អានតួអត្ថបទ

ភូមា​ត្រៀម​បាញ់​បង្ហោះ​ផ្កាយរណប ជាលើកដំបូង​របស់ខ្លួនដើម្បី​តាមដានបរិស្ថាន

ភូមា ដែល​ជា​ប្រទេស​ក្រីក្រ​មួយ នៅ​អាស៊ី​អាគ្នេយ៍ នឹង​បាញ់​បង្ហោះ​ផ្កាយរណប​ផ្ទាល់ខ្លួន​មួយ ដើម្បី​តាមដាន​បរិស្ថាន នៅលើ​ផែនដី។ គម្រោងការ​ផ្កាយរណប​របស់ភូមា ជាផ្នែក​មួយ​នៃ​កម្មវិធី​អវកាស​របស់​សមាគម​អាស៊ី​មួយ ដែល​មាន​ទិសដៅ​បំពាក់បច្ចេកវិទ្យា សម្រាប់​ទប់ទល់​គ្រោះ​មហន្តរាយ​ធម្មជាតិ ឬ​ការប្រែប្រួល​អាកាសធាតុ។

រូបសំណាករ៉ុកកែត សម្រាប់​នាំផ្កាយរណប​ភូមាសម្រាប់តាមដាន​បរិស្ថាន ​នៅ​សកលវិទ្យាល័យភូមា នៅកណ្តាល​ប្រទេស​ភូមា នៅខែ​មិថុនា ២០២០
រូបសំណាករ៉ុកកែត សម្រាប់​នាំផ្កាយរណប​ភូមាសម្រាប់តាមដាន​បរិស្ថាន ​នៅ​សកលវិទ្យាល័យភូមា នៅកណ្តាល​ប្រទេស​ភូមា នៅខែ​មិថុនា ២០២០ AFP - YE AUNG THU
ផ្សាយពាណិជ្ជកម្ម

ភូមា ដែល​ជា​ប្រទេស​ក្រីក្រ​ជាងគេ នៅក្នុង សម្ព័ន្ធ អវកាស​អាស៊ី ដែល​មាន​ថៃ វៀតណាម ហ្វីលីពីន ឥណ្ឌូណេស៊ី និង​ជប៉ុន ជាសមាជិក កំពុង​ត្រៀមខ្លួន ដើម្បី​បាញ់​បង្ហោះ​ផ្កាយរណប​ជាលើក​ដំបូង​របស់ខ្លួន ដើម្បី ការពារ​ជីវិត​មនុស្ស​រាប់លាន​នាក់​ពីគ្រោះមហន្តរាយ​ធម្មជាតិ។

ផលិត​នៅប្រទេស​ជប៉ុន ផ្កាយរណប​របស់​ភូមា ត្រូវ​បាន​គូររចនា និង​អភិវឌ្ឍឡើង ដោយ​ក្រុមវិស្វករ​ភូមា នៅក្នុង​អគារ​មហាវិទ្យាល័យ បច្ចេកវិទ្យា​អវកាស ដែលមាន​ទីតាំង​នៅ​កណ្តាល​ប្រទេស​ភូមា។ សម្រាប់​ប្រធាន​មហាវិទ្យាល័យ​ភូមា បច្ចេកវិទ្យា​ថ្មីនេះ​នឹង​ជួយ​ភូមា ឲ្យ​លោត បោះ​មួយជំហាន​ធំ។

ផ្កាយរណប​របស់​ភូមា នឹងត្រូវ​បាញ់​ចេញ​ពី​ទឹកដី​បរទេស នៅ​អំឡុង​ដើម​ឆ្នាំ​ក្រោយ។ ទោះជា​ភូមា គ្មាន​កន្លែង​សម្រាប់​បាញ់បង្ហោះ​ផ្កាយរណប ប៉ុន្តែ វិស្វករ​ភូមា នឹង​មាន​សិទ្ធិ​គ្រប់គ្រង​បញ្ជា​ផ្កាយរណប ដោយ​រួម​សហការ​ជាមួយ មជ្ឈមណ្ឌល​ត្រួតពិនិត្យ​មួយផ្សេងទៀត ដែល​មាន​ទីតាំង​នៅប្រទេស​ជប៉ុន។

សម្រាប់​អ្នកវិទ្យាសាស្រ្ត​ជប៉ុន លោក Yukihiro Takahashi មក​ពី​សកលវិទ្យា​ហុកកៃដូ ដែលធ្វើការ​ជាមួយ​វិស្វករភូមា ភូមា​ដើរតួនាទី​សំខាន់​មួយ នៅក្នុង​គម្រោង បើទោះជា​ភូមា​ចូលរួម​បង់វិភាគទាន តែ​១៦​លាន​ដុល្លារ សម្រាប់​គម្រោង​ដែល​មាន​តម្លៃ សរុប ១០០​លាន​ដុល្លារ។

ជប៉ុន ហ្វីលីពីន វៀតណាម ឥណ្ឌូណេស៊ី បង់ក្លាដែស ម៉ុងហ្គោលី ថៃ ម៉ាឡេស៊ី និង​ភូមា បាន​រួមគ្នា នៅក្នុង​សម្ព័ន្ធ​អវកាស​អាស៊ី ដើម្បីផលិត និង​បាញ់បង្ហោះផ្កាយរណប សម្រាប់​តាមដាន ព្យុះ គ្រោះរញ្ជួយដី ចរន្តទឹកសមុទ្រ នៅ​ទ្វីបអាស៊ី ក៏ដូចជា ដីកសិកម្ម ឬ​ការរីករាលដាល​នៃ​មេរោគរាតត្បាត​ណាមួយ។

គោលដៅ​របស់​សម្ព័ន្ធ​អវកាស​អាស៊ី គឺ​បាញ់​បង្ហោះ ផ្កាយរណប ដែល​មាន​តម្លៃ​ថោក ចំនួន ៥ ក្នុង​មួយឆ្នាំ (ផ្កាយរណប​ដែល​មាន​ទម្ងន់​តិចជាង ១០០គីឡូក្រាម និង​មានជីវិត ៥ឆ្នាំ) រហូត ដល់​គ្រប់ចំនួន ៥០ នៅក្នុង​គន្លងតារាវិថី។ ផ្កាយរណប​របស់​សម្ព័ន្ធអវកាស​អាស៊ី នឹង​មាន​បំពាក់​ដោយ​កាម៉េរ៉ា ដ៏​ជឿនលឿន​បំផុត ដែល​អាច​ថត​រូបភាព​ដី​កសិកម្ម ការអភិវឌ្ឍ​ក្រុង ការកាប់បំផ្លាញ​ព្រៃ និង​ការជីករ៉ែ​ខុសច្បាប់​ជាដើម។

លោក Sinead O’Sullivan អ្នកស្រាវជ្រាវ​អាមេរិកាំងម្នាក់ មក​ពី​វិទ្យាសា្ថន​បច្ចេកវិទ្យា Massachusetts នៅអាមេរិក បាន​ទាមទារ​ជា​ច្រើនឆ្នាំ​មកហើយ ដើម្បី​ឲ្យ​ប្រទេស​កំពុងអភិវឌ្ឍ វិនិយោគ នៅក្នុង​វិស័យ​បច្ចេកវិទ្យា ផ្កាយរណប ផ្ទាល់ខ្លួន ជា​ជាង ពឹងផ្អែក​ប្រទេស​មហាអំណាច ដូចជា​អាមេរិក​ជាដើម ដែល​តែង​លក់រូបភាព​ផ្កាយរណប ក្នុង​តម្លៃ​ថ្លៃ​កប់ពពក។ គេ​ប៉ាន់ស្មានថា រាល់​១ដុល្លារ ដែល​អាមេរិក​ចំណាយ​សម្រាប់​គម្រោង​ផ្កាយរណប នឹង​នាំ​ឲ្យ​អាមេរិក​ចំណេញ​មកវិញ ដល់ទៅ ៤០​ដុល្លារ សម្រាប់​សេដ្ឋកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ