អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Facebookគំរាម​បិទ​មិនឲ្យ​​ចែកចាយ​​ព័ត៌មាន បើសិន​​អូស្ត្រាលី​ធ្វើច្បាប់ ​តម្រូវឲ្យ​បង់ប្រាក់​ទៅ​​បណ្តាញ​​ព័ត៌មាន​

ចុះផ្សាយ​នៅ​ថ្ងៃ៖

សង្រ្គាមពាក្យសំដីកំពុងតែកើតមាន រវាង​រដ្ឋាភិបាល​អូស្ត្រាលី និងក្រុមហ៊ុនបណ្តាញ​សង្គម Facebookដ៏មាន​​ឥទ្ធិពលបំផុត។ អូស្ត្រាលី មានគម្រោងធ្វើច្បាប់ថ្មីមួយ ដែលសំដៅ​តម្រូវឲ្យ​ក្រុមហ៊ុនFacebook ក៏ដូចជា​Google ត្រូវបង់ប្រាក់ ​ជូន​បណ្តាញ​សារព័ត៌មាននៅអូស្ត្រាលី ព្រោះអត្ថបទ និងវីដេអូ​ព័ត៌មានរបស់ពួកគេ ត្រូវFacebook និង Google ចែកចាយបន្ត លោតចេញ​តាម​ទំព័ររបស់​អ្នកប្រើប្រាស់។ Facebook ​ មិនត្រឹមតែរិះគន់បដិសេធគម្រោងច្បាប់នេះទេ ថែមទាំងបាន​គំរាម ថានឹងបិទ លែងឲ្យ​អ្នកប្រើប្រាស់​នៅអូស្ត្រាលី អាចចែករំលែក​បន្ត នូវ​អត្ថបទរបស់បណ្តាញ​ព័ត៌មាន​អូស្ត្រាលី ថែមទៀតផង។

ស្លាកសញ្ញាFacebook នៅលើទូរស័ព្ទដៃ
ស្លាកសញ្ញាFacebook នៅលើទូរស័ព្ទដៃ REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

ត្រូវ​​បង់ប្រាក់ឲ្យបណ្តាញសារព័ត៌មាន ដែល​គេយកទៅ​ចែកចាយបន្តលើបណ្តាញសង្គម

អ្នកដែលផ្តួចផ្តើម​ធ្វើគម្រោងច្បាប់នេះ គឺលោក Rod Sims ប្រធានគណកម្មការទទួលបន្ទុកការប្រកួតប្រជែង និងការប្រើប្រាស់ នៅអូស្ត្រាលី។ គំនិតដំបូងនោះ គឺគេចង់បង្កើតឲ្យ​មាន​ “បទដ្ឋានទូទៅថ្មីមួយ” សម្រាប់អនុវត្តនៅលើវិស័យបច្ចេកវិទ្យាបណ្តាញសង្គម ដើម្បីការពារផលប្រយោជន៍នៃស្ថាប័ន ក៏ដូ​ចជាការងាររបស់​បណ្តាញ​សារព័ត៌មាននៅអូស្ត្រាលី។

ឆ្លងកាត់ការដោះដូរយោបល់ ពិភាក្សាគ្នា ជាមួយតំណាងភាគីពាក់ព័ន្ធ និងមតិសាធារណៈអូស្ត្រាលី អស់​រយៈ​ពេល​​ប្រមាណ​​១ឆ្នាំកន្លះ ទីបំផុតទៅគណកម្មការនេះ បាន​សម្រេចរៀបចំវាធ្វើជាអត្ថបទច្បាប់ថ្មីតែម្តង ដើម្បី​ឲ្យ​មាន​កម្លាំងចាប់បង្ខំផ្នែកគតិយុត្តិ។ ជាបឋម គម្រោងច្បាប់ថ្មីនេះ គឺមានកម្មវត្ថុ ឲ្យ​ក្រុមហ៊ុនបច្ចេកវិទ្យាធំៗ២ ដែលគ្រប់គ្រងបណ្តាញសង្គមសឹងតែទាំងស្រុង គឺ Facebook និង Google ថាត្រូវតែរៀបចំឲ្យ​មានតម្លាភាព​ឡើង នៅក្នុងប្រព័ន្ធបច្ចេកវិទ្យា Algorithme របស់ខ្លួននីមួយ។ គឺប្រព័ន្ធនេះហើយ ដែលជាអ្នក​បញ្ជូន​ចែកចាយចេញ នូវវីដេអូ ឬអត្ថបទព័ត៌មាននានា របស់បណ្តាញសារព័ត៌មាន។

នៅក្នុងន័យនេះដែរ គម្រោងច្បាប់នេះ នឹងដាក់កំហិត ឲ្យ​ Facebook និង Google ត្រូវតែបង់ប្រាក់ ជូនបណ្តាញ​​​​​ព័ត៌មាន​​អូស្ត្រាលី ព្រោះខ្លួន​​បាន​​ចែកចាយ​​អត្ថបទ ក៏ដូចជា​វីដេអូ ឬសម្លេងព័ត៌មានរបស់​គេ នៅលើបណ្តាញ​របស់​ខ្លួន​​។ Facebook Google ក៏បានចំណូល​ពីការផ្សាយ​ពាណិជ្ជកម្ម​ផងដែរ ជាមួយ​នឹង​ការចែកចាយ​ខ្លឹ​មសារ ដែលជា​ស្នាដៃ​ការងារ​​ របស់​​បណ្តាញ​សារ​ព័ត៌មាន​អូស្ត្រាលី។

Facebook គំរាម​​បិទ​ការចែករំលែក​អត្ថបទព័ត៌មាន

Facebook មិនមែនត្រឹមតែបដិសេធគម្រោងច្បាប់នេះទេ តែថែមទាំងបានគំរាមបកទៅវិញថា បើសិនជា​អូស្ត្រាលី​​ចេញច្បាប់នេះមែន នោះក្រុមហ៊ុន​Facebook នឹងបិទ លែងឲ្យ​អត្ថបទព័ត៌មានរបស់បណ្តាញ​សារព័ត៌មានអាចលោតចេញនៅលើFacebook និង Instagram។ មានន័យថា អ្នកប្រើFacebook និង Instagram នៅអូស្ត្រាលី លែងអាចចែករំលែកអត្ថបទព័ត៌មានបានទៀតហើយ មិនថាដំណឹងក្នុងស្រុក ឬដំណឹង អន្តរជាតិ។

លោក Will Easton អគ្គនាយកFacebookប្រចាំអូស្ត្រាលី បានលើកឡើងថា អ្នកធ្វើគម្រោងច្បាប់នេះ គឺគ្មានការយល់ដឹងទាល់តែសោះ ចំពោះសន្ទុះ និងដំណើការទូទៅនៃប្រព័ន្ធបច្ចេកវិទ្យាបណ្តាញសង្គម។​ ការ​ចង់ចាប់បង្ខំឲ្យ​Facebook ផ្តល់ប្រាក់កម្រៃដល់បណ្តាញ​ព័ត៌មាន គឺវាមិនមែនជួយបណ្តាញសារព័ត៌មានទេ តែគឺវានឹងផលលំបាកដល់បណ្តាញសារព័ត៌មានទៅវិញទេ។

តំណាងFacebook រូបនេះបន្ថែមថា អ្វីដែលចម្លែក និងមិនសមហេតុផលបំផុតនោះ គឺគេចង់បង្ខំឲ្យ​Facebook ជូនប្រាក់កម្រៃទៅឲ្យ​បណ្តាញសារព័ត៌មាន ទាំងដែលតាមពិត គឺបណ្តាញ​សារព័ត៌មានទាំងនោះ ដែល​​ជាអ្នកបើកផ្លូវ ឬក៏ជាអ្នក​ដាក់និង​​ចែករំលែកអត្ថបទព័ត៌មាន​​របស់ខ្លួនឯង នៅលើFacebook ចង់ចែកចាយប៉ុន្មាន​ក៏បាន​តាមចិត្ត។ Facebook មិនបានទៅ​បង្ខំ ឬតម្រូវឲ្យ​ចែករំលែកទេ។

លោកពន្យល់ថា តាមការពិត Facebook បានចំណូលតិចណាស់ ពីការចែកចាយ​បណ្តាញព័ត៌មានទាំងនោះ។ ផ្ទុយទៅវិញ គឺបណ្តាញព័ត៌មានអូស្ត្រាលីទៅវិញទេ ដែល​ត្រូវអរគុណFacebook ព្រោះដោយសារFacebook ទើបអត្ថបទ សម្លេង ឬវីដេអូព័ត៌មានរបស់គេ អាចចូលជ្រាបទៅមជ្ឈដ្ឋានមនុស្សទូទៅច្រើន។

Google វិញក៏បាន​រិះគន់ បដិសេធគម្រោងច្បាប់របស់អូស្ត្រលីនេះដែរ។ Google ដែលជាម្ចាស់​ Youtube បានបង្កើតសារ pop-ups លោតនៅលើគ្រប់បណ្តាញរបស់ខ្លួន នៅអូស្ត្រាលី ដើម្បីផ្ញើសារពញ្ញាក់ស្មារតី អ្នកប្រើប្រាស់នៅអូស្ត្រាលី ថា ការប្រើប្រាស់បណ្តាញរបស់Google នៅអូស្ត្រាលី កំពុងតែរងការគម្រាមកំហែង។ Google ក៏បាន​ពន្យុះឲ្យ​អ្នកលេង Youtube ទាំងអស់ទូទាំងពិភពលោក ចូលរួមតវ៉ា ប្រឆាំងនឹងគម្រោងច្បាប់អូស្ត្រាលីនេះដែរ។

អូស្ត្រាលី មិនចុះញ៉ម

លោក Josh Frydenbergs រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូស្ត្រាលីបាន លើកឡើងថា គម្រោងច្បាប់នេះ មិនមែនរដ្ឋាភិបាលអូស្ត្រាលី រកនឹកធ្វើតែម្នាក់ឯងទេ។ តែវាជាការដោះដូរពិគ្រោះយោបល់ ជាមួយភាគីពាក់ព័ន្ធ និង​មតិមហាជនអូស្ត្រាលី។ ច្បាប់នេះ​សំដៅការពារ​ បណ្តាញសារព័ត៌មានអូស្ត្រាលី ដែលកំពុង​តែរងផលវិបាកខ្លាំង ដោយសារតែអ្វីៗ ដូចជាចំណូល​ផ្សាយ​ពាណិជ្ជកម្មជាដើម ត្រូវបាន​បណ្តាញសង្គម ដូចជា​ Facebook និង Google នេះ ស្រូបយកទៅទាំងអស់។​ លោកបន្ថែមថា ក្នុងនាមរដ្ឋាភិបាលអូស្ត្រាលី លោកមិនចង់​ឆ្លងឆ្លើយជាមួយ​នឹងពាក្យសំដីគំរាមធ្ងន់ៗ និង​ការ​ដាក់សំពាធ ពីសំណាក់​Facebook ទេ។

ចំណែកលោក Rod Sims នាយកគណកម្មការ​អូស្ត្រាលី ដែលជាអ្នកផ្តួចផ្តើមគម្រោង​ច្បាប់នេះ បានប្រតិកម្មថា ការគំរាមរបស់ Facebook គឺជារឿងមួយ​ មិនត្រូវនឹងកាលៈទេសៈ ហើយខ្វះស្មារតីស្ថាបនា។តាមរយៈសំដីប្រតិកម្មទាំងនេះ គឺសម្រាប់ពេលនេះ ភាគីរដ្ឋាភិបាលអូស្ត្រាលី មិនទាន់រាថយ ខ្លាចFacebookទេ។

ប្រទេសផ្សេងកំពុងរងចាំតានដានគម្រូអូស្ត្រាលី

បើសិនជាគម្រោងច្បាប់នេះចេញមែន គឺមានន័យថាអូស្ត្រាលី ជាប្រទេសដំបូងគេហើយ ក្នុងពិភពលោក ដែលតម្រូវឲ្យក្រុមហ៊ុនបច្ចេកវិទ្យាបណ្តាញសង្គម Facebook និង Google ត្រូវបង់ប្រាក់កម្រៃ ឲ្យដល់បណ្តាញ​សារព័ត៌មាន។ សម្រាប់ជំហានដំបូង គម្រោងច្បាប់នេះ សំដៅតែទៅលើបណ្តាញបច្ចេកវិទ្យា របស់ក្រុមហ៊ុនធំៗទាំង២នេះទេ។ បើជោគជ័យ អូស្ត្រាលី អាចនឹងពង្រីកអនុវត្តវា ទៅលើបណ្តាញ​សង្គម​ និងគេហទំព័រអ៊ីនធ័រណិត ផ្សេងៗទៀត។

តាមពិតទៅ ប្រមាណ​១០ឆ្នាំចុងក្រោយនេះ ​បណ្តាញ​សារព័ត៌មាន ​នៅទូទាំងពិភពលោក បានបាត់បង់ឥទ្ធិពល និងប្រាក់ចំណូល​ខ្លាំងណាស់ ព្រោះថាបណ្តាញសង្គមដូចជា Facebook Youtube នេះ បានស្រូបយកទីផ្សារ យកអត្ថបទទៅចែកចាយបន្ត ហើយអ្នកប្រើប្រាស់ទូទៅ មិនបានទៅស្វែងរកព័ត៌មាន ពីប្រភព​ដើមដំបូងទេ គឺគេមើលនៅ​តែលើ Facebook និង​Youtube តែប៉ុណ្ណោះ។ មហាក្រុមហ៊ុនយក្សទាំង២នេះ បានកើបប្រាក់ចំណេញមិនតិចទេ។ ដូច្នេះហើយ បានជាគម្រោងរបស់​អូស្ត្រាលីនេះ ត្រូវបាន​ប្រទេស​ជាច្រើនផ្សេងទៀត យកចិត្តទុកដាក់តាមដានដែរ ក្រែងអាចយកធ្វើជាគម្រូបាន ដើម្បីស្រោចស្រង់​វិស័យ​សារព័ត៌មាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ