អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

តើក្មេងមានលក្ខណៈពិសេសយ៉ាងណា បានជាអាចប្រឈមនឹងកូវីដ១៩បានខ្លាំងជាងមនុស្សចាស់ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ចូល​រៀន​ឡើង​វិញ​បាន​ក្លាយ​ជា​ប្រធាន​បទ​ដ៏​ចម្រូង​ចម្រាស​រវាង​រដ្ឋាភិបាលបារាំង ​និ​ងអាជ្ញាធ​រ​គ្រប់​គ្រង​សាលា។  ថ្វី​បើ​ក្មេង​មិន​សូវ​រងគ្រោះ​នឹង​ជំងឺ​កូវីដ​១៩​មែន ប៉ុន្តែ​សាលា​ចាំបាច់​ត្រូវ​ចាត់​វិធានការ​ការពារ​ការ​ចម្លង​មេរោគ​ឱ្យ​បាន​ហ្មត់​ចត់​បំផុត។ ឪពុក​ម្តាយ​ភាគ​ច្រើន​ក៏ នៅ​តែ​មិន​ទុក​ចិត្ត​ចង់​ឱ្យ​កូន​ត្រលប់​ទៅ​សាលា​ដែរ។ តើអ្នកវិទ្យាសាស្ត្រ​​បាន​ដឹង​អំពី​ទំនាក់ទំនង​រវាង​កូនក្មេងនឹង​ជំងឺកូវីដ១៩​យ៉ាងណាខ្លះ ? តើ​ការ​ជាប់​បម្រាម​នៅ​តែ​ក្នុង​ផ្ទះ​របស់​ក្មេងៗ អាចមាន​ផលវិបាក​ដល់​សុខភាព​ដែរ​ឬទេ ?

ក្មេង​កម្រមាន​ជំងឺ​កូវីដ១៩​ក្នុង​ទម្រង់ធ្ងន់ធ្ងរណាស់​
ក្មេង​កម្រមាន​ជំងឺ​កូវីដ១៩​ក្នុង​ទម្រង់ធ្ងន់ធ្ងរណាស់​ iStock / SanyaSM
ផ្សាយពាណិជ្ជកម្ម

ក្រុមគ្រូពេទ្យ​កុមារ បាន​សម្តែង​ការគាំទ្រ​ចំពោះ​ផែនការ​បើក​សាលា​រៀន​ឡើង​វិញ​ ចាប់​ពី​ថ្ងៃ​ទី ១១ទៅ ប្រសិន​បើ​សាលា​គោរព​តាម​បទ​បញ្ជា​អនាម័យ​ក្នុង​ការទប់​ស្កាត់​ការឆ្លងជំងឺកូវីដ១៩​បានត្រឹមត្រូវ។ បើ​តាម​សមាគម​គ្រូពេទ្យ​​ជំនាញផ្នែក​​កុមារ ពេល​នេះ គេមានទិន្នន័យ​កាន់​តែ​ច្រើននិង​គួរ​ឱ្យ​លើក​ទឹក​ចិត្ត​បញ្ជាក់​ថា ជំងឺកូវីដ១៩​កម្រកើត​មានលើ​ក្មេង​ និង​ក្នុង​ទម្រង់ធ្ងន់ធ្ងរណាស់ បើ​មានគឺ​សឹង​អាច​ចាត់​ទុក​បាន​ជា​ករណី​ពិសេស​លើក​លែងមែនទែន។ បើ​តាម​តួលេខ​ ក្មេងភាគ​ច្រើន​មិន​ឆ្លង មិន​កើត​ជំងឺ​កូវីដ១៩។ បើ​ប្រៀប​ជាមួយ​មនុស្ស​ចាស់ គេ​សង្កេត​ឃើញ​ថា​ ក្នុង​ចំណោមអ្នក​ស្លាប់​ដោយ​កូវីដ១៩ ចំនូន​ មួយ​ម៉ឺន​នាក់ មានម្នាក់​ជា​​ក្មេង​។ ក្នុង​ចំណោម​អ្នក​ឈឺ​ធ្ងន់​១ពាន់​នាក់ មានម្នាក់​ជាក្មេង។ ក្នុង​ចំណោម​អ្នក​ជំងឺ​សម្រាកក្នុង​មន្ទីរពេទ្យ​១០០​នាក់ មាន​ម្នាក់​ជា​ក្មេង។

តើ​គេបានដឹងហើយ​ឬ​នៅថា​ហេតុអ្វី​បាន​ជា​ក្មេងៗ​ពុំ​សូវ​មាន​ឈឺកូវីដ១៩​ធ្ងន់ធ្ងរ ដូច​មនុស្សចាស់

?

Dr Juliette Goutine : ​ទេ ! គេ​នៅ​មិនទាន់ដឹង​ទេ។ យើង​កំពុង​តែ​សិក្សាសង្កេត និង​ចោទ​ជា​សំណួរ​ជា​ច្រើនសម្រាប់​មក​ពន្យល់​ថា​​ហេតុ​អ្វី​បាន​មនុស្ស​ចាស់​ច្រើន​តែ​កើត​​កូវីដ១៩ ក្នុង​ទម្រង់​​ធ្ងន់​​ ជាង​ក្មេង។ យើង​មាន​សម្មតិកម្មច្រើន តែ​អ្វី​ដែល​ច្បាស់​​ គឺ​យើង​សង្កេត​ឃើញ​ថា ក្មេង ពុំ​សូវឈឺ ពុំ​សូវ​​មាន​ជំងឺដំឡើង​ហានិភ័យ​ ដូច​ជា​ជំងឺ​ធាត់​ជ្រុល លើសឈាម ឬ​ទឹកនោម​ផ្អែមទេ។ បើ​និយាយ​អំពី​របៀប​ធ្វើ​សកម្មភាព​​របស់​វីរុស គេ​សង្កេត​ឃើញ​ថា សរីរាង្គ​ក្មេង​ដូច​ជា​មិន​សូវ​ចាប់​ មិន​ងាយ​ទទួល​យក​មេរោគ​កូរ៉ូណាថ្មី​នេះ និងមិន​សូវ​ឆ្លង និង​ចម្លង​មេរោគ​​ ​ដូច​មនុស្ស​ចាស់។ ប្រព័ន្ធសរីរាង្គ​ក្មេង​បញ្ចេញ​ប្រតិកម្ម​ដាក់​មេរោគ​​ខុស​ពី​មនុស្ស​ចាស់។ អ៊ីចឹង​ហើយ​បាន​មាន​ការសិក្សា​ច្រើន​ណាស់ ជុំ​វិញ​​ប្រព័ន្ធ​ការពារ​ខ្លួន​របស់​ក្មេង​ (កុមារ)។ សកម្មភាពនៃ​​ប្រព័ន្ធការពារ​ខ្លួន​​របស់ក្មេង​ ដែល​ទំនង​ជា​ខុស​ពី​ប្រព័ន្ធការពារ​ខ្លួន​របស់​មនុស្ស​ចាស់ ទើប​ក្មេង​ប្រឈមឈ្នះ​​នឹង​កូវីដ១៩​ ខុ​សឆ្ងាយខ្លាំង​ពី​​មនុស្ស​ចាស់។​​ ប៉ុន្តែ​ទាំង​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​​សិក្សាស្រាវជ្រាវ​នៅ​ឡើយ។ ​កូរ៉ូណាវីរុសថ្មី នៅ​តែជា​ចំណោទ​​និង​ចម្ងល់​ដ៏​ធំរបស់​​អ្នក​វិទ្យាសាស្ត្រដដែល។

នៅ​ពេល​ផ្ទុះ​ជំងឺ​កូវីដ១៩​ភ្លាម ពិភពអ្នក​វេជ្ជសាស្ត្រ​ស្មាន​គិត និង​បាន​ឧបមា​​ថា​ក្មេង​អាច​ជា​ឃ្លាំង​មេរោគ គ្រាន់​តែ​ក្មេង​មិន​ឈឺធ្ងន់ ទើប​បាន​ជា​អាជ្ញាធរ​សម្រេច​បិទ​សាលា​រៀន​ភ្លាម​ ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​រាតត្បាតជំងឺ​កូវីដ១៩។ ចុះតើ​ឥលូវ តើអ្នកវិទ្យាសាស្ត្រ​គិត​យ៉ាង​ណាដែរ​ចំពោះ​បញ្ហា​នេះ អ្នក​គ្រូពេទ្យ​ ហ្កូទីន ?

Dr Juliette Goutine : យើង​តែង​ត្រលប់​មក​គិត​ជា​ញយ​ដង​ដែរ​ថាតើ​ក្មេង​ពិតជា​ឃ្លាំង​មេរោគ​មែន​ឬ​យ៉ាងណា។ តែ​បញ្ហា​នេះក៏​ដូច​គ្នា​ យើង​គ្មានទិន្នន័យ​គ្រប់គ្រាន់​ទេ។ ការ​សិក្សាកំពុង​ចាប់​ផ្តើមដែរ​ហើយ និងពុំ​ទាន់​មាន​ចម្លើយ​ពិត​ប្រាកដ​ទេ។ ​ ទាល់​តែ​មានការ​ធ្វើ​តេស្ត​​លើ​​ក្មេង​ មាន​ផ្ទុក​មេរោគ​តែ​គ្មាន​រោគ​សញ្ញា​កូវីដ​ច្រើន ទើប​គេអាចវាស់រាប់​ដឹង​ថា​តើ​ក្មេង​អាច​ផ្ទុក​និង​ទទូល​​មេរោគបានកំរិតណា។ យ៉ាងណាក៏​ដោយ ក៏​សម្រាប់​ពេល​នេះ  ​បើ​តាម​បទ​ពិសោធន៍​ជាក់​ស្តែង និង​បទសោធន៍​បាន​មក​ពី​ប្រទេសផ្សេងៗ គេ​សង្កេត​ឃើញ​ក្មេងៗ មិន​ទាំង​ស្តុក​ទុក​មេរោគកូរ៉ូណាថ្មី​ក្នុង​ខ្លួន​របស់ពូកគេ​ទេ។ តាម​ទំនង ​ក្មេង​មិន​ត្រឹម​តែ​មិន​សូវ​មាន​ជំងឺ​កូវីដ១៩​ក្នុង​ទម្រង់​ធ្ងន់​ទេ តែ​ថែម​ទាំង​មិន​ផ្ទុក​ឬ​ ទំនង​មិន​ទទួល​ផ្ទុក​មេរោគ​កូវីដ១៩​ដូច​មនុស្ស​ចាស់​ទេ។

​​ជាប់​បង្ខាំង​តែ​ក្នុង​ផ្ទះជាមួយ​ឪពុកម្តាយ​ ​​ មិន​ទៅសាលា​រៀន ឬ​ត្រូវ​​​រៀន​ពីចម្ងាយ តើ​ការ​ប្តូរ​ផ្លាស់​ស្ថានភាព​ជីវិត​​បែប​នេះ ​ពួក​គេ​អាច​រង​ផលវិបាក​​អ្វី​ទេ ?

វេជ្ជបណ្ឌិត Anne-Victoire Rousselet អាច​និង​មិន​អាច។ តាមធម្មតា​ក្មេង​មានសមត្ថភាព​សម្រប​ខ្លួន​លឿន​ណាស់។ លឿន​ជាង​មនុស្ស​ចាស់​ទៅ​ទៀត។ ក្មេង​ឆាប់​សម្រប​ខ្លួន​ ងាយ​ប្រកាន់​យក​ទម្លាប់​​ថ្មី​បាន​ណាស់។ ប៉ុន្តែពេល​នេះ មិនមែន​ជា​ពេល​វ៉ាកង​ ជាពេលដែល​ក្មេង​ត្រូវ​ទៅ​សាលា​តែ​បែរ​ជា​នៅ​ផ្ទះ។ ហេតុ​អ្វី​ ? ព្រោះខ្លាច​កូវីដ១៩។ ឪពុកម្តាយ​ខ្លះ ពិបាក​នឹង​ពន្យល់​ប្រាប់​កូនណាស់ និង​មិន​អាច​ប្រាប់​កូន​ថា​ពេល​​ណា​ ជីវិត​​នឹង​ត្រលប់​ទៅ​រក​ភាព​ធម្មតា​វិញទេ។ ក្មេង​គ្មាន​សមត្ថភាព​សម្របខ្លួន​ទៅ​នឹង​អ្វីដែល​កើត​ឡើង​ដោយ​ឥត​គ្រោង​ទុក​ទេ។ ក្មេងឆាប់ធ្លាប់​​មែន ប៉ុន្តែ​​សម្រប​ខ្លួន ទៅ​នឹងស្ថានភាព​មួយ​ដែល​​គ្មាន​កាលកំណត់​ច្បាស់​លាស់​ ជារឿង​ដ៏​លំបាក​បំផុត​សម្រាប់​ក្មេង។ សម្រាប់​ក្មេង​ខ្លះសភាព​បែប​នេះ​អាច​ជា​ប្រភព​នេះ​ក្តី​កង្វល់។

តើ​​មាន​អនុសាសន៍​ពិសេស ចំពោះ​ក្មេង​ ទាក់ទង​នឹង​ការ​លាង​ដៃ​ និង​ពាក់​ម៉ាស ?

Dr Juliette Goutine :​ លាង​ដៃ​នឹង​សាប៊ូ គឺគ្រប់គ្រាន់​នឹងសម្លាប់​មេរោគកូរ៉ូណា​ថ្មី​បាន​ហើយ។ សម្រាប់​កុមារ​ សូម​ជ្រើសរើស​ ​លាង​ដៃ​នឹងសាប៊ូ​។ ដុស​ឱ្យ​យូរ ឱ្យ​សព្វ បាតដៃ ខ្នងដៃ ម្រាមដៃ ក្រចក​ កដៃ ប្រមាណ​២០​ទៅ​៣០​វិនាទី ឬស្មើ​នឹង​ការច្រៀង​ ហេភីបឺសដេ បី​ចប់ ជា​ទង្វើ​ដ៏​មាន​ប្រសិទ្ធភាព​បំផុត។ លាង​ដៃ​នឹង​អាល់កុល ក៏​ត្រូវមាន​កំរិត​ និង​ក្នុង​តែករណី​នៅ​ក្រៅ​ផ្ទះ នៅ​កន្លែង​ដែល​គ្មាន​សាប៊ូនិង​ទឹកស្អាត។ ​សូមចៀសវាង​កុំ​ប្រើ​ទឹកលាយ​នឹង​​អូសាវែល យកមកលាង​ដៃ​ក្មេង​ឱ្យ​សោះ ព្រោះ​វាអាចនឹងធ្វើ​ខូច​ស្បែកដៃ​របស់​ក្មេង។ ម្យ៉ាង​ទៀត ក្មេង​ងាយ​នឹង​យក​ដៃ​ដាក់​ក្នុង​មាត់​ណាស់ ដូច្នេះ​ជាតិ​​អូសាវែល​ងាយ​នឹង​ចូល​ទៅ​ក្នុង​មាត់​។ វា​មិនបង្កផលវិបាក​ធ្ងន់ធ្ងរទេ តែជាគ្រឿង​​​គ្រោះ​ថ្នាក់ និង​មិន​ល្អ​ទេ​សម្រាប់​សុខភាព។ សូម​ប្រយ័ត្ន​ឱ្យ​មែនទែន។ កុំ​ដាក់​ផលិតផល​អាល់កុល​ឬ​អូសាវែល​នៅ​ជិត​ដៃ​ក្មេង​ឱ្យ​សោះ។

ចំពោះការ​ពាក់ម៉ាស់​វិញ ទាល់​តែ​ក្មេង​ដល់​អាយុ​អាច​ចេះស្តាប់​ អាច​យល់​ ដឹង​អំពី​គុណប្រយោជន៍និង​របៀបប្រើប្រាស់​ សឹម​ឱ្យ​ពាក់​ម៉ាស់ ព្រោះ​បើ​ពាក់​សម្រាប់តែ​យក​ដៃ​មក​ប៉ះ​ឥត​ឈប់ ឬ​សម្រាប់ពាក់​ដោះៗ ឬពាក់​​ម្តង​ខាង​ត្រូវ​ម្តង​ខាង​ខុស​ទេ ក្មេង​ប្រឈម​នឹង​គ្រោះ​ឆ្លង​មេរោគ​ជាង​អត់​ពាក់​ទៅ​ទៀត។ ហេតុ​ដូច្នេះ​ហើយ​បាន​ជាអ្នក​ជំនាញ​សូម​ផ្តល់​អនុសាសន៍​ថា​ក្មេង​ធំ រៀន​ថ្នាក់​​អនុវិទ្យាល័យ​ (ចាប់​ពី​១០​ឆ្នាំ ឡើង​ទៅ) និង​មនុស្ស​ចាស់​ ត្រូវ​តែ​ពាក់​ម៉ាស និង​ណែនាំ​មិន​ឱ្យ​កុមារ​តូច​ៗ​នៅ​ថ្នាក់​មតេយ្យ ក្រោម​អាយុ​៥-៦​ឆ្នាំ​​ ពាក់​ម៉ាស់​ទេ។ ចំពោះ​កុមារ​ពី​អាយុ​៦-១០​ឆ្នាំ រៀន​នៅ​សាលាបឋម​សិក្សា ពាក់ក៏​បាន​មិន​ពាក់​ក៏​បាន តាម​តែ​ស្ថានភាព​របស់​​ក្មេងនោះថា​​ចេះ​ស្តាប់​ មាន​វិន័យល្អ​ ប៉ុនណា។ សំខាន់គឺ មិនពាក់​ល្អ​ជាង បើ​ពាក់​មិន​ត្រឹមត្រូវ។

សូម​អរគុណ​អ្នក​ស្រី​​វេជ្ជបណ្ឌិតទាំង​ពីរ​។ សូម​បញ្ជាក់​ថា អ្នកស្រី ហ្កូទីន (Juliette Goutine)ជា​គ្រូពេទ្យ​ឯកទេស​កុមារ​និង​ជំងឺ​​បង្ក​រោគ នៅ មន្ទីរពេទ្យ អាវីសែន ជាយ​ក្រុង​ប៉ារីស។ ឯ​អ្នកស្រី រ៉ូសឺឡេ (Anne-Victoire Rousselet) វេជ្ជបណ្ឌិតជំនាញ​ផ្នែក​ចិត្តសាស្ត្រ​កុមារ នៅ​មន្ទីរពេទ្យ​រោគ​ចិត្ត​សាំងតាន ក្រុង​ប៉ារីស៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ