អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វីតៃប៉ិបើកទីផ្សារឱ្យអាមេរិកនាំចូលសាច់ជ្រូកនិងសាច់គោមកតៃវ៉ាន់ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រឈមនឹងចិន សហរដ្ឋអាមេរិក និងតៃវ៉ាន់រំកិលរកគ្នា កាន់តែជិត។ មានសញ្ញាថ្មីមួយបន្ថែមបញ្ជាក់អំពីការរឹតចំណងទំនាក់ទំនងនេះ។ រដ្ឋាភិបាលតៃវ៉ាន់ ទើបបានប្រកាសបើកព្រំដែនទទួលសាច់ជ្រូកនិងសាច់គោនាំចូកមកពីសហរដ្ឋអាមេរិក ទោះបីជាសាច់ជ្រូកនិងសាច់គោអាមេរិកមិនត្រូវស្តង់ដារសុខភាពដ៏តឹងតែងរបស់កោះក៏ដោយ។ ការព្រមធ្វើ​សម្បទាននេះ ទំនងជាជំហានដំបូងនៃដំណើរ​ឆ្ពោះទៅរកកិច្ចព្រមព្រៀងផ្តោះប្តូរពាណិជ្ជកម្មសេរីអាមេរិក-តៃវ៉ាន់។

ការ​ចិញ្ចឹមគោនៅ​កសិដ្ឋាន Dareizé.
ការ​ចិញ្ចឹមគោនៅ​កសិដ្ឋាន Dareizé. © RFI/Sayouba Traoré
ផ្សាយពាណិជ្ជកម្ម

​​ក្រោយ​ពីមាន​ផ្ទុះ​ជំងឺ​គោឆ្កួត​ នៅ​សហរដ្ឋ​អាមេរិក​ កាលពី​ឆ្នាំ​២០០០​មក តៃវ៉ាន់​បាន​ដាក់​រនាំង​ហាម​មិនឱ្យ​​នាំ​​សាច់គោអាមេរិកចូលលើ​កោះ​ទេ។ ប៉ុន្តែពេល​នេះ​តៃវ៉ាន់​បាន​លើក​បម្រាម​ទាំងនោះ​ចេញ​វិញ​ខ្លះ។ អំណើះតទៅ សហរដ្ឋអាមេរិកអាច​​នាំចូល​នូវ​សាច់​គោ​ដែល​មាន​អាយុ​ចាប់​ពី​៣០​ខែ​ឡើង​ទៅ។ ​សាច់​ជ្រូកអាមេរិក​​​ដែល​ចិញ្ចឹម​ដោយ​ប្រើ ​ថ្នាំ​គីមី​ ractopamine បំប៉ន ក៏​អាច​ជ្រៀត​ចូល​ក្នុង​ទីផ្សារ​តៃវ៉ាន់​វិញ​បាន​ដែរ។ សារធាតុ​គីមី​បំប៉ន​សត្វ ឱ្យ​ទ្រលក់ទ្រលន់​​ញាត់​សាច់ច្រើន​តែ​ពុំ​សូវ​មាន​ខ្លាញ់ មានប្រើច្រើន​ក្នុង​កសិកម្ម​ចិញ្ចឹម​សត្វនៅ​តំបន់​អាមេរិក​ខាងជើង តែ​ជាប់​បម្រាម​មិន​ឱ្យ​ប្រើប្រាស់​ទេ នៅ​អឺរ៉ុប​ នៅរុស្ស៊ី និង​នៅ​ចិន។ ​តៃវ៉ាន់ក៏ហាមឃាត់​ដែរ ពីមុន។

តៃវ៉ាន់​ ស្ថិត​​ក្នុង​ចំណោម​ប្រទេស​ដែល​ទទួល​​ទាន​សាច់​ច្រើន​ជាង​គេ​បំផុត​។ ប្រជាពលរដ្ឋ​តៃវ៉ាន់​ម្នាក់ៗ​ បរិភោគ​សាច់​៩០គីឡូក្រាម​ ជាមធ្យម​ក្នុង​មួយ​ឆ្នាំៗ។ ដូច្នេះ​តៃវ៉ាន់​ជា​ទីផ្សារ​នាំ​ចូល​សាច់​ដ៏គួរ​ឱ្យ​ចាប់​អារម្មណ៍។ ហើយ​សហរដ្ឋ​អាមេរិក​នេះ​ក៏​ធ្លាប់​ជា​ប្រទេស​ផ្គត់ផ្គង់​សាច់​គោ​លំដាប់​ទីមួយ​ឱ្យ​តៃវ៉ាន់ និង​ស្ថិត​នៅ​ជួរ​ទីបួន ខាងផ្គត់ផ្គង់​​ចូលសាច់​ជ្រូក​ឱ្យតៃវ៉ាន់។ ប៉ុន្តែ​បើ​គិត​អំពី​បរិមាណ​វិញ គឺមានកំរិត​តិច​តួច​ណាស់។ អាមេរិក​នាំ​ចូល​សាច់គោ ប្រមាណ​៧ម៉ឺន​តោន និង​សាច់​សាច់​ជ្រូក​៩ពាន់​តោន​ តែប៉ុណ្ណោះ។ ហេតុ​អ្វី​បាន​ជា​តិចដូច្នេះ ?

តៃវ៉ាន់​​ ពីមុន​នោះ​ មាន​ច្បាប់​សុវត្ថិភាព​នាំ​ចូលសាច់​តឹង​តែង​ណាស់។ ជា​បទ​ដ្ឋាន​សុវត្ថិភាព​ដែល​គិតគូរ​ខ្លាំង​ដល់​សុខភាព​ចិត្ត​​អ្នក​ទិញ​ផង​ និង​មក​ពី​តៃវ៉ាន់​មាន​ឆន្ទៈ​ការពារ​កសិកម្ម​ចិញ្ចឹម​សត្វ​ក្នុងស្រុក​របស់​ខ្លួន​ ជា​ពិសេស​ការ​ចិញ្ចឹម​ជ្រូក។ ​កសិកម្ម​ចិញ្ចឹម​ជ្រូក​តៃវ៉ាន់ អាច​បំរើ​ទីផ្សារ​ក្នុង​ស្រុក​បាន​​ទៅ​៩០%​នៃ​តម្រូវ​ការជាតិ ពោល​គឺ​ស្ទើរ​តែ​គ្រប់គ្រាន់​ដោយ​មិនបាច់​​រំពឹង​លើ​ការ​នាំ​ចូល តែ​​ពុំ​មាន​ការ​ប្រកួត​ប្រជែងប៉ុន្មាន​ទេ។

ពលរដ្ឋ​តៃវ៉ាន់ បាន​បើក​ចំហ​​ឱ្យ​មានការ​នាំចូលសាច់​ពី​បរទេស តាំង​ពី​ឆ្នាំ ២០១០​មក។ ឆ្នាំ​ដែលជ្រូក​​តៃវ៉ាន់​រងជំងឺ​រាតត្បាត​ស្លាប់​រាល និង​ដែល​បាន​ធ្វើ​ឱ្យ​តៃវ៉ាន់​ស្រាប់តែ​​មានឱនភាព​សាច់​ជ្រូក ក្នុង​ស្រុក​យ៉ាង​ខ្លាំង មិន​ធ្លាប់​មាន​។ កាលពី​ឆ្នាំទៅ​ ជំងឺ​គ្រុន​ជ្រូកអាហ្វ្រិក​​នៅចិន បាន​រាលដាល​ឆ្លង​មក​ដល់​​តៃវ៉ាន់ និង​ធ្វើ​ឱ្យការ​​ចិញ្ចឹម​ជ្រូក​នៅ​តៃវ៉ាន់​រងការគំរាមកំហែង​យ៉ាងខ្លាំង។

ការធ្មេច​ភ្នែក បន្ធូរ​​ច្បាប់​សុខភាព​​ដ៏​តឹងតែង​ព្រម​ឱ្យ​អាមេរិកអាច​នាំ​ចូលសាច់​មក​តៃវ៉ាន់បាន ជាការ​​ព្រមព្រៀង​​ក្នុង​បរិបទ​ដ៏ពិសេស។ គឺពេលនេះវ៉ាស៊ីនតោន​និង​តៃប៉ិកំពុង​រំកិល​ខិត​ចូល​ជិត​គ្នា​កាន់​តែ​កៀក ក្នុង​ផ្ទៃ​នៃ​ការ​គំរាមកំហែង​យោធា​កាន់​តែ​ខ្លាំង​ឡើង​តំបន់​ច្រក​សមុទ្ទ​តៃវ៉ាន់ ពី​សំណាក់​ចិន។ កាលពី​ដើម​ខែ​សីហា តៃវ៉ាន់​បានថែមទាំងមាន​ឱកាស​​ទទួល​ស្វាគមន៍​​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​អាមេរិកលើ​ដែនកោះ​របស់​ខ្លួន​ផង។ ​ គិត​ចាប់​តាំង​ពី​អាមេរិក​បានកាត់​ផ្តាច់​ទំនាក់ទំនងការទូត​ជាមួយ​តៃវ៉ាន់ នៅ​ឆ្នាំ​១៩៧៩​​ ដើម្បី​ទទួល​ស្គាល់​គោលការណ៍​ចិន​តែ​មួយ​របស់​ប៉េកាំង​មក នេះ​ជា​លើក​ទីមួយដែលមន្ត្រី​ជាន់​ខ្ពស់​​​អាមេរិកថ្នាក់​ដល់​ទៅ​រដ្ឋមន្ត្រី​​បានមក​បំពេញ​ទស្សនកិច្ច​នៅ​តៃវ៉ាន់​នោះ។

​លោកស្រី​ប្រធានាធិបតី​តៃវ៉ាន់ សំឡឹងឃើញ​ថា​ពេល​នេះ​ជា​ឱកាសដ៏​ប្រពៃ​នៃ​ការ​ចាប់​ផ្តើម​បើក​កិច្ចចរចា​ស្វែង​រកកិច្ចព្រមព្រៀងផ្តោះប្តូរ​​ពាណិជ្ជកម្មសេរី​​អាមេរិក-តៃវ៉ាន់។ បើ​តាម​ប្រសាសន៍​របស់​លោកស្រី ឆៃ អ៊ីងវេន កាលពី​ថ្ងៃ​សុក្រ​កន្លង​ទៅ នេះ សេចក្តី​សម្រេច​ព្រមបើក​ទីផ្សារ​សាច់​តៃវ៉ាន់​ឱ្យ​អាមេរិក ជា​យុទ្ធសាស្ត្រ​មួយ​ដែល​នឹង​ផ្តល់​ប្រយោជន៍​សេដ្ឋកិច្ច​ និង​ នយោបាយ។ តៃវ៉ាន់គ្មានឆន្ទៈ​ចង់​យក​ចំណេញ​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ឡើយ​ ប៉ុន្តែ តៃវ៉ាន់​ត្រូវ​យក​ចំណុច​ខ្លាំងនៃ​សេដ្ឋកិច្ច​​របស់ខ្លួន​មកប្រើ ដើម្បី​ធានាការពារ​​ប្រព័ន្ធ​ផ្គត់ផ្គង់ស្បៀង​អាហារ​ក្រោយវិបត្តិ​​កូវីដ១៩ និង​ក្នុង​បរិបទ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក។ ​ឱកាស​​ហុច​​ហើយ ​​តៃវ៉ាន់ត្រូវ​ឆក់​យក​​​ឱ្យ​បាន​។ បើ​តៃវ៉ាន់​ហ៊ាន​សម្រេច ​សំណុំ​រឿង​នាំ​ចូល​សាច់​ជ្រូកនិង​សាច់​គោ​អាមេរិក នោះ​មាន​ន័យ​ថា​តៃវ៉ាន់បានចាក់គ្រឹះ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​អាមេរិក និង​ជា​ការ​​​ចាប់​ផ្តើម​បើក​កិច្ចសហប្រតិបត្តិការ​អាមេរិក-តៃវ៉ាន់ លើ​គ្រប់​វិស័យ។

សេចក្តី​សម្រេច​របស់​តៃវ៉ាន់ បាន​ទទួល​ការ​ស្វាគមន៍​ពី​ភាគី​អាមេរិក​ ពី​គ្រប់​និន្នាការនយោបាយ​ រាប់​ទាំង​ទីប្រឹក្សា​សេដ្ឋកិច្ច​របស់​បេក្ខជន​ប្រធានាធិបតី ចូ បៃដិនផង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ