អានតួអត្ថបទ

អង់គ្លេស​សំដែងក្តីបារម្ភ នៅក្រោយ​លោក ជីមី ឡៃ​ត្រូវ​ចោទប្រកាន់ ក្រោមច្បាប់សន្តិសុខជាតិ​ហុងកុង

នៅទីបំផុតទៅ លោក​ជីមី ឡៃ អ្នកជំនួញ និងជាចាងហ្វាងកាសែត​ប្រឆាំង ដ៏ធំជាង​គេ​នៅហុងកុង ត្រូវ​បាន​ប៉ូលិស​ចោទប្រកាន់ ជាផ្លូវការ នៅថ្ងៃ​សុក្រ​ម្សិលមិញ ពីបទ​ឃុបឃិត​ជាមួយ​បរទេស ដើម្បី​បំផ្លាញ​សន្តិសុខជាតិ។ លោក​ជីមី ឡៃ​ត្រូវ​បាន​ប៉ូលិស​ហុងកុង​ចាប់ឃុំ​ខ្លួន​តាំង​ពី សប្តាហ៍មុន ក្នុង​បទចោទប្រកាន់​ក្លែងបន្លំ បំពាន​កិច្ចសន្យា។ រដ្ឋាភិបាល​អង់គ្លេស ដែល​ធ្លាប់​គ្រប់គ្រង​ហុងកុង រហូត​ដល់​ឆ្នាំ ១៩៩៧ បាន​សំដែង​ក្តីបារម្ភ​នៅក្រោយ ឡោក​ជីមី ឡៃ ត្រូវ​ចោទប្រកាន់ ក្រោម​ច្បាប់​សន្តិសុខជាតិ ដែល​ទីក្រុង​ប៉េកាំង ទើប​ចាប់អនុវត្ត តាំង​ពី​ខែ​កក្កដាឆ្នាំនេះ។ 

លោក​Jimmy Lai ប្រធានក្រុមហ៊ុន​ផ្សព្វផ្សាយ Next Digital ដែលជាអ្នកបោះពុម្ពផ្សាយ​កាសែតApple Daily ត្រូវ​បាន​ប៉ូលិស​ហុងកុង​ចាប់ឃុំខ្លួន តាំង​ពីថ្ងៃទី ៤៣ធ្នូ ២០២០ ក្រោមបទចោទប្រកាន់​ក្លែងបន្លំ ប្រើ​អគារ​កាសែត​ខុសពី​ការកំណត់​របស់​កិច្ចសន្យា
លោក​Jimmy Lai ប្រធានក្រុមហ៊ុន​ផ្សព្វផ្សាយ Next Digital ដែលជាអ្នកបោះពុម្ពផ្សាយ​កាសែតApple Daily ត្រូវ​បាន​ប៉ូលិស​ហុងកុង​ចាប់ឃុំខ្លួន តាំង​ពីថ្ងៃទី ៤៣ធ្នូ ២០២០ ក្រោមបទចោទប្រកាន់​ក្លែងបន្លំ ប្រើ​អគារ​កាសែត​ខុសពី​ការកំណត់​របស់​កិច្ចសន្យា AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សេចក្តីប្រកាស​កាលពី​ថ្ងៃ​សុក្រ ប៉ូលិស​ហុងកុង បាន​បញ្ជាក់ថា នៅក្រោយ ការស៊ើបអង្កេត ស៊ីជម្រៅ របស់​ប៉ូលិស ទទួល​បន្ទុក​សន្តិសុខជាតិ គេ​បាន​សម្រេច ចោទប្រកាន់​បុរស​ម្នាក់ អាយុ ៧៣ឆ្នាំ ពីបទ ឃុបឃិត​ជាមួយបរទេស ឬ​ជាមួយ កម្លាំង​ពីខាងក្រៅ ដើម្បី គំរាមកំហែង​សន្តិសុខ​ជាតិ។

បុរស​អាយុ​៧៣​ឆ្នាំ ដែល​ប៉ូលិស​សំដៅ នោះ គឺ​លោក​ជីមី ឡៃ អ្នកជំនួញ និង​ជា​ចាងហ្វាង​កាសែត Apple Daily ​ដែលជា​កាសែត​រិះគន់ យ៉ាងចេញមុខ អាជ្ញាធរប៉េកាំង។ លោក​ជីមី ឡៃ ត្រូវ​បាន​ប៉ូលិស​ហុងកុង ចាប់ឃុំ តាំង​ពី​ថ្ងៃទី​៣​ធ្នូ ក្នុង​បទ​ចោទប្រកាន់​មួយ​រួចហើយ គឺ ក្លែងបន្លំ ប្រើប្រាស់​អគារ​កាសែត ខុសពី​ការកំណត់​ក្នុង​កិច្ចសន្យា។

លោក​ជីមី ឡៃ​ជាឥស្សរជន​ហុងកុង ម្នាក់ទៀត ដែល​ត្រូវ​រងការចោទប្រកាន់ ក្រោម​ច្បាប់ សន្តិសុខជាតិ​ហុងកុង ដែល​ទីក្រុង​ប៉េកាំង​បាន​បង្កើតឡើង ជាពិសេស​សម្រាប់​បង្រ្កាប ចលនា​បាតុកម្ម​នៅទីក្រុង​ហុងកុង។ នៅ​មុន លោក​ជីមី ឡៃ សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ហុងកុង បីរូប គឺ​លោក Joshua Wong Agnes Chow និង​Ivan Lam ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស ឲ្យជាប់ពន្ធនាគារ​ពី ៧ ទៅ ១៣ខែកន្លះ ពី​បទ​រៀបចំ​បាតុកម្ម​ខុសច្បាប់ នៅមុខ​ប៉ុស្ត​ប៉ូលិស​ហុងកុង កាលពី​ខែ មិថុនា​ឆ្នាំមុន។

នៅ ថ្ងៃ​សុក្រ រដ្ឋាភិបាល​អង់គ្លេស តាមរយៈ អ្នកនាំពាក្យ របស់​លោកនាយករដ្ឋមន្រ្តី បូរីស ចនសុន បាន​ទាញ​សញ្ញាអាសន្ន នៅក្រោយ ប៉ូលិស​ហុងកុង ចោទប្រកាន់ លោក​ជីមី ឡៃ។ សម្រាប់​អ្នកនាំពាក្យ​របស់​នាយករដ្ឋមន្រ្តី អង់គ្លេស អង់គ្លេស មានការបារម្ភ​ដ៏ជ្រាលជ្រៅ ដែល​ឃើញ អាជ្ញាធរ​ហុងកុង ប្រើនីតិវិធី​តុលាការ​ប្រឆាំង សកម្មជន​ប្រជាធិបតេយ្យ ដូចជា​លោក ជីមី ឡៃ។ ដោយ​រងបទចោទប្រកាន់ ក្រោម​ច្បាប់​សន្តិសុខជាតិ​ហុងកុង លោក​ជីមី ឡៃ​នឹង​អាច​ប្រឈម​នឹងការជាប់ទោស ក្នុង​ពន្ធនាគារ​អស់មួយជីវិត។

លោក​ជីមី ឡៃ មានកាន់​លិខិត​ឆ្លងដែន​អង់គ្លេស ដែល​លោក​ធ្លាប់​បាន​ទទួល តាំងពី​មុន​ហុងកុង ត្រូវ​អង់គ្លេស​ផ្ទេរ​ទៅ​ឲ្យ​ប្រទេស​ចិន​កាន់កាប់ វិញ នៅ​ឆ្នាំ ១៩៩៧។ ប៉ុន្តែ ក្រសួងការបរទេស​អង់គ្លេស​បាន​បញ្ជាក់ថា កុងស៊ុល​អង់គ្លេស​នៅ ទីក្រុង​ហុងកុង មិនអាច​ផ្តល់ជំនួយ​ផ្នែកច្បាប់ សម្រាប់​លោក​ជីមី ឡៃ បានឡើយ ដោយសារ ចិន​មិន​ទទួលស្គាល់ ការមាន​សញ្ជាតិ​ពីរ។ យ៉ាងណាក៏ដោយ អ្នកនាំពាក្យ​របស់​នាយករដ្ឋមន្រ្តីអង់គ្លេស​បានអះអាងថា រដ្ឋាភិបាល​អង់គ្លេស នឹង​លើកបញ្ហា​នេះ ទៅ​ជជែក​ជាមួយ​អាជ្ញាធរ​ហុងកុង ហើយនិងព្យាយាម​បញ្ចុះ​បញ្ចូល មន្រ្តីជាន់ខ្ពស់​ហុងកុង ឲ្យឈប់​យាយី បិទសំឡេង​របស់​ក្រុមប្រជាធិបតេយ្យ​ហុងកុង​តទៅទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ