អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ប្រជាជនអឺរ៉ុបរាប់លាននាក់គ្មានលទ្ធភាពចំណាយអំឡុងពីរខែដោយគ្មានជំនួយរដ្ឋ

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ការបង្ខាំងប្រជាជនឱ្យនៅក្នុងផ្ទះ និងវត្តមានបន្ដរបស់វិបត្តិកូវីដ១៩ បានបានបង្ខំឱ្យមនុស្សយ៉ាងច្រើន ត្រូវឈប់ធ្វើការ ឬក៏កាត់បន្ថយម៉ោងធ្វើការរបស់ខ្លួន។ សម្រាប់ករណីបណ្ដាប្រទេសអឺរ៉ុប ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយទស្សនាវដ្ដី VoxEU.org បង្ហាញថា មនុស្សប្រមាណជិត ១០០លាននាក់ ក្នុងប្រទេសចំនួន២១ នៅសហភាពអឺរ៉ុប មិនមានប្រាក់សន្សំគ្រប់គ្រាន់ សម្រាប់ការចំណាយលើម្ហូបអាហារ សេវាទឹកភ្លើង ថ្លៃជួលផ្ទះ និងការសងបំណុល អំឡុងរយៈពេលពីរខែ។ ដូច្នេះ អន្តរាគមន៍របស់រដ្ឋមានភាពចាំបាច់យ៉ាងខ្លាំង។

អ្នកដំណើរនៅបារាំង​ចាប់ពាក់ម៉ាស នៅពេល​ជំងឺ​កូវីដ​ចាប់រាតត្បាត​ខ្លាំង​ដូច​នៅអាស៊ី
អ្នកដំណើរនៅបារាំង​ចាប់ពាក់ម៉ាស នៅពេល​ជំងឺ​កូវីដ​ចាប់រាតត្បាត​ខ្លាំង​ដូច​នៅអាស៊ី AP - Michel Euler
ផ្សាយពាណិជ្ជកម្ម

ការបង្ខាំងប្រជាជនឱ្យនៅក្នុងផ្ទះ និងវត្តមានបន្ដរបស់វិបត្តិកូវីដ១៩ បាន​បង្ខំឱ្យមនុស្សយ៉ាងច្រើន ត្រូវឈប់ធ្វើការ ឬក៏កាត់បន្ថយម៉ោងធ្វើការរបស់ខ្លួន។ គ្រួសារយ៉ាងច្រើន បាន​មើលឃើញពីការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលរបស់ពួកគេ ដែលអាចអូសបន្លាយអំឡុងរយៈពេលយូរ។

សម្រាប់ករណីនៅបណ្ដាប្រទេសនៅអឺរ៉ុប ផ្អែកតាមរបាយការណ៍ចេញផ្សាយដោយទស្សនាវដ្ដី VoxEU.org បង្ហាញថា ប្រជាជនអឺរ៉ុប ប្រមាណជិត ១០០លាននាក់ ក្នុងប្រទេសចំនួន២១ នៅសហភាពអ៊ឺរ៉ុប មិនមានប្រាក់សន្សំគ្រប់គ្រាន់ សម្រាប់រយៈពេលពីរខែ សម្រាប់ការចំណាយលើម្ហូបអាហារ សេវាទឹកភ្លើង ថ្លៃជួលផ្ទះ និង​ការសងបំណុល។

លទ្ធផលនៃរបាយការណ៍នេះ ទាញចេញពីការសិក្សាមួយ ដែលផ្តោតលើសំនួរចម្បងពីរ។ សំនួរទីមួយ ពាក់ព័ន្ធថាតើគ្រួសារអឺរ៉ុប អាចមានលទ្ធភាព អំឡុងរយៈពេលមួយ ឬពីរខែ ដើម្បី​ធ្វើការចំណាយជាមូលដ្ឋាន ដូចជាការចំណាយលើម្ហូបអាហារ និងសេវាប្រើប្រាស់ទឹកភ្លើង តាមរយៈការសន្សំនៅធនាគារ ប្រាក់សោធននិវត្តន៍ (ឬ ប្រាក់រ៉ឺត្រែត) និងចំណូលបង្វែររដ្ឋាភិបាល។ សំនួរទីពីរ ពាក់ព័ន្ធថាតើគ្រួសារអឺរ៉ុបទាំងនោះ អាច​ចំណាយលើគេហដ្ឋានរបស់ខ្លួន បានដែរឬយ៉ាងណា។

សម្រាប់ករណីនៃការចំណាយលើម្ហូបអាហារ និងសេវាទឹកភ្លើង របាយការណ៍ប៉ាន់ស្មានថា ក្នុងចំណោមប្រទេសដែលស្ថិតក្នុងការវិភាគ ប្រជាជនប្រមាណ ៤១,៦លាននាក់ ឬប្រហែល ១២,២% មិន​អាចរ៉ាប់រងការចំណាយលើម្ហូបអាហារ និងសេវាទឹកភ្លើង ដោយគ្មានប្រាក់ចំណូលឯកជន។ នៅក្នុងខែដំបូង ប្រមាណ ៨,៧%នៃបុគ្គលម្នាក់ៗ ចាំបាច់ត្រូវពឹងផ្អែកលើប្រាក់ចំណូលប្រចាំខែរបស់ពួកគេ។

សម្រាប់ករណីនៃការចំណាយលើគេហដ្ឋាន របាយការណ៍បង្ហាញថា បន្ទាប់ពីរយៈពេលពីរខែ ដោយមិនមានប្រាក់ចំណូលឯកជន នុះអាចមានមនុស្សជាង ៥៧,៥លាននាក់ នឹងមិនមានលទ្ធភាពចំណាយសម្រាប់ថ្លៃម្ហូបអាហារ សេវាទឹកភ្លើង និង​ការចំណាយលើគេហដ្ឋាន។ ប្រជាជនប្រមាណ ៤១,១លាននាក់ ស្ថិតនៅក្នុងស្ថានភាពនេះ រួចទៅហើយ បន្ទាប់ពីមួយខែ ដោយគ្មានប្រាក់ចំណូល។

លើសពីនេះ ប្រជាជនដែលបានកើតនៅ ក្រៅប្រទេសដែលពួកគេកំពុងរស់នៅ និងជាពិសេស ប្រជាជនដែលបានកើតនៅក្រៅអឺរ៉ុប មានការប្រឈមហានិភ័យខ្ពស់ជាង ដោយពួកគេមានភាពលំបាកខ្លាំង សម្រាប់ការចំណាយលើម្ហូបអាហារ សេវាទឹកភ្លើង និងថ្លៃជួលផ្ទះ។ ពលរដ្ឋចំណាកស្រុក ដែលបានកើតនៅក្នុងបណ្ដាប្រទេសអឺរ៉ុប មានហានិភ័យ១,៥ដង ច្រើនជាង បើធៀបនឹងបណ្ដាពលរដ្ឋអឺរ៉ុបជាទូទៅ ខណៈពលរដ្ឋចំណាកស្រុក ដែលបានកើតនៅក្រៅសហភាពអឺរ៉ុប អាចមានហានិភ័យច្រើនជាងរហូតដល់១,៨ដង។

បណ្ដាប្រទេសនីមួយៗ អាចមានស្ថានភាពខុសគ្នា។ នៅប្រទេសក្រូអាស៊ី ឡេតូនី ឡាតវី លីទុយអានី និងស្លូវេនី មានមនុស្សច្រើនជាង៨% មិនមានលទ្ធភាពចំណាយជាមួយ៥០% នៃប្រាក់ចំណូលសរុបរបស់ពួកគេ ក្នុងរយៈពេលពីរខែ។ រីឯ នៅប្រទេសអូទ្រីស បែលហ្ស៊ិក ហ្វាំងឡង់ និងម៉ាល់ត៍ មានចំនួនមនុស្សតិចជាង០,៥% ប៉ុណ្ណោះ ដែលស្ថិតក្នុងស្ថានភាពជីវភាពផុយស្រួយ។

ប្រាក់រ៉ឺត្រែត គឺជាប្រភពចំណូលជាមូលដ្ឋាន នៅគ្រប់ប្រទេសអឺរ៉ុបទាំងអស់ ដើម្បីធានាបាននូវជីវភាពរស់នៅរបស់គ្រួសារយ៉ាងច្រើន ក្នុងករណីដែលពួកគេគ្មានប្រាក់ចំណូលផ្សេងទៀត។ ចំណូលបង្វែររដ្ឋាភិបាលក្រៅពីប្រាក់រ៉ឺត្រែត មានសារៈសំខាន់ខ្លាំងណាស់ នៅប្រទេសបារាំង ហ្វាំងឡង់ អាល្លឺម៉ង់ និងអៀរឡង់។ នៅប្រទេសក្រិក អ៊ីតាលី និងព័រទុយហ្គាល់ មិនមានការផ្តល់ប្រាក់គាំពារសង្គមអ្វីបន្ថែមទេ ក្រៅពីប្រាក់រ៉ឺត្រែត។

រដ្ឋាភិបាលក្នុងបណ្ដាប្រទេសអឺរ៉ុប កំពុងផ្តល់នូវថវិកាបណ្តោះអាសន្ន សម្រាប់គ្រួសារយ៉ាងច្រើន ក្នុងករណីដែលពួកគេមិនមានប្រាក់ចំណូលឯកជន។ ការអនុវត្តអត្ថប្រយោជន៍គ្មានការងារធ្វើ អាចមានប្រសិទ្ធភាពខ្លាំង ជាពិសេស នៅប្រទេសបែលហ្ស៊ិក ហ្វាំងឡង់ និងបារាំង។ ការអនុវត្ដគោលនយោបាយ ពាក់ព័ន្ធទៅនឹងការផ្អាកជាបណ្តោះអាសន្នលើការយកថ្លៃជួល និង​ការសងបំណុល ក៏ត្រូវគេមើលឃើញថាមានភាពចាំបាច់ផងដែរ។

សរុបជារួម ការសិក្សារបស់ VoxEU.org បានប៉ាន់ប្រមាណថា ពលរដ្ឋអឺរ៉ុបជិត ១០០លាននាក់ ក្នុងប្រទេសចំនួន២១ នៅសហភាពអឺរ៉ុប មិនមានប្រាក់សន្សំគ្រប់គ្រាន់ សម្រាប់ការចំណាយលើម្ហូបអាហារ សេវាទឹកភ្លើង ថ្លៃជួលផ្ទះ និងការសងបំណុល អំឡុងរយៈពេលពីរខែ។ ដូច្នេះ ការអន្តរាគមន៍របស់រដ្ឋមានភាពចាំបាច់យ៉ាងខ្លាំង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ