ឧទ្ទាមអារ៉ាខានដោះលែងបេក្ខជនតំណាងរាស្រ្តរបស់គណបក្សលោកស្រីអ៊ុងសាន ស៊ូជី
ក្រុមប្រដាប់អាវុធ ទ័ពព្រៃ អារ៉ាខាន ដែលជាប់ដៃប្រយុទ្ធជាមួយ កងទ័ព ភូមា ២ឆ្នាំមកហើយ បានសម្រេច ដោះលែង បេក្ខជនតំណាងរាស្រ្ត របស់គណបក្សលោកស្រី អ៊ុងសាន ស៊ូជី កាលពី ថ្ងៃសុក្រ។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ពួកឧទ្ទាម អារ៉ាខាន អះអាងថា បេក្ខជន តំណាងរាស្រ្តរបស់គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ ត្រូវពួកគេចាប់ជាចំណាប់ខ្មាំង ក្នុងហេតុផលសង្រ្គាម នយោបាយ ហើយនិងបដិវត្តន៍។
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០២:៣១
តាមសេចក្តីថ្លែងការណ៍របស់ក្រុមឧទ្ទាម អារ៉ាខាន បេក្ខជនតំណាងរាស្រ្ត របស់គណបក្សលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានដោះលែង អមជាមួយមន្រ្តី និងទាហានភូមា៣នាក់ ផ្សេងទៀត ដែលពួកឧទ្ទាម អារ៉ាខាន ចាប់ជាចំណាប់ខ្មាំង នៅប៉ុន្មានថ្ងៃមុនបោះឆ្នោត សភាជាតិភូមា កាលពីដើមខែវិច្ឆិកាឆ្នាំមុន។
ពួកឧទ្ទាមអារ៉ាខាន បានចូលចាប់បេក្ខជនតំណាងរាស្រ្តរបស់គណបក្សលោកស្រីអ៊ុងសាន ស៊ូជី ដែលពួកគេចោទប្រកាន់ ថា បានឃុបឃិត បិទបាំង ឧក្រិដ្ឋកម្មសង្រ្គាម របស់កងទ័ពភូមា នៅ តំបន់រ៉ាឃីន។
នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ពួកឧទ្ទាមអារ៉ាខានដែលបានប្រយុទ្ធធ្វើសង្រ្គាម ២ឆ្នាំមកនេះ ជាមួយ កងទ័ពភូមា ដើម្បីទាមទារគ្រប់គ្រង តំបន់ស្វយ័តរ៉ាឃីន ភាគខាងជើង ភូមា បានអះអាង ថា គេបានធ្វើសម្បទាន ដោះលែង បេក្ខជនតំណាងរាស្រ្តរបស់លោកស្រីអ៊ុងសាន ស៊ូជី ក្នុងក្តីសង្ឃឹមថា សមាជិករបស់ ក្រុមឧទ្ទាម ដែលត្រូវទាហានភូមាចាប់ឃុំខ្លួន ដោយសារគ្មានមូលហេតុ នឹងត្រូវដោះលែង ក្នុងគោលដៅស្តារសន្តិភាព។
សូមបញ្ជាក់ថា ចាប់តាំងពួកឧទ្ទាម អារ៉ាខាន ចាប់វាយប្រហារទៅលើកងទ័ពភូមានៅ រដ្ឋរ៉ាឃីន ប្រជាជន ស៊ីវិល សមាជិកគ្រួសាររបស់ពួកឧទ្ទាម ឬមេភូមិដែលគេសង្ស័យថា មានជាប់ពាក់ព័ន្ធ គាំទ្រក្រុមឧទ្ទាម អារ៉ាខាន ត្រូវអាជ្ញាធរភូមាចាប់ខ្លួន។
នៅថ្ងៃសុក្រ កាសែតក្នុងស្រុកភូមា The Myanmar Times ដែលបានដកស្រង់ប្រភពពីមន្រ្តីបក្ស សម្ព័ន្ធជាតិដើម្បី ប្រជាធិបតេយ្យ បានចុះផ្សាយថា ពួកឧទ្ទាមអារ៉ាខាន បានសម្រេចដោះលែងចំណាប់ខ្មាំង ដើម្បី បញ្ចុះបញ្ចូលឲ្យរដ្ឋាភិបាល ភូមា ដកក្រុមទាហានអារ៉ាខាន ចេញពីបញ្ជីក្រុមភេរវនិយម នៅភូមា។
ចាប់តាំង ពីភូមា ទទួលបានឯករាជ្យពីអង់គ្លេស នៅឆ្នាំ ១៩៤៨ មានក្រុមឧទ្ទាមទ័ពព្រៃ ជាង ១០ ដែលបានប្រយុទ្ធ ធ្វើសង្រ្គាមជាមួយកងទ័ពភូមា ដើម្បី ទាមទារគ្រប់គ្រងតំបន់ស្វយ័ត។ នៅ រដ្ឋរ៉ាឃីន មានក្រុមប្រដាប់អាវុធ ពីរ សំខាន់ ដែលជាសត្រូវរបស់កងទ័ពភូមា។ ផ្ទុយពីពួកឧទ្ទាម អារ៉ាខាន ដែលកាន់ពុទ្ធសាសនា កងទ័ពភូមាបានបើកការវាយប្រហារ មកត្រាប្រណីលើកងទ័ពរំដោះ អារ៉ាខាន រ៉ូហ៊ីងយ៉ា ដែលកងទ័ពភូមាចោទប្រកាន់ថា ជាអ្នកនាំមុខការវាយប្រហារលើកងទ័ពភូមានៅ ឆ្នាំ ២០១៧។ យុទ្ធនាការបោសសម្អាតក្រុមអារ៉ាខាន រ៉ូហ៊ីងយ៉ា កាន់សាសនាអ៊ីស្លាម ដែលភូមា បដិសេធមិនទទួលស្គាល់ជាជនជាតិភូមា បានជំរុញ ឲ្យ មានអំពើហិង្សា ការធ្វើទុក្ខបុកម្នេញ និងការរត់ចាកចោលភូមិផ្ទះសម្បែង របស់ប្រជាជនរ៉ូហ៊ីងយ៉ា ជិត ១លាននាក់ ពីរដ្ឋរ៉ាឃីន ទៅកាន់ប្រទេសបង់ក្លាដែស៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ