អានតួអត្ថបទ
អ.ស.ប.-ស្រីលង្កា

ក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិ៖ស្ថានការសិទ្ធិមនុស្សនៅស្រីលង្កាកំពុងធ្លាក់ចុះ

នៅ​ថ្ងៃ​អង្គារ ទី២៣ មីនា ក្រុមប្រឹក្សាសិទ្ធិ​អន្តរជាតិ​បាន​អនុម័ត​លើ​សេចក្តីសម្រេច​មួយ​ដោយ​បាន​ទាញ​សញ្ញា​អាសន្ន​ពី​ស្ថានភាព​សិទ្ធិមនុស្ស​កំពុង​ធ្លាក់​ចុះ​នៅ​ក្នុង​ប្រទេស​ស្រីលង្កា និង​កំណើន​គំនាប​លើ​ក្រុម​ជនជាតិ​ភាគតិច។ សេចក្តីសម្រេច​ដែល​ជា​សំណើ​របស់​ប្រទេស​អង់គ្លេស​ទទួល​បាន​ការ​គំាំទ្រ​ពី​ក្រុម​ប្រទេស​អឺរ៉ុប និង​សហរដ្ឋអាមេរិក។ នៅ​ក្នុង​សេចក្តីសម្រេច​ដដែល ក្រុមប្រឹក្សាសិទ្ធិមនុស្ស​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កូឡុំបូ​ពិនិត្យ​មើល​ឡើង​វិញ​លើ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ដែល​ប្រធានាធិបតី​ស្រីលង្កា​លោក​រ៉ាយ៉ាប៉ាក់សេ​ទើប​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ ស្រីលង្កា​បាន​ច្រាន​ចោល​សេចក្តីសម្រេច​នេះ​ដោយ​ចាត់​ទុក​ជា​សេចក្តីសម្រេច​មិន​សមហេតុផល។

សាលប្រជុំ​របស់​ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។
សាលប្រជុំ​របស់​ឧត្តមស្នងការដ្ឋានសិទ្ធិមនុស្ស​របស់​អង្គការសហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស៊្វីស។ AP - Salvatore Di Nolfi
ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​សេចក្តីសម្រេច​ដែល​បាន​អនុម័ត​ដោយ​សំឡេង​គាំទ្រ​ចំនួន ២២សំឡេង សំឡេង​ប្រឆាំង​ចំនួន ១១សំឡេង និង​សំឡេង​អនុបវាទ​ចំនួន ១៤សំឡេង ក្រុមប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​បាន​សម្តែង​ក្តីបារម្ភ​ជា​ពន់ពេក​ចំពោះ​និន្នាការ​ដែល​បាន​សង្កេត​ឃើញ​ក្នុង​ឆ្នាំ ២០២០ កន្លង​ទៅ។ និន្នាការ​ដែល​ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​ចង់​និយាយ​រួម​មាន ការ​បំបាត់​ភាព​ឯករាជ្យ​នៃ​ប្រព័ន្ធ​តុលាការ ការ​បង្កើន​គំនាប​លើ​ក្រុម​មនុស្ស​ដែល​ស្ថិត​ក្នុង​សហគមន៍​តាមូល និង​អ៊ីស្លាម និង​ការ​បង្រួញ​លំហ​លទ្ធិប្រជាធិបតេយ្យ។ នៅ​ក្នុង​ន័យ​នេះ ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​កូឡុំបូ​លើក​កម្ពស់​សេរីភាព​សាសនា និង​សាសនាចម្រុះ​នៅ​ក្នុង​ប្រទេស​មួយ​ដែល​ប្រជាជន​ភាគច្រើន​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ។

ទន្ទឹម​គ្នា​នេះ ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​ក៏​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ស្រីលង្កា​ពិនិត្យមើល​ឡើង​វិញ​លើ​ច្បាប់​ប្រឆាំង​ភេរវកម្ម​ដែល​លោក​ប្រធានាធិបតី​រ៉ាយ៉ាប៉ាក់សេ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​សប្តាហ៍​កន្លង​ទៅ។ គួរ​រម្លឹក​ថា ច្បាប់​ប្រឆាំង​ភេរវកម្ម​នោះ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ចាប់ខ្លួន​អ្នក​ណា​ម្នាក់​ដែល​ជាប់​សង្ស័យ​ជា​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​អំពើហិង្សា ជម្លោះ​អន្តរសាសនា ជម្លោះ​អន្តរជាតិពិន្ធុ ឬ​មួយ​ក៏​ជម្លោះ​អន្តរសហគមន៍។ ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​បាន​មើល​ឃើញ​ថា សហគមន៍​សាសនា​របស់​ជនជាតិ​ភាគតិច​ទូទៅ ពិសេស​សហគមន៍​មូស្លីម​ដែល​បាន​ទទួល​រង​ការ​គាបសង្កត់ និង​រើសអើង​ស្រាប់​បាន​រងគ្រោះ​កាន់​តែ​ខ្លាំង​នៅ​ក្នុង​សម័យកូវីដ១៩។

នៅ​ក្នុង​សេចក្តីសម្រេច​ដដែល ក្រុម​ប្រឹក្សាសិទ្ធិមនុស្ស​អន្តរជាតិ​បាន​សម្រេចចិត្ត​ពង្រឹង​សមត្ថភាព​របស់​ឧត្តមស្នងការដ្ឋាន​សិទ្ធិមនុស្ស​ក្នុង​ការ​ប្រមូល ចងក្រង វិភាគ និង​រក្សា​ទុក​នូវ​ព័ត៌មាន ភស្តុតាង​ស្តីពី​ការ​រំលោភបំពាន​សិទ្ធិមនុស្ស​ដែល​ប្រព្រឹត្ត​នៅ​ស្រីលង្កា។ គួរ​រម្លឹក​ថា អស់​រយៈពេល ៣៧ឆ្នាំ​ដែល​ស្រីលង្កា​បាន​ហែកហួរ​ដោយ​សង្រ្គាមស៊ីវិល​រវាង​រដ្ឋាភិបាល និង​ចលនា​ឧទ្ទាម​ផ្តាច់ទឹកដី​តាមូល។ សង្រ្គាម​ដែល​មាន​មនុស្ស​ស្លាប់​ជាង ១០០ ០០០នាក់​មួយ​នេះ​បាន​បិទបញ្ចប់​ក្នុង​ខែ​ឧសភា ឆ្នាំ ២០០៩។ តែ​នៅ​ប៉ុន្មាន​ខែ​មុន​ការ​បិទបញ្ចប់ មាន​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​បង្ហូរឈាម​រវាង​ភាគី​ទាំង​ពីរ ពិសេស​ការ​សម្លាប់​រង្គាល​លើ​ពួក​ឧទ្ទាម​តាមូល និង​ជនស៊ីវិល​តាមូល​ពី​សំណាក់​កងទ័ព​រដ្ឋាភិបាល​កាល​ណោះ។

នៅ​ក្នុង​រឿងរ៉ាវ​មួយ​នេះ ឧត្តមស្នងការ​សិទ្ធិមនុស្ស​អន្តរជាតិ​លោកស្រី​មីស្ហែល បាស្ហឺឡេ​បាន​ស្នើ​ជា​លើកទី១ នា​ដំណាច់​ខែ​មករា​កន្លង​ទៅ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ពី​តុលាការព្រហ្មទណ្ឌអន្តរជាតិ។ សំណើ​របស់​លោកស្រី​បាស្ហឺឡេ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ​កម្រាស់ ១៧ទំព័រ​ដែល​លោកស្រី​បាន​ទាមទារ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​លើ​ក្រុម​ជនជាប់ចោទ​ក្នុង​បទឧក្រិដ្ឋកម្ម​សង្រ្គាម​នៅ​ក្នុង​ជួរ​កងទ័ព​រដ្ឋាភិបាល និង​នៅ​ខាង​ពួក​ឧទ្ទាម​តាមូល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ