អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

សភាចិនកំពុងគិត​បញ្ចប់​អាណត្តិតំណាងរាស្ត្រប្រឆាំង​នៅ​ហុងកុង

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប៉េកាំង គណៈ​កម្មាធិការ​អចិន្ត្រយ៍​សភាប្រជាជន​ចិន បាន​​បើ​កកិច្ច​ប្រជុំ​បន្ទាន់ នៅ​ថ្ងៃសៅរ៍ទី​៨សីហា​ ដើម្បី​ជជែក​គិតគូរ​ពីសំណុំ​រឿងរដ្ឋបាល​​ហុងកុង និងពី​ការ​បន្ត​អាណត្តិ​របស់​តំណាងរាស្ត្រ​​​ហុងកុង ខណៈពេល​ដែល​សហរដ្ឋ​អាមេរិក ​បាន​ដាក់ទណ្ឌកម្ម​លើមន្ត្រី​ជាន់​ខ្ពស់​ហុងកុង ចំនួន​១១រូប ក្នុង​នោះ រួម​មានទាំង មេដឹកនាំ​រដ្ឋបាល​ហុងកុង​ លោកស្រី ការី ឡាំ ​ផង​។

បាតុករហុងកុង​ដែល​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខជាតិ​។​
បាតុករហុងកុង​ដែល​តវ៉ា​ប្រឆាំង​នឹង​ច្បាប់​សន្តិសុខជាតិ​។​ AFP/File
ផ្សាយពាណិជ្ជកម្ម

តើ​អនាគត​នៃ​អាណត្តិ​របស់​តំណាង​រាស្ត្រហុងកុង ​ ដែល​ប្រឆាំង​ចិន​ប៉េកាំង នឹងក្លាយ​ទៅជាយ៉ាងណា?

ហុងកុង ជា​សំណុំ​រឿងក្តៅ។ ​អាជ្ញា​ធរ​ហុងកុង បាន​សម្រេច​លើកពេល​បោះឆ្នោត​សភា​ ទៅឆ្នាំក្រោយ​ហើយ​ នៅខែ​កញ្ញា ​អ្នក​តំណាង​រាស្ត្រ​ទាំងឡាយ ត្រូវ​ផុត​ដាច់​អាណត្តិ។ ដើម្បី​បន្ត​ជីវិត​សភានិង​រដ្ឋបាល​ហុងកុង តទៅទៀត​ គឺ​ចាំបាច់​​ត្រូវរៀបចំ​ក្បាល​ម៉ាស៊ី​ន ក្នុងសម័យ​អន្តរកាល​មួយ​ឱ្យរឹង​​មាំ។ ហេតុនេះទើប ​គណៈកម្មាធិការអចិន្ត្រយ៍សភាប្រជាជនចិន បើកកិច្ចប្រជុំបន្ទាន់ នៅពេលនេះ ហើយត្រូវ​ប្រជុំគ្នា​ដល់​ទៅចំនួន ​៤ថ្ងៃ ឯណោះ។

កិច្ច​ពិភាក្សា​កំពុងតែ​ប្រព្រឹត្តទៅ​នៅឡើយ!​ អ្វីដែលគេ​បាន​ដឹង​ បើតាម​កាសែត​បរទេស ផ្នែក​កិច្ចការ​រដ្ឋបាល គឺ លោកស្រី ការី ឡាំ មេដឹកនាំ​រដ្ឋបាល​ហុង​សព្វថ្ងៃ អាច​នឹងនៅតែ​បន្ត​ដឹកនាំ​ហុងកុង​តទៅទៀត។ ប៉ុន្តែ ក្នុង​សភាហុងកុង វិញ​ គឺ​ចាំបាច់​ត្រូវតែ​ជម្រុះចោល សមាជិក​សភា រូប​ណា ដែល​ប្រឆាំង។ អ្នក​តំណាងរាស្ត្រប្រឆាំងនៅហុងកុង ជាបក្សពួក​ក្រុម​ចលនាគាំទ្រ​លទ្ធិប្រជាធិបតេយ្យ​ ហើយ​​ជាបន្លា​ក្នុង​កែវភ្នែក​ នៃ​រដ្ឋបាល​ហុងកុងផង និង​​ប៉េកាំង​ផង។

ជាដំបូង​នេះ គេ​ដឹង​ច្បាស់​ថា អ្នក​តំណាង​រាស្ត្រ​ប្រឆាំង​ យ៉ាងហោច ៤-៥នាក់ នឹង​ច្បាស់ជាលំបាក​បន្ត​ពន្យារ​អាណត្តិ រហូត​ដល់​កាល​បោះឆ្នោតសភា​​ឆ្នាំក្រោយណាស់​​ ពី​ព្រោះ​ពួក​គេ​ក៏​បានត្រូវ​ស្ថិត​នៅក្នុង​ចំណោម​​បេក្ខជន​តំណាងរាស្ត្រ​ប្រមាណ​ជាង​១០នាក់ទៀត ដែលត្រូវ​ អាជ្ញាធរ​ហុងកុង កាលពី​ពេល​ថ្មីៗ​នេះ បាន​សម្រេច​ដកសិទ្ធិ​មិន​ឱ្យ​ឈរ​ឈ្មោះ​ រួច​ស្រេច​ទៅហើយ ។​

ទន្ទឹមនឹងគ្នា​នេះដែរ  ​អ្នក​តំណាងរាស្ត្រ ដែលគាំទ្រ​ខាងចិន​ប៉េ​កាំង លោក​ Junius Ho បាន​ចេញ​យោបល់​ក្តែងៗ​ថា​ត្រូវ​តែ​បញ្ចប់​អាណត្តិ​​របស់​តំណាងរាស្ត្រ​ណា ដែល​មានទំ​នោរ​ប្រកាសឯករាជ្យ ហើយ​ធ្វើ​សកម្មភាព​កុបកម្ម។​​

ចំណោទផ្នែក​គតិយុត្តិ​​នៅត្រង់ថា ការសម្រេច​​បន្ត​អាណត្តិ​សភា តែ​លុប​ចោល​អាណត្តិ​របស់​តំណាង​រាស្ត្រ​ប្រឆាំង ជា​សំណួរ​មួយ​ដែល​លំបាក​ខ្លាំង ហើយ​នេះ​ក៏​ជា​បញ្ហាព្រួយ​បារម្ភខ្លះដែរ របស់​​លោកស្រី ការី ឡាំ ។

ទោះបីយ៉ាងនេះ គេ​ឃើញ​ច្បាស់​ថា ការ​មិនចង់​​បន្ត​អាណត្តិ​ឱ្យ​អ្នក​តំណាងរាស្ត្រប្រឆាំង ការ​លុប​សិទ្ធហាមឃាត់​អ្នក​គាំទ្រប្រជាធិបតេយ្យ មិន​ឱ្យ​ឈ្មោះឈរបោះឆ្នោត​ គឺជាការ​បោស​សម្អាតទ្រង់ទ្រាយ​ធំតែម្តង ​នៅ​ក្នុង​សភា​ហុងកុង​ និងនៅក្នុង​ជួរ​ដឹកនាំ​រដ្ឋបាល​ហុងកុង។ ការ​​ចាប់ខ្លួន​​អ្នក​តវ៉ានៅតាម​ផ្លូវ ជាបន្តបន្ទាប់​។ មេៗ​ក្រុម​ចលនា​និស្សិតហុងកុង ក្រុម​អ្នកគាំទ្រប្រជាធិបតេយ្យ គឺត្រូវ​ប្រឈម​មុខ​ឡើងតុលាការ មិន​ស្វាង​សោះ នាប៉ុន្មាន​សប្តាហ៍​ចុងក្រោយនេះ។

ការកោះ​ប្រជុំ​បន្ទាន់​របស់​សភា​ចិន​នេះ គឺក្រោយពេល​តែ​បន្តិច​ប៉ុណ្ណោះ បន្ទាប់ពី​សហរដ្ឋ​អាមេរិក​ ​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​​ថ្នាក់ដឹកនាំ​ហុងកុង។ តើ​ទណ្ឌកម្ម​អាមេរិក​នេះ ធ្ងន់​ធ្ងន់​យ៉ាងណា?

សហរដ្ឋអាមេរិក ដាក់​ទណ្ឌកម្មលើថ្នាក់ដឹកនាំហុងកុង នៅពេល​ ជាចំណាត់​ការ​បន្ថែម បន្ទាប់ពី​​អាមេរិក កាលពី​ខែមុន បាន​​បិទ​បញ្ចប់​លក្ខន្តិកៈ​ពិសេស​របស់​ហុងកុង ដើម្បីសងសឹក​ចិនដែល​​អនុម័ត​ច្បាប់​សន្តិសុខជាតិ​ហុងកុង។ ទណ្ឌកម្មថ្មីនេះ ផ្តោតទៅការ​​បង្កកទ្រព្យសម្បត្តិទាំងអស់​របស់មន្ត្រីគ្រាក់ៗហុងកុង ចំនួន​១១នាក់។ អ្នក​ដែល​ត្រូវ​ជាប់​ទណ្ឌកម្ម​អាមេរិក គឺ​មាន មន្ត្រីជាន់​ខ្ពស់ ខាង​សន្តិសុខ ខាង​យុត្តិធម៌ មេប៉ូលិសហុងកុង ហើយក្នុង​នោះ គឺ​លោកស្រី ការី ឡាំ ថ្នាក់ដឹកនាំ​រដ្ឋ​បាល​ហុងកុងដែរ​។

នៅ​មានទៀត​​ ប្រធានការិយាល័យ​ទំនាក់ទំនងចិន​ហុងកុង លោក Luo Huining ក៏​ជាប់​ឈ្មោះ​ក្នុង​បញ្ជីទណ្ឌកម្ម​បង្កកទ្រព្យ​សម្បត្តិ​នេះដែរ។ មន្ត្រីថ្នាក់​ខ្ពស់​រូបនេះ បាន​​ប្រតិកម្មភ្លាមៗថា​គ្មានលុយឯណាទៅលាក់នៅក្រៅស្រុកទេ អាមេរិកចង់ធ្វើអីធ្វើទៅ។ លោក​ថែមទាំង​វាយ​បកទៀតថា ទង្វើរបស់​អាមេរិក​នេះ គឺ​ស្តែងពី​​ចេតនា​ច្បាស់ក្រឡែត គាំទ្រ​អ្នក​ហុងកុង​ដែល​ប្រឆាំង​ចិន និង​ចង់​បង្ក​អស្ថិរភាព​នៅហុងកុង​និងនៅ​ចិន​។ នេះ​ជាត្លុកកំប្លែក​គួរឱ្យសើច និងគួរ​ឱ្យ​ខ្មាស់​។​

ប្រតិកម្ម​ធ្ងន់​ជាងនេះទៀត គឺ​មន្ត្រីជាន់​ខ្ពស់​ខាង​ពាណិជ្ជកម្ម​ហុងកុង លោក​ Edward Yau ថា​សកម្មភាពអាមេរិក ជា​ទង្វើព្រៃ និងគ្មាន​ពិចារណាហេតុផល។​

ចំពោះ​សហរដ្ឋអាមេរិក​វិញ ទណ្ឌកម្ម​បង្កកទ្រព្យ​សម្បត្តិ​នេះ ដាក់​ចំពោះ​បុគ្គល​ថ្នាក់ដឹកនាំ​ហុងកុង ដែល​គាំទ្រ​ចិន និង​​ជួយ​ចិន  ​ធ្វើ​ឱ្យ​បំពាន​លើ​ស្វ័យភាព​តំបន់​ហុងកុង ហើយដែល​បាន​ចូលរួម​ចំណែកធ្វើ​ឱ្យ​​រឹតត្បិត​ កាត់ផ្តាច់​​​សេរីភាព​បញ្ចេញមតិ​ និង​សិទ្ធជួប​ប្រជុំតវ៉ា​ ​ជាសិទ្ធិ​សំខាន់​របស់​ពលរដ្ឋ​ហុងកុង។ សកម្មភាព​នេះ មិន​អាច​ទទួលយក​​បានសោះឡើយ​ ចំពោះអាមេរិក​។​ នេះបើតាម​លោក Steve Mnuchin រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិក និងដែល​អះអាងថា ទណ្ឌកម្ម​របស់​អាមេរិក​នៅពេល​នេះ គឺ​បង្កទ្រព្យ​សម្បត្តិ​គ្រប់​បែប​យ៉ាង​របស់ មន្ត្រីជាន់ខ្ពស់ហុងកុង ទាំង​១១រូបនោះ នៅលើទឹកដី​សហរដ្ឋអាមេរិក​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ