អានតួអត្ថបទ

ថៃប្តឹង​ហ្វេសប៊ុក និង​ទ្វីតធ័រ​ដែល​បណ្តោយ​ឲ្យគេ​បង្ហោះសារ​ដែល​វាយប្រហារ​ស្ថាប័ន​ព្រះមហាក្សត្រថៃ

អាជ្ញាធរ​ថៃ កាលពី​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ បាន​ចាប់ផ្តើម​នីតិវិធី​ប្តឹង​ក្រុមហ៊ុន​ហ្វេសប៊ុក និងក្រុមហ៊ុន ទ្វីតធ័រ ដែល​មិនព្រម​​លុបចោល សារ របស់​សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ ដែល​មាន​ន័យ​វាយប្រហារ ធ្វើឲ្យ​ខូចមុខមាត់​របស់​ប្រទេស និង​ស្ថាប័ន​ព្រះមហាក្សត្រ​ថៃ។ ចាប់តាំង​ពី​កើត​មាន​បាតុកម្ម​សឹងតែរាល់ថ្ងៃ របស់​ក្រុមគាំទ្រ​ប្រជាធិបតេយ្យ សារ រិះគន់ នាយករដ្ឋមន្រ្តី និង ស្ថាប័ន​ព្រះមហាក្សត្រ ​ត្រូវ​បាន​គេ​សរសេរ​បង្ហោះផ្សាយ និង​ចែកចាយ​ព្រោងព្រាត​នៅ​លើ​បណ្តាញ​សង្គម។

 Pavin Chachavalpongpun, រដ្ឋបាល​របស់​ទំព័រហ្វេសប៊ុក ឈ្មោះ Royalist Marketplace ដែល​រិះគន់​ស្ថាប័នព្រះមហាក្សត្រថៃ ចេញមុខ​និយាយ​នៅមុខ​យុវជន​សិស្ស​សាលា​ដែលចូលរួម​ក្នុងបាតុកម្ម​ដើម្បី​ប្រជាធិបតេយ្យ នៅទីក្រុង​បាងកក។
Pavin Chachavalpongpun, រដ្ឋបាល​របស់​ទំព័រហ្វេសប៊ុក ឈ្មោះ Royalist Marketplace ដែល​រិះគន់​ស្ថាប័នព្រះមហាក្សត្រថៃ ចេញមុខ​និយាយ​នៅមុខ​យុវជន​សិស្ស​សាលា​ដែលចូលរួម​ក្នុងបាតុកម្ម​ដើម្បី​ប្រជាធិបតេយ្យ នៅទីក្រុង​បាងកក។ AP
ផ្សាយពាណិជ្ជកម្ម

ចាប់តាំង​ពី​កើតមាន​បាតុកម្ម​ទាមទារ​លទ្ធិប្រជាធិបតេយ្យ នៅប្រទេស​ថៃ ​ជា​លើកទី​១ ដែល​អាជ្ញាធរ​ថៃ ដាក់ពាក្យ​ប្តឹង​ក្រុមហ៊ុន​ហ្វេសប៊ុក និង​ទ្វីតធ័រ ក្នុង​បទចោទប្រកាន់​ថា មិបាន​លុបចោល ការចុះផ្សាយ​ដែល​មាន​លក្ខណៈ ប្រមាថ មើលងាយ​ប្រទេស និង​ព្រះមហាក្សត្រ​ថៃ។ តាមរដ្ឋមន្រ្តី​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ថៃ លោក ពុទ្ធីពង្ស ពណ្ណាក់កន្តា ក្រសួង​ធ្លាប់​បាន​ស្នើសុំ​ឲ្យ​ហ្វេសប៊ុក ទ្វីតធ័រ និង​យូធូប​លុបចោល​ទំព័រ​ចំនួន ១០០០​ដែលមាន​ខ្លឹមសារ​ដ៏ចម្រូងចម្រាស។

រហូតមកដល់​ពេលនេះ យូធូប​បាន​យល់ព្រម​លុបចោល រួចហើយ ប៉ុន្តែ នៅ​សល់​តែ​ហ្វេសប៊ុក និង​ទ្វីតធ័រ ដែល​មិនទាន់​លុបចោល ទំព័រ ប្រមាណ ៥០០​ដែល​នៅសល់។ តាម​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ថៃ ក្រសួង​បាន​សម្រេច​ប្តឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិក ទៅ​នាយកដ្ឋាន​លុបបំបាត់​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា បន្ទាប់​ពី​ក្រុមហ៊ុន​ទាំងពីរ មិនបាន​គោរពធ្វើតាម​ការសម្រេច​របស់​តុលាការ ដែល​បានទុក​ពេល​ ១៥​ថ្ងៃ ឲ្យ​ក្រុមហ៊ុន លុបចោល​គណនី និង​អត្ថបទ​ចុះផ្សាយ នៅលើ​បណ្តាញ​របស់ខ្លួន។

នៅ​ក្នុង​បាតុកម្ម ជិត​៣ខែ​នេះ ជាពិសេស​នៅក្នុង​បាតុកម្ម​កាលពី​ថ្ងៃ​ពុធ ដែល​បាន​ប្រមូលផ្តុំ​ ​យុវជន និស្សិត អ្នករស់នៅទីក្រុង និង​ក្រុមអាវក្រហម ដល់ទៅជាង ៣ម៉ឺននាក់ សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ ដែល​ជាអ្នករៀបចំ​បាតុកម្ម បាន​ប្រើពាក្យ​រិះគន់​កាន់តែធ្ងន់ ទៅលើ​ស្ថាប័ន​ព្រះមហាក្សត្រ។ ចំណែក ពាក្យសំដី ខ្លឹមសារ​ រិះគន់​ព្រះមហាក្សត្រ ដែលជា​រឿង​ខុសច្បាប់ ​នៅ​ប្រទេស​ថៃ គឺ​នៅតែមាន​បង្ហោះផ្សាយ និង​ចែកចាយ​នៅលើ​បណ្តាញសង្គម​ហ្វេសប៊ុក និង​ទ្វីតធ័រ។

តាម​អនុប្រធាន​នាយកដ្ឋាន​លុបបំបាត់​ឧក្រិដ្ឋកម្ម​ព័ត៌មានវិទ្យា លោក ស៊ីរីវ៉ាត់ ឌីប៉រ ហ្វេសប៊ុក និង​ទ្វីតធ័រ​ត្រូវ​ប្រឈមនឹង​ការបង់ប្រាក់ពិន័យ ជាង ៦ពាន់ដុល្លារ និង​ត្រូវ​បង់បន្ថែម ១៥៨​ម្នាក់ ក្នុងមួយថ្ងៃ បើសិន​ក្រុមហ៊ុន​មិន​ព្រម​បិទគណនី ទៅតាម​ការទាមទារ​របស់​អាជ្ញាធរ​ថៃ។

អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ហ្វេសប៊ុក សម្រាប់​តំបន់​អាស៊ី បាន​អះអាងថា ក្រុមហ៊ុន​នៅមិនទាន់​មាន​អត្ថាធិប្បាយ ទៅលើ​ចំណាត់ការ​របស់​រដ្ឋាភិបាល​ថៃ​នោះទេ។

ច្បាប់ជេរប្រមាថ​ព្រះមហាក្សត្រ​ដែល​មានចែង​ពីការដាក់ទោស​ពន្ធនាគារ ដល់ទៅ​១៥ឆ្នាំ សម្រាប់ ការនិយាយ​បរិហារ​ប៉ះពាល់​ដល់ព្រះមហាក្សត្រ លែងសូវ គេ​ប្រើ​ច្រើនដូចមុន។ នៅប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ អ្នកដែល​និយាយ​សរសេរ​ចុះផ្សាយ រិះគន់​រាជវង្ស​ថៃ ត្រូវតុលាការ​ចោទប្រកាន់​ទៅតាម​ច្បាប់ឧក្រិដ្ឋ​ព័ត៌មានវិទ្យា ឬ ច្បាប់ប្រឆាំង​នឹង​ការបះបោរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ