អានតួអត្ថបទ
ភូមា-សិទ្ធិមនុស្ស

Amnesty International៖រដ្ឋាភិបាលភូមាមិនបានចាត់វិធានការអ្វីដើម្បីការពារពលរដ្ឋរ៉ូហ៊ីងយ៉ាទេ

ប្រទេស​ភូមា​មាន​ពេល​ត្រឹម​ថ្ងៃ​សៅរ៍ ទី២៣ ឧសភា​ដើម្បី​បញ្ជូន​របាយការណ៍​ទី១ ស្តីពី​វិធានការ​ការពារ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​អ្នកកាន់​សាសនា​អ៊ីស្លាម​ទៅ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។ នៅ​ក្នុង​របាយការណ៍ រដ្ឋាភិបាល​ភូមា​ត្រូវ​បង្ហាញ​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ដែល​មាន​គោលដៅ​រារាំង​រាល់​ទង្វើ​ទាំង​ឡាយ​ណា​ដែល​អាច​រួម​ចំណែក និង​លើកទឹកចិត្ត​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​លើ​ពួក​រ៉ូហ៊ីងយ៉ា និង​ជួយ​ការពារ​ជនជាតិ​ភាគតិច​មួយនេះ​ពី​ទង្វើ​ទារុណកម្ម​ថ្មីៗ​ទៀត។ តែ​បើ​យោង​តាម​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International គ្មាន​វិធានការ​ណា​មួយ​ត្រូវ​បាន​រដ្ឋាភិបាល​ភូមា​យក​ទៅ​អនុវត្ត​ជាក់ស្តែង​ទេ។ យើង​ស្តាប់​លោក​នីកូឡា បេកឺឡាំង នាយក Amnesty International ប្រចាំ​តំបន់​ដែល​វិទ្យុបារាំង​អន្តរជាតិ​បាន​ជួប​សម្ភាសន៍​តាម​ទូរស័ព្ទ​ពី​ទឹកដី​ហុងកុង។

Amnesty Internationalថា រដ្ឋាភិបាលភូមាមិនបានចាត់វិធានការអ្វីដើម្បីការពារពលរដ្ឋរ៉ូហ៊ីងយ៉ាទេ
Amnesty Internationalថា រដ្ឋាភិបាលភូមាមិនបានចាត់វិធានការអ្វីដើម្បីការពារពលរដ្ឋរ៉ូហ៊ីងយ៉ាទេ REUTERS/Mohammad Ponir Hossain
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​ភូមា​មិន​បាន​ឲ្យ​សញ្ញា​អ្វី​មួយ​ដែល​បញ្ជាក់​ថា ខ្លួន​ចង់​រួម​ដោយ​ស្មោះ​ត្រង់​នៅ​ក្នុង​នីតិវិធី​យុត្តិធម៌​អន្តរជាតិ​ដើម្បី​ដោះស្រាយ​រឿង​ជោគវាសនា​របស់​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​អ្នក​កាន់​សាសនា​អ៊ីស្លាម​ទេ។ រដ្ឋាភិបាល​ភូមា​បន្ត​រារាំង​មិន​ឲ្យ​អង្គការសហប្រជាជាតិ និង​ក្រុម​អ្នកសង្កេតការណ៍​អន្តរជាតិ​ធ្វើ​ដំណើរ​ទៅ​កាន់​រដ្ឋ​រ៉ាក់ឃីន​ឡើយ។ វា​អាច​ដែល​ថា រដ្ឋអំណាច​ភូមា​បាន​ផ្ញើ​របាយការណ៍​មួយ​ស្តីពី​វិធានការ​ការពារ​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​ទៅ​ឲ្យ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុង​ឡាអេ។

តែ​យើង​មិន​បាន​សង្កេត​ឃើញ​មាន​វិធានការ​ណា​មួយ​ត្រូវ​បាន​អនុវត្ត​ជាក់ស្តែង​នៅ​នឹង​កន្លែង​ផ្ទាល់​តាម​សំណូមពរ និង​ការ​បញ្ជា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ​ទេ។ អ្វី​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចង់​ឲ្យ​រដ្ឋាភិបាល​ភូមា​ធ្វើ គឺ​ប្រឆាំង​ទប់​នឹង​ទង្វើ​ទាំង​ឡាយ​ណា​ដែល​រួម​ចំណែក​នៅ​ក្នុង​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​ពួក​រ៉ូហ៊ីងយ៉ា រួម​ទាំង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ពូជសាសន៍។ ឧក្រិដ្ឋកម្ម​ទាំង​អស់​នេះ​បាន​កើត​មាន​នៅ​ក្នុង​តំបន់​រ៉ាក់ឃីន​ដែល​មាន​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា​រស់​នៅ​ចំនួន ៦០០ ០០០នាក់។ រដ្ឋាភិបាល​ភូមា​បាន​អះអាង​ថា ខ្លួន​បាន​ធ្វើ​តាម​សំណើ និង​ការ​ទាមទារ​របស់​អន្តរជាតិ​រួច​ហើយ ឧទាហរណ៍​ដូច​ជា​ការ​បង្កើត​ឲ្យ​មាន​គណៈកម្មការ​ស៊ើបអង្កេត​មួយ​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រព្រឹត្តិ​នៅ​ក្នុង​តំបន់​រ៉ាក់ឃីន។

តែ​តាម​ពិត​ទៅ​នោះ នេះ​គ្រាន់​ជា​វិធានការ​មួយ​ដើម្បី​ចំណេញ​ពេល​ដែល​គ្មាន​គោលដៅ​ដើម្បី​ឆ្លើយ​តប​នឹង​គំនាប​ណា​មួយ​ពី​ខាង​ក្រៅ ពិសេស​មិន​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ភូមា​ផ្លាស់ប្តូរ​នយោបាយ​រើសអើង និង​ឧក្រិដ្ឋកម្ម​ប្រឆាំង​ពលរដ្ឋ​រ៉ូហ៊ីងយ៉ា រួម​ទាំង​ជនជាតិ​ភាគតិច និង​ជាតិ​ពិន្ធុ​ផ្សេង​ទៀត ដូច​យ៉ាង​ពួក​ឈីន ពួក​ឆាន ឬ​ពួក​កាឈីន​នៅ​កន្លែង​ផ្សេង​ទៀត​ក្នុង​ប្រទេស​ទេ »៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ