អានតួអត្ថបទ
ស្រី​លង្កា

សារព័ត៌មាន​​ស្រីលង្កា​រិះគន់​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​របស់ អ.ស.ប

ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​បាន​បិទ​បញ្ចប់​ដំណើរ​ទស្សនកិច្ច​របស់ខ្លួន នៅ​ទីក្រុង​កូឡុំបូ កាលពី​ថ្ងៃ​សៅរ៍​ទី ៣១ សីហា។ ដំណើរទស្សនកិច្ច​របស់​លោកស្រី ណាវី ភីឡៃ​មិន​ត្រូវ​បាន​ទទួល​ស្វាគម​ដោយ​កាសែត​ក្នុង​ស្រុក​ស្រីលង្កា​ប៉ុន្មានទេ។ នៅថ្ងៃ​អាទិត្យ​ទី ១ កញ្ញា កាសែត​រដ្ឋាភិបាល​ ស្រីលង្កា​បាន​រិះគន់​ ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​ថា មាន​ភាពលំអៀង និង​អត្តនោម័ត បន្ទាប់​ពី​លោកស្រី​បាន​ព្រមាន​ថា នៅ​កោះ​ ស្រីលង្កា អំណាចផ្តាច់ការ​ត្រូវ​គេមើលឃើញ​កាន់តែ​ច្រើនឡើងៗ។

លោកស្រី ណាវី ភីឡៃ​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​របស់​អ.ស.ប
លោកស្រី ណាវី ភីឡៃ​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស​របស់​អ.ស.ប
ផ្សាយពាណិជ្ជកម្ម

 

កាសែត​Sunday Observer ដែល​ជា​កាសែត​មាន​និន្នាការ​គាំទ្រ​រដ្ឋាភិបាល​បាន​ដាក់​ចំណង​ជើង នៅ​លើ​ទំព័រ​មុខ​របស់​ខ្លួនថា លោកស្រី​គ្មាន​បាន​ផ្លាស់ប្តូរ​អ្វី​បន្តិច​ទេ។ ត្រង់ចំណុចនេះ កាសែត​ចង់​បញ្ជាក់ថា “លោកស្រី​ណាវី ភីឡៃ​មាន​គំនិត​របស់ខ្លួន​រួចហើយ មុន​ពេល​មកដល់​ស្រីលង្កា ហើយ​នៅពេល​ដែល​គាត់​ចាកចេញ​ទៅវិញ គាត់​នៅ​តែ​រក្សា​គំនិត​នោះ​របស់គាត់​ដដែល”។

កាសែតរដ្ឋ​ស្រីលង្កា​រិះគន់​ជំហរ​របស់​លោកស្រី​ណាវី ភីឡៃ បន្ទាប់​ពី​ប្រធាន​អង្គការ​សិទ្ធិមនុស្ស​រូបនេះ សំដែង​ក្តី​ព្រួយបារម្ភ​ដែល​ឃើញ​ប្រទេស​ស្រីលង្កា​មាន​សញ្ញា​​ដើរ​ទៅ​រក​ការដឹកនាំ​ផ្តាច់ការ។

កាលពីថ្ងៃ​សៅរ៍ ម្សិលមិញ បន្ទាប់​ពី​បញ្ចប់​ការស៊ើប​អង្កេត​ទៅលើ​ការចោទ​ប្រកាន់​ស្តី​ពី​បទ​ឧក្រិដ្ឋសង្រ្គាម​នៅ​កោះ​ស្រីលង្កា ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​បាន​ថ្លែង​រិះគន់​ខ្លាំង​នៅក្នុង​សន្និសីទ​កាសែត​មួយ​ថា ពួកទាហាន បាន​ប្រើ​អំណាច​រំលោភ​បំពាន ធ្វើបាប និង​គំរាម​បំបាត់​សំឡេង​របស់​អ្នកបង្រៀន​គ្រឹស្តសាសនា និង​អ្នកកាសែត។

ទស្សនកិច្ច​របស់​លោកស្រី​ណាវី ភីឡៃ​បាន​ជំរុញ​ឲ្យ​មាន​ការខឹងសម្បារ និង​ចលនា​ប្រឆាំង​របស់​ក្រុមប្រជាជន ដែល​គាំទ្រ​រដ្ឋាភិបាល ដែល​ក្នុង​នោះ មាន​រដ្ឋមន្រ្តី​រដ្ឋាភិបាល​បីនាក់​ផង ដែល​បាន​រិះគន់ តិដៀល​រូបសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​ប្រធាន​អង្គការ​ការពារ​សិទ្ធិមនុស្ស។ តាមលោកស្រី ភីឡៃ ប្រធានាធិបតី​ស្រីលង្កា​បាន​ចេញ​មុខ​សុំទោស​រួចហើយ ក្រោយ​ឧប្បត្តិកហេតុ​លើកនេះ។

នៅក្នុង​ប្រទេស​ស្រីលង្កា លោកស្រី​ប្រធាន​ឧត្តមស្នងការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​មាន​បេសកកម្ម​ស៊ើបអង្កេត​អន្តរជាតិ​លើ​បទ​ចោទប្រកាន់ ឧក្រិដ្ឋកម្ម​សង្រ្គាម។ នៅក្រោយ​សង្រ្គាម​ស៊ីវិល ដែល​មាន​រយៈពេល​៣៧ឆ្នាំ ត្រូវ​បាន​បញ្ចប់ កាលពី​ឆ្នាំ ២០០៩ ដែល​ក្រុមឧទ្ទាម​តាមូល ជាអ្នកចាញ់ ទាហាន​រដ្ឋាភិបាល​ត្រូវ​បាន​អង្គការ​សិទ្ធិមនុស្ស​ចោទប្រកាន់​ថា ជាអ្នកទទួលខុសត្រូវ​លើ​ការសម្លាប់​ជនស៊ីវិល​ជាង​៤ម៉ឺននាក់។ ចំណែក​ពួក​ឧទ្ទាម​ត្រូវ​គេ​ចោទប្រកាន់​ថា បាន​យក​ជនស៊ីវិល​ធ្វើ​ជាខែល សម្រាប់​ទប់ទល់​ការវាយប្រហារ​ពី​ខាងរដ្ឋាភិបាល៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ