អានតួអត្ថបទ
កូវីដ១៩-កុមារ

យូនីសេហ្វ ៖ កូវីដ១៩ អាចសម្លាប់កុមារ ដោយប្រយោល ដល់៦ពាន់នាក់ក្នុងមួយថ្ងៃៗ

កុមារ​មិន​សូវ​រងគ្រោះឆ្លង​ជំងឺ​កូវីដ១៩ដោយ​ផ្ទាល់​ទេ ប៉ុន្តែ​​​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាតសាកល​មួយ​នេះ​ អាច​​​បង្ក​មហន្តរាយ​​ធ្ងន់ធ្ងរ​​​បំផុតនៅ​ក្នុង​​បណ្តា​ប្រទេសក្រីក្រ ដោយ​អាចនឹង​ធ្វើ​ឱ្យ​កុមារ​ជាង​មួយ​លាន​នាក់បាត់​បង់​ជីវិត។  បើ​តាមអង្គការ​យូនីសេហ្វ អាច​នឹង​មាន​កុមារ​ប្រមាណ៦ពាន់​ ស្លាប់​ក្នុង​មួយ​ថ្ងៃ​ៗ ក្នុង​រយៈ​ពេល​៦​ខែ​ខាង​មុខ​នេះ ដោយ​សារ​ផលវិបាក​​មិន​ផ្ទាល់​នៃ​កូវីដ១៩។

បើ​តាម​យូនីសេហ្វ ផលប៉ះពាល់​មិន​ផ្ទាល់​នៃការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ អាច​សម្លាប់កុមារ ៦ពាន់​នាក់​ក្នុ​ង​មួយថ្ងៃៗ
បើ​តាម​យូនីសេហ្វ ផលប៉ះពាល់​មិន​ផ្ទាល់​នៃការ​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ អាច​សម្លាប់កុមារ ៦ពាន់​នាក់​ក្នុ​ង​មួយថ្ងៃៗ REUTERS/Denis Balibouse
ផ្សាយពាណិជ្ជកម្ម

បើតាមការសិក្សា​របស់​សាកលវិទ្យាល័យ​អាមេរិក Johns Hopkins មានកុមារ​អាយុ​ក្រោម​៥ឆ្នាំ​ រស់​នៅ​ក្នុង​១១៨​ប្រទេសនៅ​លើ​ភព​ផែន​ដី ចំនួន ដល់​ទៅ​ជាង១លានពីរ​សែននាក់ អាច​នឹង​ត្រូវ​ស្លាប់ ​នៅ​រវាង​៦​ខែ​ខាងមុខ។ មូលហេតុ​គឺ​មកពី​ប្រព័ន្ធការពារនិង​ថែទាំសុខភាព​កុមារ ត្រូវ​រងការ​រំខាន ដោយ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាតថ្មី​កូវីដ១៩។ នេះ​ជា​ការ​ពន្យល់​របស់​អង្គការ​យូនីសេហ្វ ដោយ​រំលឹក​ថា អង្គការ​មិនទាន់​បាន​បូក​បញ្ចូល​នឹង​អត្រាមរណៈដ៏​ខ្ពស់​​នៃ​​កុមារក្រោយ​អាយុ​៥​ឆ្នាំ នៅ​ក្នុង​ប្រទេសក្រីក្រ ចំនួន​២លាន​នាក់កន្លះ ដែល​បាន​ស្លាប់​ ជារៀង​រាល់​មួយ​ឆមាស​ ​​ស្រាប់​ទៅ​ហើយផង។

ក្រៅ​អំពីមរណភាពកុមារ ស្ត្រី​ជា​​មាតា​​ក៏ជា​ជនរងគ្រោះ​ខ្លាំង​ដែរ។​ ដោយ​ហេតុ​តែ​​ស្ត្រី​មិនបាន​ទៅ​តាម​ដាន​សុខភាព​ពេលកំពុង​ពរពោះនិងទទួល​បាន​ការ​ថែ​ទាំ​សុខភាព​​ត្រឹម​ត្រូវ​ ​ក្រោយពីឆ្លង​ទន្លេ​រួច ព្រោះ​រវល់​ខ្លាច​កូវីដ១៩ យូនីសេហ្វ​គិតថា​អាច​នឹង​មាន​ស្ត្រីទើប​ក្លាយ​​ជា​មាតា​ដល់​ទៅ ៥៦៧០០​នាក់បន្ថែម​ទៀត​ ត្រូវ​ស្លាប់​​បន្ថែម​ពី​អត្រាមរណៈ​ចំនួន ជាង​១៤ម៉ឺន​៤ពាន់នាក់ នាពេលបច្ចុប្បន្ន។

​មរណភាពកុមារ និង​មាតា បានធ្លាក់​ចុះ​យ៉ាង​ខ្លាំង​ និងជាលំដាប់​ នា​ទសវត្សរ៍ចុងក្រោយនេះ។ ដូច្នេះ​សូមកុំ​បណ្តោយ​ម្តាយ​និង​កុមារ ត្រលប់​ទៅ​ជាជនរងគ្រោះនឹង​ជំងឺ​ដែល​អាច​បញ្ចៀសបាន ព្រោះ​ហេតុ​ផល​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩​ឱ្យ​សោះ។ នេះ​ជាសម្រែក​ថ្ងូរ​របស់​នាយក​អង្គការ​យូនីសេហ្វ។

នៅក្នុង​បណ្តាប្រទេសក្រីក្រ ដែល​មាន​ប្រព័ន្ធ​សុខាភិបាល​ខ្សោយនិង​ផុយស្រួយ​ កូវីដ​១៩​បានប៉ះពាល់​​ដល់​​សេវា​សុខាភិបាល​ ការ​ផ្គត់ផ្គង់​ថ្នាំ​សង្កូវ ស្បៀង​អាហារ ធនធាន​មនុស្ស​ និង​​ហិរញ្ញវត្ថុ​យ៉ាង​ខ្លាំង។  វិធានការ​ទប់​ស្កាត់​កូវីដ១៩ ដូច​ជា​ការ​បិទខ្ទប់​ប្រជាពលរដ្ឋ​ឱ្យ​នៅ​តែក្នុង​ផ្ទះ បម្រាមគោចរ ឬ​ការ​ហាមឃាត់​មិន​ឱ្យ​ធ្វើ​ដំណើរ​ និង​ការភ័យ​ខ្លាច បាន​កាត់បន្ថយ​សកម្មភាព​ទៅ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ និង​កា​រថែ​ទាំ​សុខភាព ជាទូទៅ​​ខ្លាំងណាស់។ បើ​តាមយូនីសេហ្វ រហូត​ដល់​ពាក់កណ្តាល​​ខែ​មេសា កុមារ​ជាង​១១៧លាន​នាក់ នៅក្នុង​ប្រទេស​ចំនួន ៣៨ មិន​បានមក​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល ដែល​អាច​សម្លាប់​ជីវិត​កុមារ​បាន​យ៉ាង​ងាយ តែ​អាច​បញ្ចៀស​បាន​ស្ទើរ​ទាំង​ស្រុង​តាម​រយៈ​ថ្នាំ​វ៉ាក់សាំង។ ប្រទេស​រងគ្រោះ​ខ្លាំង​ជាងគេ គឺ​បង់ក្លាដែស ឥណ្ឌា ប្រេស៊ីល អេត្យូពី និង​កុងហ្គោ។ អង្គការ​យូនីសេហ្វ​សូម​អំពាវនាវ​ឱ្យ​គ្រប់​ប្រទេសទាំង​អស់ ចាប់​ផ្តើម​បញ្ចេញ​សកម្មភាពភ្លាម​ ពេល​កូវីដ១៩​​ចាប់​ថមថយ​អំណាច ដើម្បី​កុំ​ឱ្យ​កុមារ​រងគ្រោះ​ខ្លាំង​ពេក ពី​ផលវិបាក​និង​ផលប៉ះពាល់មិន​ផ្ទាល់​របស់​កូវីដ១៩៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ