អានតួអត្ថបទ

រដ្ឋាភិបាល​ចិន​ប្រាប់​ពលរដ្ឋ​ខ្លួន​​កុំ​ឲ្យ​ទៅរៀន និង​ដើរកំសាន្ត​នៅ​អូស្ត្រាលី

ភាពតានតឹង ចិន អូស្ត្រាលី កាន់តែ​ធ្លាក់ចុះ​ដុនដាប​មួយកម្រិតទៀត។ នៅថ្ងៃ អង្គារម្សិលមិញ ក្រសួង​អប់រំ​ចិន ទើប​បាន​ចេញសេចក្តីប្រកាស ណែនាំ​និស្សិត​ចិន​ឲ្យ​ប្រុងប្រយ័ត្ន មុន​នឹង​សម្រេច​ជ្រើសរើស​យក​អូស្ត្រាលី ជា​កន្លែង​សម្រាប់​បន្ត​ការសិក្សា​នៅបរទេស។ ក្រសួង​អប់រំ​ចិន​បាន​លើកឡើង​ពី​គ្រោះថ្នាក់ ឆ្លង​ជំងឺកូវីដ និង​ការរើសអើង ស្អប់​ជនជាតិ​អាស៊ី នៅ​អូស្ត្រាលី។ តើ​ពហិការ​របស់​និស្សិត​ចិន​នឹង​អាច​ប៉ះពាល់​យ៉ាងណា ដល់​វិស័យអប់រំ​អូស្ត្រាលី? 

អ្នកទេសចរចិន​នៅ​ទីក្រុង​ស៊ីដនី​នៅខែ​មករា ឆ្នាំ​២០២០ នៅមុនកើតមាន​វិបត្តិកូវីដនៅអូស្ត្រាលី
អ្នកទេសចរចិន​នៅ​ទីក្រុង​ស៊ីដនី​នៅខែ​មករា ឆ្នាំ​២០២០ នៅមុនកើតមាន​វិបត្តិកូវីដនៅអូស្ត្រាលី AP - Rick Rycroft
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស ចុះផ្សាយ​នៅថ្ងៃ​អង្គារ ក្រសួង​អប់រំ​ចិន បាន​ក្រើនរំលឹក​និស្សិត​ចិន ឲ្យ​ពិចារណា និង​ប្រុងប្រយ័ត្ន​ពីគ្រោះថ្នាក់ បើសិន ពួកគេ​ចង់ចុះឈ្មោះ​រៀន ឬ​ត្រលប់​ទៅ​រៀន​បន្ត​នៅប្រទេស​អូស្ត្រាលី។ ក្រសួងអប់រំ​ចិន​បាន​លើកឡើង​ពី លទ្ធភាព​ឆ្លងជំងឺ​កូវីដ នៅក្នុង​ពេលធ្វើដំណើរ ហើយ​និង​ការកើតឡើង ជាបន្តន្ទាប់ ករណី​រើសអើង​ជនជាតិ​អាស៊ី នៅទឹកដី​អូស្ត្រាលី នៅក្នុង​កាលៈទេសៈ​នៃ​ការឆ្លងរាតត្បាត​ជំងឺ​កូវីដ​១៩ ដែល​មាន​ប្រភពដើមដំបូង ចេញពី​ប្រទេស​ចិន។

នៅថ្ងៃ​ចន្ទ ក្រសួងការបរទេស​ចិន​បាន​ទាញសញ្ញា​អាសន្ន​ស្តីពី​ស្ថានភាព​របស់​ប្រជាជន​ដែល​មាន​ដើមកំណើតអាស៊ី នៅ​ប្រទេស​អូស្ត្រាលី។ តាម​អ្នកនាំពាក្យ​របស់​ក្រសួងការបរទេស​ចិន ជនជាតិ​ចិន​ជាច្រើន ត្រូវ​គេជេរប្រមាថ ឬ​វាយឲ្យ​របួស នៅ​អូស្ត្រាលី។ ចំណែក ពាក្យ​ជេរ​សំដៅ​រើសអើង​ពូជសាសន៍​ចិន ក៏មាន​សរសេរ​កាន់តែច្រើនណាស់ដែរ។

នៅថ្ងៃ​ចន្ទ​ដដែល រដ្ឋមន្រ្តី​ក្រសួងពាណិជ្ជកម្ម​អូស្ត្រាលី ទទួល​ស្គាល់​ថា ពិត​ជា​មានកើតឡើង ​ឧប្បត្តិហេតុ ដែល​មាន​លក្ខណៈ​រើសអើង​ពូជសាសន៍ ប៉ុន្តែ លោក​ច្រានចោល ការលើកឡើង​ដែល​ថា អូស្ត្រាលី​មិនមែន​ជា​កន្លែង​សុវត្ថិភាព សម្រាប់ជនបរទេស។

នៅថ្ងៃ​សុក្រ សប្តាហ៍មុន ក្រសួង​ទេសចរណ៍​ចិន​ បាន​អំពាវនាវ​កុំឲ្យ​ប្រជាជន​ចិន ​ធ្វើ​ដំណើរ​ទៅ​អូស្ត្រាលី។ នៅក្នុង​កាលៈទេសៈ ដែល​អូស្ត្រាលី​នៅបន្ត​បិទព្រំដែន ដោយសារ​វិបត្តិកូវីដ ការប្រកាស របស់​អាជ្ញាធរ​ចិន ហាមមិន​ឲ្យ​ប្រជាជន​របស់ខ្លួន ធ្វើដំណើរ​ទៅអូស្ត្រាលី មានតម្លៃ​ជា​និមិត្តរូប ច្រើនជាង ការដាក់ទណ្ឌកម្ម​ជាក់ស្តែង។

ប៉ុន្តែ បើសិន អ្នកទេសចរ និង​និស្សិត​ចិន នៅតែ​បន្ត ធ្វើពហិកា មិនទៅ​ប្រទេស​អូស្ត្រាលី នៅក្រោយ​ចប់​វិបត្តិកូវីដ នោះអូស្ត្រាលី​នឹង​ខាតបង់​យ៉ាងធ្ងន់ធ្ងរ ផ្នែក​ហិរញ្ញវត្ថុ។ នៅឆ្នាំ ២០១៨ អ្នកទេសចរ​ចិន ជាង ១លាន៤សែននាក់ បាននាំចំណូល​ ប្រមាណ ១៣ពាន់​លាន​ដុល្លារ​សម្រាប់​ឧស្សាហកម្ម​ទេសចរណ៍​អូស្ត្រាលី។ ពហិកា​ណាមួយ​របស់​និស្សិតចិន នឹង​ប៉ះពាល់​ខ្លាំង​ដល់​វិស័យអប់រំ របស់​អូស្ត្រាលី ព្រោះថា និស្សិតចិន​មានចំនួននាំមុខ​គេ​ក្នុងចំណោម​និស្សិតបរទេស​ដែល​សិក្សា ​នៅតាម​សកលវិទ្យាល័យ​អូស្ត្រាលី។ គួររំលឹកថា វិស័យអប់រំ​អូស្ត្រាលី ជា​ប្រភពចំណូល​សំខាន់​ទី​៣​របស់​សេដ្ឋកិច្ច​អូស្ត្រាលី បន្ទាប់ពីការនាំចេញ ដែក និង​ធ្យូងថ្ម។ នៅ​ឆ្នាំមុន ការចុះឈ្មោះ​របស់​និស្សិតបរទេស​ជាង ៥សែននាក់ បាន​នាំចំណូល គិតជា​ទឹកប្រាក់ ប្រមាណ ២២​ពាន់​លាន​ដុល្លារ សម្រាប់​សេដ្ឋកិច្ច អូស្ត្រាលី។

នៅប៉ុន្មាន​សប្តាហ៍មកនេះ ទីក្រុង​ប៉េកាំង​បាន​ ចាត់វិធានការ​ជាបន្តបន្ទាប់ ប្រឆាំង​អូស្ត្រាលី ដូចជា ផ្អាកឈប់នាំចូល សាច់គោ និង​ស្រូវសាឡី​របស់​អូស្ត្រាលី បន្ទាប់ពី រដ្ឋាភិបាល​អូស្ត្រាលី គាំទ្រ​ឲ្យ​មានការស៊ើបអង្កេត​ស្តីពីប្រភព និង​គ្រប់គ្រង​វិបត្តិ​កូវីដ នៅប្រទេសចិន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ