អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

មហាសេដ្ឋី​ដែល​រិះគន់លោកស៊ី ជីនពីង ត្រូវ​តុលាការចិន​ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ ១៨ឆ្នាំ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ចិន​បាន​បំបិទ​មាត់​អ្នកប្រឆាំង រិះគន់​លោក​ប្រធានាធិបតី​ស៊ី ជីនពីង​ម្នាក់ ទៀត។ នៅ​ថ្ងៃ​អង្គារ​ទី ២២ កញ្ញា ​តុលាការ​ក្រុង​ប៉េកាំង បាន​សម្រេច​ផ្តន្ទាទោស មហាសេដ្ឋី​អចលនទ្រព្យ​ម្នាក់​ឲ្យ​ជាប់ពន្ធនាគារ ១៨ឆ្នាំ ពីបទ​ប្រព្រឹត្ត​អំពើពុករលួយ។ លោក Ren Zhiquiang ត្រូវ​បាន​ប៉ូលិស​ចាប់ឃាត់​ខ្លួន តាំង​ពី​ខែ​មីនា នៅក្រោយ លោក​សរសេរ​សាររិះគន់​លោក​ប្រធានាធិបតី​ចិន ក្នុង​រឿង​គ្រប់គ្រង​វិបត្តិ​កូវីដ​នៅ​ប្រទេស​ចិន។ គេ​វាយតម្លៃថា  លោក​ស៊ី ជីនពីង បាន​យកលេស ប្រយុទ្ធប្រឆាំង​អំពើពុករលួយ ដើម្បី បង្រ្កាប​ក្រុមអ្នកប្រឆាំង​នឹងលោក។

មហាសេដ្ឋី​អចលនទ្រព្យ​ ដែលត្រូវ​កាសែត​ចិន​ចាត់ទុក​ជា​ជន​មូលធននិយម ត្រូវ​បាន​តុលាការ​ចិន  ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​ ១៨​ឆ្នាំ នៅថ្ងៃទី ២២ កញ្ញា ២០២០ ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ​
មហាសេដ្ឋី​អចលនទ្រព្យ​ ដែលត្រូវ​កាសែត​ចិន​ចាត់ទុក​ជា​ជន​មូលធននិយម ត្រូវ​បាន​តុលាការ​ចិន ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​ ១៨​ឆ្នាំ នៅថ្ងៃទី ២២ កញ្ញា ២០២០ ក្នុង​បទចោទប្រកាន់​ប្រព្រឹត្ត​អំពើពុករលួយ​ China News Service (CNS) / AFP
ផ្សាយពាណិជ្ជកម្ម

មហាសេដ្ឋី​អចលនទ្រព្យ​ម្នាក់ ដែល​ធ្លាប់​ចេញមុខ​រិះគន់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស នៅថ្ងៃ​អង្គារ​នេះ ឲ្យ​ជាប់ពន្ធនាគារ ១៨​ឆ្នាំ និង​ត្រូវ​ពិន័យ​ឲ្យ​បង់ប្រាក់ ជាង ៥សែនអឺរ៉ូ សម្រាប់​បទចោទប្រកាន់ ប្រព្រឹត្ត​អំពើ​ពុករលួយ ទទួល​សំណូកសូកប៉ាន់ កេងបន្លំ​លុយរដ្ឋ និង រំលោភអំណាច។ តាម​តុលាការ​ក្រុងប៉េកាំង លោក​ហ្សិន ឈឿឈាំង ក្នុង​នាមជា​បុគ្គល​មាន​ប្រជាប្រិយភាព​ក្នុង​ពិភព​អ្នកជំនួញ​អចលទព្រព្យ បាន​រំលោភ​អំណាច សម្រាប់​ផលប្រយោជន៍​ផ្ទាល់​ខ្លួន និង​បាន​កេង​បន្លំលុយរដ្ឋ​ប្រមាណ ១១១ លាន​យ័ន ដែល​ស្មើ​នឹង​ជាង ១៦​លាន​ដុល្លារ។

វិស័យ​អចលនទ្រព្យ ដែល​លោក​ហ្សិន ឈឿឈាំង បាន​ធ្វើជំនួញ កាក់កប រហូត​ដល់​ឆ្នាំ ២០១៥ ជា​វិស័យ​ដែល​សំបូរ​ទៅ​ដោយ​រឿង កេងបន្លំ ពុករលួយ នៅ​ក្នុង​ប្រទេស​ចិន ដែល​កំពុង​សម្រុកខ្លាំង​ខាង​សំណង់​ហេដ្ឋារចនា​សម្ព័ន្ធ។ ដោយសារ​តែ​គ្មាន​ស្ថាប័ន​ឯករាជ្យ​ដើម្បី​ផ្ទៀងផ្ទាត់ គេ​មិន​ដឹងច្បាស់​ថា តើ​លោក​ហ្សិន ឈឿឈាំង​ពិត​ជា​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដូច​ការចោទប្រកាន់​របស់​តុលាការ​ដែរឬយ៉ាងណានោះទេ។

តាម​សាលក្រម​របស់​តុលាការ​ចេញផ្សាយ នៅលើ​វិបសៃតិ៍​របស់​តុលាការ នៅ​ថ្ងៃ​អង្គារនេះ លោក​ហ្សិន ឈឿឈាំង​បាន​ទទួល​សារភាព​កំហុស បទឧក្រិដ្ឋ​របស់ខ្លួន និងមិន​ប្តឹង ​ឧទ្ធរណ៍​នោះទេ។ មួយវិញទៀត តាម​តុលាការ​ក្រុង​ប៉េកាំង មហាសេដ្ឋី​អចលនទ្រព្យ​ចិន រូបនេះ បាន​យល់ព្រម​ទទួល​សាលក្រម​របស់​តុលាការ ដែល​សម្រេច​រឹបអូស​យក​ទ្រព្យសម្បត្តិ​របស់លោក ដែល​បាន​មក​ពីសកម្មភាព​ខុសច្បាប់​កន្លងមក។

មហាសេដ្ឋី​ដែល​ហ៊ាន​និយាយ​ប្រៀបធៀប​លោកស៊ី ជីនពីង​ទៅ​តួត្លុក

ការផ្តន្ទាទោស​ទៅលើ​លោក​មហាសេដ្ឋី ហ្សិន ឈឿឈាំង នៅពេលនេះ បញ្ជាក់​ពី​យុទ្ធនាការ​បង្រ្កាប​អ្នកប្រឆាំង​នឹង​លោក​ស៊ី ជីនពីង នៅក្នុង​ចំណោមជួរ​ថ្នាក់នាំ​ជាន់ខ្ពស់​របស់​ប្រទេស​ចិន ព្រោះថា លោកហ្សិន ឈឿឈាំង​ត្រូវ​បាន​ចាប់ខ្លួន និង​រង​ការស៊ើបអង្កេត នៅក្រោយ លោក​ចេញមុខ​និយាយ​រិះគន់ លោក​ស៊ី ជីនពីង ក្នុង​រឿង​គ្រប់គ្រង​ជំងឺកូវីដ នៅ​ប្រទេស​ចិន….

ក្រុមប្រឆាំង​អំពើពុករលួយ បាន​សើរើ​ស៊ើបអង្កេត​ប្រឆាំង មហាសេដ្ឋី​អចលនទ្រព្យ លោក​ហ្សិន ឈឿឈាំង គឺ​នៅបន្ទាប់​ពី លោក​បាន​សរសេរ​លិខិត​ចំហរ​មួយ រិះគន់ បក្ស​កុម្មុយនិស្តចិន និង​លោកប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង។

នៅ​ខែ មីនា នៅក្នុង​លិខិត​ផ្សាយ​នៅលើ​បណ្តាញសង្គម របស់​លោក ដែល​មាន​អ្នកតាមដាន ជាង ១០លាន​នាក់ លោក​ហ្សិន ឈឿឈាំង​បាន​សរសេរ​ឌឺដងថា លោក​មិន​បាន​ឃើញ​អធិរាជ​បង្ហាញ​គ្រឿង​តែង​កាយថ្មី​នោះទេ។ ប៉ុន្តែ គឺ​ត្លុក ដែល​ស្រាតននល​គក ដែលនៅតែ​ទាមទារ ចាត់ទុក​ខ្លួន​ជា​អធិរាជ។ នៅ​ក្នុងដាក់​លិខិត មហាសេដ្ឋី អចលនទ្រព្យចិន មិន​បាន​និយាយ​ចំឈ្មោះ លោក​ប្រធានាធិបតី​ស៊ី ជីនពីង ប៉ុន្តែ លោក​បាន​សរសេរ​លិខិត​រិះគន់​នេះឡើង​ នៅ​ក្រោយ លោក​ស៊ី ជីនពីង កាលពី​ខែ ចុង​ខែ​កុម្ភៈ លើក​ថ្លែង​សរសើរ​ការគ្រប់គ្រង បាន​ដោយ​ជោគជ័យ លើ​វិបត្តិ​កូវីដ នៅប្រទេស​ចិន។

លោកហ្សិន ឈឿឈាំង​បាន​សរសេរ​បន្ថែមថា វិបត្តិកូវីដ​បាន​បើក​ភ្នែក​ឲ្យ​គេ​ឃើញ ការពិត​មួយ​ដែល​ថា គណបក្ស​ការពារ​ផលប្រយោជន៍​របស់ខ្លួន មន្រ្តីរដ្ឋាភិបាល​ការពារ​ផលប្រយោជន៍​របស់ខ្លួន ចំណែក ព្រះរាជា គិតតែ​ពីការពារ ផលប្រយោជន៍ និង​អំណាច​ស្នូល​របស់ខ្លួន។

នៅក្រោយ​ចេញផ្សាយ​លិខិត​រិះគន់​ជា​សាធារណៈ លោក​ហ្សិន ឈឿឈាំង បាត់មុខ រហូត​ដល់​ខែ​មេសា នៅពេល​ប៉ូលិស​សម្រេច​បើក​ការស៊ើបអង្កេត​ប្រឆាំង​លោក ពី​បទ​រំលោភធ្ងន់ធ្ងរ​វិន័យ​របស់​បក្ស ដែល​ជា​ពាក្យ​ប្រើ​ទូទៅ សម្រាប់ ការប្រព្រឹត្ត​អំពើពុករលួយ។

នៅ​ខែ​កក្កដា គណបក្ស​កុម្មុយនិស្ត​ចិន​បាន​សម្រេច​ដក​កាតសមាជិក បក្ស​ពី​លោក​ហ្សិន ឈឿឈាំង ដែល​គណបក្ស​បាន​ចោទប្រកាន់​ថា មិន​ស្មោះស្ម័គ្រ ចំពោះបក្ស។ ការដកអភ័យឯកសិទ្ធិ​របស់​បក្ស​ជា​ការបើកផ្លូវ​ឲ្យ​មាន​ការចោទប្រកាន់​នៅ​តុលាការ ដែល​តាមពិត​សម្រេច​ចេញសាលក្រមតាម​ខ្សែគូសវាស​របស់​បក្ស​កុម្មុយនិស្ត។

លោក​ហ្សិន ឈឿឈាំង​ជា​កាណុងរិះគន់

វាជា​ជារឿង​កម្រ ដែល​មហាសេដ្ឋី អ្នកធ្វើ​ជំនួញ មានបាន នៅ​ប្រទេស​ចិន ហ៊ាន​និយាយ​រិះគន់​មេដឹកនាំ​បក្ស​កុម្មុយនិស្ត។ ដើម្បី​បាន​សុខ និង​រក្សាការពារ មុខជំនួញ និង​ទ្រព្យសម្បត្តិ មហាសេដ្ឋី​ចិន ជាទូទៅ​មិន​ចេញមុខ រិះគន់​ការដឹកនាំ​របស់​រដ្ឋាភិបាល និង​ជាពិសេស លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង​តែម្តង ដែល​គេស្គាល់​ហើយ​ថា បានបង្កើត​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង នឹង​អំពើពុករលួយ ដើម្បី បង្រ្កាប បោសសម្អាត​ក្រុមអ្នកប្រឆាំង នៅក្នុងជួរបក្ស និង​ក្នុង​ចំណោម​មន្រ្តីជាន់ខ្ពស់​របស់​រដ្ឋាភិបាល។

តាម​ប្រវត្តិ​ដែល​កាសែតក្នុង​ស្រុក​បាន​សរសេរ​រៀបរាប់​កន្លងមក លោក ហ្សិន ឈឿឈាំង ជា​កូនរបស់​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម ​ធ្លាប់​ចូលបម្រើកងទ័ព និង​ក្លាយជា​សមាជិក​របស់​បក្ស​កុម្មុយនិស្ត​ចិន តាំង​ពី​ឆ្នាំ ១៩៧៤មក។ នៅក្នុង​អត្ថបទចុះផ្សាយ​ប្រវត្តិ​ផ្ទាល់​ខ្លួន​កន្លងមក លោក​ហ្សិន ឈឿឈាំង បាន​ធា្លប់​លើក​ឡើង​ថា លោក​ស្គាល់​ជិតដិត​មន្រ្តីជាន់ខ្ពស់​របស់​បក្ស​កុម្មុយនិស្ត ជាពិសេស អតីត​អនុប្រធាន​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ។ ធ្លាប់​ជា​អនុប្រធាន របស់​លេខាធិការដ្ឋាន​បក្ស​កុម្មុយនិស្ត ប៉ុន្តែ លោក​មិនដែល​ធ្វើ​នយោបាយ​នោះទេ។ តាមរយៈ​បក្ស​កុម្មុយនិស្ត​ចិន លោក​បាន​ឡើង​តំណែង​ជាបន្តបន្ទាប់ រហូត​ក្លាយ​ជានាយក​ក្រុមហ៊ុន​អចលនទ្រព្យ របស់​រដ្ឋ ឈ្មោះ Hua Yuan ដែល​លោក​បាន​ចូល​និវត្ត​នៅ​ឆ្នាំ ២០១៥។

ជា​សមាជិក​របស់​បក្ស​កុម្មុយនិស្ត អស់​រាប់​ទសវត្សរ៍ ប៉ុន្តែ លោក​លោកហ្សិន ឈឿឈាំង មិន​ដែល​តមសំដី ដើម្បី​សំដែង​មតិផ្ទាល់ខ្លួន ដែល​មាន​ន័យ​រិះគន់​គណបក្ស​នោះទេ។ នៅប្រទេស​ចិន លោក​លោកហ្សិន ឈឿឈាំង​ត្រូវ​គេ​ចាត់ទុក​ជា​កាណុងរិះគន់ ជា​មហាសេដ្ឋី អចលនទ្រព្យ​លើក​ដំបូងគេ ដែល​ហ៊ាន​និយាយ​ការពិត។ កាលពី​ឆ្នាំ ២០១៦ នៅលើ​ប្លុកផ្ទាល់ខ្លួន នៅក្នុង​បណ្តាញ​សង្គម Weibo ដែល​ស្មើ​នឹង​បណ្តាញសង្គម Twitter លោក​បាន​ធ្លាប់​បាន​សរសេរ​រិះគន់​លោក​ស៊ី ជីនពីង​ម្តងហើយ នៅពេល​លោក​ប្រធានាធិបតី ចិន​អំពាវនាវ​ឲ្យ​ប្រព័ន្ធផ្សព្វផ្សាយ សរសេរ​ល្អៗ បម្រើ​គណបក្ស​កុម្មុយនិស្ត​ចិន។ កាលណោះ មហាសេដ្ឋី ហ្សិន ឈឿឈាំង ដែល​ទាមទារ​ឲ្យ​មាន​សេរីភាព និង​ឯករាជ្យ​របស់​សារព័ត៌មាន បាន​វាយតម្លៃ​ថា ប្រព័ន្ធផ្សព្វផ្សាយ ដំណើរការ​បាន​ដោយមកពី​ការបង់ពន្ធ​របស់​ប្រជាជន ដូច្នេះ ប្រព័ន្ធផ្សព្វផ្សាយ​ត្រូវបម្រើ ប្រជាជន ប៉ុន្តែ មិនមែន​បក្ស​នោះទេ។ ការបញ្ចេញមតិរបស់​លោក ឈឿឈាំង ដែល​បាន​ទទួល​ការគាំទ្រ និង​តាមដាន​មើល​របស់​អ្នកប្រើប្រាស់​អ៊ីនធ័រនែត​ចិន​រាប់លាននាក់ បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មិន​សប្បាយចិត្ត និង​បាន​សម្រេច​បិទប្លុក​របស់​លោក​ឈឿឈាំង។

ក្រៅតែ​ពី​ហ៊ាន​ចេញមុខ​រិះគន់ លោកប្រធានាធិបតី ស៊ី ជីនពីង ដែល​ធ្វើ​ឲ្យលោក​ត្រូវ​ជាប់ទោសទណ្ឌ លោក​ហ្សិន ឈឿឈាំង ក៏ជា​បុគ្គល​ចម្រូងចម្រាសផងដែរ នៅ​ប្រទេស​ចិន។ លោក​ធ្លាប់​ត្រូវបាន​កាសែត​រដ្ឋ​ចិនសរសេរ​ចោទប្រកាន់​ថា ជាមនុស្ស​មូលធន​និយម នៅពេល​លោក​និយាយ​ការពារ​គោលនយោបាយ ដំឡើង​ថ្លៃផ្ទះ នៅ​ប្រទេស​ចិន។ នៅពេល​មួយ​លោក​ធ្លាប់​បាន​និយាយ​ប្រាប់​កាសែតថា អ្នកដែល​មិនចង់​វិនិយោគ លើ​វិស័យ​អចលនទ្រព្យ នៅមុន ការកើនឡើងលឿន​ខ្លាំង​នៃវិស័យ​អចលនទ្រព្យ គឺ​សក្តិសម​នឹង​ធ្លាក់ខ្លួន រស់នៅក្នុង​ភាពក្រីក្រ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ