អានតួអត្ថបទ
ភូមា-ឧទ្ទាមអារ៉ាខាន

ឧទ្ទាមអារ៉ាខាន​ដោះលែង​បេក្ខជន​តំណាងរាស្រ្ត​របស់​គណបក្ស​លោកស្រីអ៊ុងសាន ស៊ូជី

ក្រុមប្រដាប់អាវុធ ទ័ពព្រៃ អារ៉ាខាន ដែល​ជាប់ដៃ​ប្រយុទ្ធ​ជាមួយ កងទ័ព ភូមា ២ឆ្នាំមកហើយ បាន​សម្រេច ដោះលែង បេក្ខជន​តំណាងរាស្រ្ត របស់​គណបក្ស​លោកស្រី អ៊ុងសាន ស៊ូជី កាលពី ថ្ងៃ​សុក្រ។ នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ពួកឧទ្ទាម អារ៉ាខាន អះអាងថា បេក្ខជន​ តំណាងរាស្រ្ត​របស់​គណបក្ស​សម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ត្រូវពួកគេ​ចាប់ជាចំណាប់ខ្មាំង ក្នុងហេតុផល​សង្រ្គាម នយោបាយ ហើយនិង​បដិវត្តន៍។ 

លោកស្រីអ៊ុងសាន ស៊ូជី នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភាជាតិ​នៅ​ខែ​តុលា ឆ្នាំ ២០១៥
លោកស្រីអ៊ុងសាន ស៊ូជី នៅក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​សភាជាតិ​នៅ​ខែ​តុលា ឆ្នាំ ២០១៥ AP - Gemunu Amarasinghe
ផ្សាយពាណិជ្ជកម្ម

តាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមឧទ្ទាម អារ៉ាខាន បេក្ខជន​តំណាងរាស្រ្ត របស់​គណបក្ស​លោកស្រី អ៊ុងសាន ស៊ូជី ត្រូវ​បាន​ដោះលែង អមជាមួយ​មន្រ្តី និង​ទាហាន​ភូមា​៣នាក់ ផ្សេងទៀត ដែល​ពួកឧទ្ទាម អារ៉ាខាន ចាប់ជាចំណាប់ខ្មាំង នៅ​ប៉ុន្មាន​ថ្ងៃ​មុន​បោះឆ្នោត សភា​ជាតិ​ភូមា កាលពី​ដើម​ខែ​វិច្ឆិកា​ឆ្នាំមុន។

ពួកឧទ្ទាម​អារ៉ាខាន បាន​ចូល​ចាប់បេក្ខជន​តំណាងរាស្រ្ត​របស់​គណបក្ស​លោកស្រី​អ៊ុងសាន ស៊ូជី ដែល​ពួកគេ​ចោទប្រកាន់ ថា បាន​ឃុបឃិត បិទបាំង ឧក្រិដ្ឋកម្ម​សង្រ្គាម របស់​កងទ័ព​ភូមា នៅ តំបន់​រ៉ាឃីន។

នៅក្នុង​សេចក្តីថ្លែងការណ៍​របស់ខ្លួន ពួក​ឧទ្ទាម​អារ៉ាខាន​ដែល​បាន​ប្រយុទ្ធ​ធ្វើ​សង្រ្គាម ២ឆ្នាំមកនេះ ជាមួយ កងទ័ព​ភូមា ដើម្បី​ទាមទារ​គ្រប់គ្រង​ តំបន់ស្វយ័ត​រ៉ាឃីន ភាគខាងជើង ភូមា បាន​អះអាង ថា គេ​បាន​ធ្វើ​សម្បទាន ដោះលែង បេក្ខជន​តំណាងរាស្រ្ត​របស់​លោកស្រី​អ៊ុងសាន ស៊ូជី ក្នុង​ក្តីសង្ឃឹមថា សមាជិក​របស់ ក្រុមឧទ្ទាម ដែលត្រូវ​ទាហាន​ភូមា​ចាប់ឃុំខ្លួន ដោយសារ​គ្មាន​មូលហេតុ នឹង​ត្រូវ​ដោះលែង ក្នុង​គោលដៅ​ស្តារសន្តិភាព។

សូមបញ្ជាក់ថា ចាប់តាំង​ពួកឧទ្ទាម អារ៉ាខាន ចាប់វាយប្រហារ​ទៅលើ​កងទ័ព​ភូមា​នៅ រដ្ឋរ៉ាឃីន ប្រជាជន ស៊ីវិល សមាជិក​គ្រួសារ​របស់​ពួកឧទ្ទាម ឬ​មេភូមិ​ដែល​គេ​សង្ស័យ​ថា មានជាប់ពាក់ព័ន្ធ គាំទ្រ​ក្រុមឧទ្ទាម អារ៉ាខាន ត្រូវ​អាជ្ញាធរ​ភូមា​ចាប់ខ្លួន។

នៅ​ថ្ងៃ​សុក្រ កាសែត​ក្នុង​ស្រុក​ភូមា The Myanmar Times ដែល​បាន​ដកស្រង់​ប្រភព​ពី​មន្រ្តីបក្ស សម្ព័ន្ធជាតិ​ដើម្បី ប្រជាធិបតេយ្យ បានចុះផ្សាយថា ពួកឧទ្ទាម​អារ៉ាខាន បាន​សម្រេច​ដោះលែង​ចំណាប់ខ្មាំង ដើម្បី បញ្ចុះបញ្ចូល​ឲ្យ​រដ្ឋាភិបាល ភូមា ដក​ក្រុមទាហាន​អារ៉ាខាន ចេញពី​បញ្ជី​ក្រុមភេរវនិយម នៅ​ភូមា។

ចាប់​តាំង ពីភូមា ទទួល​បានឯករាជ្យ​ពី​អង់គ្លេស នៅ​ឆ្នាំ ១៩៤៨ មាន​ក្រុមឧទ្ទាម​ទ័ពព្រៃ ជាង ១០ ដែល​បាន​ប្រយុទ្ធ ធ្វើ​សង្រ្គាម​ជាមួយ​កងទ័ព​ភូមា ដើម្បី ទាមទារ​គ្រប់គ្រង​តំបន់ស្វយ័ត។ នៅ រដ្ឋរ៉ាឃីន មាន​ក្រុមប្រដាប់អាវុធ ពីរ សំខាន់ ដែល​ជា​សត្រូវ​របស់​កងទ័ព​ភូមា។ ផ្ទុយ​ពីពួកឧទ្ទាម អារ៉ាខាន ដែលកាន់​ពុទ្ធសាសនា កងទ័ព​ភូមា​បាន​បើកការវាយប្រហារ មក​ត្រាប្រណី​លើ​កងទ័ពរំដោះ អារ៉ាខាន រ៉ូហ៊ីងយ៉ា ដែល​កងទ័ព​ភូមា​ចោទប្រកាន់​ថា ជាអ្នកនាំមុខការវាយប្រហារ​លើ​កងទ័ពភូមា​នៅ ឆ្នាំ ២០១៧។ យុទ្ធនាការ​បោសសម្អាត​ក្រុមអារ៉ាខាន រ៉ូហ៊ីងយ៉ា កាន់សាសនា​អ៊ីស្លាម ដែល​ភូមា បដិសេធ​មិនទទួល​ស្គាល់​ជា​ជនជាតិ​ភូមា បាន​ជំរុញ ឲ្យ មានអំពើហិង្សា ការធ្វើ​ទុក្ខបុកម្នេញ និងការរត់ចាកចោល​ភូមិ​ផ្ទះសម្បែង របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា ជិត ១លាន​នាក់ ពីរដ្ឋរ៉ាឃីន ទៅ​កាន់​ប្រទេស​បង់ក្លាដែស៕

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ