អានតួអត្ថបទ

អ៊ីតាលី​រិះគន់ ចំណែក អេស្ប៉ាញ​អំពាវនាវកុំ​ឲ្យ​អឺរ៉ុប​ខ្វះ​សាមគ្គីភាព នៅចំពោះមុខ​ជំងឺកូវីដ ១៩

នៅចំពោះមុខ​នៃ​ការគំរាមកំហែង​សេដ្ឋកិច្ច ដែល​បណ្តាល​មកពី​ជំងឺ​រាតត្បាត កូវីដ ១៩ ប្រទេស​សមាជិក​អឺរ៉ុប​ដែល​រងគ្រោះ​ខ្លាំង​ជាងគេ ដោយសារ​ជំងឺរាតត្បាត កូវីដ ១៩ ដូចជា​អ៊ីតាលី និង​អេស្ប៉ាញ បាន​អំពាវនាវ​ឲ្យ​អឺរ៉ុប ប្រញាប់ប្រញាល់​ចាត់វិធានការ​បន្ទាន់ ដើម្បី ស្រោចស្រង់​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក មុននឹង​អ្វីៗ​ត្រូវ​ហួសពេល។ ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប លោកស្រី គ្រីស្ទីន ឡាហ្កាដ បាន​បាន​ចូលរួម នៅក្នុង​កិច្ចប្រជុំ ថ្នាក់​ដឹកនាំ​អឺរ៉ុប កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ដាក់សម្ពាធ​ឲ្យ​មេដឹកនាំ​អឺរ៉ុប ស្វែងរក​យុទ្ធសាស្រ្ត​ខ្លាំងមួយ ដើម្បី កាត់បន្ថយ ការខាតបង់​សេដ្ឋកិច្ច បង្កឡើង​ដោយ​ជំងឺរាតត្បាត​កូវីដ ១៩។ 

ក្រដាសប្រាក់​អឺរ៉ូ ដែល​ជា​រូបិយប័ណ្ណ​រួម​របស់​ប្រទេសតំបន់​ចាយប្រាក់អឺរ៉ូ
ក្រដាសប្រាក់​អឺរ៉ូ ដែល​ជា​រូបិយប័ណ្ណ​រួម​របស់​ប្រទេសតំបន់​ចាយប្រាក់អឺរ៉ូ REUTERS - Leonhard Foeger
ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​របស់​ប្រទេស​ទាំង​២៧ សមាជិក​របស់សហភាព​អឺរ៉ុប ដែល​បាន​ជួបប្រជុំ​គ្នា ពីចម្ងាយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ​និយាយ​មិន​ចុះសម្រុងគ្នា ក្នុង​ការស្វែងរក​ដំណោះស្រាយ​រួម សម្រាប់​វិបត្តិ​សេដ្ឋកិច្ច ដែល​បង្កឡើង​ដោយជំងឺរាតត្បាត​កូវីដ​១៩។

ដោយសារ​តែ​និយាយ​មិន​ត្រូវគ្នា និង​មិនអាច​ចេញ​សេចក្តី​ថ្លែងការណ៍​រួម មួយ កាលពី​ថ្ងៃ​ព្រហស្បតិ៍ មេដឹកនាំ​ប្រទេស​ទាំង​២៧ បាន​ដាក់បន្ទុក​ឲ្យ​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់ខ្លួន ជួបប្រជុំ ក្នុង​រយៈពេល ១៥ ថ្ងៃ ដើម្បី ស្វែងរក ចំណុច​ព្រមព្រៀង​គ្នា មុន​នឹង​ការជួបប្រជុំ​សាជាថ្មី។

សម្រាប់​ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប លោកស្រី គ្រីស្ទីន ឡាហ្កាដ សហភាព​អឺរ៉ុប​ចាត់វិធានការ​យឺតយ៉ាង​ជ្រុលហួស នៅចំពោះមុខ​វិបត្តិកូវីដ ១៩ ដែល​អន្តរាយ មិនត្រឹម​ជីវិត​មនុស្ស ប៉ុន្តែ កំពុង​ជំរុញ​ឲ្យ​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល ដែល​នឹង​អាច​ខ្លាំងក្លា ជាង វិបត្តិហិរញ្ញវត្ថុ​ឆ្នាំ ២០០៨។

តាម​ប្រភពស្និទ្ធ​នឹង​សំណុំរឿង ដែល​ដកស្រង់សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មានបារាំង AFP នៅក្នុង​កិច្ចប្រជុំ​ជាមួយ មេដឹកនាំ​អឺរ៉ុប ប្រធាន​ធនាគារ​កណ្តាល​អឺរ៉ុប​បាន​ស្នើ​ឲ្យ​មាន​ការបោះ​មូលប័ត្រ​បំណុល រួម ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប ដែល​គាំទ្រ ដោយ​ប្រទេស​អ៊ីតាលី អេស្ប៉ាញ និង​បារាំង​ជាដើម ដែល​កំពុង​ប្រឈម​នឹង​ហានិភ័យ​ខាតបង់​សេដ្ឋកិច្ច ដោយសារ​វិបត្តិកូរ៉ូណាវីរុស​លើកនេះ។ ប៉ុន្តែ ដូច​ក្នុង​វិបត្តិ​ប្រាក់បំណុល ក្នុង​តំបន់​អឺរ៉ូ កាលពី​ឆ្នាំ ២០១០ និង​ឆ្នាំ ២០១២ អាល្លឺម៉ង់ និង​ហូឡង់ បាន​ចេញ​មុខ ប្រឆាំង​ដាច់ខាត។

ដោយសារ​តែ​មានការប្រឆាំង​នឹង​ការបោះមូលប័ត្រ​បំណុលរួម ក្នុង​ក្របខ័ណ្ឌ​អឺរ៉ុប បារាំង​បាន​ស្នើ​ជំរើស​មួយទៀត ដើម្បី​សង្រ្គោះ​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អឺរ៉ុប នោះ គឺ​ការប្រើ​ឥណទាន​ពិសេស មួយទៀត របស់​អឺរ៉ុប (Mecanisme européen de stabilité) ដែល​ជា​មូលនិធិ​អឺរ៉ុប​សម្រាប់​វិបត្តិ​ហិរញ្ញវត្ថុ។ នៅក្នុង​រឿងនេះ លោកស្រីនាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ព្រមព្រៀងហើយ ប៉ុន្តែ នាយករដ្ឋមន្រ្តី​ហូឡង់ បាន​ចេញមុខ​ជំទាស់​សាជាថ្មី​គេ​គួរ​ប្រើមូលនិធិ​អឺរ៉ុប នៅក្នុង​ដំណាក់កាល​ចុងក្រោយបំផុត។

តាម​ប្រភពដដែល គេ​សង្កេត​ឃើញ​នៅតែ​មានការបែកបាក់គ្នា​រវាង​ក្រុមប្រទេស​អឺរ៉ុប ខាងជើង ហើយ​និង​បណ្តាប្រទេស​អឺរ៉ុប​ខាងត្បូង។ នៅពេល​ប្រទេស​អឺរ៉ុប​ខាងត្បូង ដូចជា​​អ៊ីតាលី និង​អេស្ប៉ាញ និយាយ​ថា គេ​ត្រូវ​ធ្វើអ្វីគ្រប់យ៉ាង​ដើម្បី​ស្តារ សង្រ្គោះ សេដ្ឋកិច្ច ដែល​បំផ្លាញ ដោយ​កូវីដ ១៩ បណ្តា​ប្រទេស​អឺរ៉ុប​ខាងជើង ឯណោះវិញ អះអាងថា គេ​បាន​ធ្វើ​គ្រប់គ្រាន់​ហើយ ដូច្នេះ ​ត្រូវ​រង់ចាំ​មើល​ថា តើ​ស្ថានការណ៍​នឹង​វិវឌ្ឍ​ប្រែប្រួល​យ៉ាងម៉េច។

នៅមួយថ្ងៃ​ក្រោយ​កិច្ចប្រជុំ គ្មាន​លទ្ធផល​អ្វី​របស់​មេដឹកនាំ​អឺរ៉ុប កាសែត​អ៊ីតាលី​សរសេរ​រិះគន់ ​នាយករដ្ឋមន្រ្តី ហូឡង់ សំដែង​ក្តីខឹង​សម្បារ នឹង​អឺរ៉ុប ដែល​ស្លាប់ និង​មានរូបរាង​អាក្រក់។ ចំណែក នាយករដ្ឋមន្រ្តី​អេស្ប៉ាញ លោក Pedro Sanchez  ឯណោះវិញ បាន​អំពាវនាវ​សាជាថ្មី ឲ្យ​ប្រទេស​អឺរ៉ុប​សាមគ្គី ជួយគ្នា ពោល​គឺ​មិនអាច​បោះបង់​ចោល​ប្រជាជន​អឺរ៉ុប នៅចំពោះមុខ ជំងឺរាតត្បាត​សម្លាប់មនុស្ស ដូចជា​កូវីដ ១៩នោះទេ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ