អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌានិងអូស្ត្រាលី ចុះ​កិច្ចព្រមព្រៀង​សហ​ប្រតិបត្តិការ​ ក្នុង​នោះ​មាន​ចំណង​សហការ​ផ្នែក​​យោធា

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី៤មិថុនា ឥណ្ឌា និង អូស្ត្រាលី ទើបបានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយគ្នា ជាច្រើនវិស័យ ក្នុងនោះមាន​កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា។ ការខិតទៅជិតចាប់ដៃគ្នា រវាង​ឥណ្ឌា និងអូស្ត្រាលីនាពេលនេះ គឺវាស្ថិតក្នុងបរិបទ នៃយុទ្ធសាស្ត្រវាទទីរបស់ចិន និងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងភាពចុះខ្សោយនៃវត្តមានរបស់អាេមរិក នៅក្នុងតំបន់នេះ។ តើ ឥណ្ឌា និង អូស្ត្រាលី​ កំពុងតែរកវិធីរៀបចំយុទ្ធសាស្ត្រ ពួតដៃគ្នាការពារខ្លួន និងទប់ទល់ជាមួយចិន ឬ?

បុរសម្នាក់​មើលការផ្សាយផ្ទាល់ ពីជំនួបកំពូលតាមប្រព័ន្ធវីស្យូខុនហ្វឺរិន រវាង លោក​ណារិន្ទ្រា ម៉ូឌី និងលោកស្កុត ម៉ូរីសុន ថ្ងៃទី៤ មិថុនា ២០២០
បុរសម្នាក់​មើលការផ្សាយផ្ទាល់ ពីជំនួបកំពូលតាមប្រព័ន្ធវីស្យូខុនហ្វឺរិន រវាង លោក​ណារិន្ទ្រា ម៉ូឌី និងលោកស្កុត ម៉ូរីសុន ថ្ងៃទី៤ មិថុនា ២០២០ AFP - PRAKASH SINGH
ផ្សាយពាណិជ្ជកម្ម

តាមពិតទៅ លោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលី មានគម្រោង ទៅកាន់ទីក្រុងញូដេលី​​ ដើម្បីធ្វើទស្សនកិច្ច និងចុះហត្ថលេខា តែគម្រោងនេះ បានលើកម្តងជា២ដង ដោយសារដំបូង គឺភ្លើងឆេះព្រៃនៅអូស្ត្រាលី ហើយក្រោយមកគឺដោយសារតែការឆ្លងរាតត្បាតនូវជំងឺកូវីដ១៩នេះតែម្តង។ ម្លោះហើយ ពេលនេះ គេបានសម្រេច ចុះកិច្ចព្រមព្រៀងពីចំងាយ តាមរយៈប្រព័ន្ធវីស្យូខុនហ្វឺរិនស៍ពីចំងាយ។

ក្នុងចំណោមកិច្ចព្រមព្រៀងដែលគេបានចុះហត្ថលេខា​ គឺមានក្នុងវិស័យសិក្សា​អបរំ វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា ព្រមទាំងវិស័យធនធានរ៉ែ។ ដូចយើងធ្លាប់ដឹងហើយ ឥណ្ឌាមានមហិច្ឆិតា ចង់​ក្លាយ​ជាមហាអំណាចម្នាក់ ក្នុងវិស័យ​បច្ចេកវិទ្យា​ និងវិស្វកម្ម។ និស្សិតឥណ្ឌាច្រើនណាស់ ដែល​កំពុងតែរៀនជំនាញនេះ ហើយអ្នកខ្លះបានចេញទៅស្រូបបទពិសោធន៍ នៅក្រៅប្រទេសរួចទៅហើយ។ ចំណែកអូស្ត្រលីវិញ ជាប្រទេសដ៏ធំល្វឹងល្វើយ ដែលសំបូរធនធានរ៉ែកម្រ ហើយ​ដែលចាំបាច់បំផុតក្នុងការផលិតឧបករណ៍ បច្ចេកវិទ្យាទំនើប។ ដូច្នេះចំណងសហប្រតិបត្តិការរវាងប្រទេសទាំង២ ក្នុងវិស័យទាំងនេះ គឺជារឿងមួយ​ធម្មតាបំផុត។

កិច្ចព្រមព្រៀងសហប្រតិបត្តិការយោធា ឥណ្ឌា- អូស្ត្រាលី

អ្វីដែលពិសេស គួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺ ឥណ្ឌា និង អូស្ត្រាលី ក៍​បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្នែកយោធា ជាមួយគ្នា។ និយាយឲ្យលំអិត គឺជាកិច្ចព្រមព្រៀង ជួយគ្នាទៅវិញទៅមកផ្នែកភស្តុភា និងសហប្រតិបត្តិការ​សន្តិសុខផ្លូវសមុទ្រ។

នៅក្នុងឱកាសចុះហត្ថលេខានេះ លោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិន្ទ្រា ម៉ូឌី បានលើកឡើងថា ឥណ្ឌាប្តេជ្ញា ពង្រឹងនិងកសាងសហប្រតិបត្តិការឲ្យ​កាន់តែស្អិតរមួត ជាមួយអូស្ត្រាលី។ លោកបន្តថា មិត្តភាព និងការសហការគ្នានេះ គឺមិនមែនដើម្បី​ តែប្រយោជន៍រវាងប្រទេសទាំង២នោះទេ តែក៏វាសំខាន់ណាស់ដែរ សម្រាប់តំបន់ ឥណ្ឌូប៉ាស៊ីហ្វិកទាំងមូលតែម្តង។ ចំណែកលោក ស្កុត ម៉ូរីសុន នាយករដ្ឋមន្ត្រីអូស្ត្រាលីវិញ បានលើកឡើងថា ស្ថិតក្នុងកាលៈទេសៈបច្ចុប្បន្ននេះ អូស្ត្រាលីមានបំណងចង់បាន​​ដៃគូ មិត្តភាព​គួរជាទីទុកចិត្តដូចជាឥណ្ឌា។

នៅខាងចុងបញ្ចប់នៃសន្និសីទពីចំងាយនេះ ភាគី​ទាំងសងខាង បានប្រកាសរួមគ្នាថា ​ចាប់ពីពេលនេះទៅ រដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ នៃប្រទេសទាំង២ នឹងជួបប្រជុំគ្នាឲ្យ​បាន​មួយឆ្នាំ២ដង ដើម្បីនិយាយគ្នាពីយុទ្ធសាស្ត្រផ្សេងៗ។

មិននិយាយពីចិន តែគិតទៅដល់ចិនគ្រប់វិនាទី

មន្ត្រីទូតជាន់ខ្ពស់ម្នាក់ របស់ឥណ្ឌា បានអះអាងប្រាប់អ្នកកាសែតថា ភាគីឥណ្ឌា និងអូស្ត្រាលី មិនបាននិយាយអំពីបញ្ហាចិនទេ នៅក្នុង​សន្និសីទជំនួបកំពូល​ពីចំងាយនេះ។ តែយ៉ាងណាក៏ដោយ អ្នកវិភាគភូមិសាស្ត្រនយោបាយគ្រប់គ្នា លើកឡើងថា វាគ្មានអ្វីត្រូវឆ្ងល់ទេ ការចាប់ដៃពួតគ្នា រវាងឥណ្ឌា និង អូស្ត្រាលីនាពេលនេះ គឺប្រទេសទាំងត្រូវការកម្លាំងជួយគ្នា ក្នុងគ្រាអាសន្នណាមួយ ដែលអាចប្រឈមជាមួយចិន។ ជាពិសេសទៀតនោះ បច្ចុប្បន្ននេះ ចិន និងអាមេរិក កំពុងតែសង្រ្កឺតធ្មេញដាក់គ្នាខ្លាំងសម្បើមណាស់។

យ៉ាងណាមិញ លោក Purnendra Jain សាស្ត្រាចារ្យនៅសកលវិទ្យាល័យAdélaïdeអូស្ត្រាលី បាន​និយាយប្រាប់ AFP ថា លោកគិតថាគេមិនបាន​បញ្ចេញឈ្មោះចិន នៅក្នុងពេលជំនួបកំពូលមែន។ តែលោកជឿច្បាស់ណាស់ ថាស្រមោលរបស់ចិន មានពេញនៅក្នុងខួរក្បាលរបស់មេដឹកនាំអូស្ត្រាលី និងឥណ្ឌា។

លោកសាស្ត្រាចារ្យរូបនេះបន្ថែមថា នាយករដ្ឋមន្ត្រី​ឥណ្ឌា និងអូស្ត្រាលី យល់ដឹងយ៉ាងច្បាស់ ថាបច្ចុប្បន្ននេះ កាលៈទេសៈវាច្របូលច្របល់ និងតានតឹងកម្រិតណា។ ដូច្នេះ ប្រទេសទាំង២ត្រូវតែរួមគ្នាធ្វើអ្វីម្យ៉ាង ដើម្បីជួួយទប់កម្លាំងគ្នា​ប្រឈមជាមួយចិន ដែលជាមហាអំណាចវាទទីក្នុងតំបន់​ មិនថាទាក់ទិននឹងបញ្ហាជំងឺឆ្លងកូវីដ១៩ មិនថាទាក់ទិននឹងបញ្ហាការដោះដូរពាណិជ្ជកម្មសេរី ហើយ​ជាពិសេសនោះ គឺថាត្រូវប្រកាន់ជំហរបែបណាជាមួយចិន។

រកវិធីបង្ហាញកម្លាំង ការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ពីការវាតទីរបស់ចិន

ឥណ្ឌា និងអូស្ត្រាលី គឺជាប្រទេស២ដ៏សំខាន់ នៅក្នុងតំបន់យុទ្ធសាស្ត្រ ឥណ្ឌូប៉ាស៊ីហ្វិក ដែល​បច្ចុប្បន្ន​​នេះ កំពុងតែស្ថិតក្នុងយុទ្ធសាស្រ្តវាតទីរបស់ចិន។ ដូច្នេះ ចំណងសហប្រតិបត្តិការក្នុងវិស័យ​សន្តិសុខ​​ផ្លូវសមុទ្រ រវាងឥណ្ឌា និង​ អូស្ត្រាលីនាពេលនេះ គឺវាបានស្តែងច្បាស់ណាស់ អំពីការរួមកម្លាំងគ្នា ការពារតំបន់នេះ ពីការវាទទីរបស់ចិន។

សកម្មភាពវាទទីរបស់ចិន នៅក្នុងតំបន់សមុទ្រចិនខាងត្បូង តំបន់​ប៉ាស៊ីហ្វិក និងតំបន់ជុំវិញសមុទ្រឥណ្ឌា បានធ្វើឲ្យ​ឥណ្ឌា និង អូស្ត្រាលី មានការក្តៅក្រហាយក្នុងចិត្តមិនតិចទេ។ និយាយឲ្យចំ គឺប្រទេសទាំង២នេះ សុទ្ធតែមានបញ្ហា​ រកាំរកូស​ជាមួយនឹងចិន។ ឥណ្ឌា វិញ មិនមែនត្រឹមតែបញ្ហា ក្នុងតំបន់លំហសមុទ្រទេ តែក៏មានបញ្ហាព្រំដែនដីគោក ជាមួយចិនដែរ។ យ៉ាងណាមិញ ប៉ុន្មានថ្ងៃចុងក្រោយនេះ បណ្តាញព័ត៌មានឥណ្ឌា បានចុះផ្សាយ​ច្រើនណាស់​ អំពីការដែលចិនបញ្ជូនទ័ព ចូលជ្រៅមកខាងដីឥណ្ឌា នៅតំបន់ Ladakh លើជួរភ្នំហិមាល័យ។

តំបន់លំហសមុទ្រ ឥណ្ឌូប៉ាស៊ីហ្វិកនេះ ជាតំបន់រសើបខ្លាំងណាស់​ ព្រោះវាជាតំបន់ឆ្លងកាត់​ នាវាដឹកទំនិញ និងជាពិសេស​គឺនាវាដឹកប្រេងតែម្តង។ កាលពីឆ្នាំ២០១០ ជំនាន់លោកអូបាម៉ា រដ្ឋាភិបាលអាមេរិក បានបង្កើនកិច្ចសហការផ្នែក​សន្តិសុខផ្លូវសមុទ្រ ក្នុងតំបន់នេះ ដោយមានការចូលរួម ពីអូស្ត្រាលី សិង្ហបុរី ឥណ្ឌូណេស៊ី និងឥណ្ឌា។

បច្ចុប្បន្ន ចិនកំពុងអនុវត្តយុទ្ធសាស្រ្តផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ខ្លួន នៅក្នុងតំបន់នេះ។ ចិនមានវត្តមានដាក់ពង្រាយកម្លាំង ព័ទ្ធសឹងតែជុំវិញទៅហើយ។ ចិនបាននិងកំពុង សាងសង់នូវកំពង់ផែយុទ្ធសាស្ត្រជាច្រើនកន្លែង​ ជុំវិញមហាសមុទ្រឥណ្ឌា ដូចជានៅភូមា បង់ក្លាដែស នៅស្រីលង្ការ នៅចំហៀងខាងកើតអាហ្វ្រិក នៅម៉ាល់ឌីវ និងជាពិសេសនៅប៉ាគីស្ថាន ដែលជាសត្រូវធំរបស់ឥណ្ឌា។ ចង់មិនចង់ ទាំងឥណ្ឌា ទាំងអូស្ត្រាលី មានអារម្មណ៍ថា ចិនកំពុងតែបិទផ្លូវគ្រប់ច្រក។

ជាងនេះទៀត រដ្ឋាអាេមរិកបច្ចុប្បន្ន ដឹកនាំដោយលោកដូណាល់ ត្រាំ មិនបានធ្វើឲ្យ​អូស្ត្រាលី និងឥណ្ឌា មានការទុកចិត្ត ថាអាចមកជួយបាននោះទេ។ អាមេរិក ដែលកំពុងតែទន់ខ្សោយសេដ្ឋកិច្ច ហើយមានវិបត្តិផ្ទៃក្នុងទៀត តើឲ្យ​ប្រទេសជាមិត្ត​សង្ឃឹមរំពឹងអីបាន។ ដូច្នេះហើយ បានជាអូស្ត្រាលី និង​ឥណ្ឌា រកវិធីការពារខ្លួនដោយខ្លួនឯង។ ប្រទេសទាំងពីរនេះ បានចាប់ផ្តើម​ទិញសម្ភារៈយោធា​ច្រើនណាស់ មានទាំងយន្តហោះចម្បាំង នាវាចម្បាំង និងនាវាមុធទឹកបាតសមុទ្រ ដើម្បីបង្ហាញថា ខ្លួនគឺជាម្ចាស់អំណាច រក្សាសន្តិសុខ ក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ