អានតួអត្ថបទ
កូរ៉េខាងជើង-នុយក្លេអ៊ែរ

កូរ៉េខាងជើងគំរាមពង្រឹងសមត្ថភាពនុយក្លេអ៊ែរយោធា និងអភិវឌ្ឍកម្លាំងយោធាយុទ្ធសាស្រ្ត

នៅ​កូរ៉េខាងជើង ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ឈ្មោះ KCNA បាន​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​អាទិត្យ ទី២៤ ឧសភា​ថា នៅ​ក្នុង​កិច្ចប្រជុំ​របស់​គណៈកម្មការ​យោធាមជ្ឈិម​មួយ​ដឹក​នាំ​ដោយ​លោក​គីម ជុងអ៊ុន មាន​សំណុំរឿង​ជា​ច្រើន​ត្រូវ​បាន​លើក​យក​ទៅ​ជជែក ពិសេស​វិធានការ​ថ្មី​ស្តីពី​ការ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​យោធា។ គិត​តាំង​ពី​ជិត ៣សប្តាហ៍​កន្លង​ទៅ នេះ​ជា​ការ​លេច​មុខ​លើកទី១ របស់​លោក​គីម ជុងអ៊ុន​នៅ​កិច្ចប្រជុំ​របស់​គណៈកម្មការ​យោធាមជ្ឈិម​កូរ៉េខាងជើង​ពេល​នេះ។ ដំណឹង​ស្តីពី​ការ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​យោធា​កូរ៉េខាងជើង​មួយ​នេះ​បាន​ធ្លាក់​មក ខណៈ​មាន​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក Washington Post ក្នុង​ថ្ងៃ​សុក្រ ទី២២ ឧសភា​ដែល​ថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ជជែក​នា​ពេល​ថ្មីៗ​ពី​លទ្ធភាព​នៃ​ការ​សាកនុយក្លេអ៊ែរ​របស់​អាមេរិក។

លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង
លោក​គីម ជុងអ៊ុន ប្រមុខដឹកនាំ​កូរ៉េ​ខាងជើង REUTERS/KCNA
ផ្សាយពាណិជ្ជកម្ម

ព័ត៌មាន​ស្តីពី​កិច្ចប្រជុំ​របស់​គណៈកម្មការ​យោធាមជ្ឈិម​កូរ៉េខាងជើង​ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​អាទិត្យ ទី២៤ ឧសភា តែ KCNA មិន​បាន​បញ្ជាក់​ពី​ថ្ងៃខែ​ដែល​គណៈកម្មការ​យោធាមជ្ឈិម​កូរ៉េខាងជើង​បាន​រៀបចំ​ប្រជុំ​ទេ។ ប្រធានរឿង​សំខាន់​ជាង​គេ​ដែល​កិច្ចប្រជុំ​បាន​ជជែក និង​សម្រេច គឺ​វិធានការ​ថ្មី​ក្នុង​ការ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​យោធា តែ​ KCNA មិន​បាន​លំអិត​អ្វី​បន្ថែម​ទេ។ បន្ទាប់​មក កិច្ចប្រជុំ​បាន​ផ្តោត​លើ​ការ​ដាក់​កម្លាំង​យោធា​យុទ្ធសាស្រ្ត​ក្នុង​ភាព​អាសន្ន​នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ការ​បង្កើន និង​ការ​អភិវឌ្ឍន៍​លើ​កម្លាំង​យោធា​របស់​ប្រទេស។ បន្ទាប់​មក​ទៀត និង​បើ​តាម​ KCNA ដដែល កិច្ចប្រជុំ​ក៏​បាន​ពិនិត្យ និង​ធ្វើ​ឲ្យ​ចម្រើន​លើ​ចំណុច​ខ្វះខាត​នៅ​ក្នុង​សកម្មភាព​យោធា និង​នយោបាយ។

គេ​មិន​ដឹង​ថា តើ​កិច្ចប្រជុំ​របស់​គណៈកម្មការ​យោធាមជ្ឈិម​កូរ៉េខាងជើង​ដឹក​នាំ​ដោយ​លោក​គីម ជុងអ៊ុន​បាន​រៀបចំ​ពេល​ណា​ទេ។ តែ​បើ​បាន​រៀបចំ​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​មែន នេះ​ជា​លើកទី១ ដែល​មនុស្សខ្លាំង​ក្រុង​ព្យុងយ៉ាង​បាន​លេច​មុខ​ជា​សាធារណៈ គិត​តាំង​ពី ៣សប្តាហ៍​កន្លង​ទៅ នេះ​បើ​តាម​កាសែត​កូរ៉េខាងត្បូង​ឈ្មោះ Yonhap។ គួរ​រម្លឹក​ថា អវត្តមាន​លោក​គីម ជុងអ៊ុន​នៅ​ក្នុង​ខួបកំណើត​លោក​គីម អ៊ីលស៊ុង​ដែល​ជា​ស្ថាបនិក​របប​កូរ៉េខាងជើង និង​ជា​ជីតា​ក្នុង​ថ្ងៃទី១៥ មេសា​កន្លង​ទៅ​បាន​បំផុស​ឲ្យ​មាន​ពាក្យ​ចចាអារ៉ាម​ជុំវិញ​សុខភាព​របស់​លោក​គីម ជុងអ៊ុន។ តែ​នៅ​ដើម​ខែ​ឧសភា មនុស្ស​ខ្លាំង​រូប​នេះ​បាន​លេច​មុខ និង​ហាក់​មាន​សុខភាព​ល្អ​ធម្មតា។

យ៉ាង​ណា​ក៏​ដោយ ដំណឹង​ស្តីពី​ការ​ពង្រឹង​សមត្ថភាព​នុយក្លេអ៊ែរ​យោធា​កូរ៉េខាងជើង​ពេល​នេះ​បាន​ធ្លាក់​មក ខណៈ​មាន​ព័ត៌មាន​មួយ​ចុះ​ផ្សាយ​ដោយ​កាសែត​អាមេរិក Washington Post ក្នុង​ថ្ងៃ​សុក្រ ទី២២ ឧសភា​ដែល​ថា រដ្ឋបាល​ក្រុង​វ៉ាស៊ីនតោន​បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​របស់​អាមេរិក​លើកទី១ គិត​តាំង​ពី​ឆ្នាំ ១៩៩២ ដើម្បី​ផ្ញើ​សារ​ទៅ​ព្រមាន​រុស្ស៊ី និង​ចិន។ តែ​លោក Daryl Kimball នាយក​ប្រតិបត្តិ​នៃ​សមាគម​ត្រួតពិនិត្យ​អាវុធ​ដែល​មាន​មូលដ្ឋាន​នៅ​អាមេរិក​បាន​យល់​ឃើញ​ថា ការ​សម្រេច​របស់​អាមេរិក​ចង់​សាកល្បង​នុយក្លេអ៊ែរ​អាច​ប៉ះពាល់​ដល់​ការ​ចរចា​រវាង​អាមេរិក និង​កូរ៉េខាងជើង​ស្តីពី​អាវុធ​នុយក្លេអ៊ែរ។ តាម​លោក Kimball បើ​អាមេរិក​សាកល្បង​នុយក្លេអ៊ែរ​មែន លោក​គីម ជុងអ៊ុន​អាច​នឹង​មិន​គោរព​ពាក្យ​សន្យា​ដែល​ផ្អាក​ការ​សាកល្បង​នុយក្លេអ៊ែរ​កូរ៉េខាងជើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ