អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អាមេរិក​ ដក​ហុងកុង​ជាដែនដី​ពិសេស​ខណៈដែល​ចលនា​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខ​របស់​ចិន​កើនឡើង​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សហរដ្ឋអាមេរិក​ នៅទីបំផុតទៅ​ ​បាន​សម្រេច​បញ្ចប់​ហុងកុង​ជា​ដែនដី​ពិសេស​ ​ដែល​អាច​ជា​ការ​បើក​ផ្លូវ​ទៅ​ដល់​ការ​ដក​សិទ្ធិ​ពិសេស​ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​។ ទីក្រុង​វ៉ាស៊ីនតោន​ បាន​លើកឡើងថា​ ហុងកុង​នាពេល​បច្ចុប្បន្ននេះ​ លែងជា​ដែនដី​​ស្វយ័ត​ដូចពី​មុន​ទៀតហើយ​ ពីព្រោះតែ​មាន​ការ​ជាន់ឈ្លី​សិទ្ធិ​ស្វ័យភាព​ពី​សំណាក់​រដ្ឋាភិបាល​ចិន​ប៉េកាំង​។ ការ​សម្រេច​របស់​អាមេរិក​នេះ​ធ្វើឡើង​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​ មុន​ពេល​ដែល​សភាចិន​អនុម័ត​ជាផ្លូវការ​លើ​ច្បាប់​សន្តិសុខជាតិ​ថ្មី​ដ៏​ចម្រូង​សម្រាស​ នៅ​ថ្ងៃ​ព្រហស្បតិ៍​ ទី​ ២៨​ ឧសភា​នេះ​។ តើ​ការ​ដក​ហុងកុង​ ចេញ​ពី​ឋានៈ​ជាដែន​ដីពិសេស​មាន​ន័យ​ដូចម្តេច​? តើ​ការ​ដក​ហូត​នេះ​ ជះ​ផល​វិបាក​អ្វីខ្លះ​ដល់​ហុងកុង​ ហើយនិង​ចិន​?

ក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុង ប៉ះទង្គិចជាមួយនឹងកងកម្លាំងប៉ូលិសកាលពីថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០។
ក្រុមបាតុករអ្នកប្រជាធិបតេយ្យហុងកុង ប៉ះទង្គិចជាមួយនឹងកងកម្លាំងប៉ូលិសកាលពីថ្ងៃទី ២៧ ខែឧសភាឆ្នាំ ២០២០។ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

តើការបញ្ចប់ហុងកុងពីតំណែងដែនដីស្វយ័ត​មាន​ន័យ​ដូចម្តេច​?

យោងទៅ​តាម​ច្បាប់​អាមេរិក​មួយ​ដែល​ត្រូវ​បាន​អនុម័ត​កាលពី​ឆ្នាំ​ ២០១៩ កន្លងទៅ ទីក្រុង​វ៉ាស៊ីនតោន​ តម្រូវឲ្យ​មន្ត្រី​អាមេរិក​មួយ​ក្រុម​ធ្វើការ​តាមដាន​ជាប្រចាំ​នូវ​បញ្ហា​ទាក់ទង​នឹង​អភិបាលកិច្ច​របស់​ហុងកុង​ និងត្រូវ​វាយតម្លៃ​ថាតើ​ហុងកុង​គួរតែ​ត្រូវបាន​គេចាត់ទុក​ជាដែនដី​ស្វយ័ត​ទៀតដែរ​ឬយ៉ាងណា​។ ការ​វាយ​តម្លៃនេះ ​មាន​សារៈសំខាន់​ខ្លាំងណាស់​ ក្នុង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​និង​សេដ្ឋកិច្ច​រវាង​ហុងកុង ហើយនិង​សហរដ្ឋអាមេរិក​។

ដោយឡែក​ កាលពី​ពេលថ្មីៗនេះ​ ជាពិសេស​បន្ទាប់ពី​ចិន​ ប្រកាសពី​វិធានការ​ដាក់​ឲ្យ​អនុវត្ត​នូវច្បាប់​សន្តិសុខ​ជាតិហុងកុង​រួចមក​ អាមេរិក​បានលើកឡើងថា​ រដ្ឋអំណាច​កណ្តាល​ប៉េកាំង​ បាន​ជាន់ឈ្លី​ និង​បាន​រំលោភ​លើសិទ្ធិសេរីភាព​របស់​ហុងកុងកាន់តែ​ខ្លាំងទៅៗ​ពីមួយថ្ងៃ​ទៅ​មួយ​ថ្ងៃ​។

ការលូកដៃ​កាន់តែជ្រៅ​របស់ចិន​ចូលក្នុង​កិច្ចការ​របស់​ហុងកុង​បាន​ធ្វើឲ្យ​អាមេរិក​ គិតថា​ ហុងកុង​ លែងជា​ដែនដី​ស្វយ័ត​ទៀតហើយ​ ពោល​ហុងកុង​និង​ចិនដីគោក​ មិនខុសអី​ពី​ចិន​តែមួយ​ទៀត​ មាន​របៀប​ដឹកនាំ​បែបចិនប៉េកាំងតែមួយ​នោះទេ​។

អាស្រ័យ​លើ​ហេតុផល​នេះ​ហើយ​ទើប​នៅទីបំផុតទៅ​ អាមេរិក​ ក៏​បានសម្រេច​ដក​ហូត​ឋានៈ​ជាដែនដី​ពិសេស​របស់​ក្រុង​ហុងកុង​ ចេញពី​ច្បាប់​មួយ​របស់​ខ្លួន​ កាល​ពី​ថ្ងៃពុធ​ម្សិលមិញ​តែ​ម្តង​។ ការ​សម្រេច​របស់​អាមេរិក​បែបនេះ​ មាន​ន័យថា​ កោះ​ហុងកុង​ អាច​បាត់បង់​សិទ្ធិ​ពិសេសក្នុងការ​ធ្វើពាណិជ្ជកម្ម​ជាមួយ​អាមេរិក​រួមមាន​ដូចជា​ ការ​បង់​ពន្ធគយ​ដែលធ្លាប់ តែមានចំនួន​ទាបជាង​ចិន​ដីគោក​ជាដើម។ល។

ហុងកុង ​រងផលវិបាកពីការ​ដក​ហូត​ឈ្មោះជាដែន​ដី​ស្វយ័ត​ពីសំណាក់​អាមេរិក​

ជាការពិត​ ដែនដី​ហុងកុង​នឹង​ជៀស​មិន​ផុត​ពី​រង​ផល​ប៉ះពាល់​ខ្លាំង​បន្ទាប់ពី​អាមេរិក​សម្រេច​ដក​ហូត​ឋានៈ​ជាដែន​ដី​ពិសេស​នោះទេ​។ ការ​ដក​ហុងកុង​ជាដែនដីស្វយ័ត​របស់​អាមេរិក​ស្មើនឹង​ស្ថានភាព​ហុងកុង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុដ៏​ធំមួយ​កំពុង​ក្នុង​ស្ថិត​ក្នុង​គ្រោះថ្នាក់​ដែរ។

ការ​លែងមានឈ្មោះ​ជាដែនដី​ពិសេស​ អាច​បង្កជា​អន្តរាយ​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​រវាង​ហុងកុង​អាមេរិក​។ មួយវិញទៀត​ ប្រជាជន​ហុងកុង​ក៏អាច​នឹង​ត្រូវ​លែងផ្តល់​សិទ្ធិពិសេស​ជាង​ប្រជាជន​ចិន​ប៉េកាំងដែរ​ក្នុងការ​ចូល​​ទៅ​វិនិយោគ​ក្នុងទឹកដី​នៃ​ប្រទេសអាមេរិក​ក្នុង​ពេលអនាគត​។

ជាមួយគ្នានេះ បើតាម​ប្រមុខ​ការ​បរទេស​អាមេរិក​លោក ម៉ៃក៏ ប៉ុមប៉េអូ ការ​ដកឋានៈ​ជា​ដែនដី​ពិសេស​ពី​ហុងកុង​ ក៏​អាច​ត្រួសត្រាយ​ផ្លូវ​សម្រាប់​លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ក្នុងការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​មួយចំនួន​លើ​ហុងកុង​ដូចដែល​លោកត្រាំ​បាន​ធ្វើ​ដើម្បី​ប្រឆាំងទល់​នឹង​​ប្រទេស​ចិន​ក្នុង​សង្គ្រាម​ពាណិជ្ជកម្ម​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​កន្លង​មក​ដែរ​។

យ៉ាងណាក៏ដោយ​​ លោកម៉ៃក៏ ប៉ុមប៉េអូ បាន​អះអាង​ថា​សហរដ្ឋអាមេរិក​គ្មាន​ចេតនា​ណា​មួយ​ទាល់​តែសោះ​ចង់​ធ្វើបាប​ប្រជាជនហុងកុង​ ក៏ប៉ុន្តែ​ការដកហុងកុងពីដែនដី​ពិសេសនេះ​ ធ្វើឡើង​ដោយសារ​តែ​រដ្ឋាភិបាលចិន​ ជា​អ្នក​បង្ខំ​អាមេរិក​ឲ្យដើរ​ផ្លូវនេះ​។ ទន្ទឹមគ្នានេះ ក្រុងវ៉ាស៊ីនតោន​ ក៏​សង្ឃឹម​ដែរ​ថា​ ក្រុង​ប៉េកាំង​នឹង​មិន​បន្ត​ធ្វើ​អ្វី​ស្រេច​នឹង​ចិត្ត​ដែល​ផ្ទុយ​នឹង​កិច្ច​ព្រមព្រៀង​ដែល​ចិន​បាន​ចុះ​ហត្ថលេខា​ជាមួយអតីត​ប្រទេស​អាណានិគម​អង់គ្លេស​កាលពី​ឆ្នាំ ១៩៩៧ នោះទេ។

ឥទ្ធិពល​នៃការ​ដក​ហូត​ឋានៈ​ពិសេស​របស់​ហុងកុង​ទៅលើ​ប្រទេស​ចិន​

បើ​តាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​អង់គ្លេស​ BBC វិធានការ​ចុងក្រោយ​របស់​អាមេរិក​ពាក់ព័ន្ធ​កោះហុងកុង​នេះ​ អាចនឹង​ធ្វើឲ្យ​ប្រទេសចិន​រងគ្រោះ​ដូច​ហុងកុង​ដែរ​។ ហេតុអ្វី​? រហូតមកទល់នឹងពេលនេះ ទីក្រុងប៉េកាំងទទួល​បានអត្ថ​ប្រយោជន៍​មិន​តិចនោះទេ​ពីដែន​ដីហុងកុង​។

រាប់ឆ្នាំ​កន្លងមកនេះ​ ដែល​ចិនតែងតែ​ប្រើប្រាស់​ហុងកុង​ជា​ឈ្មួញ​កណ្តាល​សម្រាប់​ប្រតិបត្តិការ​ជាមួយ​ពិភពលោក​។ ក្រុមហ៊ុន​ចិនដីគោក​ និង​ក្រុមហ៊ុន​អន្តរជាតិ​ជាច្រើន​លើ​លោក​ប្រើប្រាស់​ទឹកដី​ហុងកុង​នេះ​ជា​មូលដ្ឋាន​អន្តរជាតិ​ឬ​ប្រចាំតំបន់​។

ទីផ្សារ​ភាគហ៊ុន​ហុងកុងរួមមាន​ក្រុមហ៊ុន​ចុះបញ្ជី​ជាង​ ២ ១០០ ក្រុមហ៊ុន​ មាន​តម្លៃ​ទីផ្សារ​ច្រើន​សម្បើមណាស់​ ពោល​មាន​ចំនួន​សរុបទាំងអស់​ប្រមាណជា​ ៤,៤ ទ្រីលាន​ដុល្លារ​ ឬស្មើនឹង​ ៤៤០ ម៉ឺនលាន​ដុល្លារ​។ តម្លៃ​ទីផ្សារ​ដ៏ធំ​នេះ​ បាន​ធ្វើឲ្យ​ហុងកុង​ មាន​ឈ្មោះជា​មជ្ឈមណ្ឌលហិរញ្ញ​វត្ថុ​ពិភពលោក​ ដោយ​ស្ថិតនៅ​ពីក្រោយ​​តែទី​ក្រុងញូវយ៉ក​របស់​អាមេរិក​ និង​ទីក្រុងឡុងដ៍​ របស់​អង់គ្លេស​តែប៉ុណ្ណោះ​។

សរុបរួម​មក​ ទាំង​ហុងកុង​ និង​ចិនសុទ្ធតែ​រងឥទ្ធិពល​ពី​ការ​ដក​ហុងកុង​ចេញ​ពី​ឋានៈ​ជា​ដែនដីពិសេស​របស់​អាមេរិក​ដូចគ្នា។ ក្រុមហ៊ុន​សហគ្រាស​និង​អាជីវកម្ម​ កាន់​តែច្រើន​ឡើងៗ​ នឹង​ផ្លាស់ទី​ស្នាក់ការ​កណ្តាល​ប្រចាំ​តំបន់​របស់​ពួកគេ​ចេញពីហុងកុង ហើយ​អ្នក​ដែល​នឹង​ទទួល​បាន​ផលចំណេញ​ពីនិន្នាការ​នេះ​ អាចជា​ប្រទេស​សិង្ហបុរី​។

យ៉ាងណាក៏ដោយ ក្រុម​អ្នកវិភាគ​ជាច្រើន​បាន​លើកឡើងថា​ ក្រុមហ៊ុន​សហគ្រាសធំៗ​ភាគច្រើន​ នឹង​មិន​ចាកចេញ​ពី​ហុងកុង​ក្នុង​ពេល​ឆាប់ៗនេះ​នោះទេ​ ជាពិសេស​ក្រុមហ៊ុន​ឧស្សាហកម្មរថយន្ត ភាពយន្ត និងកុំព្យូទ័រជាដើម។ ពួកគេ នៅតែ​មើលឃើញ​ផល​ប្រយោជន៍​នៃ​ទីផ្សារ​ដ៏ធំ​របស់​ចិន​ ដែល​មាន​ចំនួន​ប្រជាជន​ជាង​ ១ ៣០០ លាន​នាក់​ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ