អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សន្និសីទ​អន្តរជាតិ​ស្តីពី​ជំងឺ​ស៊ីដា លើក​ទី​២៣ បើក​ធ្វើ​ក្នុង​បរិបទ​​កូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ស្រាវជ្រាវ​ អ្នក​វិទ្យាសាស្ត្រ អ្នក​នយោបាយ​ សកម្មជន​ស៊ីវិល ជា​ច្រើន​ពាន់​នាក់​ ត្រូវ​ជួបប្រជុំ​គ្នា ចាប់​ពី​ថ្ងៃ​ទី ៦​ -១១ កក្កដា២០២០ ក្នុង​​​សន្និសីទ​អន្តរជាតិ​ប្រចាំ​ឆ្នាំ​​ស្តី​ពី​ជំងឺ​ស៊ីដា ឬ​អេដស៍​លើក​ទី​២៣ ដើម្បី​បូកសរុប​​អំពី ស្ថានភាព​ទូទៅ​នៃ​ជំងឺ និង​ការ​វិវឌ្ឍ​ផ្នែក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ។  ប៉ុន្តែ​ខុស​ពី​សព្វ​មួយ​ដង សន្និសីទ​អន្តរជាតិ​ដែលគ្រោង​​ប្រព្រឹត្ត​ទៅ​នៅក្រុង ​​ Oakland និងនៅ​ក្រុង​​  San Francisco ទឹកដី​សហរដ្ឋ​អាមេរិក ត្រូវប្តូរ​មក​​រៀប​ចំ​តាម​ប្រព័ន្ធ​វីដេអូខុនហ្វេរិន​វិញ និង​ក្នុង​បរិបទ​ដែល​ពិភពលោក​កំពុង​ញាំញី​ដោយ​កូវីដ១៩​ទៀត។

មាន​មនុស្ស​ជាង​៣៧​លាន​នាក់ មាន​ផ្ទុក​មេរោគ​ហ៊ីវ នៃ​ជំងឺ​ស៊ីដា ឬអេដស៍
មាន​មនុស្ស​ជាង​៣៧​លាន​នាក់ មាន​ផ្ទុក​មេរោគ​ហ៊ីវ នៃ​ជំងឺ​ស៊ីដា ឬអេដស៍ AFP/File
ផ្សាយពាណិជ្ជកម្ម

មិន​ខុស​ពី​សកម្មភាព​ផ្សេង​ៗ​នៅ​លើ​ពិភពលោកទេ ការ​ប្រយុទ្ធ​ប្រឆាំ​ងនឹង​ជំងឺ​​ស៊ីដា ​រង​ផលរំខាន​​យ៉ាង​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ១៩ ៖ ប្រព័ន្ធ​សុខាភិបាល​ និង​ហិរញ្ញវត្ថុ​ត្រូវ​បង្វិល​​ទៅ​ផ្នែក​ទប់ទល់​នឹង​ការ​រាតត្បាត​​សាកល​កូវីដ​១៩​​ស្ទើរ​ទាំង​ស្រុង។ ការ​សិក្សាជា​ច្រើន​​ស្តីអំពី​អាក់ខាន និង​អំពីឧបសគ្គ​នៃ​ការ​ស្វែង​រក​ការ​ព្យាបាល​ស៊ីដា ​ក្នុង​បរិបទ​កូវីដ​ ​​​នឹង​ត្រូវ​បង្ហាញ​នៅក្នុង​សន្និសីទ​អន្តរជាតិ​លើក​នេះ។

ការរាតត្បាត​របស់​កូវីដ និង​ការ​បិទ​ខ្ទប់​ប្រទេស​ដើម្បី​ទប់​ស្កាត់​ការ​ចម្លង​កូវីដ ជា​តំណាង​ហានិភ័យ​យ៉ាង​ខ្ពស់ នៃ​ការ​ចម្លង​មេរោគ​ហ៊ីវ របស់​ក្រុម​ប្រឈម​ខ្លាំង ៖ ក្រុម​អ្នក​រក​ស៊ី​ផ្លូវ​ភេទ អ្នក​ទោស អ្នក​ប្រព្រឹត្ត​គ្រឿង​ញៀន​ ព្រមទាំងសហគម​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ដែល​រង​ការ​រើង​អើង​ស្រាប់និង​រងគ្រោះ​ជាង​គេ ទំនង​ជា​កាន់​តែ​រងគ្រោះ​ខ្លាំង​ថែម​ទៀត នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ ដោយ​មិន​រង់​ចាំ​តួលេខ​ច្បាស់​លាស់​ដែល​នឹង​ត្រូវ​លាត​ត្រដាង​នៅ​ក្នុង​សន្និសីទ  គេ​អាច​និយាយ​បាន​ជា​ស្រេច​ថា កូវីដ​១៩ បាន​ធ្វើ​ឱ្យ​ស្ថានភាព​ជំងឺ​ស៊ីដា​ឬ​អេដស៍​ធ្លាក់​ធ្ងន់ធ្ងរ​ខ្លាំង។

៩០-៩០-៩០

អង្គការ​សហប្រជាជាតិ មាន​បំណង​បញ្ចប់​ការ​រាតត្បាត​នៃ​ជំងឺ​ស៊ីដា នៅឆ្នាំ​២០៣០ ដោយ​កំណត់​កម្មវត្ថុ​អន្តរកាល​ ៩០-៩០-៩០។ មាន​ន័យ​ថា ៩០%​នៃអ្នក​ជំងឺ​ស៊ីដា ត្រូវ​ដឹង​ថា​ខ្លួន​មាន​ជំងឺ​អេដស៍ ៩០%​នៃ​អ្នក​ដែល​បាន​មក​ធ្វើ​តេស្ត​រក​មេរោគ​ហ៊ីវ ត្រូវ​ទទួល​បានថ្នាំ​​ព្យាបាល​​ និង​៩០%​នៃ​អ្នក​ដែល​បាន​ទទួល​ការ​ព្យាបាល​លែង​​មាន​សមត្ថភាព​ចម្លងទៅ​​អ្នក​ដទៃ ពោល​គឺ​បាន​ទទួល​ការ​ព្យាបាលត្រឹម​ត្រូវនិង​មាន​ប្រសិទ្ធភាព អាច​​គ្រប់គ្រង​​វីរុសបាន​។ ការ​ព្យាបាល​ ត្រូវ​បាន​ចាត់​ទុក​ជា​ផ្លូវការថា​ជា​​ថ្នាំ​ការពារ​​ទៀត។

៩០-៩០-៩០នេះ ជា​កម្មវត្ថុ​ត្រូវ​សម្រេច​ឱ្យ​បាននៅ​ឆ្នាំ​២០២០​។ ប៉ុន្តែ​ជា​ដំណឹង​អាក្រក់​ ​ ពិភពលោក​បរាជ័យ​។ ​កម្មវត្ថុ​អន្តរកាល​មិន​សម្រេច​មិនមែន​ដោយ​ហេតុ​កូវីដ១៩​ទេ។ ផលប៉ះពាល់​របស់​កូវីដ មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា​ដំណាក់កាល​នេះ​ទេ​។ ប្រសិន​បើ​ថែម​ផល​រំខាន​របស់​កូវីដ​១៩​មួយ​ទៀត នោះពិភពលោក​នឹង​នៅ​កាន់​តែ​ឆ្ងាយ​ពី​​កម្មវត្ថុ​៩០-៩០-៩០ ខ្លាំង​ថែម​ទៀត។

មិន​អាច​បញ្ចប់​ការ​ចម្លង​ស៊ីដា​នៅ​ត្រឹម​ឆ្នាំ ២០៣០ 

តាម​ការ​ពិត បើ​គិត​ជា​ទូទៅ​កំរិត​ពិភពលោក ការ​ការ​ពារ​និង​ព្យាបាល​ជំងឺ​អេដស៍​​មាន​ភាព​ប្រសើរ​ឡើង​ច្រើន​ ប៉ុន្តែ​មាន​កត្តា​ផ្សេង​ទៀត​ជា​ច្រើន​ដែលមក​រារាំង​មិន​ឱ្យ​សម្រេច​កម្មវត្ថុ​​បាន​ គឺ​ប្រជាពលរដ្ឋ​ក្រុម​ប្រឈម​ខ្លាំង​ នៅ​តែ​ជា​ជន​រងគ្រោះ​ជួរ​មុខ​ដដែល​។ ដោយ​ការ​រើស​អើង​ក្នុង​សង្គម​ឬ​ពី​ប្រព័ន្ធ​នយោបាយ ជន​ងាយ​រងគ្រោះ​ក្រុម​នេះ ច្រើន​នៅ​តែ​នៅ​ក្រៅ​ប្រព័ន្ធ​ព្យាបាល និង​នៅ​ក្រៅ​កម្មវិធី​ការពារ​ជំងឺ​អេដស៍។ កត្តា​ទី​ពីរ គឺ​ថវិកា។ យុទ្ធនាការ​ចុះ​ធ្វើ​តេស្ត​ដល់​កន្លែង​ ផ្តល់​សេវា​ព្យាបាល និង​ធ្វើ​ឱ្យ​អ្នក​មាន​ផ្ទុក​មេរោគ​លែង​ក្លាយ​ជា​ភ្នាក់ងារ​ចម្លង​ទៅ​កាន់​សហគមន៍ ត្រូវ​ការ​ជា​ចាំ​បាច់​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​និ​ងមធ្យោបាយ​ ដែលមិន​គ្រប់​គ្រាន់​ទេ​បច្ចុប្បន្ន​នេះ។

​កាលពី​ឆ្នាំ​ទៅ អង្គការ​សហប្រជាជាតិ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​មូលនិធិ​ពិភពលោក​ប្រឆាំង​នឹង​ជំងឺ​ស៊ីដា​ហើយ​។ ទោះ​បី​មាន​វិបត្តិ​កូវីដ​១៩ ក៏​សហគម​អន្តរជាតិ​បាន​បំពេញ​ហិប​មូលនិធិ​ បាន​១៤​ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្លើយ​តប​ទៅ​នឹង​សេចក្តី​ត្រូវ​ការ​ចាំបាច់​​​បំផុត​ប៉ុណ្ណោះ តែ​សម្រាប់​រយៈ​ពេល​ពី​ឆ្នាំ​២០២០-២២។ ដូច្នេះ​សន្និសីទ​អន្តរជាតិ​លើក​ទី​២៣​ជា​ឱកាស​នៃ​ការ​ជជែក​ពិភាក្សា​ គិត​គូរ​ឡើង​វិញ​អំពី​​នយោបាយ​ប្រយុទ្ធ​ប្រឆាំង​នឹង​ស៊ីដា​ និង​​បញ្ហា​ហិរញ្ញវត្ថុ​ ធ្វើ​យ៉ាង​ណា​ឱ្យ​ពិភពលោក​បន្ត​រក្សា​ក្តី​សង្ឃឹម​ថា គង់​​នៅថ្ងៃ​ណាមួយ​យើង​នឹង​យក​ឈ្នះ​ជំងឺ​អេដស៍​បាន បើ​ទោះបី​ទោះ​ជា​មិន​អាច​បញ្ចប់​ការ​រាតត្បាត​ចម្លង​ស៊ីដា​នៅ​ឆ្នាំ​២០២៣​ក៏ដោយ។

ចំពោះ​ទិដ្ឋភាព​​វិទ្យាសាស្ត្រ​វិញ អ្នកស្រាវជ្រាវ​វេជ្ជសាស្ត្រ​ មាន​មធ្យោបាយ​សម្រាប់​ទប់​ស្កាត់​ ​ការ​រាតត្បាត​របស់​មេរោគ​ហ៊ីវ​ហើយ ដូច​ជា មាន​មធ្យោបាយ​ការពារ និង​​ថ្នាំ​ព្យាបាល​ដ៏សក្តិសិទ្ធ​ណាស់។ អ្នក​វិទ្យាសាស្ត្រ​អាច​និង​នៅ​តែ​បន្ត​សិក្សា​ឱ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង​ថែ​ម​ទៀត ប៉ុន្តែ​បញ្ហា​ជាក់ស្តែង​នាពេលនេះ​ មិនមែន​រឿង​ថ្នាំ-​រឿង​គ្មាន​វិធី​ការពារ​និង​ព្យាបាល​ទេ ​បញ្ហាចោទ​ចំ​នៅ​ត្រង់​​ថា​តើ​ត្រូវ​ធ្វើ​ដូចម្តេច​ឱ្យ​វិធី​ការពារ​និ​ងព្យាបាល​នោះ​បាន​ទៅដល់​​អ្នក​ប្រឈម ដោយ​ជាក់ស្តែង​។ ចំណែក​ថ្នាំ​បង្ការ​ដែល​អាច​ប្តូរ​ផ្លាស់​​ស្ថានការណ៍​បាន​វិញ ទំនង​ជា​ត្រូវ​រង់ចាំ​យូរពេល​ទៀត​ណាស់​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ