អានតួអត្ថបទ

បោះឆ្នោត​សភា៖ បងប្អូន​ត្រកូលរ៉ាចាប៉ាក់សេសង្ឃឹម​ពង្រឹង​អំណាច​កាន់តែ​ខ្លាំង នៅ​ស្រីលង្កា

ប្រជាជន​ស្រីលង្កា ជាង ១៦លាននាក់​ត្រូវ​ធ្វើ​ដំណើរទៅ​បោះឆ្នោត សភា នៅ​ថ្ងៃ​ពុធ នេះ នៅក្នុងបរិបទ​ដែល​សេដ្ឋកិច្ច​ប្រទេស​កំពុង​បាក់ទ្រម ដោយសារ​វិបត្តិសេដ្ឋកិច្ច។ ដោយ​រំពឹង​ទទួល​ជ័យជំនះ​ផ្តាច់មុខ នៅក្នុង​ការបោះឆ្នោត​សភា ត្រកូល​រ៉ាចាប៉ាក់សេ ដែល​មានប្អូន​ជា​ប្រធានាធិបតី និង​បងប្រុស ជា​នាយករដ្ឋមន្រ្តី រំពឹង​ពង្រឹង​អំណាច ដើម្បី គ្រប់គ្រង​ស្រីលង្កា​យូរតទៅទៀត រហូត​ដល់​កូនចៅជំនាន់ក្រោយ។ 

លោកនាយករដ្ឋមន្រ្តី ម៉ាហិនដា រ៉ាចាប៉ាក់សេ​ដែល​មាន​តំណែង​ជា​ប្រធានគណបក្ស​កាន់អំណាច​ស្រីលង្កា Sri Lanka People's Front ដើរទៅបោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នៅ​រដ្ឋសភា
លោកនាយករដ្ឋមន្រ្តី ម៉ាហិនដា រ៉ាចាប៉ាក់សេ​ដែល​មាន​តំណែង​ជា​ប្រធានគណបក្ស​កាន់អំណាច​ស្រីលង្កា Sri Lanka People's Front ដើរទៅបោះឆ្នោត​ជ្រើសរើស​តំណាងរាស្រ្ត​នៅ​រដ្ឋសភា REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ត្រូវ​លើកពេល​អស់ ៤ខែ ដោយសារ​វិបត្តិកូវីដ ស្រីលង្កា នៅ​ថ្ងៃ​ពុធនេះ បាន​រៀបចំ​ការបោះឆ្នោត ដែលក្នុង​នោះ បេក្ខជន​ជាង ៧ពាន់នាក់ ត្រូវ​ប្រកួតប្រជែង​គ្នា សម្រាប់​អាសនៈ​២២៥​នៅ​រដ្ឋសភា។

ប្រធានាធិបតី ស្រីលង្កា លោកហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ហើយ​និង​បងប្រុស លោក​ម៉ាហិនដា រ៉ាចាប៉ាក់សេ ដែល​មាន​តំណែង​ជា​នាយករដ្ឋមន្រ្តី សង្ឃឹម​ទទួល​បាន​សំឡេង​ភាគច្រើន ២ភាគ៣ នៅ​រដ្ឋសភា ដើម្បី​អាច​កែប្រែ​រដ្ឋធម្មនុញ្ញ សំដៅ​ពង្រឹង​អំណាច​របស់​ប្រធានាធិបតី។

បើសិន​គណបក្ស​របស់​ខ្លួន ​ឈ្នះឆ្នោត ទទួលបាន​សំឡេង​ភាគច្រើន​នៅ​រដ្ឋសភា នោះ បងប្អូន​ត្រកូលរ៉ាចាប៉ាក់សេ​នឹង​ធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញ ដែល​រដ្ឋាភិបាល​មុន​បាន​តាក់តែង​ឡើង ដើម្បី កំណត់​អំណាច និងអាណត្តិប្រធានាធិបតី ត្រឹមតែ​២អាណត្តិ។

ប៉ុន្តែ បងប្អូន​ត្រកូល រ៉ាចាប៉ាក់សេ ដែល​បាន​ត្រលប់​ទៅកាន់​អំណាច សាជាថ្មី នៅ​ស្រីលង្កា ខែ​វិច្ឆិកា​ឆ្នាំមុន ចង់កែប្រែ​រដ្ឋធម្មនុញ្ញ​ឡើងវិញ ដើម្បី​ប្រមូល​អំណាច តុលាការ ប៉ូលិស ឲ្យ​មក​ស្ថិត​ក្នុង​ដៃគ្រប់គ្រង​របស់​ប្រធានាធិបតី។ ដោយធ្វើកំណែទម្រង់ រដ្ឋធម្មនុញ្ញ ត្រកូល​រ៉ាចាប៉ាក់សេ​លែង​ចង់​ឲ្យ​មាន​ការកំណត់​អាណត្តិ​ប្រធានាធិបតី តទៅទៀត។ ជាក់ស្តែង បងប្រុស របស់​ប្រធានាធិបតី គឺ​លោក​ម៉ាហិនដា រ៉ាចាប៉ាក់សេ ដែល​ដឹកនាំ ស្រីលង្កា អស់​១០ឆ្នាំ ជាមួយ​កណ្តាប់ដៃដែក រហូត​ដល់​ឆ្នាំ ២០១៥ មិន​អាច​ឈរឈ្មោះ​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតី​ដោយសារ​តែ​ការកំណត់អាណត្តិ នៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញនេះឯង។

នៅក្នុង​ថ្ងៃ​ឃោសនាបោះឆ្នោត​ចុងក្រោយ កាលពី​ថ្ងៃ​អាទិត្យ​កន្លងទៅ លោកម៉ាហិនដា ដែល​ត្រូវ​ប្អូនប្រុស តែងតាំង​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី នៅ​ចុងឆ្នាំមុន បាន​អំពាវនាវ​ឲ្យ​គេ​បោះឆ្នោត​ឲ្យគណបក្ស​របស់លោក ដើម្បី  ជំរុញ​សេដ្ឋកិច្ច កសាង​សង្គម​ស្រីលង្កាឲ្យមាន​សណ្តាប់ធ្នាប់​ឡើងវិញ។

តាម​អង្គការ​ការពារ​សិទ្ធិមនុស្ស មេធាវី អ្នកកាសែត និង សកម្មជន​សិទ្ធិមនុស្ស បាន​រងការគំរាមកំហែង​កាន់តែ​ច្រើន ចាប់តាំង​ពី​បងប្អូន​ត្រកូល រ៉ាចាប៉ាក់សេ ត្រលប់​ចូល​កាន់អំណាច​សាជាថ្មី នៅ​ស្រីលង្កា។ បងប្អូន​រ៉ាចាប៉ាក់សេ មាន​ស្នាដៃ បិទបញ្ចប់​សង្រ្គាម​ស៊ីវិល ជាមួយ​ពួកឧទ្ទាម តាមូល​ដែល​បាន​សម្លាប់មនុស្ស​ជាង ១សែននាក់ នៅ​ស្រីលង្កា ប៉ុន្តែ គ្រួសារ​រ៉ាចាប៉ាក់សេ ក៏រងរិះគន់ណាស់ដែរថា បាន​ប្រព្រឹត្តអំពើពុករលួយ ផ្តាច់ការ បែងចែក​អំណាច​តែ​ក្នុង​រង្វង់ ​បងប្អូន​គ្រួសារ​រាចាប៉ាក់សេ។

នៅ ស្រីលង្កា គេ​មិនមាន​ស្ថាប័ន​ស្ទង់មតិ​ឯករាជ្យនោះទេ ប៉ុន្តែ អ្នកសង្កេតការណ៍​ជាច្រើន​វាយតម្លៃ​រួចហើយ​ថា គណបក្ស​របស់​បងប្អូន​ត្រកូល​រាចាប៉ាក់សេ នឹង​អាច​ឈ្នះឆ្នោត​សភា​លើកនេះ ដោយសារ​តែ​គណបក្ស​ប្រឆាំង ដែល​មាន​ជម្លោះផ្ទៃក្នុង​មិនឈប់  ចុះខ្សោយ​កម្លាំង។ អ្នកវិភាគ​មួយចំនួន​វាយតម្លៃថា ដោយ​អាច​ត្រលប់​ទៅ​ឈរឈ្មោះ សាជាថ្មី ​សម្រាប់​តំណែង​ប្រធានាធិបតី នៅ​ស្រីលង្កា លោក​នាយករដ្ឋមន្រ្តី ម៉ាហិនដា រ៉ាចាប៉ាក់សេ បាន​រៀបចំ​ត្រួសត្រាយ​ផ្លូវ​រួចហើយ ដើម្បី​ឲ្យ​ Namal កូនប្រុស របស់​លោក​ដែល​មាន​អាយុ ៣៤ឆ្នាំ អាច​ក្លាយ​ជា​ប្រធានាធិបតី​ដឹកនាំ​ស្រីលង្កា ទៅ​ថ្ងៃ​អនាគត។ បច្ចុប្បន្ននេះ ក្រៅតែ​ពី​លោក​ម៉ាហិនដា បងប្អូនប្រុស​២នាក់ ផ្សេងទៀត របស់​លោក​ប្រធានាធិបតី​ហ្គូតាបាយ៉ា រ៉ាចាប៉ាក់សេ ក៏​មានតំណែង​សំខាន់​ផងដែរ នៅក្នុង​រដ្ឋាភិបាលស្រីលង្កា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ