អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិននិង​អាមេរិក សន្យា​ចាប់ដៃគ្នា​គោរព​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាលពីថ្ងៃចន្ទ ទី​២៤សីហា ភាគីទាំងពីរ ចិននិងអាមេរិក បានចេញលិខិតប្រកាសថា ទាំងសងខាង នឹងខិតខំធ្វើយ៉ាងណា អនុវត្ត និងគោរព​កិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលប្រទេសទាំង២ បានចុះហត្ថលេខា កាលពី​ខែមករា ដើមឆ្នាំនេះ។ នេះគឺជាការសន្យាដែលបង្ហាញថា ភាគីទាំង២ ហាក់កំពុង​តែបន្ទន់​ឥរិយាបទរៀងៗខ្លួន ដើម្បីកាត់បន្ថយភាពតានតឹង ទាក់ទិននឹងបញ្ហាសង្រ្គាមពាណិជ្ជកម្ម។ ទោះយ៉ាងណា ក្រៅពីបញ្ហាសង្រ្គាម​ពាណិជ្ជកម្មនេះ ចិននិងសហរដ្ឋអាមេរិក កំពុងតែមានទំនាស់នឹងគ្នា ជាច្រើនសំណុំរឿងផ្សេងទៀត ដូចជាបញ្ហាសិទ្ធិមនុស្ស បញ្ហហុងកុង ជម្ងឺកូវីដ១៩ ព្រមទាំង​សំណុំរឿង Huawei ផង។

លោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង ក្នុង​ឱកាស កិច្ចប្រជុំកំពូល G20 នៅអូសាកា ថ្ងៃទី ២៩ មិថុន ២០១៩
លោកដូណាល់ ត្រាំ និងលោកស៊ី ជីនពីង ក្នុង​ឱកាស កិច្ចប្រជុំកំពូល G20 នៅអូសាកា ថ្ងៃទី ២៩ មិថុន ២០១៩ REUTERS - Kevin Lamarque
ផ្សាយពាណិជ្ជកម្ម

ប្តេជ្ញារួមគ្នា ធ្វើឲ្យ​កិច្ចព្រមព្រៀងពាណិជ្ជកម្មបានជោគជ័យ

វាគឺជារឿងគួរឲ្យភ្ញាក់ផ្អើលដែរ ព្រោះថាបើនិយាយអំពី​កំដៅនៃភាពតានតឹង រវាងមហាអំណាចទាំង២នេះ គឺថា​វាក្តៅគគុក សឹងតែគ្រប់សំណុំរឿង។ រដ្ឋាភិបាល​លោកដូណាល់ ត្រាំ បានរករឿងចោទចិន សឹងតែរាល់ថ្ងៃ ដូចជាបញ្ហានៅហុងកុង បញ្ហាជម្ងឺកូវីដ១៩ និង​បញ្ហាក្រុមហ៊ុនបច្ចេកវិទ្យាHuawei ដែលអាមេរិក បានចោទថាគឺជាឧបករឈ្លបយកការណ៍ និងលួចប្រមូលទិន្នន័យ  ហើយថ្មីៗនេះ គឺសំណុំរឿងTikTok ហើយនឹង​ការបញ្ជាបិទស្ថានកុងស៊ុល សងសឹកគ្នារៀងៗខ្លួនទៀត។

ក៏ប៉ុន្តែទាក់ទិននឹងបញ្ហាសំណុំរឿងពាណិជ្ជកម្មវិញ គេឃើញថាពេលនេះ ប្រទេសទាំង២ ហាក់បានបន្ទន់ឥរិយាបទច្រើន។ ភាគីទាំង២ គឺអាមេរិកតំណាងដោយ លោក Robert Lighthizer មន្ត្រីទទួលបន្ទុកកិច្ចការពាណិជ្ជកម្ម និងភាគីចិន តំណាងដោយ​លោកអនុនាយករដ្ឋមន្ត្រី Liu He បានជួបប្រជុំគ្នា តាមប្រព័ន្ធវីស្យូខុនហ្វេរិនស៍ កាលពីថ្ងៃចន្ទទី២៤សីហា។

ក្រោយការប្រជុំនេះ ភាគីទាំង២ បាន​ប្រកាសប្តេជ្ញារួមគ្នា ថានឹងគោរព​ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលខ្លួន​បាន​ចុះហត្ថលេខា​ កាលពី​ខែមករា។ នៅក្នុងលិខិត​ប្រកាសរបស់ភាគីអាមេរិក គេបានលើកឡើងថា ភាគីទាំង២ បានសង្កេតឃើញថា មានការវិវ្ឍន៍ល្អច្រើនហើយ នៅក្នុងការគោរពកិច្ចព្រមព្រៀងពាណិជ្ជកម្ម ហើយភាគីទាំង២ នឹងចាត់វិធានការបន្ថែមទៀត ដើម្បី​ធ្វើយ៉ាងណា ឲ្យ​កិច្ចព្រមព្រៀងនេះបានជោគជ័យ។ ចំណែកខាងភាគីចិនវិញ បានលើកឡើងថា ចិននិងសហរដ្ឋអាមេរិក សន្យាថានឹងបង្កើត ​នូវលក្ខខណ្ឌ ក៏ដូចជាបរិយាកាសល្អៗ ដើម្បីធ្វើយ៉ាងណា អនុវត្តឲ្យ​បានសម្រេច​ នូវដំណាក់កាលដំបូង នៃ​កិច្ចព្រមព្រៀងពាណិជ្ជម្ម​ រវាងចិន​និងសហរដ្ឋអាមេរិក។

កូវីដ១៩​មករំខាន

ដូចយើងដឹងហើយ ថាក្រោយការឡើងកាន់តំណែងរបស់​លោកដូណាល់ ត្រាំ គឺបញ្ហាវិវាទ​ពាណិជ្ជកម្មជាមួយចិន បានកើនឡើងឥតឈប់ ដោយលោកដូណាល់ ត្រាំ បានចោទថាចិនបានលួចការងាររបស់​អាមេរិក និងបានដើរខ្សែលើ​ ព្រោះថា ជញ្ជីងពាណិជ្ជកម្ម គឺផ្អៀងចំណេញទៅខាងចិនច្រើន​។ ឆ្លងកាត់សង្រ្គាមពាក្យសំដី អស់ប្រមាណជា​២ឆ្នាំ ទីបំផុតទៅ ចិន និងអាមេរិក បានសម្រេចបាននូវកិ​ច្ចព្រមព្រៀងមួយ កាលពីខែមករា ដើមឆ្នាំ២០២០។

នៅក្នុងកិច្ចព្រមព្រៀងនេះ ចំណុចធំៗដែលគេបានកំណត់ គឺថា ភាគីចិន យល់ព្រមសុខចិត្ត បន្ថែម​ការ​ទិញទំនិញ និងសេវាកម្មពីអាមេរិក ឲ្យ​បាន​ក្នុងតម្លៃ២០០ពាន់លានដុល្លារ ក្នុងរយៈពេល​២ឆ្នាំ។ ជាថ្នូរវិញ រដ្ឋា​ភិបាល​អាមេរិក បានយល់ព្រម​ ផ្អាករាល់ការដំឡើងពន្ធទាំងអស់ ទៅលើទំនិញនាំចូលពីចិន។

ក៏ប៉ុន្តែ​ កូវីដ១៩បានធ្វើឲ្យរាំងស្ទះទាំងស្រុង ប្រមាណ៧ខែមកនេះ។ បើគិតត្រឹមចុងខែមិថុនា ភាគីចិន បានបំពេញកាតព្វកិច្ច ខ្លួនក្នុងការទិញទំនិញ និងសេវាកម្មពីអាមេរិក បានត្រឹមតែ​៤៦% នៃអ្វីដែល​គេ​បាន​កំណត់ សម្រាប់ដំណាក់កាលនេះប៉ុណ្ណោះ។ នេះបើផ្អែកតាមតួលេខ របស់ Peterson Institute for International Economics។ តែយ៉ាងណា ភាគីអាមេរិក គេបានយល់ពីកាលៈទេសៈលំបាក បង្ក​ដោយវិបត្តិកូវីដ១៩នេះ។

ស្ថានភាពសេដ្ឋកិច្ចចិនពេលនេះ បានបើកទ្វារឡើងវិញជាបណ្តើរៗហើយ។ ភាគីទាំង២បានចាប់ផ្តើមនិយាយគ្នា​ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ចិនគេ​បានលើកឡើងអំពី ការប្រឹងប្រែងរបស់គេ ក្នុងការធ្វើកំណែទម្រង់ស៊ីជំរៅ ទៅលើគ្រោងឆ្អឹងនៃវិស័យពាណិជ្ជកម្មតែម្តង ដើម្បីធ្វើយ៉ាងណា ការពារ​ច្បាប់កម្មសិទ្ធបញ្ញា ហើយនិងដកចេញ នូវឧបសគ្គទាំងឡាយ ដែលរារាំងសហគ្រាសអាមេរិក ដែលរកស៊ីក្នុងវិស័យ​​ហិរញ្ញវត្ថុ វិស័យកសិកម្ម និងជាពិសេសនោះ គឺលុបចេញ ​នូវការបង្ខំទាញយកសមត្ថភាពបច្ចេកវិទ្យា។ ភាគីទាំង២ ក៏បាន​និយាយគ្នា អំពីការបង្កើនការទិញទំនិញនិងសេវាកម្មអាមេរិក ពីសំណាក់ចិន។

លោកដូណាល់ ត្រាំ ចង់រកដង្ហើមសេដ្ឋកិច្ចជាមួយចិន ដើម្បីឃោសនាយកសម្លេងឆ្នោត

បើយើងសម្លឹងមើលទៅ គឺវាអាចមានហេតុផលនយោបាយដែរ សម្រាប់​លោកដូណាល់ ត្រាំ ដែល​កំពុងតែស្វែងរកសម្លេងឆ្នោត នាពេលនេះ។ ការផ្តល់សន្ទុះពាណិជ្ជកម្មជាមួយចិនឡើងវិញនេះ គឺវាអាចជួយ​សម្រាល​វិបត្តិសេដ្ឋកិច្ចរបស់អាមេរិក បានមួយផ្នែកដែរ។ ចិនយល់ព្រមទិញទំនិញ និងសេវាកម្មអាមេរិក ឲ្យ​បានច្រើន មានន័យថា សហគ្រាស ក៏ដូចជាអាមេរិកនឹងមានការងារធ្វើ។ បើសេដ្ឋកិច្ចអាមេរិក ងើបឡើងវិញ លោកដូណាល់ ត្រាំ ក៏អាចមាន​អ្វីយកទៅអួត ឃោសនាដែរ។

មួយវិញទៀត លោកដូណាល់ ត្រាំ ធ្លាប់បានសន្យាជួយកសិករអាមេរិក ក្នុងការ​លក់ចេញនូវទិន្នផលទៅឲ្យចិន ឲ្យ​បានច្រើន ជាពិសេសនោះ គឺទិន្នផលសណ្តែកសៀង។ សង្រ្គាមពាណិជ្ជកម្ម ប្រមាណ​២ឆ្នាំកន្លងមកនេះ ចិនបានដំឡើងពន្ធ និងបានកាត់បន្ថយការនាំចូល​សណ្តែកសៀង ពីអាមេរិកច្រើនណាស់។ ដូច្នេះ ការត្រូវរ៉ូវគ្នាឡើងវិញ រវាងភាគីទាំង២នា​ពេលនេះ គឺវានឹងបើកទីផ្សារនេះ ឲ្យអាមេរិកអាចនាំចូលសណ្តែកសៀងទៅចិន បានច្រើនឡើងវិញ។

លោកស៊ី ជីនពីង ទទួលស្គាល់ថា សេដ្ឋកិច្ចចិនកំពុងធ្វើដំណើរពើបនឹងឧបសគ្គពីខាងក្រៅ

មានអ្នកវិភាគសេដ្ឋកិច្ចខ្លះ បានលើកឡើងថា ប្រមាណ​២០ឆ្នាំចុងក្រោយនេះ ចិនបានកេងយកផលចំណេញច្រើនណាស់ អំពីទីផ្សារដោះដូរពាណិជ្ជកម្ម វិស័យ​រោងចក្រ ទំនិញគ្រប់មុខ។ ទៅដល់តំបន់ចុងកាត់មាត់ញកណា នៅទូទាំងពិភព​លោក ក៏យើងឃើញមានទំនិញ Made in China ដែរ។

គឺលោកដូណាល់ ត្រាំ ដែលជាអ្នក​ធ្វើ​ឲ្យ​សេចក្តីសុខរបស់ចិន បានរង្គោះរង្គើក្រឡាប់ចាក់។ ដំបូងឡើយចិន ខំប្រឹងពើងទ្រូងតតាំងជាមួយអាមេរិកដែរ ក៏ប៉ុន្តែកាន់តែ​តតាំង គឺកាន់តែខាតបង់។ បន្ថែមពីនេះ ជម្ងឺកូវីដ១៩​​បានធ្វើឲ្យ​សេដ្ឋកិច្ចចិន កាន់តែ​លំបាកថែមមួយកម្រិតទៀត។ ប្រការនេះ ហាក់បានធ្វើឲ្យ​ចិន ដឹងខ្លួនថា ត្រូវ​តែ​សង្រួមឥរិយាបទខ្លះមកវិញ មិនថាជាមួយអាមេរិក ឬជាមួយនរណាទេ ដើម្បី​ធ្វើយ៉ាងណា រក្សាលំនឹងសេដ្ឋកិច្ច។ សេដ្ឋកិច្ចគឺជាសរសរទ្រូងដ៏សំខាន់ ក្នុងការទប់​អំណាច របស់​គណបក្សកុម្មុយនីស្តចិន។

យ៉ាងណាមិញ នៅថ្ងៃអង្គារទី​២៥សីហា លោកស៊ី ជីនពីង ប្រធានាធិបតីចិន បានថ្លែងនៅក្នុងកម្មវិធីសន្និសីទមួយ ដោយលោកបាន​លើកឡើងថា “សេដ្ឋកិច្ចចិនកំពុងតែធ្វើដំណើរ ទៅពើបប្រទះនឹងបញ្ហារង្គោះរង្គើ បណ្តាលមកពីទីផ្សារ​ខាងក្រៅ”។ ទីផ្សារខាងក្រៅនោះ គឺលោកស៊ី ជីនពីង ចង់សំដៅទៅលើមតិរបស់​ប្រទេសផ្សេងៗទៀត ដែលជាទូទៅ គេនាំគ្នា ស្អប់ចិន លែងចង់រកស៊ី និងទិញ​ទំនិញរបស់ចិន។ លោកស៊ី ជីន​ពីង​ មានប្រសាសន៍បន្ថែមថា “ដើម្បី​ប្រឈមនឹងឧបសគ្គទាំងនេះ ចិនត្រូវតែងាកមកពង្រឹកទីផ្សារក្នុងស្រុក មិនត្រូវរំពឹងតែទៅលើការនាំចេញ”។

លោកប្រធានាធិបតីចិន លើកឡើងទៀតថា “ដើម្បី​បើកចំហរទីផ្សារចិនឲ្យធំឡើងវិញ ចិនត្រូវតែ​សហការឲ្យ​បានសកម្ម ជាមួយ​ប្រទេស ជាមួយតំបន់​ និងសហគ្រាសទាំងអស់ ​ដែលចង់រកស៊ីជាមួយចិន ដោយរាប់ទាំងសហរដ្ឋអាមេរិកផង”។ សម្តីនេះ គឺវាហាក់មានន័យថា លោកស៊ី ជីនពីង បានដកថយមួយជំហាន​ និងសុខចិត្តធ្វើសម្បទានជាមួយអាមេរិក ដើម្បីធ្វើយ៉ាងណា ស្តារទំនាក់ទំនងឡើងវិញ ហើយការពារពាណិជ្ជកម្ម និងសេដ្ឋកិច្ចចិនឲ្យបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ