អានតួអត្ថបទ
ឥណ្ឌា-ចិន

ឥណ្ឌារៀបចំសមយុទ្ធជាមួយជប៉ុន អាមេរិក និងអូស្រា្តលីនៅក្នុងឈូងសមុទ្របង់ហ្កាល់

នៅ​ថ្ងៃ​អង្គារ ទី៣ វិច្ឆិកា ប្រទេស​ឥណ្ឌា ជប៉ុន សហរដ្ឋអាមេរិក និង​ប្រទេស​អូស្រា្តលី​បាន​ផ្តើម​សមយុទ្ធ​កងនាវាចរ​រួម​គ្នា​នៅ​ក្នុង​ឈូងសមុទ្រ​បង់ហ្កាល់​ដោយ​ផ្តោត​ចក្ខុ​លើ​ចិន។ គឺ​កំណើន​មហាអំណាច​យោធា​ចិន​នៅ​ក្នុង​តំបន់​ដែល​ជា​ក្តីបារម្ភ​របស់​ប្រទេស​ទាំង៤។ មួយ​វិញ​ទៀត សមយុទ្ធ​កងនាវាចរ​រវាង ៤ប្រទេស​ដែល​នឹង​មាន​រយៈពេល ៣ថ្ងៃ​បាន​ចាប់​ផ្តើម​ឡើង ខណៈ​ដែល​ឥណ្ឌា​កំពុង​មាន​ជម្លោះ​តានតឹង​ព្រំដែន​ជា​មួយ​ចិន​នៅ​តំបន់​ភ្នំហេមពាន្ត និង​ដែល​ឥណ្ឌា​កំពុង​ស្វះស្វែង​រក​ការ​ជួយ​គាំទ្រ​អន្តរជាតិ ពិសេស​ពី​ក្រុមសន្ទនា​សន្តិសុខ​ចតុភាគី​ហៅ​កាត់ Quad។

កិច្ចប្រជុំ​នៃប្រទេស​ស្ថិតក្នុង​ក្រុមកិច្ចសន្ទនា​សន្តិសុខ​ចតុភាគី គឺ​សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និង​អូស្រ្តាលី ថ្ងៃទី៦ តុលា ២០២០ នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន
កិច្ចប្រជុំ​នៃប្រទេស​ស្ថិតក្នុង​ក្រុមកិច្ចសន្ទនា​សន្តិសុខ​ចតុភាគី គឺ​សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និង​អូស្រ្តាលី ថ្ងៃទី៦ តុលា ២០២០ នៅ​ក្រុង​តូក្យូ ប្រទេស​ជប៉ុន AP - Kiyoshi Ota
ផ្សាយពាណិជ្ជកម្ម

ក្រុមសន្ទនា​សន្តិសុខ​ចតុភាគី​ដែល​មាន​សហរដ្ឋអាមេរិក ជប៉ុន ឥណ្ឌា និង​អូស្រា្តលី​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ២០១៧ ដើម្បី​ប្រឆាំង​ទប់​នឹង​ឥទ្ធិពល​របស់​កងទ័ព​ចិន ពិសេស​កងទ័ពជើងទឹក​ដែល​ចិន​បាន​ចំណាយ​លុយ​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​ទំនើបកម្ម​នា​រយៈពេល​ប៉ុន្មាន​ចុង​ក្រោយ​នេះ។ សមយុទ្ធ​កងនាវាចរ​រយៈពេល ៣ថ្ងៃ​រវាង​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្រា្តលី​ដែល​មាន​ឈ្មោះ «ម៉ាឡាបា» នឹង​មាន​លំហាត់សឹក​ប្រឆាំង​យន្តហោះ និង​ប្រឆាំង​នាវាមុជទឹក។ បន្ទាប់​ពី​ឈូងសមុទ្រ​បង់ហ្កាល់ សមយុទ្ធ​ដដែល​នេះ​នឹង​បន្ត​ធ្វើ​នៅ​ក្នុង​សមុទ្រ​អារ៉ាប៊ី​ជា​បន្ត​ទៀត។

នា​ដំណើរ​ទស្សនកិច្ច​មួយ​ជុំវិញ​ទ្វីបអាស៊ី​របស់​ប្រមុខ​ការទូត​អាមេរិក​លោក​ប៉ុមប៉េអូ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ស្រីលង្កា ម៉ាល់ឌីវ ឥណ្ឌូណេស៊ី និង​វៀតណាម​កាល​ពី​សប្តាហ៍​កន្លង​ទៅ លោក​ប៉ុមប៉េអូ​បាន​ព្រមាន និង​បរិហារ​ចិន​ចាស់​ដៃ។ ជាក់ស្តែង​នៅ​ឥណ្ឌា លោក​ប៉ុមប៉េអូ​បាន​បរិហារ​ពី​កំណើន​ឈ្លានពាន និង​សកម្មភាព​បង្ក​អស្ថិរភាព​របស់​ចិន។ គួរ​បញ្ជាក់​ថា​ក្រៅ​ពី​អាមេរិក ជប៉ុន ឥណ្ឌា និង​អូស្រ្តាលី​ក៏​កំពុង​ស្គាល់​ទំនាក់ទំនង​តានតឹង​ជាមួយ​ចិន​ដូច​គ្នា។ ក្នុង​ខែ​មិថុនា​កន្លង​ទៅ កងទ័ព​ចិន និង​កងទ័ព​ឥណ្ឌា​បាន​វាយប្រតាយប្រតប់​គ្នា​នៅ​ព្រំដែន​មាន​ជម្លោះ​លើ​តំបន់​ភ្នំហេមពាន្ត​ដោយ​បណ្តាល​ឲ្យ​មាន​ស្លាប់​រៀងៗ​ខ្លួន។

កងទ័ពជើងទឹក​ឥណ្ឌា​បាន​អះអាង​ថា សមយុទ្ធ​ពេល​នេះ​នឹង​បង្ហាញ​ចេញ​នូវ​ការ​រួមកម្លាំង​កម្រិត​ខ្ពស់ និង​ការ​សម្របសម្រួល​រវាង​កងទ័ពជើងទឹក​មិត្ត​ដោយ​ផ្អែក​លើ​ការ​ចែករំលែក​តម្លៃ​រវាង​គ្នា។ ចំណែក​

ប្រមុខ​ការពារជាតិ​អូស្រ្តាលី​លោកស្រី Linda Reynolds បាន​ថ្លែង​នា​ដំណាច់ខែ​តុលា​ថា ការ​ចូលរួម​លើក​ដំបូង​របស់​អូស្រ្តាលី​នៅ​ក្នុង​សមយុទ្ធ​មាន​គោលដៅ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​រួម​របស់​អូស្រ្តាលី​ក្នុង​ការ​គាំទ្រ​តំបន់​ឥណ្ឌូ ប៉ាស៊ីហ្វិក​បើក​ចំហ និង​រីកចម្រើន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ