អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កូរ៉េខាងជើងបំផ្ទុះកំទេចការិយាល័យទំនាក់ទំនង​កូរ៉េទាំង២​ និងប្រកាសថាកងទ័ពខ្លួនត្រៀមកម្លាំងរួច​ស្រេច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃអង្គារទី១៦មិថុនានេះ យោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានផ្លូវការកូរ៉េខាងជើង គឺ កូរ៉េខាងជើង បានបំផ្ទុះកំទេចការិយាល័យទាក់ទងជាមួយកូរ៉េខាងត្បូង ដែលស្ថិតនៅក្នុងតំបន់ កែសុង ជាប់ព្រំដែនរវាងកូរ៉េទាំង២។ ប៉ុន្មានម៉ោងក្រោយមក នាង គីម យូជុង ប្អូនស្រីរបស់មេដឹកនាំផ្តាច់ការកូរ៉េខាងជើង បាន​ប្រកាសថា កងទ័ពកូរ៉េខាងជើងបានត្រៀមកម្លាំងរួចជាស្រេច ដើម្បីបើកប្រតិបត្តិការ វាយប្រហារលើកូរ៉េខាងត្បូង ដែលជាសត្រូវ។

រូបថតពីចំងាយ ដែលគេឃើញផ្សែងខ្មៅ ក្រោយការផ្ទុះនៅអាគារការិយាល័យទំនាក់ទំនងកូរ៉េទាំង២ នៅតំបន់កែសុង (Kaesong)។ ថ្ងៃទី ១៦ មិថុនា ២០២០
រូបថតពីចំងាយ ដែលគេឃើញផ្សែងខ្មៅ ក្រោយការផ្ទុះនៅអាគារការិយាល័យទំនាក់ទំនងកូរ៉េទាំង២ នៅតំបន់កែសុង (Kaesong)។ ថ្ងៃទី ១៦ មិថុនា ២០២០ Yonhap via REUTERS
ផ្សាយពាណិជ្ជកម្ម

ប្អូនស្រី គីម ជុងអ៊ុន ជាអ្នកចេញមុខចាត់ចែងទៀត

ចាប់តាំងពីដើមខែមិថុនានេះមក កូរ៉េខាងជើង ហាក់បានបើកយុទ្ធនាការ រករឿង រំខាន ចោទប្រកាន់ ឬបង្កការមួរម៉ៅក្តៅក្រហាយឲ្យកូរ៉េខាងត្បូង។ ហើយជារៀងរាល់លើក គឺប្អូនស្រីរបស់​មេដឹកនាំកូរ៉េខាងជើង ដែលជាអ្នកចេញមុខប្រកាស និងចាត់ចែង។

កាលពីសប្តាហ៍មុន​នេះ កូរ៉េខាងជើងបានសម្រេចកាត់ផ្តាច់​ បណ្តាញទូរគមនាគមន៍ ទាក់ទងគ្នាជាមួយកូរ៉េខាងត្បូងចោលទាំងអស់។ កាលពីចុងសប្តាហ៍មុននេះ នាង គីម យូជុង ប្អូនស្រីរបស់គីម ជុងអ៊ុន បានប្រកាសគំរាមថា ក្នុងពេលដ៏ឆាប់នេះ អាគារការិយាល័យទាក់ទងគ្នា រវាងកូរ៉េទាំង២ ដែលគ្មាននាំប្រយោជន៍អ្វីសោះនោះ នឹងត្រូវកំទេចចោល ក្រោមរូបភាព​ដ៏សែន​ខ្លោចផ្សារបំផុត។

ដូចការគំរាមមែន នៅថ្ងៃអង្គារទី​១៦មិថុនា វេលាម៉ោងប្រមាណ​ ២និង៤៩នាទីរសៀល អាគារ​ការិយាល័យ​ទាក់ទងរវាងកូរ៉េទាំង២ ត្រូវបានបំផ្ទុះកំទេចចោល។ នេះបើផ្អែកតាមការប្រកាស របស់​​អ្នកនាំពាក្យក្រសួងចាត់ចែងកិច្ចការកូរ៉េទាំង២ របស់កូរ៉េខាងជើង ហើយដែលទីភ្នាក់ងារព័ត៌មានផ្លូវការរបស់ព្យុងយ៉ាងបានចុះផ្សាយ។ ចំណែកទីភ្នាក់ងារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងវិញ​ ក៏បានអះអាងថា គេពិតជាបានឮសម្លេងផ្ទុះយ៉ាងសន្ធឹកពិតមែន ចេញពីទីតាំងការិយាល័យទំនាក់ទំនងកូរ៉េទាំង២ នៅក្នុងតំបន់ឧស្សាហកម្ម​ កែសុង (Kaesong)។

បន្ទាប់មកទៀត នាងគីម យូជុង  ប្អូនស្រីរបស់ គីម ជុងអ៊ុន បានប្រកាសថា ដោយ​យោងទៅលើភាពខ្ទេចខ្ទាំ នៃទំនាក់ទំនងរវាងកូរ៉េទាំង២នាពេលនេះ អគ្គបញ្ជាការកងទ័ពបដិវត្តប្រជាជន​កូរ៉េខាងជើង បានធ្វើការយ៉ាងសស្រាក់សស្រាំ ដើម្បីរៀបចំផែនការ​យុទ្ធសាស្ត្រ ឈានទៅ​កែប្រែតំបន់​សមរភូមិ​ជាយដែន ឲ្យ​ក្លាយ​ជាមហាកំផែងការពារ។

ទីភ្នាក់ងារ​ព័ត៌មានផ្លូវការកូរ៉េខាងជើង បានបញ្ជាក់ថា ក្នុងន័យនេះ កូរ៉េខាងជើង​អាចនឹងបញ្ជូនទ័ព​ ឲ្យចូលទៅគ្រប់គ្រង នៅតាមតំបន់បណ្តោយព្រំដែន​ ដែលធ្លាប់​ជា​តំបន់គ្មានអាវុធ កំណត់ដោយកិច្ចព្រមព្រៀង​មួយ​កាលពី២០ឆ្នាំមុន។ ដោយឡែក បណ្តាញព័ត៌មានកូរ៉េខាងត្បូងវិញ បានលើកឡើងថា កូរ៉េខាងជើង ប្រហែលជាមានគម្រោង ដាក់តាំងឡើងវិញ នូវប៉ុស្តយាមតាមព្រំដែន ដែល​ប្រទេស​ទាំង២​​បាន​សម្រេច​ដកចេញ កាលពីឆ្នាំ២០១៨។

កូរ៉េខាងជើងលំបាកខ្លាំង ចង់រកវិធីចរចា?

កូរ៉េខាងជើង បានស្តីបន្ទោសចោទប្រកាន់ កូរ៉េខាងត្បូង ថាបានបើកដៃ អោយសកម្មជន​បង្ហោះខិតបណ្ណ​ប្រឆាំង ចូលទៅក្នុងដីកូរ៉េខាងជើង ដែលប្រការនេះ វាបានបំផ្លាញទំនាក់ទំនង រវាងកូរ៉េទាំង២។ តើគេជឿទេ ថានេះគឺជាហេតុផលតែមួយគត់ នៅពីក្រោយសកម្មភាពឆ្លើយតប និងគំរាម របស់កូរ៉េខាងជើង នាពេលថ្មីៗនេះ?

បាទវាច្បាស់ណាស់ហើយ ថានេះគ្រាន់តែលេសដើម្បីរករឿងតែប៉ុណ្ណោះ។ គ្មាននរណាជឿទេ ថាដោយសារក្រដាស​ខិតបណ្ណប៉ុន្មានសន្លឹក ធ្វើឲ្យកូរ៉េខាងជើងគំរាមបញ្ជូនទ័ពមកដាក់តាមព្រំដែន​នោះ។ លោក Antoine Bondaz អ្នកជំនាញវិភាគនយោបាយឧបទ្វីបកូរ៉េ នៅមូលនិធិស្រាវជ្រាវ​យុទ្ធសាស្រ្ត FRS បានពន្យល់ថា តាមពិត របបផ្តាច់ការកូរ៉េខាងជើង កំពុងតែលំបាកខ្លាំង ហើយត្រូវការ​រកច្រកចេញ។

យោងតាមអ្នកវិភាគនេះ របបកូរ៉េខាងជើង កំពុងតែប្រឈមនឹងវិបត្តិ២។ វិបត្តិ​ទីមួយ គឺបរាជ័យនយោបាយការទូត រាប់ចាប់ពីជំនួបកំពូលបរាជ័យនៅហូណូយ រវាងគីម ជុនអ៊ុន និងដូណាល់ ត្រាំ។ វាគឺជាបរាជ័យផ្ទាល់ខ្លួនរបស់ មេដឹកនាំផ្តាច់ការ គីម ជុងអ៊ុនតែម្តង ហើយដែលវាជះឥទ្ធិពល ទៅដល់បរិកាសផ្ទៃក្នុង នៃសមាជិកគណកម្មាធិកការមជ្ឈឹមបក្ស ដែលចាត់ចែងកិច្ចការរដ្ឋ។ វិបត្តិមួយទៀត នោះគឺវិបត្តិ​បង្កឡើងដោយជំងឺកូវីដ១៩នេះឯង។

លោក Antoine Bondaz លើកឡើងថា ថ្វីបើគ្មានតួលេខផ្លូវការ តែអ្នកជំនាញ​អាចស្មានដឹងថា កូរ៉េខាងជើងបានជួបបញ្ហាធ្ងន់​កម្រិតណា​ ដោយសារកូវីដ១៩។ ម្យ៉ាងគឺគ្មានសម្ភារៈពេទ្យ និងថ្នាំសង្កូវ ម្យ៉ាងទៀត គឺទំនាក់ទំនងពាណិជ្ជកម្ម​ជាមួយចិន ដែលជាប្រភពចំណូលដ៏សំខាន់នោះ ក៏ត្រូវរាំងស្ទះទៀត ដោយសារតែខាងចិន គេរិតត្បិតការធ្វើដំណើរ។

យើងឃើញថា មានបញ្ហាប្រឈមច្រើនសម្រាប់កូរ៉េខាងជើង។ ហើយទន្ទឹមគ្នានេះ ការចរចាជាមួយអាមេរិក ដើម្បីដកចេញនូវទណ្ឌកម្មសេដ្ឋកិច្ចនោះ ក៏មិនមានអ្វីកម្រើកទៀត។ កូរ៉េខាងជើងទំនងជាកំពុងទ័លច្រកខ្លាំង ហើយចង់បើកផ្លូវចរចា បានជារករឿងខ្លាំងយ៉ាងនេះ។

រករឿងកូរ៉េខាងត្បូង ដើម្បីឈានទៅបើក​ផ្លូវ​ចរចាជាមួយអាេមរិក

បើកូរ៉េខាងជើងចង់ធ្វើឲ្យ​អាមេរិក ងាកមកចរចាវិញ​ តើហេតុអ្វីបាន​ជាមិនធ្វើសកម្មភាព ឬប្រកាសអ្វីមួយ ដែលប៉ះពាល់ទៅដល់សហរដ្ឋអាេមរិក ដូចលើកមុនៗ? ហេតុអ្វីបានជា មករករឿង តែ​កូរ៉េខាងត្បូង ទៅវិញ?

តាមពិត កូរ៉េខាងត្បូងក៏មានចំណែកក្នុងការចរចាដែរ។ ក៏ប៉ុន្តែក្នុងក្រសែរភ្នែកកូរ៉េខាងជើងនាពេលនេះ គឺកូរ៉េខាងត្បូង លែងសូវមានតម្លៃទៀតហើយ ព្រោះអ្វីៗ​ ស្ថិតនៅលើចេតនារបស់អាមេរិកទាំងអស់ មិនថា​​ចរចាឬមិនចរចា ធ្វើសម្បទានឬមិនធ្វើ ដកចេញទណ្ឌកម្មសេដ្ឋកិច្ច ឬមិនដក។

គីម ជុងអ៊ុន យល់ថា លោក មូន ជាអ៊ីន ក៏កំពុងតែដើរដល់ចំណុចទ័ល អស់វិធីជួយទៀតហើយ។ លោក មូន ជាអ៊ីន កន្លងមកបានត្រឹមតែរៀបចំ ឲ្យ​មានការផ្លាស់ប្តូរទំនាក់ទំនងផ្នែកវប្បធម៌ កីឡា និងការទូត ជាដើម​។ តែចំណែកបញ្ហាសេដ្ឋកិច្ច ពាណិជ្ជកម្មវិញ គឺស្ថិតនៅលើមាត់របស់ លោកដូណាល់ ត្រាំឯណោះទេ។

ក៏ប៉ុន្តែ កូរ៉េខាងជើង មិនអាចរករឿងអាមេរិកបានទេនាពេលនេះ ព្រោះកូរ៉េខាងជើង ត្រូវការឲ្យ​យកចិត្ត​លោកដូណាល់ ត្រាំ។ ដូឆ្នេះ គេត្រូវតែរកអ្នកណាម្នាក់ ដើម្បីទំលាក់កំហុស និងរករឿង។ នោះ គឺវាមានតែរករឿង បង្កបញ្ហាជាមួយកូរ៉េខាងត្បូង ព្រោះកូរ៉េខាងត្បូងប្រាកដជា​កម្រើក ហើយនាំបញ្ហានេះ យកទៅ​និយាយជាមួយអាមេរិក។

មួយវិញទៀត ការដែល​ គីម ជុងអ៊ុន ឲ្យ​ប្អូនស្រីខ្លួនចេញមុខ ប្រកាសចាត់ចែងរករឿងកូរ៉េខាងត្បូងប៉ុន្មានថ្ងៃចុងក្រោយ គឺជាយុទ្ធសាស្ត្រ ធ្វើឲ្យរឿងនេះកាន់តែល្បីខ្ទរខ្ទា។ ហើយបើក្នុងករណី មានការលើសលួស កូរ៉េខាងជើងចង់ដកថយវិញ គឺគេអាចបញ្ជាមន្ត្រីផ្លូវការ ណាម្នាក់ជាអ្នកចេញមុខ ឬក៏ គីម ជុងអ៊ុនខ្លួនឯង ជាអ្នកចេញមុខប្រកាស និយាយផ្ទុយពីអ្វីដែលនាង គីម យូជុង បានប្រកាសកន្លងមក។ បើផ្អែកតាម លោក Antoine Bondaz នាង គីម យូជុង គ្មានមុខតំណែងផ្លូវការក្នុងការចាត់ចែងកិច្ចការរដ្ឋទេ គឺគ្រាន់តែជាអ្នកទទួលបន្ទុកផ្នែកឃោសនាប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ រដ្ឋាភិបាលកូរ៉េខាងត្បូង មិនបានព្រងើយកន្តើយនឹងការគំរាមរបស់កូរ៉េខាងជើងទេ។ នៅថ្ងៃទី១៦មិថុនា លោក មូន ជាអ៊ីន បានកោះប្រជុំជាមួយរដ្ឋមន្ត្រីការពារជាតិ។ លោកមូន ជាអ៊ីន ក៏បានអំពាវនាវផងដែរ សុំកុំឲ្យ​កូរ៉េខាងជើង បន្ថែមកំដៅកំហឹងរវាងប្រទេសបងប្អូនទាំង២ ឲ្យ​ច្រើនលើសនេះអី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ