អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

មាសបន្ត​ឡើង​ថ្លៃ ខ្លាំង​ដល់​កំរិត​កំពូល​ជា​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាសត្រូវ​ប៉ាន់​ជាង​ពេល​ណាៗ​ទាំង​អស់។ មាសបន្ត​ឡើង​ថ្លៃ​ជា​លំដាប់​ នៅ​លើ​ទីផ្សារ​ពិភពលោក។ កាលពី​ថ្ងៃ​ចន្ទទី ២៧ កក្កដា តម្លៃ​មាស​បាន​ឡើង​ដល់​កំរិត​កំពូល ពុំ​ធ្លាប់​មាន​។ វិបត្តិ​សេដ្ឋកិច្ច​បណ្តាល​មក​ពីជំងឺ​រាតត្បាត​សកល​កូវីដ១៩ ភាព​តាន​តឹង​នយោបាយ​រវាង​សហរដ្ឋ​អាមេរិកនិង​ចិន និង​ការ​ធ្លាក់​ថ្លៃ​របស់​ដុល្លារ បាន​ជំរុញ​ឱ្យ​លោហៈមួយ​នេះ កាន់​តែ​​មាន​តម្លៃ​។

មាស​ ១OZ ថ្លៃ​ ១៩៤៤​ដុល្លារ នៅ​ថ្ងៃទី ២៧ កក្កដា ២០២០
មាស​ ១OZ ថ្លៃ​ ១៩៤៤​ដុល្លារ នៅ​ថ្ងៃទី ២៧ កក្កដា ២០២០ gold.fr
ផ្សាយពាណិជ្ជកម្ម

ចាស់​ខ្មែរពីដើម​ និយម​ទិញ​មាស​ទុក មិន​ខុស​ទេ។ ទោះ​នៅ​ក្នុង​​សម័យ​កុំ​ព្យូទ័រ សតវត្សរ៍​ទី២១​នេះ​ហើយ​ក៏​ដោយ ក៏​​មាស​ជា​ទ្រព្យ​ដែល​មិន​ចេះ​បាត់​បង់តម្លៃ​ដែរ។ ផ្ទុយ​ទៅ​វិញ មាស​កាន់​តែ​មាន​តម្លៃ​ នៅ​ពេល​ស្រុកមិន​ស្រួល ជួបសង្គ្រាម ឬ​មានវិបត្តិ​សេដ្ឋកិច្ច។ ជំនួញ​មាស​ ឬ​ការ​ទិញ​ភាគហ៊ុន​មាស​ ផ្តល់​ផល​ចំណេញ​ជាង​គេ​បង្អស់ សម្រាប់​ឆ្នាំ២០២០​នេះ។  

មាស​ឡើង​ថ្លៃ​ជាលំដាប់ ១OZ (ដែល​ស្មើ​នឹង​​៨ជី៣ហ៊ុន) ថ្លៃ​១៨០០​ដុល្លា​រ កាលពី​ថ្ងៃពុធ​ទី២២កក្កដា​២០២០សប្តាហ៍​មុន និង​ឡើង​ដល់ ១៩៤៤,៧១ នៅ​ថ្ងៃចន្ទទី ២៧កក្កដា ២០២០​វេលាម៉ោង​បី​ព្រឹក​ម៉ោង​សកល។ ជា​រួមមក​ គិត​ត្រឹម​ពីខែ​មករា​២០២០​មក ទល់​នឹង​ថ្ងៃ​​នេះ តម្លៃ​មាស​បាន​ឡើង​ថ្លៃ​ជាង​ ២៧%​ និង​ថ្លៃ​ខ្លាំង​បំបែកឯតទគ្គកម្ម​តែ​ម្តង​ទៀត។ កាលពីខែ​កញ្ញា​​ឆ្នាំ​២០១១ មាស​ឡើងថ្លៃ​​កប់ពពកជាប់​ក្នុង​​កំណត់ត្រា​ ប៉ុន្តែ​​មួយ​OZ ថ្លៃតែ​ ១៩២១ដុល្លារប៉ុណ្ណោះ។

វិបត្តិ​កូរ៉ូណាវីរុស​និង​សេដ្ឋកិច្ច

បន្ទាប់​ពី​ទ្រឹង​ថ្លៃ​បន្តិច​នៅ​ខែ​មិថុនា ​មាសចាប់​ស្ទុះ​​ឡើង​ថ្លៃវិញ ដោយ​សារ​​កត្តា​ច្រើនយ៉ាង​ ៖ ទី​មួយ​គឺ​វិបត្តិ​កូរ៉ូណាវីរុសនិង​សេដ្ឋកិច្ច​ ចាប់​ធ្លាក់​ធ្ងន់ធ្ងរ​នៅ​ក្នុង​ជា​ច្រើន​ប្រទេស​ ដែល​​ជំរុញ​ឱ្យ​កំណើន​សេដ្ឋកិច្ច​ពិភពលោក នៅ​ឆមាស​ទីពីរ ពិបាក​ងើប​ឡើង​វិញ​ ឬ​ងើប​ឡើង​វិញ​តែ​គ្មាន​ភាព​ប្រាកដ​ប្រជា។

នៅសហរដ្ឋ​អាមេរិក ធនាគារ​កណ្តាល ដែល​​ព្រួយ​បារម្ភ​កាន់តែ​ខ្លាំង​ចំពោះ​ផលវិបាក​បង្ក​ឡើង​ដោយ​វិបត្តិ​កូវីដ​១៩ ទៅ​លើ​ទីផ្សារការងារ​និង​ការ​ចាយវាយ​របស់​ពលរដ្ឋ​ ត្រូវ​ធ្វើ​អន្តរាគមន៍ ចូល​ជួយ​​ទីផ្សារ​ហិរញ្ញវត្ថុ​​ជា​ថ្មី​​។ នៅ​ប៉ែក​អឺរ៉ុប​វិញ គណៈកម្មការ​អឺរ៉ុប​បាន​ប្រកាសថា​តំបន់​ចាយ​ប្រាក់​អឺរ៉ូ​មាន​​ដំណើរ​សេដ្ឋកិច្ច​ដើរ​ថយ​ក្រោយ​ខ្លាំង​ ជាង​ការ​គ្រោង​ទុក​ នៅ​ឆ្នាំ​២០២០​នេះ ហើយនៅ​ឆ្នាំ​២០២១ តំបន់​អឺរ៉ូ​នឹង​​មាន​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញតែ​​ខ្សោយ​ជាង​ការ​រំពឹង​ទុក​។ ជា​ផលវិបាក អ្នក​វិនិយោគ​នាំ​គ្នា​ងាក​ទៅ​រក​ទិញ​ លោហៈ​មាស ដ៏​មាន​តម្លៃ​ ដើម្បី​ការពារ​ខ្លួន​ពី​ទីផ្សារ​ដ៏​យោគយោល។ បើ​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក គ្រាន់​តែ​នៅ​ខែ​មិថុនា មិន​ដល់​មួយ​ខែ​ផង មូលនិធិ​វិនិយោគ​បាន​ប្រមូល​ទិញ​មាស ១០៤តោនបន្ថែម​ ​ក្នុង​តម្លៃ​ដល់​ទៅ ៦ពាន់​លាន​ដុល្លារ។ មូលនិធិ​មាស​បាន​បំពេញ​ស្តុក​មាស​ច្រើន​ដូច​សម័យ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ឆ្នាំ​២០០៩​យ៉ាង​ដូច្នោះ។ នៅ​​ធនាគារកណ្តាល​ពិភពលោកវិញ តួកគី​ដែល​កំពុង​ឆ្លង​កាត់​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ បាន​ប្រមូល​ទិញ​មាស​ចំនួន​ដល់​ទៅ ២៨​តោន ក្នុង​មួយ​ខែ​ឧសភា​ ដើម្បី​បាន​ក្លាយ​ជា​ប្រទេស​១០​ដំបូង​គេ​នៅ​លើ​ពិភពលោក​ដែល​មាន​ប្រាក់​បំរុង​ជា​មាស​ច្រើន​ជាង​គេ (​​៦៦២​តោន)។​

ប្រាក់​ដុល្លារថោក

ប្រាក់​ដុល្លារ​ធ្លាក់​ថ្លៃ​ ក៏​ជា​កត្តា​មួយ​ដែល​មកកល់​​ដំឡើង​ថ្លៃ​មាស។ ដោយ​ហេតុ​តែ​​កំណើន​អ្នក​ឆ្លង​កូវីដ១៩​  ប្រាក់ដុល្លារ​អាមេរិក​បាន​ចុះ​ថ្លៃ​ច្រើន​ បើ​ប្រៀប​ទៅ នឹង​រូបិបណ្ណ​ផ្សេង​ទៀត។ វិធានការ​ដ៏​ធំធេង​របស់​​ធនាគារ​កណ្តាល​អាមេរិក Fred ទិញ​ប្រាក់​កម្ចី​​រដ្ឋ​និង​បំណុល​ក្រុមហ៊ុន ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ពី​វិបត្តិ​កូវីដ១៩ ក៏​បាន​ចូល​រួមមួយ​​ចំណែកទៀត​​ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​​ ចុះ​ថ្លៃ។ ភាព​មិន​ចុះ​សម្រុង​គ្នា​រវាង​សេតវិមាន​និង​សភា​លើ​ផែនការ​ស្រោចស្រង់​សេដ្ឋកិច្ច ទាញ​បញ្ចុះ​ប្រាក់​ដុល្លារ​មួយ​ជាន់​ទៀត។ ហើយ​បើ​ដុល្លារ​ចុះថ្លៃ​ មាស​ត្រូវ​តែ​ឡើង​ថ្លៃ។ ដោយ​​តម្លៃ​មាស​នៅ​លើ​ទីផ្សារពិភពលោក ចុះ​បញ្ជីជា​ដុល្លារ មាស​ត្រូវ​តែ​ថោកសម្រាប់​អ្នក​ប្រើ​រូបិយបណ្ណ​ផ្សេង​។

នៅថ្ងៃ​ចន្ទ​ទី ២៧​កក្កដា​២០២០ លុយដុល្លារ​ចុះថ្លៃ​ខ្លាំង​មែន​ទែននៅ​ចំពោះ​មុខ​ប្រាក់​អឺរ៉ូ​ (មិន​ធ្លាប់​មាន​ទេ​គិត​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លងមក​នេះ ដោយ​១អឺរ៉ូ​ដូរ​បានជាង​ ១,១៧ដុល្លារ​អាមេរិក) និង​ប្រាក់​យ៉េនជប៉ុន​ (១ដុល្លារ​=១០៥,៣៨យ៉េន) ដែលក៏​រូបិយបណ្ណ​ដ៏​មាន​សុវត្ថិភាព​សម្រាប់​អ្នក​វិនិយោគ។

សង្គ្រាមត្រជាក់​ចិន-អាមេរិក

កត្តា​ចុងក្រោយ គឺ​ភាព​តាន​តឹង​ការទូត និង​សេដ្ឋកិច្ច​រវាង​សហរដ្ឋ​អាមេរិក​និង​ចិន។ ​មហាអំណាចពិភពលោក​ទី​មួយ​និង​ទីពីរ មាន​ជម្លោះពាណិជ្ជកម្ម​និ​ងការទូត​ ជាបន្ទុក​ធ្លាក់​សង្កត់​លើ​ទីផ្សារ​ភាគហ៊ុន​ខ្លាំង​ណាស់​។ អ្នក​វិនិយោគ​ពិត​ជា​ព្រួយ​បារម្ភ​​ជាង​ពេល​ណា​ទាំង​អស់ អំពី​ការ​ធ្លាក់​ចុះ​ និងថមថយ ​នៃ​សកម្មភាព​ផ្តោះ​ប្តូរ​ពាណិជ្ជកម្ម។ ជា​លទ្ធផល​អ្នក​វិនិយោគ​ត្រូវ​ងាក​ជា​ថ្មី​ទៅ​រក​មាស ដែលផ្តល់​ចំណេញ​ច្រើន និង​​ជា​ការ​វិនិយោគ​ដ៏​ប្រកប​ដោយ​​សុវត្ថិភាពបំផុត។

យោង​តាម​បរិបទបច្ចុប្បន្ន អ្នក​វិភាគជា​​ច្រើន ឃើញ​ថា មាស នឹង​បន្ត​ឡើង​ថ្លៃ​ទៀត ហើយ​នឹង​អាច​ឡើង​ថ្លៃ​ ​ ដល់​ទៅ​ជាង​ ​ពីរពាន់​ដុល្លារ​ក្នុង​មួយ​អោន នៅ​ខែ​កញ្ញា​២០២០​ខាង​មុខ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ