អានតួអត្ថបទ

តុលាការចិន​កាត់ទោស​សកម្មជន​ដែលលួចរត់តាមទូក​ទៅ​កោះតៃវ៉ាន់ ឲ្យជាប់​ពន្ធនាគារ ពី ៧ខែ ទៅ​៣ឆ្នាំ

តុលាការ​ចិន នៅទីក្រុង​សិនចិន បាន​សម្រេច នៅ​ថ្ងៃ ពុធនេះ កាត់ទោស សកម្មជន​ដើម្បី​ប្រជាធិបតេយ្យ​ហុងកុង ១០រូប ឲ្យ​ជាប់​ពន្ធនាគារ​ពី ៧ខែ រហូត​ដល់​៣ឆ្នាំ ពីបទ​លួច​ឆ្លងដែន​ខុសច្បាប់ ចេញ​ពីទឹកដី ហុងកុង។ តាំង​ពី ថ្ងៃ​ចន្ទ ដែលជា​ថ្ងៃ​បើក​សវនាការ បិទទ្វារ នៅ ទីក្រុង​សិនចិន សហរដ្ឋអាមេរិក សហភាព អឺរ៉ុប ហើយ​និង​អង្គការ​ការពារសិទ្ធិមនុស្ស បាន​ទាមទារ​ឲ្យ​អាជ្ញាធរ​ចិន​ដោះលែង សកម្មជន ដែល​ពួកគេ​បាន​ចាត់ទុក​ថា ជា​ជនរងគ្រោះ ដែល​ព្យាយាម​រត់ចេញ​ពី​របបឃោឃៅ នៅ ហុងកុង។ 

ក្នុង​ចំណោម​សកម្មជនហុងកុង ១២នាក់ ដែល​ត្រូវ​តុលាការ​ចិន​កាត់ទោស ពីបទ​លួចឆ្លងដែន​ខុសច្បាប់ ចេញពី​ហុងកុង មាន ២នាក់​ជា​អនិតិជន​ដែល​ត្រូវ​បានតុលាការ​ចិន សម្រេច លើកលែងទោស និង​បញ្ជូន​ទៅ​ទីក្រុង​ហុងកុង នៅថ្ងៃ​ពុធ ទី ៣០​ធ្នូ ២០២០
ក្នុង​ចំណោម​សកម្មជនហុងកុង ១២នាក់ ដែល​ត្រូវ​តុលាការ​ចិន​កាត់ទោស ពីបទ​លួចឆ្លងដែន​ខុសច្បាប់ ចេញពី​ហុងកុង មាន ២នាក់​ជា​អនិតិជន​ដែល​ត្រូវ​បានតុលាការ​ចិន សម្រេច លើកលែងទោស និង​បញ្ជូន​ទៅ​ទីក្រុង​ហុងកុង នៅថ្ងៃ​ពុធ ទី ៣០​ធ្នូ ២០២០ REUTERS - TYRONE SIU
ផ្សាយពាណិជ្ជកម្ម

៤ខែ​ក្រោយ ត្រូវ​ឆ្មាំសមុទ្រ​ចិន​ចាប់ខ្លួន នៅក្នុង​ពេល​ធ្វើដំណើរ​តាមទូក សំដៅ​កោះតៃវ៉ាន់ សកម្មជន​ដើម្បី ប្រជាធិបតេយ្យ​ហុងកុង ១០រូប ត្រូវ​បាន​តុលាការ​ចិន នៅ​ទីក្រុង​ស៊ិនចិន ជាប់​ទីក្រុង​ហុងកុង សម្រេច កាត់ទោស ឲ្យ​ជាប់ពន្ធនាគារ ពីបទ​លួចឆ្លងដែន​ខុសច្បាប់។ ២នាក់​ត្រូវ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ ពីរ ២ ទៅ ៣ឆ្នាំ ក្នុង​បទចោទប្រកាន់ ជា​មេគំនិត រៀបចំ​ផែនការ លួចរត់​ចេញ​ពីទីក្រុង​ហុងកុង។ ចំណែក សកម្មជន ៨នាក់​ផ្សេងទៀត ដែល​ជាអ្នកធ្វើ​ដំណើរ​ធម្មតា ត្រូវ​ទទួលទោស ជាប់ពន្ធនាគារ ៧ខែ។ វា​ជា​ទោសស្រាល បើប្រៀបធៀប​នឹង​ទោសទណ្ឌ​ដែល​មាន​ចែងក្នុង​ច្បាប់​ដែល​មាន ពី ជាង ១ឆ្នាំ រហូត​ដល់​៧ឆ្នាំ សម្រាប់​អ្នក​ដែល​លួច​ឆ្លងដែន​ខុសច្បាប់។ ក្រៅពី​ទោស​ជាប់​ពន្ធនាគារ សកម្មជន​ដើម្បី ប្រជាធិបតេយ្យ​ហុងកុង ត្រូវ​បង់ប្រាក់ពិន័យ​ពី ១២៥០​ទៅ ២៥០០​អឺរ៉ូ។

សកម្មជន​ហុងកុង ២រូប ដែលជា​អនិតិជន អាយុ ពី ១៦ និង​១៧​ឆ្នាំ នៅពេល​ចាប់ខ្លួន ត្រូវ​បាន​តុលាការ​ចិន​សម្រេច​ដោះលែង និង​ត្រូវ​បាន​ចាប់បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ហុងកុង នៅ​ថ្ងៃ​ពុធនេះ ចំណែក សកម្មជន​១០​រូបផ្សេង​ទៀត ត្រូវ​បញ្ជូន​ទៅ​ជាប់​ពន្ធនាគារ​នៅចិនដីគោក។

តាម​សេចក្តីថ្លែងការណ៍​របស់​អាយ្យការ​ស្រុក យ៉ានធាន​របស់​ក្រុង​ស៊ិនចិន រាល់ឧក្រិដ្ឋជន​បាន​ទទួល​ស្គាល់​កំហុស​របស់ខ្លួន ដែល​អាច​ធ្វើ​ឲ្យ​មាន​ការបន្ធូរបន្ថយ​ទោសលើកនេះ។ ជាក់ស្តែង អាជ្ញាធរ​ចិន បាន​ស្តីបន្ទោស​សកម្មជន​ដើម្បី ប្រជាធិបតេយ្យ​ហុងកុង ពីបទ​ធ្វើដំណើរ​ចាកចេញពី​ហុងកុង ដោយគ្មាន​ការសុំ​អនុញ្ញាតិ​ពីអាជ្ញាធរ។ តាមច្បាប់ អ្នកដែល ចង់​ចាកចេញពី​ហុងកុង ត្រូវ​មាន​លិខិត​ពិសេស ហើយត្រូវ​ធ្វើដំណើរ​តាម​ច្រកចូល​ស្របច្បាប់។

ប៉ុន្តែ នៅ ថ្ងៃទី ២៣​សីហា សកម្មជន​ហុងកុង ១២​រូប ដែល​ខ្លាច​ប្រឈម​នឹង​ការចាប់ខ្លួន ដោយសារ​ការអនុវត្ត​ច្បាប់ ការពារ​សន្តិសុខ​ជាតិ​ហុងកុង បាន​លួច​ធ្វើ​ដំណើរ​តាម​ទូក សំដៅ កោះតៃវ៉ាន់។ កោះតៃវ៉ាន់ ដែល បាន​បើកដៃ ទទួល​សកម្មជន​ហុងកុង ដែល​ចង់​រត់គេច​ចេញពី ហុងកុង នៅក្រោយ​ទីក្រុង​ប៉េកាំង ចាប់​អនុវត្ត​ច្បាប់ ការពារ​សន្តិសុខ​ជាតិ។

ក្នុង​ចំណោម​សកម្មជនហុងកុង​ដែល​ត្រូវ​តុលាការ​កាត់ទោស ឲ្យជាប់ពន្ធនាគារ នៅថ្ងៃ​ពុធ មានមួយចំនួន នឹង​ត្រូវ​ប្រឈម​នឹង​បទចោទប្រកាន់ ចូលរួម​ក្នុង​បាតុកម្ម​នៅ​ទីក្រុង​ហុងកុង កាលពី ឆ្នាំ ២០១៩។ អាច​និយាយ​បាន​ថា នៅក្រោយ អនុវត្ត​ទោស ជាប់ពន្ធនាគារ​នៅ ចិន​ដីគោក ពួកគេ​នឹង​ត្រូវ​ប្រឈម​នឹង​ការកាត់ទោស ទៅ​តាម​ច្បាប់​សន្តិសុខជាតិ​ហុងកុង មួយជាន់ទៀត។ ជាក់ស្តែង អនិតិជន ២រូប​ដែល​ត្រូវ​តុលាការ​ចិន​ដោះលែង នៅថ្ងៃ​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​ប៉ូលិស​ហុងកុង ដែល​បាន​ចោទប្រកាន់​ពួកគេ​រួចហើយ ពីបទ ឃុបឃិត ប្រព្រឹត្ត​អំពើហិង្សា ដុត បំផ្លាញ និង​មានអាវុធ​គ្រឿងផ្ទុះ នៅក្នុង​ពេល​បាតុកម្ម កាលពី​ឆ្នាំមុន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ