អានតួអត្ថបទ
អ.ស.ប​-កូរ៉េខាងជើង-នុយក្លេអ៊ែរ

អ.ស.ប ថា​កូរ៉េ​ខាង​ជើង​រំលោភ​ទណ្ឌកម្ម​អន្តរជាតិ​ក្នុង​សំណុំ​រឿង​នុយក្លេអ៊ែរ

អង្គការ​សហប្រជាជាតិ​ កាលពី​ថ្ងៃ​ចន្ទ ២៨ កញ្ញា​ម្សិលមិញ​ បាន​និយាយថា​កូរ៉េខាងជើង​កំពុងតែ​រំលោភ​លើ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​មាន​បំណង​ទប់ស្កាត់​មហិច្ឆតា​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​ប្រទេស​មួយនេះ​។ បើតាម​របាយការណ៍​របស់​ អ.ស.ប​ កូរ៉េខាងជើង​រំលោភ​ទណ្ឌកម្ម​ដោយ​ការ​នាំចូល​ប្រេង​ក្នុងចំនួន​ដ៏ច្រើន​លើសលុប​ និងការ​បញ្ជូន​ពលរដ្ឋ​របស់​ខ្លួន​ឲ្យទៅ​ធ្វើការ​នៅក្រៅប្រទេស​។

ព្រះអាទិត្យរះនៅលើឆ្នេរសមុទ្រកូរ៉េខាងជើង ដោយមើលចេញពីកោះ Yeonpyeong របស់ប្រទេសកូរ៉េខាងត្បូង។
ព្រះអាទិត្យរះនៅលើឆ្នេរសមុទ្រកូរ៉េខាងជើង ដោយមើលចេញពីកោះ Yeonpyeong របស់ប្រទេសកូរ៉េខាងត្បូង។ AFP
ផ្សាយពាណិជ្ជកម្ម

ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប​ បាន​និយាយថា​ប្រទេស​កូរ៉េខាងជើង​បាន​នាំចូល​ប្រេង​លើស​បរិមាណ​កំណត់ក្នុង​រយៈពេល​ត្រឹមតែ​៥​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២០​ នេះ​តែ​ប៉ុណ្ណោះ​។ ក្រោម​ទណ្ឌកម្ម​អន្តរជាតិ​ កូរ៉េខាងជើង​អាច​នាំចូល​ប្រេងបានតែ​ចំនួន ៥សែន​ធុង​ប៉ារ៉ែល​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ​។

របាយការណ៍​របស់​គណៈកម្មាធិការ​អន្តរ​រដ្ឋាភិបាល​បានឲ្យដឹងថា​ ចំនួន​ប្រេង​បញ្ជូន​ទៅកាន់​ប្រទេស​កូរ៉េខាងជើង​គឺ​ហួសពី​បរិមាណ​កំណត់​ដោយផ្អែក​លើ​ រូបភាព​ ទិន្នន័យ​ និង​ការគណនា​។

“សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​កូរ៉េ​ និង​នាវា​ដែល​មាន​ទង់ជាតិ​បរទេស​ ព្រមទាំង​ម្ចាស់​របស់​ពួកគេ​បាន​បន្ត​សកម្មភាព​រំលោភ​លើ​បម្រាម​អន្តរជាតិ​” ដោយ​ការ​នាំចូល​ប្រេង​ខុស​ច្បាប់​។ នេះ​គឺជា​ប្រសាសន៍​របស់​អ្នក​ជំនាញ​អ.ស.ប ដោយ​ហៅ​ឈ្មោះ​ផ្លូវការ​របស់​កូរ៉េខាងជើង​។

របាយការណ៍​មិនបាន​បញ្ជាក់​នោះទេ​ ថា​ប្រទេសណា​ដែល​បាន​នាំ​ចេញប្រេង​ទៅកាន់​កូរ៉េខាងជើង​ ប៉ុន្តែ​ការនាំចេញ​ក៏​រួម​បញ្ចូល​ទាំង​រថយន្ត​ទំនើប​និង​ស្រា​ផងដែរ​។ ដោយឡែក​ ប្រទេស​ចិន​ និង​រុស្ស៊ី​ដែល​ជា​សម្ព័ន្ធមិត្ត​ដ៏សំខាន់​របស់​ទីក្រុងព្យុងយ៉ាង​បាន​ច្រានចោល​ការ​រកឃើញ​ខាងលើ​។

ក្រៅពីនេះ​ របាយការណ៍​របស់​អ.ស.ប បាន​ឲ្យដឹង​​ថា​ កូរ៉េខាងជើង​ ក៏បាន​រំលោភ​ទណ្ឌកម្ម​ផ្សេង​ទៀត​ដែរ​ ដោយ​ការនាំចេញ​ធ្យូងថ្ម​ និង​ការបញ្ជូន​ពលរដ្ឋ​របស់ខ្លួន​ទៅ​ធ្វើការ​នៅ​បរទេស​។

គួររំឭកជូនថា​ ដោយសារ​តែ​មហិច្ឆតា​ផលិត​អាវុធនុយក្លេអ៊ែរ​ ទីក្រុង​ព្យុងយ៉ាង​ត្រូវ​រស់​ស្ថិត​នៅក្រោម​ទណ្ឌកម្ម​អន្តរជាតិ​ជាច្រើន​ចាប់តាំង​ពី​ឆ្នាំ​ ២០១៧ មក​។ ទណ្ឌកម្ម​ទាំងនោះ​មាន​ដូចជា ​ការកំណត់​លើ​បរិមាណ​ប្រេង​នាំចូល​ ការ​ហាមឃាត់​លើការ​នាំចេញ​ធ្យូងថ្ម​ ត្រី​ និង​វាយនភណ្ឌ​ជាដើម​។ល។

តែ​បើទោះបីជា​រង​សម្ពាធ​ទណ្ឌកម្ម​ និង​បើទោះបីជា​មាន​ជំនួប​កំពូល​ ៣ លើក​រវាង​មេដឹកនាំ​កូរ៉េខាង​ជើង​គីម ជុងអ៊ុន​ និង​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ទៅហើយ​ក្តី ក្រុមអ្នកវិភាគ​បានលើកឡើងថា​ កូរ៉េខាងជើង​នៅតែ​បន្ត​អភិវឌ្ឍ​ឃ្លាំង​អាវុធនុយក្លេអ៊ែរ​និង​មីស៊ីលបាលីស្ទិក​របស់​ខ្លួន​ដដែល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ