អានតួអត្ថបទ
យូនីសេហ្វ-ថ្នាំ​បង្ការកុមារ

យូនីសេហ្វ អំពាវនាវ​ឱ្យ​បន្ត​​ចាក់ថ្នាំបង្ការលើកុមារ ទោះកំពុង​មាន​វិបត្តិ​កូវីដ១៩

ក្រុមប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង ដូច​ជា​បង់ក្លាដែស នេប៉ាល់ អាហ្វហ្កានីស្ថាន ឬ​ប៉ាគីស្ថាន ត្រូវ​តែ​ចាប់​ផ្តើម​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ដល់​កុមារ​ឡើង​វិញ។ ការ​អាក់​ខាន​និង​ផ្អាក​យុទ្ធនាការ ដោយ​ហេតុ​តែ​វិបត្តិ​កូរ៉ូណាវីរុសថ្មី អាច​នឹង​ធ្វើ​ឱ្យ​កុមារ​រាប់​ម៉ឺន​នាក់ រង​គ្រោះ​ដល់​ជីវិត។ នេះ​បើ​ការ​ព្រមាន​របស់​អង្គការ​យូនីសេហ្វ។

យូនីសេហ្វ អំពាវនាវ​ឱ្យ​បន្ត​​ចាក់ថ្នាំបង្ការលើកុមារ ទោះកំពុង​មាន​វិបត្តិ​កូវីដ១៩
យូនីសេហ្វ អំពាវនាវ​ឱ្យ​បន្ត​​ចាក់ថ្នាំបង្ការលើកុមារ ទោះកំពុង​មាន​វិបត្តិ​កូវីដ១៩ UNICEF/AFP
ផ្សាយពាណិជ្ជកម្ម

ពុំ​​សូវមាន​ក្មេង​​រងគ្រោះ​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ទេ តែ​កុមារ​រាប់​សិប​ម៉ឺន​នាក់​អាច​នឹង​ត្រូវ​រងគ្រោះ​ដោយ​សារ​ការ​អាក់​ខាន​មិន​បាន​ចាក់​ថ្នាំ​បង្ការ។ នេះ​បើ​ប្រសាសន៍​របស់​អ្នក​ស្រី នាយិកា​អង្គការ​យូនីសេហ្វ​ប្រចាំ​តំបន់​អាស៊ី​ខាង​ត្បូង។

នៅក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ផ្សាយ​នៅ​ថ្ងៃអង្គារ​ទី ២៨​មេសា  យូនីសេហ្វ បាន​សម្តែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ថា គ្មានថ្នាំ​បង្ការ​ ជា​ការ​គំរាមកំហែង​សុខភាព​កុមារ ​យ៉ាង​ធ្ងន់ធ្ងរ ខ្លាំងណាស់។ បើ​តាម​យូនីសេហ្វ ដោយ​ហេតុ​កូវីដ១៩​ បង់ក្លាដែស និង​ ​នេប៉ាល់ បាន​បញ្ឈប់​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ជំងឺ​កញ្ជ្រឹល -ស្អូច។ ចំណែក​អាហ្វហ្កានីស្ថាន និង​ប៉ាគីស្ថាន ដែល​ជា​ប្រទេស​រងគ្រោះ​ជំងឺ​ស្វិតដៃជើង​ជាង​គេ​ ក្នុង​បី​ប្រទេស​នៅ​លើ​ពិភពលោក​ ក៏​បាន​ផ្អាក​សកម្មភាព​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​គ្រុន​ស្វិត​ដៃជើង​ដែរ។

យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កុមារ​អាក់ខាន ជំងឺ​រាតត្បាត​ដែល​អាច​បញ្ចៀស​បាន ដូច​ជា​ជំងឺ​កញ្ជ្រឹល​ និង​ជំងឺ​ខាន់​ស្លាក់ ស្រាប់​តែ​​​លេច​ឡើង​វិញ​នៅ​ប្រទេស​បង់ក្លាដែស ប៉ាគីស្ថាន និង​នេប៉ាល់​ ស្រេច​ទៅ​ហើយ​នៅ​ពេល​នេះ។ នេះ​បើ​តាម​យូនីសេហ្វ​ដដែល។

ភ្នាក់​ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កុមារ បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​​ទាំងឡាយ ចាប់​ផ្តើម​បើក​ យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ឡើង​វិញ និង​បង្កើន​សកម្មភាព​ឱ្យ​បាន​ខ្លាំង​មុន ដោយ​គ្មាន​បង្អង់ នៅ​ពេល​ស្ថានភាព​រាតត្បាត​របស់​កូវីដ​១៩ អាច​គ្រប់គ្រង​បាន។ សម្រាប់​ពេល​នេះ រដ្ឋាភិបាល​ត្រូវ​តែ​បើក​ឱ្យ​មាន​សកម្មភាព​ចាក់​ថ្នាំ​បង្ការ ជា​ធម្មតា ដោយ​គិត​គូរចាត់​វិធានការ​ការពារ​ការ​ចម្លង​មេរោគ​កូរ៉ូណា​ថ្មី។ នេះ​ជា​ការ​ទទូច​បន្ថែម​របស់​ទីប្រឹក្សា​អង្គការ​យូនីសេហ្វ។

សូម​បញ្ជាក់​ថា កូវីដ​១៩ ក៏​បាន​ធ្វើ​ឱ្យផ្គត់​ផ្គង់​ថ្នាំ​បង្ការ​មាន​ការ​ខ្វះ​ខាត​យ៉ាង​ខ្លាំង​ដែរ។ ឥណ្ឌា ដែល​ធ្លាប់​ផ្គត់ផ្គង់​ថ្នាំបង្ការ​ឱ្យ​អង្គការ​យូនីសេហ្វ ដល់​ទៅ​ជាង ១២៥០​លាន​ដូស​ក្នុង​ឆ្នាំ​២០១៩ បាន​បន្ថយ​សកម្មភាព​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង។ ឥណ្ឌា​បាន​សម្រេច​បិទ​បង្ខាំង​ប្រជាពលរដ្ឋ​ឱ្យ​ក្នុង​ផ្ទះ​តាំង​ពី​មួយ​ខែ​មក​ហើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ