អានតួអត្ថបទ
អូស្ត្រាលី-ចិន-សេដ្ឋកិច្ច

អូស្ត្រាលី​ ទាមទារ​ឲ្យ​ចិន​ស្រាយ​បំភ្លឺ​រឿង​ហាម​ឃាត់​ការ​នាំ​ចូល​ធ្យូង​ថ្ម​ពី​អូស្ត្រាលី

ប្រទេស​អូស្រ្តាលី​ នៅថ្ងៃ​អង្គារ​ ១៣​ តុលា​នេះ​ បាន​ទាមទារ​ឲ្យចិន​បញ្ជាក់បំភ្លឺ​ថាតើ​ពិតជា​បាន​ចេញវិធានការ​រឹតបន្តឹង​លើការ​នាំចូល​ធ្យូងថ្ម​ពីអូស្ត្រាលី​មែន​ឬ​យ៉ាងណា​? ប្រសិន​ណា​បើ​រដ្ឋាភិបាល​ក្រុង​ប៉េងកាំង​ដាក់​ចេញ​វិធានការ​នេះ​មែននោះ​ វា​បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​របស់​អូស្ត្រាលី​ ដែល​កំពុង​រងគ្រោះ​មួយ​ផ្នែក​រួចទៅហើយ​ដោយសារ​ជម្លោះ​រវាង​ប្រទេស​ទាំងពីរ​នៅប៉ុន្មាន​ខែ​ថ្មីៗនេះ​។

រឿងពាក់ព័ន្ធធ្យូងថ្ម គឺជាបញ្ហាផ្ទុះឡើងចុងក្រោយបំផុតនៅក្នុងទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងចិន។
រឿងពាក់ព័ន្ធធ្យូងថ្ម គឺជាបញ្ហាផ្ទុះឡើងចុងក្រោយបំផុតនៅក្នុងទំនាក់ទំនងរវាងប្រទេសអូស្ត្រាលី និងចិន។ © AFP/File
ផ្សាយពាណិជ្ជកម្ម

រដ្ឋមន្រ្តី​ពាណិជ្ជកម្ម​អូស្ត្រាលី​លោក​ Simon Birmingham បាន​និយាយថា​អូស្ត្រាលីបាន​ស្នើសុំ​តាមរយៈ​បណ្តាញការទូត​ទៅចិន​ ឲ្យ​បកស្រាយ​បំភ្លឺ​រឿង​ណែនាំឲ្យ​ក្រុមហ៊ុន​ចិន​ឈប់​ទិញ​ធ្យូង​ថ្ម​ពី​អូស្ត្រាលី​។ ធ្យូងថ្ម​ ដែល​មាន​តម្លៃ​ប្រមាណ​ ១០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ និង​ទំនងជា​ត្រូវ​បាន​រដ្ឋាភិបាល​ក្រុងប៉េកាំង​ដាក់ចេញ​ដើម្បីជា​ទណ្ឌកម្ម​នយោបាយ​លើ​ក្រុង​កង់បេរ៉ា​។

ការទាមទារ​សុំការស្រាយបំភ្លឺ​ខាងលើនេះ​ ធ្វើឡើង​ដើម្បី​ឲ្យដឹងច្បាស់ថា​រដ្ឋាភិបាល​ចិន​ពិតជា​បាន​ដាក់ចេញ​នូវ​វិធានការ​ហាមឃាត់​លើការ​នាំចូល​ធ្យូងថ្មពី​អូស្ត្រាលី​ដូច​ពាក្យ​ចចាមអារ៉ាមដែលបាននឹងកំពុង​ល្បីលេច​ឮ​រយៈពេល​ជាច្រើន​សប្តាហ៍​មកហើយ​។

​នៅមួយរយៈពេល​ចុងក្រោយនេះ មានការ​ចុះផ្សាយព័ត៌មាន​ជាច្រើន​ក្នុងនោះ​ក៏មានដែរ​ក្រុមហ៊ុន​ថាមពល​ S&P Global Platts ដែល​រាយការណ៍​ថា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ថាមពល​និង​រោងម៉ាស៊ីន​ដែក​ដែល​គ្រប់គ្រង​ដោយ​រដ្ឋចិន​បាន​ទទួល​សេចក្តី​ជូនដំណឹង​ដោយផ្ទាល់ពី​រដ្ឋាភិបាល​ក្នុងការ​បញ្ឈប់​ការ​ទិញធ្យូង​ថ្ម​អូស្ត្រាលី​។

គួរជ្រាបថា​ រឿង​ពាក់ព័ន្ធ​អាជីវកម្ម​ធ្យូងថ្មនេះ​គឺជា​បញ្ហា​ផ្ទុះឡើង​ចុងក្រោយ​បំផុត​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេសអូស្ត្រាលី​ និង​ចិន​ដែល​នៅប៉ុន្មានខែ​ថ្មីៗនេះ​កំពុង​មានភាព​តានតឹង​នឹងគ្នា​ ដោយសារ​តែ​រឿងដោះដូរ​ពាណិជ្ជកម្ម​ វិបត្តិកូវីដ និង​រឿង​អាស្រូវចារកម្ម​។

ការហាមឃាត់​ធ្យូងថ្មពី​សំណាក់ភាគី​ចិន​ អាច​បង្កជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ច​អូស្ត្រាលី​ដែល​កំពុង​ជួបវិបត្តិសេដ្ឋកិច្ច​លើកដំបូង​ក្នុង​រយៈពេល​ជិត៣០​ ឆ្នាំ​មកនេះ​ ដោយសារ​ជម្លោះពាណិជ្ជកម្ម​ និង​វិបត្តិកូវីដ​។

យ៉ាងណាក៏ដោយ​ រហូតមកទល់នឹង​ពេលនេះ​ គេ​នៅមិនទាន់ឃើញ​ប្រទេសចិន​ចេញមុខ​ស្រាយបំភ្លឺ​ តបទៅតាម​ការទាមទារ​របស់អូស្ត្រាលី​នៅឡើយទេ​។ រដ្ឋមន្រ្តី​អូស្រ្តាលី​ជាច្រើនរូប​បានឲ្យដឹងថា​ ពួកគេ​បានព្យាយាម​ទាក់ទងទៅ​សមភាគីចិន​ ពីព្រោះថា​រដ្ឋាភិបាលចិន​បាន​រក្សាភាព​ស្ងៀមស្ងាត់​ និងបាន​ធ្វើទំនាក់ទំនង​រវាងប្រទេសទាំងពីរ​នៅគាំងទ្រឹង​ ​រកភាព​ល្អប្រសើរ​នឹងគ្នា​មិនទាន់បាន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ