អានតួអត្ថបទ
ចិន​បិទការផ្សាយរបស់​BBC

ប៉េកាំង បិទ​ការផ្សាយ​របស់​ទូរទស្សន៍អង់គ្លេស​BBC នៅ​ប្រទេស​ចិន

អាជ្ញាធរ​ចិន​បាន​សម្រេច​បិទ​ការផ្សាយ​របស់ទូរទស្សន៍​អង់គ្លេស BBC នៅថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ នៅក្នុង​ហេតុផល​ថា ខ្លឹមសារ​ផ្សាយ​របស់​ទូរទស្សន៍​ព័ត៌មាន​អន្តរជាតិ​មួយនេះ រំលោភ​ធ្ងន់ធ្ងរ សេចក្តីណែនាំ​ដែល​កំពុង​ចូលជាធរមាន​នៅប្រទេស​ចិន។ សេចក្តីសម្រេច​របស់​អាជ្ញាធរ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចិន ធ្វើឡើង​នៅមួយ​សប្តាហ៍​ក្រោយ អាជ្ញាធរ​អង់គ្លេស ដកអាជ្ញាបណ្ណ ពី​ទូរទស្សន៍​ជាតិ​ចិន China Global Television Network ក្នុង​បទចោទ​ប្រកាន់ថា ជា​ឧបករណ៍​ឃោសនា​របស់​បក្ស​កុម្មុយនិស្តចិន។

ស្លាក​បិទ​នៅ ជិត​ការិយាល័យ​ផ្សាយ​របស់​ទូរទស្សន៍​BBC នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ១២​កុម្ភៈ ថ្ងៃ​ដែល​អាជ្ញាធរគ្រប់គ្រង​សោតទស្សន៍​ចិន​ប្រកាស​បិទ​ លែង​ឲ្យមានការផ្សាយ​របស់BBC នៅ​ប្រទេសចិន​
ស្លាក​បិទ​នៅ ជិត​ការិយាល័យ​ផ្សាយ​របស់​ទូរទស្សន៍​BBC នៅទីក្រុង​ប៉េកាំង នៅថ្ងៃទី ១២​កុម្ភៈ ថ្ងៃ​ដែល​អាជ្ញាធរគ្រប់គ្រង​សោតទស្សន៍​ចិន​ប្រកាស​បិទ​ លែង​ឲ្យមានការផ្សាយ​របស់BBC នៅ​ប្រទេសចិន​ REUTERS - CARLOS GARCIA RAWLINS
ផ្សាយពាណិជ្ជកម្ម

ភាពតានតឹង​ចិន អង់គ្លេស បាន​កើនឡើង​មួយកម្រិត​ទៀត បន្ទាប់​ពី អាជ្ញាធរ​គ្រប់គ្រង​ប្រព័ន្ធផ្សព្វផ្សាយ​ចិន បាន​សម្រេច​បិទ​ការផ្សាយរបស់​ទូរទស្សន៍អង់គ្លេស BBC នៅ​ប្រទេស​ចិន។ នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី ថ្ងៃ​ព្រហស្បតិ៍ អាជ្ញាធរ​គ្រប់គ្រងសោតទស្សន៍​ចិន បាន​វាយតម្លៃថា ទូរទស្សន៍អង់គ្លេស​បាន​រំលោភគោលការណ៍ របស់​ចិន ដែល​នៅក្នុង​នោះ ព័ត៌មាន​ត្រូវតែ​ពិត ត្រឹមត្រូវ និង​មិនត្រូវ​ប៉ះពាល់ ធ្វើ​ឲ្យ​ខូច​ប្រយោជន៍​របស់​ចិន។

រដ្ឋមន្រ្តីការបរទេស​អង់គ្លេស​លោក​Dominic Raab បាន​បរិហារិះគន់ ការសម្រេចចិត្តរបស់​ចិន​ដែល​ប៉ះពាល់​ខ្លាំង​ដល់សិទ្ធិសេរីភាព​សារព័ត៌មាន។ ចំណែក​អ្នកនាំពាក្យ​របស់​ទូរទស្សន៍​BBC បាន​សំដែង​ការខកចិត្ត ព្រោះថា BBC ជាទូរទស្សន៍​ផ្សព្វផ្សាយ​ព័ត៌មានអន្តរជាតិ ដែល គួរ​ឲ្យ​ជឿទុកចិត្ត​ជាងគេ​នៅក្នុង​ពិភពលោក។ ទូរទស្សន៍ BBC​ផ្សព្វផ្សាយ​គ្រប់ព័ត៌មាន​ដែលកើតមាននៅក្នុង​ពិភពលោក ដោយ​ប្រកាន់ខ្ជាប់ ស្មារតី​ស្មោះត្រង់ មិនលំអៀង គ្មាន​ខ្លាចរអា ខ្លបខ្លាច ឬ​ផ្តល់​ប្រយោជន៍​ដល់​ភាគី​ណាមួយ​នោះទេ។

ការសម្រេចបិទ​ការផ្សាយ​របស់​ទូរទស្សន៍ BBC​កើតឡើង​នៅ​មួយសប្តាហ៍​ក្រោយ​អាជ្ញាធរ​អង់គ្លេស សម្រេច​ដកអាជ្ញាប័ណ្ណ​ពី​ទូរទស្សន៍ចិន ដែលផ្សាយ​នៅទឹកដី​អង់គ្លេស ដែល​រដ្ឋាភិបាល​អង់គ្លេស ចោទប្រកាន់ថា ជា​ប្រព័ន្ធឃោសនា​របស់​បក្ស​កុម្មុយនិស្ត​ចិន។ មួយវិញទៀត វា​កើតឡើង នៅក្រោយ ទូរទស្សន៍​អង់គ្លេស ចុះផ្សាយ បទយកការណ៍​ស៊ើបអង្កេត ដ៏គួរ​ឲ្យ​រំខាន​មួយ សម្រាប់​ទីក្រុង​ប៉េកាំង ដែលនៅក្នុង​នោះ សាក្សីបាន​និយាយ​ពី​ការធ្វើទារុណកម្ម ការរំលោភ​ជា​ប្រព័ន្ធ របស់​ប៉ូលិស អ្នកយាម​ចិន ទៅលើ​ស្រ្តី អ៊ុយហ្គួរ នៅក្នុង​មណ្ឌល​ឃុំឃាំង​នៅខេត្ត​ស៊ីនជាំង។

ទូរទស្សន៍ BBC ឧស្សាហ៍​ចុះផ្សាយ​សាក្ខីកម្ម​ជាច្រើន​របស់​ជនជាតិ​អ៊ុយហ្គួរ ដែល​និយាយ​ពី​ការធ្វើទុក្ខបុកម្នេញ នយោបាយ​លុបបំបាត់ សាសនា និង​វប្បធម៌​របស់​ជនជាតិ​អ៊ុយហ្គួរ នៅ ស៊ីនជាំង។ ការផ្តោតផ្សាយ​ច្រើន​របស់ទូរទស្សន៍​អង់គ្លេស ទៅលើ​សំណុំរឿង​អ៊ុយហ្គួរ នៅ​ស៊ីនជាំង​មិនបានធ្វើ​ឲ្យ​ចិន​សប្បាយចិត្ត​នោះទេ។

នៅថ្ងៃ ទី​៤​កុម្ភៈ​កន្លងទៅ អាជ្ញាធរ​ចិន​បាន​ដំឡើងសំឡេង​ដាក់​ទូរទស្សន៍​ BBC​ នៅក្រោយ មាន​សេចក្តីរាយការណ៍​ព័ត៌មាន​ដែល​ថា អាជ្ញាធរ​ចិន​ព្យាយាម​លាក់បាំង មិន​ចង់​ឲ្យ​គេ​ដឹង​ពីប្រភពកើតមាន​ជំងឺកូវីដ នៅប្រទេស​ចិន។

គេ​មិននៅមិនទាន់​ដឹងថា តើ​ការហាមប្រាម​របស់​អាជ្ញាធរ​សោតទស្សន៍​ចិន នឹង​ប៉ះពាល់​ប៉ុណ្ណា ដល់​ការផ្សាយ​របស់ទូរទស្សន៍ BBC​នៅប្រទេស​ចិននោះទេ។ នៅមុន​ការបិទការផ្សាយ​របស់អាជ្ញាធរ​ចិន ទូរទស្សន៍​ BBC​គ្មាន​មុខ​ក្នុង​បណ្តាញផ្សព្វផ្សាយ​នៅប្រទេស​ចិន​ពោល គឺ​គេអាច​មើលប៉ុស្ត BBCបានតែ​នៅ​តាម​សណ្ឋាគារ​អន្តរជាតិ​តែប៉ុណ្ណោះ។ ផលវិបាក​នឹង​មានធំ នៅ​ទីក្រុង​ហុងកុង ដែល​ធ្លាប់ជាដែនដី​អាណានិគម​របស់អង់គ្លេស។ នៅថ្ងៃ​សុក្រទី ១២ កុម្ភៈ ក្រុមហ៊ុន​ទូរទស្សន៍ វិទ្យុRTHK  ដែល​ជា​ក្រុមហ៊ុន​ឯករាជ្យ​នៅ ហុងកុង ប៉ុន្តែ ដែលបាន​ថវិកា​ពី រដ្ឋបាល​ក្រុង​ហុងកុង​បាន​សម្រេច​ផ្អាក​ការផ្សាយ​របស់​វិទ្យុ BBC នៅ​ទីក្រុង​ហុងកុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ