អានតួអត្ថបទ
អង់គ្លេស-ចិន

អង់គ្លេសចាត់វិធានការប្រឆាំងចិនដើម្បីបុព្វហេតុជនជាតិភាគតិចអ៊ុយហ្គួនៅខេត្តស៊ីនជាំង

នៅ​ថ្ងៃ​អង្គារ ទី១២ មករា ប្រមុខ​ការទូត​អង់គ្លេស​លោក​ដូមីនិច រ៉ាប​បាន​បង្ហាញ​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ប្រឆាំង​ចិន​ដែល​បាន​ប្រើ​កម្លាំងពលកម្ម​ដោយ​បង្ខំ​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួ។ កម្មវត្ថុ​របស់​លោក​រ៉ាប គឺ​ទប់ស្កាត់​កុំ​ឲ្យ​ទំនិញ​ចិន​ដែល​ប្រើ​កម្លាំងពលកម្ម​របស់​ពួក​អ៊ុយហ្គួ​ធ្លាក់​ក្នុង​ដៃ​អ្នក​ប្រើប្រាស់​អង់គ្លេស។ ទន្ទឹម​គ្នា​នេះ វិធានការ​របស់​ប្រមុខ​ការទូត​អង់គ្លេស​ក៏​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​ចាស់ដៃ​លើ​រោងចក្រ សហគ្រាស​អង់គ្លេស​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ដោយ​ប្រយោល​នឹង​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​របស់​ជនជាតិ​ភាគតិច​ចិន​អ្នក​កាន់​សាសនា​អ៊ីស្លាម​ក្នុង​ខេត្ត​ស៊ីនជាំង​មួយ​នេះ។

ប្រមុខការទូតអង់គ្លេសលោកដូមីនិច រ៉ាបថ្លែងនៅ​ក្នុង​សភាអង់គ្លេស
ប្រមុខការទូតអង់គ្លេសលោកដូមីនិច រ៉ាបថ្លែងនៅ​ក្នុង​សភាអង់គ្លេស PRU/AFP
ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​ចំពោះ​មុខ​ក្រុម​សមាជិក​សភា​ដែល​ប្រមុខ​ការទូត​អង់គ្លេស​លោក​ដូមីនិច រ៉ាប​បាន​ចាត់​ទុក​ទង្វើ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​ចិន​ទៅ​លើ​ពួក​អ៊ុយហ្គួ​ជា​អំពើ​ឃោរឃៅព្រៃផ្សៃ និង​អមនុស្សធម៌។ ទង្វើ​ទាំង​នោះ​រួម​មាន ការ​ឃុំឃាំង​ក្រៅ​ប្រព័ន្ធ​តុលាការ ការ​អប់រំ​នយោបាយ ការ​ចាប់​បង្ខំ​ឲ្យ​ធ្វើ​ការងារ ការ​ធ្វើ​ទារុណកម្ម និង​ការ​ចាប់​ក្រៀវ​ដោយ​បង្ខំ​ជា​លក្ខណៈ​ឧស្សាហកម្ម។ តាម​លោក​ដូមីនិច រ៉ាប ប្រឈម​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស​ដោយ​កម្រោល និង​មិន​អាច​ទទួល​យក​បាន​នេះ អង់គ្លេស​មាន​កាតព្វកិច្ច​សីលធម៌​ដើម្បី​ចាត់​វិធានការ​ប្រឆាំង។ នៅ​ក្នុង​វិធានការ លោក​រ៉ាប​បាន​ហាម​រោងចក្រ សហគ្រាស​អង់គ្លេស​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង​សង្វាក់​ផ្គត់ផ្គង់​ដែល​នាំ​ដល់​ការ​ប្រើ​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​របស់​ពួក​អ៊ុយហ្គួ។

លោក​រ៉ាប​ចង់​ធានា​ថា ផលិតផល​ដែល​បាន​មក​ពី​ការ​ប្រើ​កម្លាំងពលកម្ម​ដោយ​បង្ខំ​របស់​ពួក​អ៊ុយហ្គួ​នឹង​មិន​ធា្លក់​ចូល​ទីផ្សារ និង​ធ្លាក់​ក្នុង​ដៃ​អតិថិជន​អង់គ្លេស​ទេ។ វិស័យ​នាំ​ចូល និង​វិស័យ​នាំ​ចេញ​ណា​ដែល​មាន​ជាប់​ពាក់ព័ន្ធ​នឹង​កម្លាំងពលកម្ម​ដោយ​បង្ខំ​របស់​ពួក​អ៊ុយហ្គួ​នឹង​ត្រូវ​ហាម​ឃាត់។ តាម​ប្រមុខ​ការទូត​អង់គ្លេស​រូប​នេះ​ដដែល វិធានការ​មួយ​នេះ​ក៏​នឹង​អនុវត្ត​ទៅ​លើ​វិស័យ​សាធារណៈ​ដែរ ហើយ​រោងចក្រ សហគ្រាស​ណា​ដែល​ទទួល​បាន​ផល​ពី​កម្លាំងពលកម្ម​ដោយ​បង្ខំ​នឹង​ត្រូវ​ដក​ចេញ​ពី​ទីផ្សារ​សាធារណៈ។ តាម​លោក​រ៉ាប រោងចក្រ សហគ្រាស​ណា​ដែល​បំពាន​លើ​គោលការណ៍​នេះ​នឹង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់។

តែ​ក្រុម​អ្នក​តំណាងរាស្រ្ត​អង់គ្លេស​ខ្លះ​មក​ពី​គណបក្សប្រឆាំង និង​គណបក្ស​កាន់​អំណាច​យល់​ឃើញ​ថា វិធានការ​របស់​រដ្ឋាភិបាល​ពេល​នេះ​នៅ​មិន​ទាន់​គ្រប់គ្រាន់​ទេ។ អ្វី​ដែល​ពួក​គេ​ចង់​បាន​បន្ថែម គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​អង់គ្លេស​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ថ្នាក់ដឹកនាំ​ចិន​ក្នុង​ខេត្ត​ស៊ីនជាំង។ យ៉ាង​ណា​ក៏​ដោយ វិធានការ​ប្រឆាំង​ចិន​របស់​អង់គ្លេស​ពេល​នេះ​នឹង​ធ្វើ​ឲ្យ​ទំនាក់ទំនង​រវាង​ក្រុង​ឡុងដ៏ និង​ក្រុង​ប៉េកាំង​ដែល​កំពុង​តានតឹង​ស្រាប់​រឹតតែ​ឡើង​តានតឹង​មួយ​កម្រិត​ទៀត។ នៅ​មាន​សំណុំរឿង​ពីរ​ទៀត​ដែល​ចិន​កំពុង​ក្តៅ​ក្រហាយ​នឹង​អង់គ្លេស ទី១ គឺ​ការ​ដែល​អង់គ្លេស​បាន​ប្រឆាំង​ចិន​ពាក់ព័ន្ធ​នឹង​ច្បាប់សន្តិសុខជាតិ​ដែល​ចិន​ដាក់​លើ​ហុងកុង និង​ទី២ គឺ​ការ​ដែល​អង់គ្លេស​បាន​សម្រេច​មិន​បំពាក់​ប្រព័ន្ធ​ទូរស័ព្ទ ៥G របស់​ក្រុមហ៊ុន​ចិន Huawei។

គួរ​រម្លឹក​ថា ចិន​បាន​ជាប់​ចោទ​ពី​បទ​ឃុំឃាំង​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​ជាង ១លាននាក់​នៅ​ក្នុង​ជំរំ​លត់ដំ​មួយ​ដ៏​ធំ។ តែ​ចិន​តែង​ចេញ​មុខ​បដិសេធ និង​បញ្ជាក់​ច្រើន​ដង​ថា ជំរំ​នោះ​មិនមែន​ជា​ជំរំ​លត់ដំ​ស្អី​ទេ តែ​ជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ