ចិនបើកសមយុទ្ធដើម្បីប្រឆាំងទស្សនកិច្ចរបស់មន្រ្តី ជាន់ខ្ពស់អាមេរិក ម្នាក់ទៀតនៅតៃវ៉ាន់
ប្រតិកម្មតបនឹងដំណើរទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់ម្នាក់ទៀតរបស់អាមេរិកនៅ តៃវ៉ាន់ ប្រទេសចិន ប្រកាសបើកធ្វើសមយុទ្ធនៅក្បែរតៃវ៉ាន់ នៅថ្ងៃសុក្រទី១៨កញ្ញា។ លោកឃីស ក្រច Keith Krach អនុរដ្ឋលេខាធិកា ទទួលបន្ទុកផ្នែកកំណើនសេដ្ឋកិច្ច ថាមពលនិងបរិស្ថាន ជាមន្រ្តីជាន់ខ្ពស់អាមេរិកទី២ ដែលបានធ្វើដំណើរទៅតៃវ៉ាន់ ទោះបីមានការព្រមាន ថ្កោលទោសពីប្រទេសចិន
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០៧:៣៩
តាមក្រសួងការបរទេសអាមេរិក លោកឃីស ក្រចត្រូវចូលរួមគោរពវិញ្ញាណក្ខន្ធសពបិតាប្រជាធិបតេយ្យតៃវ៉ាន់ លោក លី តេងហ៊ុយ។ ប៉ុន្តែ សម្រាប់ចិន ទស្សនកិច្ចរបស់មន្រ្តីជាន់ខ្ពស់អាមេរិក នៅតៃវ៉ាន់ ឆ្លុះបញ្ចាំងពីការរួមផ្សំគំនិតគ្នារវាងអាមេរិក និងតៃវ៉ាន់ ដែលអាចគំរាមកំហែងដល់ដែនអធិបតេយ្យភាព របស់ចិន…
ធានារក្សាដែនអធិបតេយ្យភាព និងបូរណភាពទឹកដីចិន នេះគឺជាគោលដៅនៃសមយុទ្ធរបស់ចិន នៅជិតសមុទ្រតៃវ៉ាន់ នៅថ្ងៃសុក្រនេះ គឺចំថ្ងៃ ពេលដែលអនុរដ្ឋលេខាធិការអាមេរិកលោក ឃីស ក្រច Keith Krach ត្រូវជួបប្រធានាធិបតីតៃវ៉ាន់ លោកស្រី ត្សៃ អ៊ីងវេន ដែលជាបុគ្គលសំអប់របស់ប៉េកាំង។
កាលពីថ្ងៃពុធ នៅពេលលឺថា អាមេរិកបញ្ជូនអនុរដ្ឋលេខាធិការ លោក ឃីស ក្រច ទៅតៃវ៉ាន់ ចិន បង្ហាញជំហរប្រឆាំង របស់ខ្លួន ម្តងហើយ ដោយបានបញ្ជូន យន្តហោះ ប្រឆាំងនាវាមុជទឹក ឲ្យទៅហោះក្នុងតំបន់ការពារអាកាសរបស់តៃវ៉ាន់។
សូមបញ្ជាក់ថា តៃវ៉ាន់ដែលចិនចាត់ទុកជាដែនដីកោះមួយ និងដែលចិនត្រូវក្រសោបយកមកគ្រប់គ្រងវិញ ទោះជាត្រូវប្រើកម្លាំងយោធា ជាផ្នែកមួយនៃបញ្ជីជម្លោះ រវាង ចិន និងអាមេរិក ដែលមានតាំងពីជម្លោះពាណិជ្ជកម្ម ជំងឺកូវីដ បញ្ហាហុងកុង និងសំណុំរឿងអ៊ុយហ្គួរ។
លោកឃីស ក្រច ជាមន្រ្តីជាន់ខ្ពស់អាមេរិក ទី២ ដែលបានធ្វើទស្សនកិច្ច នៅតៃវ៉ាន់ នៅក្នុងរយៈពេលតែជាង ១ខែ ចុងក្រោយនេះ។ កាលពីថ្ងៃទី១០សីហា រដ្ឋមន្រ្តីសុខាភិបាលអាមេរិក ជាមន្រ្តីជាន់ខ្ពស់របស់អាមេរិកដំបូងគេ ដែលបានធ្វើទស្សនកិច្ច នៅតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៧៩។ ឆ្នាំ ដែលអាមេរិកកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ និងងាកមកទទួលស្គាល់គោលការណ៍ចិនតែមួយ។ ទស្សនកិច្ចរបស់រដ្ឋមន្រ្តីសុខាភិបាលអាមេរិកបានធ្វើឲ្យប្រទេសចិន ឆេះកំហឹង ក្តៅក្រហាយម្តងហើយ។
នៅពេលលោកស្រីប្រធានាធិបតីតៃវ៉ាន់ទទួលជួបរដ្ឋមន្រ្តីសុខាភិបាលអាមេរិក ដែលជាមន្រ្តីជាន់ខ្ពស់បំផុតរបស់អាមេរិក ធ្វើទស្សនកិច្ច នៅតៃវ៉ាន់ ចាប់ពីឆ្នាំ ១៩៧៩ ចិន ក៏បានបញ្ជូនយន្តហោះ ចម្បាំង ទៅហោះក្បែរដែនទឹករបស់តៃវ៉ាន់ម្តងហើយ ដើម្បីប្រតិកម្មថ្កោលទោសអាមេរិក ដែលហ៊ានបញ្ជូនមន្រ្តី ទៅតៃវ៉ាន់។ ខុសពីសមយុទ្ធដទៃ ដែល ចិនអះអាងថា គ្មានទិសដៅ គំរាមកំហែងប្រទេស ឬទឹកដី ដទៃ ចិនលើកនេះ បានបញ្ជាក់ច្បាស់ៗថា សមយុទ្ធ នៅថ្ងៃសុក្រនេះ គឺដើម្បី ការពារដែនបូរណភាពរបស់ចិន និងដើម្បីឆ្លើយតបនឹងព្រឹត្តិការណ៍ដែលកំពុងកើតមាន នៅតៃវ៉ាន់។
ក្រសួងការបរទេសអាមេរិក៖ លោកឃីស ក្រច នឹងតំណាងអាមេរិកក្នុងពិធីគោរពវិញ្ញាណក្ខន្ធ របស់បិតាប្រជាធិបតេយ្យតៃវ៉ាន់
តាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេស អាមេរិក លោកឃីស ក្រច អនុរដ្ឋលេខាធិការទទួលបន្ទុកផ្នែកសេដ្ឋកិច្ច ថាមពលនិងបរិស្ថាន ត្រូវចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធរបស់សព បិតាប្រជាធិបតេយ្យតៃវ៉ាន់ លោកលីតេងហ៊ុយ នៅថ្ងៃសៅរ៍។ ក្រសួងការបរទេសអាមេរិកមិនបានលម្អិតច្រើន ពី បេសកកម្មរបស់លោកឃីស ក្រច នៅតៃវ៉ាន់នោះទេ។ តាមកាសែត តៃវ៉ាន់ អនុរដ្ឋលេខាធិការអាមេរិកត្រូវជួបបាយពេលល្ងាចជាមួយលោកស្រីប្រធានាធិបតី តៃវ៉ាន់ និងជួបសមភាគីការបរទេសតៃវ៉ាន់ ដើម្បីនិយាយពីទំនាក់ទំនងសេដ្ឋកិច្ច។ រាល់ជំនួប គឺធ្វើឡើងដោយបិទទ្វារ មិនឲ្យអ្នកកាសែតចូលស្តាប់នោះទេ។
សម្រាប់ចិន ទំនាក់ទំនងពាណិជ្ជកម្មតៃវ៉ាន់ និងអាមេរិក តាមពិតជាការសហការយោធា
ដោយបញ្ជូនរដ្ឋមន្រ្តីសុខាភិបាល ឬ អនុរដ្ឋលេខាធិការក្រសួងការបរទេស ទទួលបន្ទុក សេដ្ឋកិច្ច ថាមពល និងបរិស្ថាន អាមេរិកមិនបានរំលោភខ្សែបន្ទាត់ក្រហមដែលចិនបានកំណត់នោះទេ។ តាមខ្សែបន្ទាត់ក្រហមរបស់ចិន គឺហាមដាច់ខាត មិនឲ្យមានទីប្រឹក្សាសន្តិសុខ ឬរដ្ឋមន្រ្តីទទួលបន្ទុកសន្តិសុខជាតិអាមេរិកធ្វើដំណើរទៅវិញនោះទេ។
ប៉ុន្តែ ការបញ្ចូនមន្ត្រីជាន់ខ្ពស់ អាមេរិកឲ្យទៅធ្វើទស្សនកិច្ចជាបន្តបន្ទាប់គ្នានៅតៃវ៉ាន់ យ៉ាងដូច្នេះ គឺសឱ្យឃើញថា អាមេរិកកំពុងចូលក្បែរកៀកបំផុតនឹងខ្សែបន្ទាត់ក្រហមរបស់ចិន។ ទីក្រុងប៉េកាំងតែងប្រឆាំងដាច់ខាត មិនឲ្យអាមេរិកចង ផ្សារភ្ជាប់ទំនាក់ទំនង អ្វីទាំងអស់ជាមួយតៃវ៉ាន់។ តៃវ៉ាន់ ដែលចិនចាត់ទុកជាដែនដីខេត្តរបស់ខ្លួន និងដែលចិនប្រឹងប្រែងធ្វើឲ្យនៅឯកោ ដាច់ឆ្ងាយពីការរាប់រករបស់សហគមន៍អន្តរជាតិ។
ប៉ុន្តែ នៅក្នុងអាណត្តិរបស់លោកដូណាល់ ត្រាំ អាមេរិក បានបង្កើន ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយតៃវ៉ាន់ ដោយមិនខ្លាច អើពើនឹងការព្រមានរបស់ចិន។ អាមេរិកបានបង្កើនការលក់អាវុធ ទៅឲ្យតៃវ៉ាន់ និងបានប្រុងប្រៀបជួយតៃវ៉ាន់ឲ្យត្រៀមខ្លួនទប់ទល់នឹងការឈ្លានពាននៅថ្ងៃណាមួយរបស់ចិន។
សម្រាប់អ្នកតាមដាននយោបាយនៅតៃវ៉ាន់ ក៏ដូចជា សម្រាប់ក្រសែភ្នែករបស់ទីក្រុងប៉េកាំង កិច្ចសហការសេដ្ឋកិច្ចដែលលោកឃីស ក្រចលើកនិយាយជាមួយ សមភាគីតៃវ៉ាន់ គឺគ្មានអ្វីក្រៅពីការសហការយោធានោះទេ។ តាមការចុះផ្សាយកាលពីថ្ងៃពុធ របស់ទីភ្នាក់ងារព័ត៌មានអង់គ្លេសReuters ប្រឈមនឹងមហិច្ឆតា ការសំញែងកម្លាំងយោធា របស់ចិន អាមេរិកកំពុងត្រៀម លក់សព្វាវុធ ថ្មីទៅឲ្យតៃវ៉ាន់។ តាមទីភ្នាក់ងារReuters ខុសពីកិច្ចសន្យាលក់សព្វាវុធលើកមុនៗ អាមេរិកប្រុងនឹងពិចារណា ធ្វើកិច្ចសន្យាលក់សព្វាវុធ ដល់ទៅ៧ប្រភេទ ក្នុងពេលតែមួយ។ ទាំងភាគីតៃវ៉ាន់ និងអាមេរិកមិនបានប្រកាសជាផ្លូវការពីគម្រោងដែលតៃវ៉ាន់ ប្រុងទិញអាវុធ ថ្មី ពីអាមេរិកនោះទេ។ ប៉ុន្តែ មន្រ្តី អាមេរិកបានពន្លយឲ្យដឹងថា សំណើលក់អាវុធ ទៅឲ្យតៃវ៉ាន់ ត្រូវបានបញ្ជូនរួចហើយទៅឲ្យព្រឹទ្ធសភាអាមេរិកសម្រេច។
ប្រឈមនឹងការពង្រីកឥទ្ធិពល យោធារបស់ចិន តៃវ៉ាន់ របស់លោកស្រី ប្រធានាធិបតីត្សៃ អ៊ីងវេន បានប្រកាន់ជំហរដាច់ខាត ដើម្បីការពារកោះតៃវ៉ាន់ ពីការវាយសង្រ្គប់របស់ចិន។
នៅដើមខែសីហាកន្លងទៅ ខុទ្ទកាល័យរបស់ប្រធានាធិបតីតៃវ៉ាន់ បានប្រកាសបង្កើនការចំណាយសម្រាប់កងទ័ព ប្រមាណ ១០% សម្រាប់ឆ្នាំ ២០២១ ដែលស្មើជាង ១៥ ពាន់លានដុល្លារ។ ថវិកាកងទ័ពភាគច្រើនគឺសម្រាប់ទិញ សព្វាវុធអាមេរិក ដើម្បីបំពាក់ឲ្យកងទ័ពតៃវ៉ាន់។ តាមកាសែតអាមេរិក អាវុធដែលតៃវ៉ាន់ចង់បានពីអាមេរិកលើកនេះ ភាគច្រើន គឺសម្រាប់ប្រុងប្រៀបទប់ទល់នឹងការឈ្លានពានពីសត្រូវខាងក្រៅ ដែលមានដូចជាដ្រូនសម្រាប់ចាប់សញ្ញា នាវាចម្បាំង មីនក្នុងទឹក ដើម្បីប្រឆាំង នាវាមុជទឹក និងមីស៊ីល សម្រាប់ប្រឆាំងមីស៊ីលបាញ់ចេញពីនាវាចម្បាំងជាដើម។
ការណ៍ដែលតៃវ៉ាន់ទិញសព្វាវុធកាន់តែច្រើនពីអាមេរិក យ៉ាងដូច្នេះ គឺធ្វើឲ្យចិន បារម្ភកាន់តែខ្លាំង។ ចិនប្រហែលមិនចង់បង្កជម្លោះ ធ្វើសង្រ្គាមជាមួយតៃវ៉ាន់ និងអាមេរិក ដើម្បីស្ថិរភាពក្នងុតំបន់ និងប្រយោជន៍សេដ្ឋកិច្ច ប៉ុន្តែ ការបំពាក់សព្វាវុធឲ្យមេដឹកនាំតៃវ៉ាន់ ដែលមាននិន្នាការចង់ទាមទារឯករាជ្យផ្តាច់ទឹកដីពីចិនយ៉ាងដូច្នេះ គឺ ជារឿងមិនល្អសោះ សម្រាប់ទីក្រុងប៉េកាំង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ