អានតួអត្ថបទ
អាមេរិក-តៃវ៉ាន់

លោកអ៊ុយហ្គោ ជែនី៖អាមេរិកលក់អាវុធឲ្យតៃវ៉ាន់ជាឆន្ទៈរបស់អាមេរិកដើម្បីគាំទ្រតៃវ៉ាន់តាមផ្លូវយោធា

នៅ​ថ្ងៃ​ចន្ទ ទី២៦ តុលា សហរដ្ឋអាមេរិក​បាន​ប្រកាស​ពី​ការ​លក់​គ្រឿងសព្វាវុធ​ឲ្យ​កោះ​តៃវ៉ាន់​ដែល​មាន​ទឹកប្រាក់​ដល់​ទៅ ២ ៤០០លានដុល្លារ។ ក្នុង​រយៈពេល​ចុង​ក្រោយ និង​ដើម្បី​បន្ត​នយោបាយ​ប្រឆាំង​នឹង​ឥទ្ធិពល​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក ក្រុង​វ៉ាស៊ីនតោន​បាន​បង្កើន​ការ​លក់​អាវុធ​ជា​បន្តបន្ទាប់​ឲ្យ​តៃវ៉ាន់។ តៃវ៉ាន់​ដែល​ចិន​ដីគោក​បន្ត​ចាត់​ទុក​ជា​ខេត្ត​ឧទ្ទាម​របស់​ខ្លួន។ លោក​អ៊ុយហ្គោ ជែនី បណ្ឌិត និង​ជា​អ្នកជំនាញ​ភូមិសាស្រ្តនយោបាយ​បាន​គូសបញ្ជាក់​ក្នុង​ថ្ងៃ​អង្គារ ទី២៧ តុលា​ថា អាមេរិក​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជា​ថ្មី​ពេល​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​នៃ​ការ​រឹតចំណង​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តៃប៉ិក។ តាម​លោក​អ៊ុយហ្គោ ជែនី​ដដែល កាយវិការ​របស់​អាមេរិក​នេះ​ក៏​ជា​សញ្ញា​មួយ​ដែល​អាមេរិក​ចង់​ប្រាប់​ចិន និង​សហគមន៍​អន្តរជាតិ​ថា តៃវ៉ាន់​មិនមែន​ស្ថិត​នៅ​ឯកោ​ទេ។

លោកអ៊ុយហ្គោ ជែនីថា អាមេរិកលក់អាវុធឲ្យតៃវ៉ាន់ជាឆន្ទៈរបស់អាមេរិកដើម្បីគាំទ្រតៃវ៉ាន់តាមផ្លូវយោធា
លោកអ៊ុយហ្គោ ជែនីថា អាមេរិកលក់អាវុធឲ្យតៃវ៉ាន់ជាឆន្ទៈរបស់អាមេរិកដើម្បីគាំទ្រតៃវ៉ាន់តាមផ្លូវយោធា REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

« រឿង​អាមេរិក​លក់​អាវុធ​ឲ្យ​តៃវ៉ាន់​ជា​ទម្លាប់​មួយ គ្មាន​អ្វី​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ទេ។ តែ​អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​ពេល​នេះ គឺ​ចំនួន​លក់​ដល់​ទៅ ៤ដង​ក្នុង​រយៈពេល​តែ​មួយ​សប្តាហ៍​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅ​ស្លឹកត្រចៀក​ខ្លាំង។ ការ​លក់​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​បរិបទ​មួយ​ពិសេស គឺ​បរិបទ​នៃ​ការ​រំកិល​ចូល​ជិត​គ្នា​ផ្នែក​បច្ចេកវិទ្យា​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​តៃប៉ិក​ជាមួយ​នឹង​ការ​សាងសង់​រោងចក្រ Semi-conducteur តៃវ៉ាន់​នៅ​លើ​ទឹកដី​អាមេរិក និង​ការ​សាងសង់ Data center របស់​ក្រុមហ៊ុន Google និង Microsoft របស់​អាមេរិក​នៅ​លើ​ទឹកដី​តៃវ៉ាន់។

ទាំង​អស់​នេះ​សុទ្ធសឹង​ជា​សញ្ញា​នៃ​ខិត​ចូល​ជិត​គ្នា​រវាង​អាមេរិក និង​តៃវ៉ាន់។ ខ្ញុំ​គិត​ថា ទង្វើ​របស់​អាមេរិក​របៀប​នេះ​មាន​ឆន្ទៈ​គាំទ្រ​តៃវ៉ាន់​តាម​ផ្លូវយោធា ហើយ​អាមេរិក​ពិត​ជា​ចង់​លាតត្រដាង​នូវ​បំណង​មួយ​នេះ។ សូម​បញ្ជាក់​ថា គ្រឿងសព្វាវុធ​ដែល​អាមេរិក​បាន​ប្រកាស​លក់​ឲ្យ​តៃវ៉ាន់​ពេល​នេះ​មិនមែន​បញ្ជូន​ទៅ​ឲ្យ​តៃវ៉ាន់​ភ្លាមៗ​ទេ។ នៅ​ក្នុង​សេចក្តីប្រកាស​របស់​អាមេរិក គឺ​មាន​បង្កប់​ដោយ​រឿង​នយោបាយ​ដែល​អាមេរិក​ចង់​ផ្តល់​សញ្ញា​ប្រាប់​ចិន និង​សហគមន៍​អន្តរជាតិ​ថា តៃវ៉ាន់​មិនមែន​កំពុង​ស្ថិត​នៅ​ឯកោ​ទេ។

សហរដ្ឋអាមេរិក​បង្កើត​ការ​គាំទ្រ​យ៉ាង​ពិតប្រាកដ​ដល់​កោះ​តៃវ៉ាន់ ទោះ​ជា​អាមេរិក និង​តៃវ៉ាន់​គ្មាន​សន្ធិសញ្ញា​សម្ព័ន្ធភាព​រវាង​គ្នា​ក៏​ដោយ »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ