អានតួអត្ថបទ
ចិន-អង់គ្លេស

ចិន​លែង​ទទួល​ស្គាល់​លិខិត​ឆ្លង​ដែន​​អង់គ្លេស​របស់​ពលរដ្ឋ​ហុងកុង

អាជ្ញាធរ​ចិន​បាន​ប្រកាស​នៅ​ថ្ងៃ​សុក្រ​ទី ២៩​មករា ២០២១ ថា ចាប់ពីថ្ងៃទី៣១ ខែមករា តទៅ ចិននឹង​លែង​ទទួលស្គាល់លិខិត​ឆ្លង​ដែន​អង់គ្លេស ​BNO ឬលិខិតឆ្លងដែន​ពិសេស​ដែល​អង់គ្លេសផ្តល់ឱ្យ​​ពលរដ្ឋរស់នៅក្រៅប្រទេស មាន​ជាអាទិ៍​ពលរដ្ឋ​ហុងកុង ទៀត​ហើយ។ សេចក្តី​សម្រេច​នេះ ធ្វើ​ឡើង​ក្រោយ​ពី​រដ្ឋាភិបាល​អង់គ្លេស​បាន​ផ្តល់សិទ្ធិបន្ថែម​ដល់​ពលរដ្ឋ​ហុងកុង ដែល​មាន​កាន់លិខិត​ឆ្លង​ដែន​BNO។

ចិនប្រកាស​លែងទទួល​ស្គាល់​លិខិត​ឆ្លងដែន​អង់គ្លេស​ឯនាយ​សមុទ្ទ BNO
ចិនប្រកាស​លែងទទួល​ស្គាល់​លិខិត​ឆ្លងដែន​អង់គ្លេស​ឯនាយ​សមុទ្ទ BNO AP - Kin Cheung
ផ្សាយពាណិជ្ជកម្ម

“ចាប់​ពី​ថ្ងៃទី ៣១​មករា​២០២១​ទៅ ចិន​លែង​ទទួល​ស្គាល់ លិខិត​ឆ្លង​ដែន​អង់គ្លេស​BNO សម្រាប់​ពលរដ្ឋ​ឯនាយ​សមុទ្ទ ជា​ឯកសារធ្វើ​ដំណើរ ឬ​​សម្រាប់​បញ្ជាក់​អត្តសញ្ញាណ ​​ទៀត​ហើយ” នេះ​បើ​តាម​សេចក្តី​ប្រកាស​របស់​អ្នកនាំ​ពាក្យ​ក្រសួង​ការបទេស​ចិន Zhao Lijian នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន។

​ជា​មួយ​នឹង​សេចក្តី​សម្រេច​នេះ​ តើ​ពលរដ្ឋ​ហុងកុង​ ដែល​មានកាន់​លិខិត​ឆ្លង​ដែនអង់គ្លេសឯនាយ​សមុទ្ទ​ នឹង​ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ចូល​ជាន់​ទឹក​ដី​ចិន​ដី​គោក​ឬ​ ? គេ​នៅ​មិន​ទាន់​ដឹងច្បាស់​​អំពី​ផលវិបាក​ជាក់ស្តែងទេ។ តែ​​អាជ្ញាធរ​ចិន មិន​ប្រាកដ​ជា​ដឹងថា​តើ​ពលរដ្ឋ​ហុងកុង​ណា​មាន​កាន់​លិខិត​ឆ្លង​អង់គ្លេសឡើយ ព្រោះ​ជា​ទូទៅ​ ពលរដ្ឋ​ហុងកុង​ធ្វើ​ដំណើរ​ទៅ​ចិន​ដី​គោក ច្រើន​តែ​ប្រើ​លិខិត​ឆ្លង​ដែន​ហុងកុង។ លិខិត​ឆ្លង​ដែនBNO​ ត្រូវ​បាន​ប្រើ​ប្រាស់​សម្រាប់​តែ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​អង់គ្លេស​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ ក៏​ឡុង​ដ៍ បាន​បញ្ចេញ​ប្រតិកម្ម​សោកស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​ប៉េកាំង តែ​អង់គ្លេស​​មិន​ភ្ញាក់​ផ្អើល​ទេ។ បើ​តាមក្រសួង​មហាផ្ទៃ​អង់គ្លេស មាន​ពលរដ្ឋ​ហុង​ជាង​៣៥ម៉ឺន​នាក់ មាន​លិខិត​ឆ្លង​ដែន​អង់គ្លេស​BNO ពោល​គឺ​បាន​កើន​ឡើង​ស្ទើរ​មួយ​ទ្វេ​ជា​ពីរ ក្នុង​រយៈ​ពេល​តែ​មួយ​ឆ្នាំកន្លះ ចុងក្រោយ​នេះ។ ​​ គិត​ត្រឹម​ពី​ខែកក្កដា ដល់​ពាក់កណ្តាលខែ​មករា​២០២១ ពលរដ្ឋ​ហុងកុង៧០០០​នាក់ បាន​មកដល់​អង់គ្លេស​ ដោយ​ប្រើ​លិខិត​ឆ្លង​ដែន​អង់គ្លេស​ឯនាយ​សមុទ្ទ​ ដែល​ជា​សំណុំ​បែបបទពិសេស។ តួលេខ​នឹង​អាច​ឡើង​ដល់​ ៣២២៤០០​នាក់ នៅ​៥ឆ្នាំ​ខាង​មុខ​។ នេះ​បើ​តាមក្រសួង​មហាផ្ទៃ​អង់គ្លេស​ដដែល។

ជាមរតក​បន្សល់​ទុកតាំងពី ​ហុងកុងស្ថិត​នៅ​​ក្រោម​ក្រោម​​​អាណានិគមអង់គ្លេស ពលរដ្ឋ​ហុង​កុង ជាង​២លាន​៩សែន​នាក់ កើត​មុន​​ឆ្នាំ​១៩៩៧ ឆ្នាំ​ដែល​ហុងកុង​​បាន​ប្រគល់​មក​ឱ្យ​ចិន​វិញ សុទ្ធ​តែ​អាច​មាន​លិខិត​ឆ្លង​ដែន​ពិសេស​នេះ​ទាំង​អស់គ្នា។​​​ កាលពីមុន​លិខិត​ឆ្លង​​ដែនពិសេស​នេះ មានតម្លៃ​ត្រឹម​ឱ្យ​ពលរដ្ឋ​ហុងកុង​អាច​ចេញ​ចូល​ស្នាក់នៅ​អង់គ្លេស​បាន​៦​ខែ តែមិនអាច​មាន​សិទ្ធិធ្វើការ​ទេ។ ប៉ុន្តែដើម្បី​ឆ្លើយ​តប​នឹង​ការ​អនុម័ត​ច្បាប់​សន្តិសុខ​ហុងកុង ឡុងដ៏​បាន​បន្ថែម​សិទ្ធិ​ ដែល​ចូល​ជា​ធរមានចាប់​ពី​ថ្ងៃ​អាទិត្យនេះ​ទៅ ដល់​​ អ្នក​​កាន់​លិខិត​ឆ្លង​ដែន​BNO អាច​ចេញ​ចូល​ទៅ​ធ្វើ​ការ​និង​ស្នាក់​នៅ​លើ​ទឹក​អង់គ្លេស​​រយៈ​ពេល​៥​ឆ្នាំ​ មុន​នឹងអាច​​សុំ​សញ្ជាតិអង់គ្លេស​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ