អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

រដ្ឋបាល​ហុងកុង​ចាត់ទុក​បាតុកម្ម​ប្រជាធិបតេយ្យជា ​«​ភេរវកម្ម» ដែល​បង្កគ្រោះថ្នាក់​ដល់​ស្ថិរភាព និង​ភាព​រុងរឿង

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃអាទិត្យទី២៤ឧសភា បាតុករហុងកុងបានធ្វើការប្រឆាំង ទៅនឹងគម្រោងច្បាប់​​​​ថ្មីមួយរបស់រដ្ឋអំណាចប៉េកាំង ដែលមានខ្លឹមសារ​ហាមឃាត់ រាល់សកម្មភាពក្បត់ជាតិ ការបះបោរបំបែកទឹកដី និងសកម្មភាព​វិទ្ធង្សនា នៅហុងកុង។ សម្រាប់បាតុករប្រជាធិបតេយ្យហុងកុង គម្រោងច្បាប់នេះ គឺជាចេតនាបំបិទសិទ្ធសេរីភាព និងមតិរិះគន់នៅហុងកុង ពីសំណាក់ប៉េកាំង។ ក្រោយការប៉ះទង្គិចគ្នា រវាងហ្វូងបាតុករ និងសម​ត្ថកិច្ចហុងកុង តំណាងរដ្ឋបាលហុងកុង បានលើកឡើងថាស្ថិរភាព និងសន្តិសុខហុងហុង កំពុងតែត្រូវបានគម្រាមដោយ « សកម្មភាពភេរវកម្ម » របស់ក្រុមបាតុករជ្រុលនិយម។

យុវជនបាតុករហុងកុង នៅថ្ងៃទី​២៤ ឧសភា ២០២០
យុវជនបាតុករហុងកុង នៅថ្ងៃទី​២៤ ឧសភា ២០២០ © REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

គម្រោងច្បាប់ប្រឆាំងនឹងសកម្មភាពបះបោរក្បត់ជាតិ

គម្រោងច្បាប់ ដែលកំពុងតែឆ្លងកាត់​សភាប្រជាមានិតចិនប៉េកាំងនេះ បើផ្អែកតាម​ការចុះផ្សាយរបស់បណ្តាញព័ត៌មាន Reuters គឺមានខ្លឹមសារហាមឃាត់ រាល់សកម្មភាព « ក្បត់ជាតិ សកម្មភាពបះបោរ បំបែកទឹកដី និងសកម្មភាពវិទ្ធង្សនា ប្រឆាំងនឹងរបបដឹកនាំ នៅហុងកុង »។ ជាង​នេះទៀត គម្រោងច្បាប់ថ្មីនេះបានចែងថា ត្រូវតែយកទៅអនុវត្ត និងតម្រូវតាម ឲ្យបានឆាប់បំផុត នៅក្នុងច្បាប់គ្រិះរបស់ហុងកុង ពោលគឺរដ្ឋធម្មនុញ្ញរបស់ដែនដីស្វយយ័តហុងកុង។ រដ្ឋអំណាចប៉េកាំង បាន​ស្នើសុំទៅសភា ថាច្បាប់នេះ នឹងត្រូវ​ចូលជាធរមានភ្លាមៗតែម្តង ក្រោយ​ការអនុម័តជាផ្លូវការ។

តាមការគ្រោងទុក នៅថ្ងៃព្រហស្បតិ៍ទី២៨ឧសភា សភាប្រជាមានិត្យចិននឹងបោះឆ្នោតអនុម័ត ហើយលទ្ធផលនោះ គឺប្រាកដជាគ្មានអ្វីខុសពីការរំពឹងទុកទេ ព្រោះថាសភានេះ តែងតែបោះឆ្នោតជាឯកច្ឆ័ន នូវរាល់ច្បាប់ដែលបក្សកុម្មុយនីស្តចិនដាក់ស្នើមក។

កាលពីថ្ងៃអាទិត្យ នៅហុងកុង ក្រុមបាតុករជាច្រើនរយនាក់ បានជួបជុំគ្នា ធ្វើការតវ៉ានឹងគម្រោងច្បាប់​ថ្មីនេះ ព្រោះសម្រាប់ពួកគេ វាគឺជាក្រញ៉ាំថ្មីមួយទៀត ដែលប៉េកាំងមានចេតនា ដាក់មកលើប្រជាជនហុងកុង។ សម្រាប់ក្រុមបាតុករប្រជាធិបតេយ្យហុងកុង ច្បាប់នេះ វានឹងមកបំបិទសិទ្ធិសេរីភាព​នយោបាយ សេរីភាពបញ្ចេញមតិនានានៅហុងកុង ព្រោះរាល់សកម្មភាពរិះគន់តវ៉ាទាំងអស់ គឺគេអាចយកទៅបកស្រាយ ថាជាសកម្មភាព​បះបោរ ក្បត់ជាតិ ប្រឆាំងនិងរបបដឹកនាំ។

« ភេរវកម្ម »

គោលជំហរផ្លូវការ​របស់រដ្ឋបាល​ហុងកុង គឺគាំទ្រដោយឥតងាក​រេ និងឥតលក្ខខណ្ឌ ទៅនឹងអ្វីដែលប៉េកាំងសម្រេច។ ស្ថាប័ន និងអង្គភាពសាធារណៈហុងកុង មួយចំនួន មានដូចជា នាយកដ្ឋានពន្ធដា អង្គភាព​ពន្លត់អគ្គីភ័យ ជាដើម សុទ្ធតែបានចេញញត្តិ ប្រកាសគាំទ្រ គម្រោងច្បាប់ថ្មីរបស់ចិនដីគោក ដែលនឹងត្រូវយកមកអនុវត្តក្នុងរដ្ឋធម្មនុញ្ញហុងកុង។

អ្នកនាំពាក្យរដ្ឋបាលហុងកុង បានចេញលិខិតមួួយ កាលពីល្ងាចថ្ងៃអាទិត្យ ដោយបានលើកឡើងថា « ប្រជាជនហុងកុង ក៏ដូចជាអ្នកវិនិយោគទាំងអស់ គ្មានអ្វី​ត្រូវបារម្ភ និង​ច្បាប់​ថ្មី​របស់ចិនទេ ព្រោះច្បាប់នេះគឺដើម្បី​ស្តារស្ថិរភាព និងសន្តិសុខរបស់ហុងកុងឡើងវិញ។​ ផ្ទុយទៅវិញ គឺមានប្រទេសមួយចំនួន​ ដែលលាក់ខ្លួន ពួនសំងំពីក្រោយ គាំទ្រសកម្មភាព​បះបោរ ហិង្សាប្រើអាវុធ បង្កចលាចល របស់ពួកបាតុករ »

ការបង្ក្រាបបាតុកម្ម ដោយប្រើធម៌ក្តៅកាលពីថ្ងៃអាទិត្យម្សិលមិញ ក៏ជារូបភាពមួយបង្ហាញ ថាអាជ្ញាធរ​​ហុងកុង មានបំណងគាំទ្រច្បាប់ថ្មីរបស់ចិន យ៉ាងពេញទំហឹង។ នៅថ្ងៃចន្ទនេះ លោក ចន លី អគ្គលេខាធិការទទួលបន្ទុកសន្តិសុខហុងកុង បានលើកឡើងនៅក្នុងលិខិតប្រកាសមួយថា៖ « សកម្មភាព​ភេរវកម្ម ក៏ដូចជាសកម្មភាពបះបោរទាមទារឯករាជ្យ​  កំពុងតែ​ឡើងខ្លាំងដៃ នឹងចាក់ឬសនៅហុងកុង »

ចំណែក លោក គ្រីស តាំង មេនគរបាលហុងកុង បានលើកឡើងដោយចំៗតែម្តងថា ហុងកុងបាន ប្រែក្លាយ​ពីដែនដី​ដ៏មានសុវត្ថិភាព មកជាដែនដីដែល​អសន្តិសុខ​​បំផុត ដោយសារតែសកម្មភាព​បះបោរ របស់ក្រុមប្រជាធិបតេយ្យជ្រុលនិយម។ យោងតាមមន្ត្រីរូបនេះ គិតចាប់ពីខែមិថុនាឆ្នាំមុនមក នរគបាលហុងកុង បានធ្វើការរឹបអូស វត្ថុតាង មានអាវុធ គ្រាប់ផ្ទុះជាច្រើន ចំនួន​១៤លើក ដែលជាទូទៅសម្ភារៈគ្រោះថ្នាក់ទាំងនោះ គឺគេតែងតែធ្លាប់ឃើញ ក្នុងសកម្មភាព​បង្ក្រាប​ភេរវកម្មនៅប្រទេសផ្សេង។

យករូបភាពហិង្សារបស់បាតុកម្ម ជាលេសដើម្បីបំបាក់ចលនាប្រជាធិបតេយ្យ

ការប្រើពាក្យថា « សកម្មភាពភេរវកម្ម » នេះ គឺជាការបោះជំហានថ្មីមួយទៀត របស់រដ្ឋអំណាចចិន និងអាជ្ញាធរហុងកុង ក្នុងយុទ្ធសាស្ត្របង្រ្កាប។ វិធីសាស្ត្រនេះ គឺធ្វើយ៉ាងណា ឲ្យ​ពិភពលោកឃើញថា ក្រុម​បាតុករប្រជាធិបតេយ្យនៅហុងកុង គឺជាក្រុមហិង្សា ប្រើអាវុធ​ជាតិផ្ទុះ ធ្វើសកម្មភាពបង្កគ្រោះថ្នាក់ដល់អាយុ​ជីវិតជនស្លូតត្រង់ឯទៀត។

យ៉ាងណាមិញ កាលពីក្នុង​បាតុកម្មថ្ងៃអាទិត្យទី២៤ឧសភា មានបុរសម្នាក់ ដែលគេអះអាងថា ជាមេធាវី​​ហុងកុង ត្រូវបានក្រុម​បាតុករព្រួតគ្នាវាយយ៉ាងដំណំ ដោយគ្រាន់តែបុរសនោះ និយាយ​ហាមឃាត់​ការដាក់បំរាស់ នៅតាមផ្លូវរបស់ក្រុម​បាតុករ។ សកម្មភាពវាយដំលើបុរសនោះ ត្រូវបានគេថត នៅផ្សព្វផ្សាយយ៉ាងព្រោងព្រាតលើបណ្តាញសង្គម។ រូបភាពវីដេអូ អមដោយសារ សរសេរក្នុងន័យចោទប្រកាន់ថាក្រុមបាតុករហុងកុង គឺជាក្រុមជ្រុលនិយមហឹង្សាអាណាធិបតេយ្យ។

មួយវិញទៀត ពាក្យថា ភេរវកម្មនេះ គឺអាជ្ញាធរចិន ចង់ខ្ចីពាក្យ​ដែលប្រទេសលោកខាងលិច មានអឺរ៉ុប និងអាមេរិកជាដើម ដែលនិយមប្រើដើម្បីធ្វើការបង្រ្កាបក្រុម​ជ្រុលនិយម​ណាមួយ ដូចជាក្រុម​អ៊ីស្លាមជ្រុលនិយមជាដើម។ ក្នុងន័យថា វាអាចមានន័យថា ប្រទេសលោកខាងលិចដែលធ្វើសកម្មភាពប្រឆាំងភេរវកម្មក្នុងស្រុកឯង មិនត្រូវ​មកគាំទ្រសកម្មភាពភេរវកម្ម​នៅហុងកុងឡើយ។

បណ្តាញកាសែតធំៗរបស់ចិន ដូចជាកាសែត Global Times និងកាសែតដំណឹងប្រជាជនចិន​ បានយក​វីដេអូបុរសមេធាវី ដែល​ត្រូវបាតុករហុងកុងវាយដំនោះ ទៅផ្សព្វផ្សាយយ៉ាងព្រោងព្រាត ហើយសរសេរថា « នេះឬសកម្មភាព​ទាមទារសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ដែលអាមេរិកគាំទ្រនោះ? »​

បើតាមការវិភាគ ចិនបានបោះជំហាន ឈានចូលដំណាក់កាលបង្ក្រាប់កាន់តែខ្លាំង គឺដើម្បីកុំឲ្យ​ហួសពេល ព្រោះរដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោកដូណាល់ ត្រាំ កំពុងតែចងសត្រូវពេញមុខជាមួយចិន។ ហុងកុងអាចជាកូនអុកដែលអាមេរិកយកមកលេង ដើម្បី​យកឈ្នះចិន។

តៃវ៉ាន់ និង អាមេរិក ជួយក្រុមប្រជាធិបតេយ្យហុងកុង?

ការធ្វើច្បាប់ថ្មីបន្ថែម ការបង្ក្រាបដោយហិង្សា វាហាក់ដូចជាមានទំរង់ ចាក់​ដុត​ឲ្យបាតុករហុងកុង កាន់តែក្តៅក្រេវក្រោធ ហើយធ្វើបាតុកម្មកាន់តែហិង្សា។ ក្នុងន័យនេះ ប៉េកាំង អាចប្រាប់ទៅពិភព​លោក​ថា « មើលចុះ ថាបាតុករ​ហុងកុង​ហិង្សា​សាហាវកម្រិតណា! »។

តាមធម្មតានៅថ្ងៃពុធទី២៧ ឧសភា នឹងមានបាតុកម្មធំមួយទៀត ដែលលើកនេះ គឺប្រឆាំងនឹងច្បាប់មួយ ដែលសភាហុងកុងកំពុងចង់អនុម័ត ទាក់ទិននឹងការផ្តន្ទាទោស ចំពោះការប្រមាថមើលងាយ មិនគោរព​បទភ្លេងជាតិចិន។

ជាងនេះទៀត រដ្ឋាភិបាលតៃវ៉ាន់ បានប្រកាសថានឹងជួយទំនុកបំរុងគាំទ្រការតស៊ូរបស់ប្រជាជន​ហុងកុង។ គេមិនដឹងទេ ថាតៃវ៉ាន់មានបំណងចង់ជួយដោយវិធីណាទេ ពេលនេះ។ បច្ចុប្បន្ន តៃវ៉ាន់ គឺជាដែនដីលាក់ខ្លួន របស់ក្រុម​ប្រជាធិបតេយ្យហុងកុង ដែលរត់គេចពីការចាប់ខ្លួន។ តើអាចទេ ដែលតៃវ៉ាន់ ជួយបាតុករហុងកុង តាមរយៈការផ្តល់សម្ភារៈបាតុកម្ម ឬអាវុធ? នេះជាសំណួរមួយ ដ៏គ្រោះថ្នាក់ខ្លាំងណាស់ ភារៈ? តែកាលណាយើង និយាយដល់តៃវ៉ាន់ គឺមានន័យថា និយាយដល់អាេមេរិកដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ