អានតួអត្ថបទ

ក្រុមប្រទេស​G7 ទាមទារ​ឲ្យ​ចិន​បោះបង់ចោល​គម្រោងអនុម័ត​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង

ក្រុមប្រទេស​មហាអំណាចឧស្សាហកម្ម G7 នៅ​ថ្ងៃ​ពុធ​ម្សិលមិញ បាន​ចេញ​សេចក្តីប្រកាស​ទាមទារ​ឲ្យ​ប្រទេស​ចិន លះបង់​ចោល​គម្រោងការ​អនុវត្តច្បាប់ ស្តីពី​សន្តិសុខជាតិ នៅហុងកុង។ ទីក្រុង​ប៉េកាំង តាមរយៈ រដ្ឋមន្រ្តីការបរទេស លោក​យ៉ាង ជាឈី បាន​ច្រានចោល​យ៉ាងដាច់អហង្កា ការទាមទារ​របស់​ក្រុមប្រទេស​G7។ នៅទីក្រុង​ប៉េកាំង ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍នេះ រហូតដល់​ថ្ងៃសៅរ៍  គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់សភា នឹង​ពិភាក្សា​ពី​សេចក្តីព្រាងច្បាប់​ស្តីពី​សន្តិសុខជាតិ​ហុងកុង។

ប៉ូលិស​ហុងកុង​ឃាត់ខ្លួន​យុវជន​ដែល​ចូលរួម​ក្នុ​ងបាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគោរពភ្លេងជាតិ​ចិន កាលពីថ្ងៃទី ២៧ ឧសភា ២០២០
ប៉ូលិស​ហុងកុង​ឃាត់ខ្លួន​យុវជន​ដែល​ចូលរួម​ក្នុ​ងបាតុកម្ម​ប្រឆាំង​នឹង​សេចក្តីព្រាងច្បាប់​ស្តីពី​ការគោរពភ្លេងជាតិ​ចិន កាលពីថ្ងៃទី ២៧ ឧសភា ២០២០ AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​ពុធ ក្រុមប្រទេស​មហាអំណាច​ឧស្សាហកម្ម G7 ក្រើនរំលឹក​ឲ្យ​ប្រទេស​ចិន​លះបង់​ចោល​គម្រោងការ​អនុវត្តច្បាប់​ដ៏ចម្រូងចម្រាស ស្តីពី​សន្តិសុខជាតិហុងកុង។ សម្រាប់​ក្រុមប្រទេស​G7 ដែលប្រមូលផ្តុំ ​អាមេរិក អាល្លឺម៉ង់ ជប៉ុន បារាំង អង់គ្លេស អ៊ីតាលី និង​កាណាដា ច្បាប់សន្តិសុខជាតិ ដែល​ចិន​គ្រោង​អនុវត្ត​នៅទឹកដី​ហុងកុង នឹងធ្វើ​ឲ្យស្វ័យភាព ​របស់​ហុងកុង ស្ថិតក្នុង​គ្រោះថ្នាក់។ “ច្បាប់សន្តិសុខជាតិ​ហុងកុង នឹងគំរាមកំហែង ប្រព័ន្ធ​ដឹកនាំ​ស្វយ័ត​របស់​ហុងកុង ដែល​រហូតមក ​បាន​ជួយ​ហុងកុង​ឲ្យ​អភិវឌ្ឍខ្លួន ក្លាយ​ជា​តំបន់​ហិរញ្ញវត្ថុ​អន្តរជាតិ​ដ៏សំខាន់ នៅក្នុង​តំបន់” នេះជា​សេចក្តីប្រកាស​រួម​របស់​បណ្តារដ្ឋមន្រ្តីការបរទេស​របស់ក្រុមG7។

នៅក្នុង​សេចក្តីប្រកាស ​ក្រុម G7 បង្ហាញផងដែរ​ពីក្តីបារម្ភដែរថា វិធានការ​បង្កើតច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​នឹង​ គំរាមកំហែង​ដល់​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន និង​សេរីភាព​បញ្ចេញមតិ​របស់​អ្នករស់នៅ​ហុងកុង។

ក្រសួងការបរទេស​ចិន នៅថ្ងៃ​ពុធ​ដដែល បាន​ចេញសេចក្តីប្រកាស​ដែលនៅក្នុង​នោះ រដ្ឋមន្រ្តីការបរទេស​ចិន លោក​យ៉ាង ជាឈី បាន​ទាត់ចោល សេចក្តីប្រកាស​របស់​ក្រុមប្រទេស​មហាឧស្សាហកម្ម​ G7 ទាក់ទង​នឹង​រឿង​ហុងកុង។ នៅក្នុង​ជំនួបទល់មុខគ្នា​ជាមួយ​ប្រមុខការបរទេស​អាមេរិក នៅកោះហាវ៉ៃ កាលពី​ថ្ងៃ​ពុធម្សិលមិញ រដ្ឋមន្រ្តីការបរទេស​ចិន បញ្ជាក់ដែរថា ការប្តេជ្ញាចិត្ត​របស់​ចិន ដើម្បី អនុវត្តច្បាប់សន្តិសុខជាតិ​ហុងកុង នឹង​នៅតែ​ដដែល មិន ផ្លាស់ប្តូរ​នោះទេ។

ទីក្រុង​ប៉េកាំង​តែង​អះអាងថា អនាគត​ច្បាប់សន្តិសុខជាតិ ហុងកុង មាន​គោលដៅ​សំខាន់​ប្រឆាំង​តែ​សកម្មភាពទាំងឡាយណា​ដែល​មានទិសដៅ បំបែក​ទីក្រុង​ហុងកុង​ពី​ប្រទេស​ចិន ឬ​ប្រឆាំង នឹង​អំពើហិង្សា ដែល​គំរាមកំហែង​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​នៅហុងកុង​តែប៉ុណ្ណោះ។ នៅក្រោយ មហាបាតុកម្ម ប្រឆាំង​សេចក្តីព្រាងច្បាប់​ស្តីពីការធ្វើបត្យាប័ន​ទៅ​ចិន ដែលបាន​រញ្ជួយ ទីក្រុង ហុងកុង ជាង៧ខែ កាលពី​ឆ្នាំមុន ទីក្រុង ប៉េកាំងបង្កើត​ច្បាប់សន្តិសុខជាតិ​ហុងកុង ដើម្បី​បិទបញ្ចប់​មិន​ឲ្យ​មាន​មហាបាតុកម្ម ប្រឆាំង​ចិន​តទៅទៀត។

ចាប់ពី​ថ្ងៃ​ព្រហស្បតិ៍ រហូត​ដល់​ថ្ងៃ​សៅរ៍ គណៈកម្មាធិការ​អចិន្ត្រៃយ៍ របស់​សភា នឹង​បើក​ការពិភាក្សា​លើសេចក្តីព្រាងច្បាប់ សន្តិសុខជាតិ​ហុងកុង។ តាម ​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ សេចក្តីព្រាងច្បាប់​ផ្តោតសំខាន់​លើ​ចំណុច​៤ គឺ​ប្រឆាំង​នឹងការញុះញង់​បំបែកបំបាក់ទឹកដី ការធ្វើវិទ្ធង្សនា ប្រឆាំង​រដ្ឋអំណាច សកម្មភាព​ភេរវកម្ម និង​ការឃុបឃិត ជាមួយ​ជនបរទេស ឬ​កម្លាំង​ខាងក្រៅ​ដើម្បី​បំផ្លាញ​សន្តិសុខជាតិ។

តាម​ទីភ្នាក់ងារ​ចិន ស៊ីនហួរ សេចក្តីព្រាង​ច្បាប់​សន្តិសុខជាតិ​ហុងកុង​នឹង​អនុញ្ញាត​ផងដែរ​ឲ្យ​ប៉េកាំង​បញ្ជូន​ទាហាន បន្ថែម​ទៅហុងកុង។ សមាជិកម្នាក់​របស់​គណៈកម្មាធិការអចិន្ត្រៃយ៍​ទទួលបន្ទុក​ទីក្រុង​ហុងកុង បាន​និយាយ​ដែរថា ច្បាប់ស្តីពី​សន្តិសុខជាតិ​ហុងកុង មាន​ចែងផងដែរ ពីការធ្វើបត្យាប័ន​ទៅ​ប្រទេស​ចិន។ គឺ​ច្បាប់​ធ្វើ​បត្យាប័ន​ទៅប្រទេស​ចិន ដែលជាដើមហេតុ​នៃ​មហាបាតុកម្មប្រឆាំង ភ្លូកទឹក ភ្លូកដី នៅ​ហុងកុង កាលពី​ឆ្នាំមុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ