មាន​កន្លែង​ស្នាក់​ មាន​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​ខ្លះ​ នាំគ្នា​ទៅ​ដេក​ នៅ​តាម​លើ​ដង​ផ្លូវ​ក្នុង​ខេត្ត​ក្វាងចូវ​ទៀត​ផង​។ នេះ​បើ​តាម​ការណ៍​ឲ្យ​ដឹង​ពី​ មេ​ដឹកនាំ​សហគមន៍​ជនជាតិ​អាហ្វ្រិក​នៅក្វាងចូវ​ផ្ទាល់​។

ទាក់ទងរឿងនេះ រដ្ឋ​អំណាច​ចិន​និយាយ​ថា​ ការ​ដែល​ខ្លួន​ធ្វើ​បែបនេះ​ គឺ​ដើម្បី​ទប់ស្កាត់​ ការ​ឆ្លង​រីករាល​​ដាល​ជា​លើកទី២​ នៃ​មេរោគ​កូរ៉ូណា​ថ្មី​។ ក៏​ប៉ុន្តែ​ ករណី​ថ្មីៗ​ ដែល​ទាក់ទង​នឹង​សហគមន៍​អាហ្វ្រិក​នៅ​ក្វាងចូវនេះ​ បាន​បង្ក​ឲ្យ​មាន​ការចោទ​ប្រកាន់ថា​ ជនជាតិ​ចិន​ម្ចាស់​ស្រុក​ ហើយនិង​មន្ត្រី​សុខាភិបាល​ចិន​ រើសអើង​ចំពោះ​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​។

ភាព​​តានតឹង​កំពុងកើន​ឡើងខ្លាំង​នៅ​ក្វាងចូវ

ស្ថាន​ការណ៍​នៅ​ក្វាងចូវ​ ហាក់​មាន​សភាព​តានតឹង​កាន់​តែ​ខ្លាំង​ពិតប្រាកដមែន។ គេ​ធ្លាប់​តែ​ឮ​ពី​មុន​មក​ថា​ ចិន​ឬ​ជនជាតិ​អាស៊ី​ផ្សេងទៀត​ រង​ការ​រើសអើង​នៅ​អាមេរិក​ ឬ​អឺរ៉ុប​ នៅ​ពេល​ដែល​ជំងឺ​កូរ៉ូណា​​ ផ្ទុះ​ឡើង​កាលពី​ដំបូងៗ​។ មាន​ទាំងការ​ចុះផ្សាយ​ព្រោងព្រាត​ដែលថា​ចិន​ គឺ​ជា​អ្នក​ជំងឺ​ពិតប្រាកដ​នៅ​អាស៊ី​។

ក៏ប៉ុន្តែ​ ចំណាត់ការ​របស់​ចិន​ទៅលើ​ជនជាតិ​អាហ្វ្រិក​ស្បែក​ខ្មៅ​ នៅក្នុង​ខេត្ត​ក្វាងចូវ​ ធ្វើ​ឲ្យ​គេ​ គិត​ថា​ ចិន​ប្រហែល​ជា​ចាប់​ផ្តើម​រើសអើង​ជន​បរទេស​វិញ​ម្តង​ហើយ​។

នៅ​ក្វាងចូវ​ ជនជាតិ​អាហ្វ្រិក​ ត្រូវ​គេ​ធ្វើ​តេស្ត​រក​មេរោគ​ និង​ដាក់ឲ្យ​នៅ​ដាច់​ដោយ​ឡែក​ពី​គេ​ឯង​ ទោះបី​ជា​ពួកគេ​មិនបាន​ធ្វើ​ដំណើរ​ចេញក្រៅ​ប្រទេសចិន​យ៉ាងណា​ក្តី​។

ក្រៅពី​នេះ​ ចិន​បាន​ហាមឃាត់​ជនជាតិ​បរទេស​មិនឱ្យ​ចូល​ក្នុង​ប្រទេស​ ហើយ​អ្នក​ដំណើរ​ជាច្រើន​នាក់​ទៀត​ កំពុង​ត្រូវ​បាន​គេ​ដាក់ឲ្យ​នៅ​ដាច់​ពី​គេ​ឯង​រយៈពេល​ ១៤​ថ្ងៃ​ ទាំងនៅ​កន្លែង​ស្នាក់នៅ​​ផ្ទាល់របស់​ពួកគេ​ ឬក៏​នៅ​តាម​មជ្ឈមណ្ឌល​នានា​។

និស្សិត​ផ្លាស់ប្តូរ​ការ​សិក្សា​ពី​ប្រទេស​ហ្គីណេ​ម្នាក់​គឺ​លោក​ Thiam បាន​និយាយ​ថា​ ប៉ូលិស​ចិន​ បញ្ជា​ឱ្យ​គាត់​ស្នាក់​នៅ​តែ​ក្នុង​ផ្ទះ​ សូម្បី​តែ​បន្ទាប់ពី​គាត់​បាន​ធ្វើ​តេស្ត​អវិជ្ជមាន​កូវីដ​១៩​ និង​មិន​បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ប្រទេស​ចិន​ ជិត​៤ ឆ្នាំ​ហើយ​ក៏ដោយ​។

យុវនិស្សិត​រូបនេះ​ បាន​និយាយ​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន​បារាំង​ AFP ថា​ ចំណាត់ការ​របស់​អាជ្ញាធរ​ចិន​សំដៅ​ជាពិសេស​លើ​ជនជាតិ​អាហ្វ្រិក​ស្បែកខ្មៅ​ ហើយ​វា​អយុត្តិធម៌​ណាស់​។

និស្សិត​ជនជាតិ​ហ្គីណេ​រូបនេះ​ បាន​សង្កត់​ធ្ងន់​ទៀត​ថា​ មនុស្ស​ទាំងអស់​ដែល​គាត់​បាន​ឃើញ​គេ​ធ្វើ​តេស្ត​ និង​ដាក់​ឲ្យនៅ​ដាច់ដោយ​ឡែក​សុទ្ធតែ​ជា​ជនជាតិ​អាហ្វ្រិក​។ ចំណែក​ឯ​ ជនជាតិ​ចិន​វិញ​ អាច​ដើរហើរ​ដោយ​សេរី​បាន​ធម្មតា​ ដូចជា​គ្មាន​រឿង​អ្វី​កើត​ឡើង​អី​ចឹង​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ