អានតួអត្ថបទ
ថៃ-ច្បាប់ជេរប្រមាថព្រះមហាក្សត្រ

ស្រ្តីថៃម្នាក់​ត្រូវ​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ ៤៣ឆ្នាំ ពីបទ​ជេរប្រមាថ​ព្រះមហាក្សត្រ

តុលាការ​ថៃ កាលពីថ្ងៃ​អង្គារ​ម្សិលមិញ ​បាន​សម្រេច​ផ្តន្ទាទោស​ស្រ្តី​ថៃ​ម្នាក់ ឲ្យ​ជាប់ពន្ធនាគារ ៤៣​ឆ្នាំ ក្នុង​បទចោទប្រកាន់​ជេរប្រមាថ​រាជវង្ស​ថៃ។ វា​ជា​ទោសទណ្ឌ​ដ៏ធ្ងន់ធ្ងរ​បំផុត មិនធ្លាប់​មាន ចាប់តាំង​ពី ប្រទេស​ថៃ ចាប់អនុវត្ត​ច្បាប់ ជេរប្រមាថ​ព្រះមហាក្សត្រ។ សម្រាប់​អ្នកជំនាញ ការសម្រេច​ផ្តន្ទាទោស​ទៅលើ​ស្រ្តី​ថៃ កាលពី​ថ្ងៃ​អង្គារ​អាច​ជា​សារព្រមាន មួយ​របស់​អាជ្ញាធរ​ថៃ សម្រាប់ សកម្មជន​ដើម្បី ប្រជាធិបតេយ្យ ដែល​បាន​ធ្វើ​បាតុកម្ម ចាប់តាំង​ពី​ឆ្នាំ ២០១៩ ដើម្បី ទាមទារ ឲ្យ​នាយករដ្ឋមន្រ្តី​ចុះចេញ​ពីមុខតំណែង ហើយនិង​ការធ្វើកំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ។ 

លោកស្រី Anchanនិយាយ​ទៅកាន់អ្នកកាសែត នៅមុន​ចូល​ទៅស្តាប់​សវនាការ​របស់​តុលាការ ជាទី​ដែលលោកស្រី​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​ក្នុង​រយៈពេល​ដ៏វែងមិនធ្លាប់មាន​ដល់ទៅ ៤៣ឆ្នាំ កាលពីថ្ងៃអង្គារ​ទី ១៩​មករា ២០២១
លោកស្រី Anchanនិយាយ​ទៅកាន់អ្នកកាសែត នៅមុន​ចូល​ទៅស្តាប់​សវនាការ​របស់​តុលាការ ជាទី​ដែលលោកស្រី​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​ក្នុង​រយៈពេល​ដ៏វែងមិនធ្លាប់មាន​ដល់ទៅ ៤៣ឆ្នាំ កាលពីថ្ងៃអង្គារ​ទី ១៩​មករា ២០២១ REUTERS - STRINGER
ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​ស្ងាត់ ជិត ២ឆ្នាំ ច្បាប់​ជេរប្រមាថព្រះមហាក្សត្រ ថៃ ត្រូវ​បាន​តុលាការ​ថៃ យក​មក​ប្រើ​ឡើងវិញ នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ដាក់ទោស ដ៏សែនធ្ងន់​ទៅលើ​ស្រ្តីថៃម្នាក់។ តាមអង្គការ​មេធាវី​ដើម្បី​សិទ្ធ​មនុស្ស លោកស្រី Anchan អតីត​មន្រ្តីរាជការ​ថៃ ត្រូវ​បាន​តុលាការ​ថៃ កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ៤៣ឆ្នាំ និង​១០០​ថ្ងៃ ក្នុង​បទចោទប្រកាន់ ជេរប្រមាថ​រាជវង្ស​ថៃ។

ទៅតាម មាត្រា​ទី ១១២​នៃ​ច្បាប់ ការជេរប្រមាថ​ព្រះមហាក្សត្រ​ត្រូវ​ប្រឈម​ទោសជាប់ពន្ធនាគារ ពី ៣​ទៅ ១៥​ឆ្នាំ ក្នុង​មួយបទល្មើស។ នៅ​ថ្ងៃ​អង្គារ លោកស្រី Anchan ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់ សម្រាប់​បទល្មើស ចំនួន ២៩ ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទោស​ជាប់​ពន្ធនាគារ ​របស់​លោកស្រី ឡើង​សរុប​ដល់​ទៅ ៨៧ឆ្នាំ។ ពោល​ជា​ទោស​ដ៏ធ្ងន់ធ្ងរ មិនធ្លាប់មាន គឺ​ធ្ងន់ជាង កាលឆ្នាំ ២០១៧ នៅពេល​អាជីវករ​ជាតិ​ថៃ​ម្នាក់ត្រូវ​តុលាការ​កាត់ទោស​ឲ្យជាប់ពន្ធនាគារ ៧០ឆ្នាំ ក្នុង​បទជេរប្រមាថ​ព្រះមហាក្សត្រ​ថៃ។

តាម​អង្គការ​មេធាវី​ដើម្បី​សិទ្ធិមនុស្ស ចម្លើយ​សារភាពកំហុស របស់​លោកស្រី Anchan ​បាន​ធ្វើ​ឲ្យ​តុលាការ​សម្រាល​ទោស​អស់ ពាក់កណ្តាល ឲ្យ​មក​នៅ ត្រឹម ៤៣ឆ្នាំ។ ក្នុង​វ័យ ជាង​៦០ឆ្នាំ លោកស្រី Anchan ត្រូវ​បានអាជ្ញាធរ​ថៃ​ចោទប្រកាន់​ថា បាន​ចែកចាយ ខ្សែអាត់​សំឡេង ដែល​ជេរ រិះគន់ រាជវង្សថៃ នៅលើ​បណ្តាញ​Youtube និង​ហ្វេសប៊ុក ចំនួន ២៩​ដង នៅក្នុង​ចន្លោះ​ឆ្នាំ ២០១៤ និង​ឆ្នាំ ២០១៥ ក្រោយ​រដ្ឋប្រហារ​យោធា។ នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​អង្គារ​លោកស្រី Anchan ដែលធ្លាប់ បដិសេធ​ការចោទប្រកាន់ នៅ តុលាការ​យោធា បាននិយាយការពារ​ខ្លួន​ថា លោកស្រី បាន​ត្រឹមតែចែកចាយ ដោយ​គ្មាន​ធ្វើ​អត្ថាធិប្បាយ អ្វីទាំងអស់។ ចំណែក​អ្នកដែល​ជា​ម្ចាស់សំឡេង រិះគន់ គ្មាន​ជាប់ទោស​ដូចលោកស្រី នោះទេ។ តាម​កាសែតបាងកក​បុស្តិ៍ បុរស​ម្ចាស់​សំឡេង​រិះគន់ ត្រូវ​បាន​តុលាការ​យោធា​ថៃ កាត់ទោស នៅ ឆ្នាំ ២០១៥។ បន្ទាប់​ពី​សារភាពកំហុស ទោស​ជាប់ពន្ធនាគារ​១០​របស់​បុរស​ម្នាក់​នោះត្រូវ​បានផ្អាក​ទៅវិញ។

ប៉ុន្តែ សម្រាប់​ចៅក្រម ថៃ ការចែកចាយ​របស់​លោកស្រីAnchan ធ្វើ​ឲ្យ​មនុស្ស​ផ្សេងទៀត​បាន​ស្តាប់​លឺ​ការជេរប្រមាថ​រាជវង្សថៃ។

នៅ ឆ្នាំ​២០១៥ អាជ្ញាធរថៃ​បាន​ឃុំ​ខ្លួន​លោកស្រី ជិត​៤ឆ្នាំ ដើម្បី​ធ្វើការ​ស៊ើបអង្កេត មុន នឹង​ដោះលែង ឲ្យនៅក្រៅឃុំ​បណ្តោះអាសន្ន នៅ ឆ្នាំ ២០១៨។

សម្រាប់​អ្នកវិភាគនយោបាយ របស់​សកលវិទ្យាល័យ អុប៊ុន រដ្ឋចាថានី Titipol Phakdeewanich ការសម្រេច​ទោស ដ៏ធ្ងន់ កាលពី​ថ្ងៃ​អង្គារ ដែល មិនធ្លាប់មាន ក្នុង​ប្រវត្តិអនុវត្ត​ច្បាប់​ជេរប្រមាថ ព្រះមហាក្សត្រ មាន​លក្ខណៈ​នយោបាយ ដើម្បី បំភិតបំភ័យ និស្សិត យុវជន​ដូចដែល​គេធ្លាប់​អនុវត្ត ក្នុង​អតីតកាល។ ប៉ុន្តែ នៅពេល​គេ​មើលទៅលើ​ទំហំ នៃ​ចលនា​យុវជន ដើម្បី ប្រជាធិបតេយ្យ ដែល​ធ្វើ​បាតុកម្ម តាំង​ពីពាក់កណ្តាល​ឆ្នាំ ២០២០ ដើម្បី ទាមទារ​ឲ្យធ្វើ​កំណែទម្រង់ ស្ថាប័ន​ព្រះមហាក្សត្រ គេ​ឃើញថា នយោបាយ​របស់​រដ្ឋាភិបាល ដោយ​សំអាងប្រើ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ លែង​មាន​ប្រសិទ្ធិភាព​ទៀតហើយ។ ផ្ទុយទៅវិញ ការប្រើ​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ នឹង​ទៅ​បំផ្លាញ មុខមាត់​របស់​ស្ថាប័ន​ព្រះមហាក្សត្រ​មិនថា ក្នុង​ស្រុក ឬ​នៅបរទេស។

ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ បាន​ស្ងាត់ បាត់មុខ ចាប់តាំង​ពី ឆ្នាំ ២០១៨ មុន​នឹង​កំរើក​លេច​មុខ​មកវិញ នៅ ខែ​វិច្ឆិកា ឆ្នាំ២០២០។ ចាប់តាំង​កកើត​មាន​ចលនាធ្វើ​បាតុកម្ម​របស់​ក្រុមដើម្បី ប្រជាធិបតេយ្យ នៅ​ពាក់កណ្តាលឆ្នាំ ២០២០ នៅ ប្រទេស​ថៃ អាជ្ញាធរ​ដែល​ដំបូងឡើយ ធូររលុង ​បណ្តោយ​ឲ្យ​មាន​ការនិយាយ​រិះគន់​រាជវង្ស​ថៃ បាន​ចាប់រឹតបន្តឹង មកវិញ នៅ ប៉ុន្មាន​ខែចុងក្រោយ​នេះ។ សកម្មជន​ប្រមាណ ៥០នាក់ ដែល​ត្រូវប៉ូលិស ចាប់ឃុំ​ខ្លួន ដោយសារ​បាន​ចូលរួម ធ្វើ​បាតុកម្ម ទាមទារ​ឲ្យ​សរសេរ​រដ្ឋធម្មនុញ្ញ​សាជាថ្មី និង​កំណែទម្រង់​ស្ថាប័ន​ព្រះមហាក្សត្រ សុទ្ធ​តែ​ត្រូវ ចោទប្រកាន់ ក្រោម​ច្បាប់​ជេរប្រមាថ​ព្រះមហាក្សត្រ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ