អានតួអត្ថបទ
អង់គ្លេស-ចិន-ហុងកុង

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ ប្រកាសថា​នឹង​ផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​ហុងកុង​ជិត៣​លាន​នាក់​

នាយករដ្ឋមន្រ្តី​អង់គ្លេស​លោក​ បូរីស​ ចនសុន​ បាន​ប្រកាស​ថា ចក្រភព​អង់គ្លេស​នឹង​ផ្តល់​ទិដ្ឋាការ​ដល់​ប្រជាជន​ហុងកុង​ចំនួន​ជិត​ ៣ លាន​នាក់​ ប្រសិន​ណាបើ​​ចិន​ នៅតែ​ប្រកាន់ខ្ជាប់​ផែនការ​ដាក់ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ទៅលើ​ដែនដី​ហុងកុង​។ ​បើ​តាម​លោក​ ចនសុន​ ទិដ្ឋាការ​អង់គ្លេស​ នឹង​បើក​ផ្លូវ​ឲ្យ​ប្រជាជន​ហុងកុង​ ​អាច​ទៅ​រស់​នៅ​ និង​ទទួល​បាន​​សញ្ជាតិ​អង់គ្លេស​ផងដែរ។

ក្រុមអ្នកតវ៉ា គ្រវីទង់ជាតិអាណានិគមហុងកុងនៅក្នុងផ្សារទំនើបមួយក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខជាតិរបស់ចិន កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០។
ក្រុមអ្នកតវ៉ា គ្រវីទង់ជាតិអាណានិគមហុងកុងនៅក្នុងផ្សារទំនើបមួយក្នុងអំឡុងពេលនៃការតវ៉ាប្រឆាំងនឹងច្បាប់សន្តិសុខជាតិរបស់ចិន កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២០។ AP - Vincent Yu
ផ្សាយពាណិជ្ជកម្ម

“ប្រជាជន​ជាច្រើន​នៅ​ហុងកុង​ មាន​ការ​ភ័យខ្លាច​ចំពោះ​ច្បាប់​សន្តិសុខជាតិ​ថ្មី​របស់​ចិន​។ ដូច្នោះហើយ​ បើ​ចិន​នៅតែ​បន្ត​បន្លាច​ប្រជាជន​ហុងកុង​ឥតឈប់​ទេនោះ ចក្រភព​អង់គ្លេស​នឹង​មិន​អាច​នៅ​ស្ងៀម​បានឡើយ​”។ នេះ​ គឺជា​សំណេរ​អត្ថបទ​មួយ​របស់​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស​ បូរីស​ ចនសុន​ ដែល​មាន​ចុះចេញ​ផ្សាយ​នៅក្នុង​កាសែត​ចិន South China Morning Post នៅ​ថ្ងៃ​ពុធ​ ទី​៣​ មិថុនា​នេះ​។

នៅក្នុង​អត្ថបទ​ដដែល​នេះ​ លោក​ បូរីស​ ចនសុន​ បាន​សរសេរ​ដែរ​ថា​ ប្រសិន​ណាបើ​ចិន​ដាក់ឲ្យ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ទៅលើ​ក្រុង​ហុងកុង​ នោះ រដ្ឋាភិបាល​អង់គ្លេសនឹង​ផ្លាស់ប្តូរ​ច្បាប់​អន្តោប្រវេសន៍​របស់​ខ្លួន​។ ជាការ​ផ្លាស់ប្តូរ​ដ៏ធំបំផុត​មួយ​ ដែល​នឹង​បើកផ្លូវ​ឲ្យ​ប្រជាជន​ហុងកុង​អាច​ទៅរស់នៅ​ ធ្វើការ​ ព្រមផង​ទទួលបាន​សញ្ជាតិ​អង់គ្លេស​។

គួរ​ជម្រាប​ជូនថា​ បច្ចុប្បន្ននេះ​ ប្រជាជន​ហុងកុង​ប្រមាណ​ ៣៥​ ម៉ឺន​នាក់​ កាន់​លិខិត​ឆ្លងដែន​អង់គ្លេស​ ដែល​អនុញ្ញាតឲ្យ​ពួកគេ​អាច​ធ្វើដំណើរ​ចូល​ទឹកដី​អង់គ្លេស​បាន​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ​រហូតដល់​រយៈពេល​ ៦ ខែ​។ មួយវិញទៀត​ ប្រជាជន​ហុងកុង​ប្រមាណ​ ២​ លាន​ ៥​សែន​នាក់​ផ្សេង​ទៀត​នឹង​មាន​សិទ្ធិ​ផងដែរដាក់​ពាក្យ​សុំ​លិខិត​ឆ្លងដែន​អង់គ្លេស​នេះ​បាន​។

បើតាម​លោកនាយករដ្ឋមន្ត្រី​ បូរីស​ ចនសុន​ ក្នុង​ករណី​អង់គ្លេស​កែប្រែ​ច្បាប់​អន្តោប្រវេសន៍​ពិតមែន​នោះ​ ប្រជាជន​ហុងកុង​ដែល​កាន់​លិខិតឆ្លងដែន​អង់គ្លេស​ នឹងអាច​ចូល​មក​ប្រទេស​អងគ្លេស ​ដើម្បី​ពន្យារ​ទិដ្ឋាការ​បាន​រហូតដល់​រយៈពេល​ ១២ ខែ​ និង​អាច​ទទួល​បាន​សិទ្ធិ​ធ្វើ​អន្តោប្រវេសន៍​។ បន្ថែមលើនេះ​ ពួកគេ​ក៏​អាចទទួល​បាន​សិទ្ធិធ្វើការងារ​ និង​បន្ទាប់មក​ទៀត​អាច​សុំចូល​សញ្ជាតិ​អង់គ្លេស​ទៀតផង​។

លោកបូរីស ចនសុន បានមាន​ប្រសាសន៍​ថា​ អង់គ្លេស​មិនមែន​កំពុង​ស្វះស្វែង​ទប់ស្កាត់​ការ​លេចត្រដែតឡើង​របស់​ចិន​នោះទេ​។ លោក​ថា​ អង់គ្លេស​ស្វាគមន៍​ចិន​ក្នុងនាម​ជា​សមាជិក​ម្នាក់​នៃ​ប្រទេស​អ្នក​ដឹកនាំពិភព​លោក​ ដូច្នោះហើយ​លោក ចនសុន​ ក៏​សង្ឈឹម​ដូចគ្នា​ថា​ ចិន​នឹង​គោរពតាម​កិច្ចព្រមព្រៀង​អន្តរជាតិ​។ ជា​កិច្ចព្រមព្រៀង​ ដែល​លោក​នាយករដ្ឋ​មន្ត្រី​ បូរីស​ ចនសុន ចង់សំដៅ​ដល់​​លក្ខន្តិកៈ​ជាដែន​ដី​ស្វយ័ត​របស់​ហុងកុង​ដែល​ចិន​បាន​សន្យាថា​នឹង​គោរព​តាម​ពី​ឆ្នាំ​ ១៩៩៧ ដល់ឆ្នាំ ២០៤៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ