អានតួអត្ថបទ

អាមេរិក អូស្ត្រាលី ជប៉ុន និងឥណ្ឌា ចង់បង្កើត ផ្លូវសូត្រ ដូចចិន ឬដើម្បីប្រកួតចិន ?

សារព័ត៌មាន​អូស្ត្រាលី​ Australian Financial Review បាន​បង្ហើប​ឱ្យ​ដឹង​​នៅ​ថ្ងៃ​ចន្ទ​ទី ១៩ កុម្ភៈនេះ ថា អាមេរិក អូស្ត្រាលី​ ជប៉ុន និង​ឥណ្ឌា កំពុង​ពិចារណា​ចង់​បង្កើតបណ្តាញ​​ផ្លូវ​សូត្រ​មួយ​ ជា​របស់​ខ្លួន​ ដើម្បី​​​កំរិត​ឥទ្ធិពល​របស់​ចិន​នា​​អនាគត​។ ប៉ុន្តែ​សម្រាប់​ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​បួន គម្រោង​​នេះ មិន​មែន​ជាប្រជែង​ជាមួយ​នឹង​ផ្លូវ​សូត្រ​ នៃ​ផែនការ “ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ”​ របស់​ចិន​ឡើយ។

ផែនទី​នៃ​គម្រោង​ ផ្លូវ​មួយខ្សែក្រវ៉ាត់​មួយ​ របស់​ចិន
ផែនទី​នៃ​គម្រោង​ ផ្លូវ​មួយខ្សែក្រវ៉ាត់​មួយ​ របស់​ចិន Reuters
ផ្សាយពាណិជ្ជកម្ម

គម្រោងដែល​ក្រុម​បួន​ប្រទេស (​អាមេរិក អូស្ត្រាលី ឥណ្ឌា និង​ជប៉ុន) កំពុង​ពិចារណា ទើប​តែប៉ិច​ពន្លកទេ។ នៅ​សប្តាហ៍​នេះ នៅពេល​នាយក​រដ្ឋមន្ត្រី​អូស្ត្រាលី​​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​សហរដ្ឋ​អាមេរិក ហើយ​នឹង​ត្រូវ​មាន​ជំនួប​ជាមួយ​លោក​ប្រធានាធិបតី​ត្រាំ ​ប្រមុខ​ដឹកនាំ​ទាំង​ពីរ ​នឹង​ជជែក​គ្នា​អំពី​គម្រោង​សាងសង់​ផ្លូវ​នេះ ​តែ​នឹង​គ្មាន​ទេសេចក្តីថ្លែងការណ៍​​ជា​ផ្លូវការនោះ។

​​​គំនិត​​របស់​ក្រុម​ប្រទេស​ទាំង​បួន ​គឺ​ចង់​បង្កើត​​ផែនការ​ ​​សាងសង់​​ហេដ្ឋារចនា​សម្ព័ន្ធ​​​ ដែល​មាន​ទម្រង់​និង​សណ្ឋាន​ដូច​ជា​ដូច​គម្រោង​ផ្លូវពាណិជ្ជកម្ម​ចិន និង​ដែល​អាច​អាច​មក​ជំនួស​​​​​ផ្លូវសូត្រចិន “ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​”បាន។ ​​ប៉ុន្តែ​គម្រោង​នេះ មិនមែន​ជា​ការ​ប្រកួត​ប្រជែង​ជាមួយ​គម្រោង​ផ្លូវ​សូត្រ​របស់​ក្រុង​ប៉េកាំង​ទេ។

ផ្លូវ​ថ្មី ជាជម្រើស មិនមែនជាការ​ប្រកួត​ប្រជែង

សម្រាប់​ប្រមុខដឹក​នាំ​អាមេរិក អូស្ត្រាលី ឥណ្ឌា និង​ចិន គម្រោង​ដែល​ពួក​គេ​កំពុង​ពិចារណា​ធ្វើនេះ​ ជា​ជម្រើស​ថ្មី​មួយ​​ទៀត ក្រៅ​អំពី​ផ្លូវ​សូត្រ​របស់​ចិន​តែប៉ុណ្ណោះ។

អ្នក​ទទួល​ខុស​ត្រូវ​ជាន់​ខ្ពស់​អាមេរិក ដែល​សុំមិន​បញ្ចេញ​ឈ្មោះ បាន​ពន្យល់​យ៉ាង​លម្អិត​ថា គ្មាន​នរណា​ម្នាក់​បាន​ចេញ​ស្តី​ ហាម​មិន​ឱ្យ​ចិន​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ ផ្លូវ​ពាណិជ្ជកម្ម​ទេ ! តែ​ចិន​អាច​សង់​កំពង់ផែ ដែល​ពុំ​សូវ​ធានា​បាន​នូវ​ភាព​ឋិតឋេរ​ផ្នែក​សេដ្ឋកិច្ច​ ! ដូច្នេះ​ក្រុម​ប្រទេស​ទាំង​បួន​អាច​នឹង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​មាន​ឋិតឋេរ​បាន តាម​រយៈ​គម្រោង​ថ្មី​នេះ ដោយ​​សាង​សង់​ បណ្តាញ​ភ្ជាប់​ទៅ​កំពង់​ផែ​ជា​ផ្លូវ​ថ្នល់ ឬ​ផ្លូវ​ដែក។

ចំណែក​ខាង​ជប៉ុន​វិញ គម្រោង​នេះ​មិនមែន​ជា​មធ្យោបាយ​ប្រកួត​ប្រជែង​ជាមួយ​ផ្លូវ​សូត្រ​របស់​ចិន​ទេ ព្រោះ​គម្រោង​ផ្លូវ​នេះ ជា​ចំណែក​មួយយុទ្ធសាស្ត្រ​ ឥណ្ឌូប៉ាស៊ីហ្វិក​​សេរី និង​បើក​ចំហ ​ ដែល​ជប៉ុន​កំពុង​ពិចារណាផ្តល់​សន្ទុះ តាម​រយៈ​​កម្មវិធី​ជំនួយ​អភិវឌ្ឍន៍​។ កម្មវិធី​នេះ​មាន​សង្ខេប​បង្ហាញ​នៅក្នុង​សៀវភៅ​ស​ ២០១៧ ស្តី​ពី​ជំនួយ​អភិវឌ្ឍន៍។

ប៉ុន្តែយុទ្ធសាស្ត្រ​របស់​ជប៉ុន ​បាន​ទទួល​ជំនួយ​ពី​អាមេរិក ហើយ​​គំនិតចង់​ផ្តល់​ជម្រើស​ថ្មីដល់​ពិភពលោក ​​របស់​​អាមេរិក អូស្ត្រាលី​ ឥណ្ឌា និង​ជប៉ុន ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​ចម្លើយ​តប​ទៅ​នឹង​មហិច្ឆតា​ ធំឡើងៗ​របស់​ចិន។

មហិច្ឆតា​ដែល​បាន​បង្ហាញ​កាន់​តែ​ច្បាស់​ ​តាំង​ពី​ឆ្នាំ​២០១៣ ក្នុង​ការ​ត​ភ្ជាប់​ប្រទេស​ចំនួន​ជាង​៦០​ ពី​អាស៊ី ទៅ​អឺរ៉ុប ដោយ​កាត់​តាម​តំបន់​ដើម​បូព៌ា និ​ងអាហ្វ្រិក ឬ​ហៅ​ថា គម្រោង“ផ្លូវមួយ​ខ្សែក្រវ៉ាត់​មួយ »។ មហាគម្រោង​សាង​សង់​ហេដ្ឋារចនា​សម្ព័ន្ធ ដែលប្រធានាធិបតី​ចិន​ស៊ីជីនពីង ​បាន​សម្ពោធ​ជា​ផ្លូវការ​នៅ​ឆ្នាំ​២០១៧ ជាមួយ​នឹង​ទឹក​ប្រាក់​វិនិយោគ ១២៤​ពាន់​លាន​ដុល្លារ។ ហើយ​ជាង​នេះ​ទៅទៀត កាលពី​ចុង​ខែ​មករា ២០១៨ ចិន​បាន​ស្នើ​ពង្រីក​គម្រោង​ ផ្លូវ​មួយ​ខ្សែ​ក្រវ៉ាត់​មួយ​ ទៅ​ដល់​តំបន់​ប៉ូល​ខាង​ជើង អាកទិក ដែល​អាច​ធ្វើ​ចរាចរណ៍​តាម​ផ្លូវ​ទឹកបាន​ ដោយ​ហេតុតែការ​ឡើង​កម្តៅ​នៃអាកាសធាតុ​បាន​ធ្វើ​​ទឹកកករលាយ។​

តាម​ការ​ពិត​ទៅនោះ ប្រឈម​នឹង​មហិច្ឆតា​ចិន​ ដែល​រីក​ធំធាត់​ជា​លំដាប់ ​​សហរដ្ឋ​អាមេរិក​ ជប៉ុន ឥណ្ឌា និង​អូស្ត្រាលី ចាប់​ដៃគ្នា បង្កើត​ជា​ក្រុម​បួន​ប្រទេស​មាន​ឈ្មោះ​ថា Quad តាំង​ពី​ប្រមាណ​​១០​ឆ្នាំ​មកហើយ ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​​ ក្នុង​វិស័យ​សន្តិសុខ និង​សហការ​គ្នា​ បង្កើត​គម្រោង​សាង​សង់​ហេដ្ឋារចនា​​របស់​ខ្លួន​ដែរ គ្រាន់​តែ​មិន​ទៅលឿន​ដូច​ចិន​ម្នាក់​ឯង។ ប្រទេស​ទាំង​បួន ទើប​បានឆ្លៀត​​ជួប​ពិគ្រោះ​យោបល់​គ្នា​ លើគម្រោង​នេះ​ កាលពី​ខែ​វិច្ឆិកា​ កន្លង​ទៅ នៅក្រៅ​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​អាស៊ាន នៅ​ក្រុង​ម៉ានីល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ