អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចលាចល វិបត្តិនយោបាយ កាន់តែធ្ងន់ធ្ងរ នៅកៀហ្ស៊ីស៊ីស្ថាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

កៀហ្ស៊ីស៊ីស្ថាន អតីតសាធារណរដ្ឋសូវៀត តំបន់អាស៊ីកណ្តាល កំពុងពើបប្រទះ និងវិបត្តិនយោបាយ​ធ្ងន់ធ្ងរ តាំងពីថ្ងៃបោះឆ្នោតសភាទី៤ តុលា។ ក្រោយការ​តវ៉ាយ៉ាងពុះកញ្ជ្រោល​ លទ្ធផលបោះឆ្នោត ត្រូវបាន​លុប​ចោល។ បាតុកម្មតវ៉ារបស់ប្រជាជន​ ប៉ះទង្គិចជាមួយប៉ូលីស បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសជាង៧០០នាក់។ យប់ថ្ងៃអង្គារទី ៦តុលា លោកនាយករដ្ឋមន្ត្រី បានប្រកាសលាចេញពីមុខតំណែង ហើយលោក Sadyr Japarov ឥស្សរជនជាតិនិយម ដែលត្រូវពួក​បាតុករ​រំដោះចេញពីពន្ធនាគារ បានចូលកាន់តំណែងនេះវិញ ។ បាតុករ ក៏បានចូលទៅរំដោះ ​​អតីត​ប្រធានាធិបតី Almaz-bek Atambayev ពីពន្ធនាគារ​ដែរ ដែលបានជាប់នៅទីនោះ អស់ជាងមួយឆ្នាំ ក្រោមបទចោទថា​ពុករលួយ។

ប្រជាជនកៀហ្ស៊ីស៊ីស្ថាន ធ្វើបាតុកម្ម​ប្រឆាំងលទ្ធផល​បោះ​ឆ្នោតសភានៅខាងមុខវិមាន​ប្រធានាធិបតី​ ទីក្រុង Bishkek ថ្ងៃទី ៦ តុលា ២០២០
ប្រជាជនកៀហ្ស៊ីស៊ីស្ថាន ធ្វើបាតុកម្ម​ប្រឆាំងលទ្ធផល​បោះ​ឆ្នោតសភានៅខាងមុខវិមាន​ប្រធានាធិបតី​ ទីក្រុង Bishkek ថ្ងៃទី ៦ តុលា ២០២០ AFP - VYACHESLAV OSELEDKO
ផ្សាយពាណិជ្ជកម្ម

បក្សនយោបាយ ចំនួន១៦បានចូលរួមចូលប្រឡូក​ក្នុងការបោះឆ្នោតសភា ថ្ងៃទី​៤តុលា​ ដើម្បី​ដណ្តើម​យក អាសនៈ​ចំនួន១២០ នៃរដ្ឋសភា។ ប៉ុន្តែ សម្រេច សម្រួចទៅ គឺមានតែ ៥ គណបក្សប៉ុណ្ណោះ ដែល​ទទួលបានអាសនៈ ចូលក្នុង​សភា ដ្បិតតាម គជប គណបក្ស ១១ ទៀត មិនបានទទួលសម្លេង​ឆ្នោត លើស​ពីពី ៧%ទេ​។ ១១ គណបក្សនោះ គឺសុទ្ធតែជា បក្សប្រឆាំង។ 

គណបក្សប្រឆាំងទាំងនោះ បាន​ពួតដៃគ្នាព្រលះអាជ្ញាធរតែម្តង តាមផ្លូវ បំបះគ្នីគ្នាខ្លួន ឲ្យធ្វើបាតុកម្មតវ៉ា ដើម្បី​ចាត់ទុកលទ្ធផលបោះឆ្នោតថា ក្លែងបន្លំ រហូតដល់ដុតទីស្នាក់ការគណៈរដ្ឋមន្ត្រី និង ចូលទៅកាន់កាប់អគាររដ្ឋសភា។ បន្ទាប់មក​ បាតុករ​បាន​បើកឡានបុកទម្លាយក្លោងទ្វារគុក ចូលទៅរំដោះ មេៗ របស់ខ្លួន ដែលជាប់ពន្ធនាគារ ដោយហេតុផលនយោបាយ។

ទោះយ៉ាងណាក្តី លោកប្រមុខរដ្ឋកៀហ្ស៊ីស៊ីស្ថាន Sooronbay Jeenbekov អាយុ ៦១ឆ្នាំ អះអាងថា បន្តក្តាប់ការ ត្រួតត្រាលើស្ថាការណ៍ ក្នុងដៃដដែល ខណៈដែលនាយករដ្ឋមន្ត្រីគាត់ ត្រូវបានជំនួសទៅដោយ គូសត្រូវ ជាអ្នកជាតិនិយម ដែលតែងបង្អាប់គុណូបការៈគាត់ គឺលោក Sadyr Japarov។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺ ពេលរំដោះនោះ គ្មានការតទល់ អ្វីណាមួយ ពីខាងពួកភ្នាក់ងារសន្តិសុខ ដែលគ្រប់គ្រងគុកឡើយ។

អស់ពេញមួយថ្ងៃអង្គារ ទី​៦តុលា ពួកបាតុករ បានឡោមព័ទ្ធ និវេសនដ្ឋានប្រធានាធិបតី ដែល​ការពារដោយកងរក្សាសណ្តាប់ធ្នាប់ នៅចំកណ្តាលបេះដូងនៃ ក្រុង​Bichkek រដ្ឋធានីនៃ អតីតសាធារណរដ្ឋ​សូវៀតនេះ ស្ថិតនៅតំបន់ភ្នំ នៃអាស៊ីកណ្តាល។

លោក Atambayev និងលោក Jeenbekov ប្រធានាធិបតីសព្វថ្ងៃ តាមពិតធ្លាប់​ជាវីរជន​ពីរនាក់ ដែលតាំងពីដើមមក បានចាត់ចែងរៀបរយយ៉ាងល្អ កាលគេស្ថិតនៅក្នុងបក្សតែមួយ គឺគណបក្សសង្គម-ប្រជាធិបតេយ្យ។

ក្នុងឆ្នាំ ២០១៧ លោក Atambayev ចាកចេញពីតំណែងប្រធានាធិបតី ក្រោយពីកាន់អំណាចបាន៦ឆ្នាំ។ លោក Atambayev ​ចាកចេញពីតំណែង ដោយគោរពតាមរដ្ឋធម្មនុញ្ញ ដែល​តម្រូវឲ្យ​ប្រធានាធិបតី កាន់អំណាច​បានតែ​មួយ​អាណត្តិប៉ុណ្ណោះ គឺ៦ឆ្នាំ។ គាត់បានគាំទ្រ លោក Jeenbekov ជានាយក​រដ្ឋមន្ត្រី​គាត់ ឲ្យ​ធ្វើជាបេក្ខជន​សម្រាប់បន្តវេនពីគាត់ ក្នុងឋានៈជា ប្រធានាធិបតី​ថ្មី។

ឆ្នាំ ២០១៧ ការបោះឆ្នោតជ្រើសរើសលោក Jeenbekov ជាប្រធានាធិបតី បានក្លាយទៅជា ដំណាក់ កាល​ប្រវត្តិសាស្ត្រ ដោយ​ការផ្ទេរអំណាច បានប្រព្រឹត្តទៅជាលើកដំបូង ដោយសន្តិវិធី។ ប៉ុន្តែ រាត្រីទឹកឃ្មុំនេះ មិនបាននៅស្ថិតថេរយូរឡើយ។ សម្រាប់ អ្នកនយោបាយវិទូ លោក Medet Tiouleguenov នៃសាកលវិទ្យាល័យអាមេរិកាំងខាង បញ្ហាអាស៊ីកណ្តាល គឺលោក​អតីតប្រធានាធិបតី​ Atambayev មានចេតនាបន្ត​គ្រប់គ្រង​អំណាចដោយប្រយោល​ ដោយប្រើឥទ្ធិពលខ្លួន និងបណ្តាញទាំងឡាយ​របស់ខ្លួន។ លោកសាស្ត្រាចារ្យនេះ បន្ថែមថា ចេតនានេះ គឺផ្ទុយនឹងមហិច្ឆតារបស់​លោក Jeenbekov និងជា ឥរិយាបថ​ខ្វះការគោរព ចំពោះរូបគាត់ពីសំណាក់​ លោក Atambayev។

ដើមឆ្នាំ ២០១៩ អតីតប្រធានាធិបតី នៅត្រូវបានអនុញ្ញាតនៅឡើយ ឲ្យ​ទិតៀនជាសាធារណៈ អ្នក​បន្តវេនពីគាត់។ នេះ​បើតាមលោកបណ្ឌិត Medet Tiouleguenov។​ បន្ទាប់ពីនោះមក លោក Atambayev ត្រូវបានគេចោទជាប់ពាក់ព័ន្ធនឹង​អំព់ពុករលួយ ហើយត្រូវបានសភាដកអភ័យឯក​សិទ្ធិ។ លោក Atambayev បាន​ប្រកែកមិនព្រម​ចូលទៅ​បង្ហាញខ្លួន​ នៅមុខតុលាការ ហើយប៉ុនប៉ង ការពារកត្តិយស​ខ្លួន ទាំងអស់សង្ឃឹម​ នៅខែ​កក្កដាឆ្នាំ​២០១៩ ពីភូមិ​គ្រឹះគាត់​នៅជាយក្រុង Bichkek ការពារដោយ គ្នីគ្នាគាត់ ដែលប្រដាប់អាវុធ។​ ទីបំផុត លោក Atambayev ត្រូវបានតុលាការ​កាត់ទោស ឲ្យជាប់ពន្ធនាគារ​ ១១ ឆ្នាំ ក្នុងសំណុំរឿងដែលចោទ ថាលោកបាន​ដោះលែងមេ Mafia​ម្នាក់ ពេលខ្លួន​នៅកាន់អំណាច។

គួរនិយាយថា ការប្រជែងអំណាចគ្នា​ រវាង​បុរសខ្លាំង​ទាំងពីរនាក់នេះ​ ក៏បណ្តាល​មកពី ការប្រជែងគ្នាជាប្រពៃណី រវាងតំបន់ខាងជើង និងតំបន់ខាងត្បូង កៀហ្ស៊ីស៊ីស្ថាន ដែលខ័ណ្ឌពីគ្នាដោយ ជូរភ្នំក្រាស់ឃ្មឹក ។​ លោក​ Atambayev ចេញពីតំបន់ខាងជើង ជាទីដែលមានរដ្ឋធានី Bichkek ស្ថិតនៅ និងសម្បូរ​ដោយ ក្រុមវរជន។ ចំណែក​​គូប្រជែងគាត់ ​គឺ​​លោក​Jeenbekov ចេញមកពីតំបន់ខាងត្បូង ដែលជាទូទៅ ជាតំបន់ជនបទ និងឧស្សាហ៍​ផ្ទុះឡើង​ជាការបះបោរ ជាពិសេសតំបន់ក្រុង Och ទីក្រុង​ធំទី​២​។

រវាង តំបន់ខាងជើងនិងខាងត្បូង ក្នុងដំណើរប្រព្រឹត្តទៅនៃការកាន់អំណាច គឺមានន័យ សម្រាប់ ទាំងការត្រួតត្រាលើធនធានធម្មជាតិ និងលើចរន្ដហិរញ្ញវត្ថុ ក្នុងប្រទេសដ៏ក្រីក្រនេះ ដែល​មាន ប្រជាជន​ប្រមាណ​៦លាននាក់។

ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន ក្នុងខែកក្កដាឆ្នាំ ២០១៩ បានទទួលស្គាល់ក្នុងពេលជាមួយគ្នា ទាំងលោក Atambayev ទាំងលោក Jeenbekov ដោយសង្ឃឹមថា​ ជួយដោះស្រាយ ការប្រឈមមុខដាក់គ្នានេះ។ ក៏ប៉ុន្តែ វិបត្តិប្រជែងអំណាច​នៅតែកើតមាន​ដដែលនាពេលនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ