អានតួអត្ថបទ
ចិន-អូស្រ្តាលី

អូស្រ្តាលី​ទាម​ទារ​ឲ្យ​ចិន​សុំទោស​ជុំវិញ​ការ​បង្ហោះ​រូបភាព​ដែល​បង្កប់​អត្ថន័យ​មិន​អាច​ទទួល​យក​បាន

នាយករដ្ឋមន្រ្តី​អូស្រ្តាលី​នៅថ្ងៃចន្ទ​ទី​៣០​ វិច្ឆិកា​នេះ​ បាន​ថ្កោលទោស​ចំពោះ​ការចុះផ្សាយ​រូបភាព​កាត់-ត​ លើ​បណ្តាញ​សង្គម​ធ្វីតធ័រ​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន​ ពាក់ព័ន្ធនឹង​សកម្មភាព​ទាហាន​អូស្ត្រាលី​នៅ​ប្រទេស​អាហ្វហ្គានីស្ថាន​។ លោកស្កុត ម៉ូរីសុន​ ប្រមុខ​ដឹកនាំ​អូស្ត្រាលី​បាន​និយាយថា​រូបភាពនោះ​ មាន​បង្កប់​នូវ​អត្ថន័យ​មិនល្អ​ទាល់​តែសោះ​និង​បាន​ទាមទារ​ឲ្យ​ប៉េកាំង​សុំទោស​ជា​សាធារណៈ​ទៀតផង​ជុំវិញ​ការ​បង្ហោះ​រូបភាពបែបនេះ​។

នាយករដ្ឋមន្ត្រីអូស្រ្តាលីលោកស្កុត ម៉ូរីសុន បានហៅការបង្ហោះផ្សព្វផ្សាយរូបភាពរបស់មន្ត្រីចិនថាជាការរំលោភបំពានក្រមសីលធម៌ ជាអំពើប្រមាថមាក់ងាយ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធអូស្ត្រាលី។
នាយករដ្ឋមន្ត្រីអូស្រ្តាលីលោកស្កុត ម៉ូរីសុន បានហៅការបង្ហោះផ្សព្វផ្សាយរូបភាពរបស់មន្ត្រីចិនថាជាការរំលោភបំពានក្រមសីលធម៌ ជាអំពើប្រមាថមាក់ងាយ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធអូស្ត្រាលី។ DAVID GRAY AFP/File
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិនលោក​លីជៀន ចាវ (Lijian Zhao) បានបញ្ឆេះ​អូស្ត្រាលី​ឲ្យ​មាន​ការខឹង​សម្បាជាខ្លាំង​ ក្រោយពេល​ដែល​លោកបាន​បង្ហោះ​រូបភាព​ស្តីអំពី​បុរស​ម្នាក់ស្លៀកពាក់​ឯកសណ្ឋាន​ជា​ទាហាន​អូស្ត្រាលី​ កាន់​កាំបិត​ប្រឡាក់​ដោយ​ឈាម​ឈរ​នៅក្បែរ​ក្មេង​អាហ្វហ្គានី​ស្ថាន​ម្នាក់​ ដែល​កំពុង​កាន់​កូន​សត្វចៀម​។

នាយករដ្ឋមន្ត្រី​អូស្រ្តាលី​លោក​ស្កុត ម៉ូរីសុន​ បានហៅ​ការបង្ហោះ​ផ្សព្វផ្សាយ​រូបភាព​របស់​មន្ត្រី​ចិន​ថាជាការ​រំលោភបំពាន​ក្រមសីលធម៌​ ជា​អំពើ​ប្រមាថ​មាក់ងាយ​ប្រឆាំង​នឹង​កង​កម្លាំង​ប្រដាប់​អាវុធ​អូស្ត្រាលី​ និង​បាន​ស្នើឲ្យ​ក្រុមហ៊ុនធ្វីតធ័រ​លុបចោល​រូបភាព​នោះ​ចេញ​វិញ​ផងដែរ​។

ក្រៅពីនេះ​ លោកស្កុត​ ម៉ូរីសុន​ បាន​ចេញ​មុខ​ទាមទារ​ការ​សុំទោស​ជា​ផ្លូវការ​ពីចិន​ និងថា​រដ្ឋាភិបាល​ក្រុងប៉េកាំង​ គួរណាស់តែ​មាន​ការអៀនខ្មាស់​ចំពោះ​ទង្វើ​បង្ហោះ​រូបភាព​បែបនេះ​។ ជា​រូបភាព​ដែល​បង្ហោះលើ​បណ្តាញ​សង្គម​ធ្វីតធ័រ​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​ និង​ទទួល​បាន​ការចាប់អារម្មណ៍ពី​មនុស្ស​រាប់ពាន់​ក្នុងរយៈពេល​៣ម៉ោង​។

គួរបញ្ជាក់ជូនថា​ ទំនាក់ទំនង​រវាងចិន​ និង​អូស្ត្រាលី​ មិន​ល្អសោះ​ឡើយ​នៅ​ប៉ុន្មានខែ​ចុងក្រោយនេះ​។ ការ​បង្ហោះ​រូបភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ចិន​បាន​ជំរុញឲ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់​តែ​មាន​ភាពតានតឹង​នឹងគ្នា​ខ្លាំងឡើង​។

រូបភាពកាត់​-ត​ លើ​បណ្តាញ​សង្គម​ធ្វីតធ័រ​របស់​អ្នកនាំពាក្យ​រដ្ឋាភិបាល​ចិន​លោក​លីជៀន ចាវ សំដៅ​ទៅដល់​បទឧក្រិដ្ឋ​សង្គ្រាម​របស់​ទាហាន​អូស្ត្រាលី​ ដែលបាន​សម្លាប់​ជនស៊ីវិល និង​អ្នកទោស​ អាហ្វហ្គានីស្ថាន​ក្នុងពេល​បំពេញ​បេសកកម្ម​នៅ​ទីនោះ​។

គួរ​រំឭក​ជូនដែរថា​ កាលពី​ដើម​ខែ​វិច្ឆិកានេះ​ មាន​របាយការណ៍​មួយ​រកឃើញ​ "ព័ត៌មាន​គួរឲ្យ​ទុកចិត្ត​" ដែល​បង្ហាញថា​ទាហាន​អូស្ត្រាលី​ចំនួន​ ២៥ នាក់​បាន​ ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ជនស៊ីវិល​ និង​អ្នកទោស​អាហ្វហ្គានីស្ថាន​ចំនួន​ ៣៩ នាក់​ ក្នុងចន្លោះ​ឆ្នាំ​ ២០០៩​ និង ២០១៣​។

ដំណឹងនេះ​ បានធ្វើ​ពិភពលោក​ ក៏ដូចជា​ប្រជាជន​អូស្ត្រាលី​ផ្ទាល់​ មាន​ការ​ភ្ញាក់ផ្អើល​ និង​ថ្កោលទោស​ជាខ្លាំង​ចំពោះ​សកម្មភាព​របស់​ទាហានអូស្ត្រាលី​។ បច្ចុប្បន្ន​ ករណីនេះ​ កំពុង​ស្ថិត​នៅក្រោម​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ