អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង​ បក់​បោក​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​ខ្លាំង​ដល់​តៃវ៉ាន់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ដាក់​ឲ្យ​អនុវត្ត​ច្បាប់សន្តិសុខជាតិ​របស់​ចិន​ទៅលើ​ទីក្រុង​ហុងកុង​ បាន​ធ្វើ​ឲ្យ​ក្រុម​អ្នក​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​ មាន​ការ​ព្រួយ​បារម្ភជាខ្លាំង​អំពី​ការ​បាត់បង់​ឈ្មោះ​ជាដែនដី​ពិសេស​របស់​ហុងកុង​។​ បន្ទាប់ពី​ច្បាប់​សន្តិសុខជាតិ​ចាប់​ចូលជា​ធរមាន​នៅ​ថ្ងៃទី១​ កក្កដា​ ដើម​សប្តាហ៍នេះ​មក​ ហុងកុង​ជួប​ភាព​រំជើបរំជួល​ច្រើន​។ ករណី​ចាប់​ឃាត់ខ្លួន​មនុស្ស​រាប់​សិប​នាក់​ចាប់​កើតមាន​ឡើង​ភ្លាមៗ​ ហើយ​ពលរដ្ឋ​ហុងកុង​វិញ​ក៏​ផ្តើម​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​ក្នុងការ​បញ្ចេញមតិ​។ ហេតុការណ៍​ថ្មី​ចុងក្រោយ​នេះ​ បាន​បោកបក់​ឲ្យ​មានរលក​នៃ​ការ​ភ័យខ្លាច​ខ្លាំង​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​តៃវ៉ាន់​ ដែល​បារម្ភ​ថា​គោលដៅ​បន្ទាប់​របស់​ក្រុង​ប៉េកាំង​គឺ​តៃប៉ិនេះហើយ។

ស្ត្រីម្នាក់ដើរកាត់ផ្ទាំងរូបភាពនៃការតាំងពិព័រណ៍សិល្បៈមួយដែលមានឈ្មោះថា “ការតាំងពិព័រណ៍គម្រប់ខួបនៃការប្រឆាំងនឹងការធ្វើបត្យាប័ននៅហុងកុង” នៅឯមូលដ្ឋានតុក្កតាតៃវ៉ាន់ក្នុងក្រុងតៃប៉ិនាថ្ងៃទី ៣ កក្កដា ឆ្នាំ២០២០។
ស្ត្រីម្នាក់ដើរកាត់ផ្ទាំងរូបភាពនៃការតាំងពិព័រណ៍សិល្បៈមួយដែលមានឈ្មោះថា “ការតាំងពិព័រណ៍គម្រប់ខួបនៃការប្រឆាំងនឹងការធ្វើបត្យាប័ននៅហុងកុង” នៅឯមូលដ្ឋានតុក្កតាតៃវ៉ាន់ក្នុងក្រុងតៃប៉ិនាថ្ងៃទី ៣ កក្កដា ឆ្នាំ២០២០។ AFP
ផ្សាយពាណិជ្ជកម្ម

ហុងកុង​ជា​គោលដៅ​របស់​ចិន​នៅ​ថ្ងៃនេះ​ហើយ​គោលដៅ​បន្ទាប់​គឺ​តៃវ៉ាន់​

ប្រទេសចិន​ បាន​ប្រកាន់​យក​ជំហរ​ម៉ឺងម៉ាត់​ខ្លាំង​មែនទែន​សំដៅ​ទៅ​រក​កោះតៃវ៉ាន់​ ចាប់តាំង​ពី​ឆ្នាំ​ ២០១៦ មក​ ពោល​គឺ​ចាប់តាំងពី​លោកស្រី​ឆៃ​ អ៊ីងវេន​ ដែលជា​អ្នក​ឯករាជ្យនិយម​មកពី​គណបក្ស​ប្រជាធិបតេយ្យ​ចម្រើន​និយម​ជាប់​ឆ្នោត​កាន់​តំណែងជា​ប្រធានាធិបតី​តៃវ៉ាន់។

ជ័យជំនះ​របស់​លោកស្រីឆៃ អ៊ីងវេន​ គឺជា​តឹកតាង​បង្ហាញ​ឲ្យឃើញ​យ៉ាងច្បាស់ថា​ ប្រជា​ពលរដ្ឋ​​តៃវ៉ាន់​ ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ​ និង​មិន​ចង់​ស្ថិតនៅក្រោម​ការ​គ្រប់គ្រង​របស់​ចិន​កុម្មុយនិស្ត​ឡើយ​។ មួយវិញទៀត​ យុវវ័យ​តៃវ៉ាន់ បាន​សម្តែង​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​ណាស់ចំពោះ​ព្រឹត្តិការណ៍​ដែល​បាននិង​កំពុង​កើតឡើង​នៅ​ហុងកុង​ ជាពិសេស​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​ច្បាប់​សន្តិសុខជាតិ​ ដែល​ចិន​ទើប​បាន​អនុម័ត​ និង​ដាក់​ឲ្យ​ចូល​ជា​ធរមាន​កាលពី​ថ្ងៃទី១​ កក្កដា​ ឆ្នាំ​២០២០​នេះ​។

នៅ​តាម​បណ្តាញ​សង្គម​មួយ​រយៈពេល​ចុងក្រោយ​នេះ​ គេ​ឃើញ​មាន​ពោរពេញ​ទៅដោយ​សារ​គាំទ្រ​ដល់​ចលនា​ប្រជាធិបតេយ្យ​របស់​ហុងកុង​។ ពលរដ្ឋ​តៃវ៉ាន់​ជាច្រើន​ផ្សេងទៀត​ បាន​បង្ហាញផងដែរ​ពី​ជំហរ​របស់ពួកគេ​ គាំទ្រ​ឯករាជ្យភាព​របស់តៃវ៉ាន់​ឬ​បង្ហាញពី​ការ​រំលោភសិទ្ធិ​សេរីភាព​របស់​ចិន​ នៅក្នុង​តំបន់​ទីបេ​និង​ស៊ីនជាំង​។ល។​

និពន្ធ​នាយក​ទស្សនាវដ្តី​តៃវ៉ាន់​ម្នាក់​ គឺ​លោកស្រី​ វេនឌី ប៉េង​ បាន​និយាយថា​ គាត់​នឹង​ជៀស​មិន​ទៅ​ក្រុង​ហុងកុង​ឡើយ​ ក្រោយ​ច្បាប់​សន្តិសុខជាតិ​ត្រូវបាន​ដាក់ឲ្យ​អនុវត្តនៅ​ទីនោះ​។ លោកស្រី​វេនឌី​ បាន​បន្ថែម​ថា​ ច្បាប់​សន្តិសុខជាតិ​របស់​ចិន​បាន​ធ្វើឲ្យ​គាត់​ឆ្ងល់ថាតើ​ចិន​ នឹង​ហ៊ាន​ធ្វើ​អ្វី​ដល់​កម្រិត​ណា​ទៀត។ តាម​ការ​គិត​របស់​លោកស្រី​ ចិន​នឹង​មិនឈប់​ត្រឹមនេះ​នោះទេ​ ហើយ​គោលដៅ​បន្ទាប់​របស់​ចិន​គឺ​ដណ្តើម​យក​តៃវ៉ាន់​មក​កាន់កាប់ឲ្យ​ខានតែបាន​។

ច្បាប់​សន្តិសុខជាតិ​ហុងកុង​ បង្កជា​ការភ័យព្រួយ​ដល់​ពលរដ្ឋ​តៃវ៉ាន់​

ជុំវិញ​រឿងនេះ​ និស្សិត​តៃវ៉ាន់​ម្នាក់​ បាន​ប្រាប់​ទីភ្នាក់ងារ​បារាំង​ AFP​ ថា​ ការ​លេចឡើង​នៃ​ច្បាប់​សន្តិសុខ​ជាតិហុងកុង​កាន់តែធ្វើ​ឲ្យ​នាង​ស្អប់​ចិន​ខ្លាំង​ជាងមុន​។ “ចិន​បាន​សន្យា​នឹង​គោរព​តាម​លក្ខន្តិកៈ​ជាដែនដី​ពិសេស​របស់​ហុងកុង​រហូត​ដល់​ឆ្នាំ​ ២០៤៧​ ប៉ុន្តែ​ចិន​សព្វថ្ងៃនេះ​កំពុង​តែ​លូកដៃ​កាន់តែជ្រៅ​ចាប់​យក​ហុងកុង​ដោយ​គ្មាន​សន្ធូរដៃឡើយ​”។ នេះ​ គឺជា​ការ​លើក​ឡើង​របស់​យុវនិស្សិតតៃវ៉ាន់​ខាងលើ ដោយ​សម្តែង​ក្តី​បារម្ភ​ទៀត​ថា​ នៅថ្ងៃ​បន្ទាប់​ចិន​នឹង​លូកដៃ​មក​កៀកតៃវ៉ាន់​ជាប់​ដូច​អ្វី​ដែល​ចិន​កំពុង​ធ្វើ​លើ​ហុងកុង​អីចឹង​ដែរ​។

ខណៈដែល​ពលរដ្ឋ​តៃវ៉ាន់​មួយចំនួនធំ​ មិនពេញចិត្ត​ចំពោះ​ច្បាប់​សន្តិសុខជាតិ​របស់​ចិន​ ពលរដ្ឋ​តៃវ៉ាន់​ផ្សេងជាច្រើនទៀត​ បារម្ភ​សូម្បីតែ​ធ្វើដំណើរ​ឆ្លងកាត់​ដែនដី​ហុងកុង​។ ពួកគេ​ បារម្ភ​ខ្លាចថា​ សារ​ដែល​ពួកគេ​បាន​ចែកចាយ​តាម​បណ្តាញ​សង្គម​អាចត្រូវ​ចិន​យក​ធ្វើជា​ឧបករណ៍​ដើម្បី​ចាប់​ពួកគេ​ដាក់ទោស​ដោយ​ផ្អែក​លើ​ច្បាប់​សន្តិសុខជាតិ​។

លោក​ Alexander Huang អ្នក​វិភាគ​នយោបាយ​ម្នាក់​នៅឯ​សាកលវិទ្យាល័យ​ Tamkang នៃក្រុង​តៃប៉ិ​ បាន​មាន​ប្រសាសន៍​ថា​ ច្បាប់​សន្តិសុខជាតិ​ហុងកុង​ កាន់តែ​ធ្វើឲ្យ​ចិន​មើលទៅ​អាក្រក់​ឡើង​ៗ និង​កាន់តែ​ធ្វើឲ្យ​ចិន​មិន​អាច​ស្និទ្ធស្នាល​នឹង​ពលរដ្ឋ​ហុងកុង​បាន​ កុំថា​ឡើយ​តែ​ជាមួយពលរដ្ឋ​តៃវ៉ាន់​។

គួររំឭកជូនថា នៅគ្រាកន្លងមក​ រដ្ឋាភិបាល​ចិន​ប៉េកាំង​ធ្លាប់​បាន​បញ្ចុះបញ្ចូល​តៃវ៉ាន់​ឲ្យ​យល់​ព្រម​ទទួល​ស្គាល់​គោល​នយោបាយ​ចិន​តែ​មាន​ និង​បាន​សន្យា​ផ្តល់ឲ្យ​តៃវ៉ាន់​នូវ​គំរូ​ “ប្រទេស​មួយ​ប្រព័ន្ធ​ពីរ​” ដូច​ក្រុង​ហុងកុង​ ដោយ​ធានា​នូវ​សេរីភាព​ស៊ីវិល​ និង​ស្វ័យភាព​។ ក៏ប៉ុន្តែ​ ទង្វើ​ដែល​ចិន​កំពុង​ធ្វើ​ដាក់​ហុងកុង​នា​ពេល​បច្ចុប្បន្ននេះ​បាន​ជំរុញឲ្យ​ពលរដ្ឋ​តៃវ៉ាន់​កាន់តែ​មិន​ទុក​ចិត្ត​ចិន​ទ្វេឡើង និង​មិន​ព្រម​ជាដាច់ខាត​រួមរស់​ក្រោម​ដំបូង​ចិន​ប៉េកាំង​តែ​មួយ​ ព្រោះ​ខ្លាចជួប​វាសនា​ដូច​ហុងកុង​ដែរ​។

យុត្តាធិការ​សកល​

ការ​ព្រួយបារម្ភ​របស់​ពលរដ្ឋ​តៃវ៉ាន់​ មិនមែន​ជា​រឿង​ចម្លែក​នោះទេ​ ហើយ​គេអាច​មើលឃើញ​ពី​គ្រោះថ្នាក់​របស់​ពួកគេ​បាន​តាមរយៈ​ខ្លឹមសារ​នៃ​ច្បាប់​សន្តិសុខជា​តិហុងកុង​។ ច្បាប់ថ្មី​នេះ​ អនុញ្ញាត​ឲ្យ​បង្កើត​អង្គភាព​សន្តិសុខ​ជាតិ​ថ្មី​មួយ​តំណាង​ឲ្យ​ប៉េកាំង​នៅហុងកុងបាន​។ ប៉ូលិស​ហុងកុងក៏​បាន​បញ្ជាក់យ៉ាងច្បាស់ដែរ​ថា​ សកម្មភាព​គាំទ្រ​ដល់​ឯករាជ្យ​ហុងកុង​ តៃវ៉ាន់​ ទីបេ​ ឬក៏​ស៊ីនជាំង​គឺ​ជា​អំពើ​ខុសច្បាប់​។

មួយវិញទៀត​ យោងទៅតាម​មាត្រាទី​៣៨​ ឧក្រិដ្ឋកម្ម​សន្តិសុខ​ អាចត្រូវ​បាន​ប្រព្រឹត្ត​ឡើង​នៅគ្រប់​ទីកន្លែង​ក្នុង​ពិភពលោក​ ដោយ​បុគ្គល​ដែល​មាន​សញ្ជាតិ​ណាមួយ​។ ទាំងអស់នេះ​ បង្ហាញ​ថា​ ចិន​ចង់​ធ្វើឲ្យ​ច្បាប់សន្តិសុខជាតិ​របស់ខ្លួន​ ប្រើ​បាន​ទូលំទូលាយ​ មិនថា​តែ​នៅ​ហុងកុង​ ទីបេ​ ស៊ីនជាំង​ ឬក៏​តៃវ៉ាន់​ឡើយ​។

កាលពី​សប្តាហ៍មុន​ លោក​ចិន មីងតុង​ (Chen Ming-tong) មន្ត្រី​តៃប៉ិ​ទទួល​បន្ទុក​កិច្ចការ​ចិន​-តៃវ៉ាន់​ បាន​ចោទប្រកាន់​ក្រុងប៉េកាំង​ថា​មាន​បំណង​ក្លាយ​ជា​កំពូល​មហាអំណាច​ផុតលេខ​ និង​ចង់​បញ្ជាឲ្យ​ប្រទេស​ទាំងអស់​ក្នុងលោក​គោរព​តាម​ច្បាប់​របស់​ខ្លួន​។

ជាមួយគ្នានេះ​ លោក​លីន ហ្វីហ្វាន (Lin Fei-fan) អគ្គលេខាធិការរង​នៃ​គណបក្ស​កាន់​អំណាច​តៃវ៉ាន់ បានក្រើករំឭកដល់​ពលរដ្ឋ​តៃវ៉ាន់​ថា​ ឥឡូវនេះ​ ពួកគេ​អាចនឹង​ប្រឈម​ទៅនឹង​ការចាប់ខ្លួន​ដោយ​រដ្ឋអំណាច​ចិន​ប៉េកាំង​ ប្រសិនបើ​ពួកគេ​ធ្វើដំណើរ​ទៅហុងកុង​។ មន្ត្រី​រដ្ឋាភិបាល​តៃវ៉ាន់​រូបនេះ​ មាន​លើក​ឧទាហរណ៍​ពី​ករណី​បុគ្គលិក​អង្គការ​ជនជាតិ​តៃវ៉ាន់​ម្នាក់​ ដែល​ត្រូវ​បាន​ចាប់ដាក់ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ប្រទេសចិន​ ក្រោយ​ហេតុផល​ថាបាន​ធ្វើវិទ្ធង្សនា​នៅពេល​ធ្វើ​ដណើរ​ចូល​ក្នុង​ទឹក​ដៃ​ចិន​កាល​ពីឆ្នាំ​ ២០១៧​។

អ្នក​សារព័ត៌​មាន​តៃវ៉ាន់ម្នាក់​ គឺ​លោកស៊ុង​ ចិនអេន​ (Sung Chen-en)  បាន​និយាយ​ថា​ច្បាប់​​សន្តិសុខថ្មី​របស់​ប៉េកាំង​មានខ្លឹមលារទូលំទូលាយជ្រុលនិងបង្កើតភាព​មិនប្របាកប្រជា​ច្រើនដែល​​គេ​អាច​និយាយ​បាន​ថា​វាគឺជាយុត្តាធិការសកល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ